ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៧
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តគោលលទ្ធិ ដែលបានបង្រៀននៅក្នុងព្រះគម្ពីរទៅនឹងស្ថានភាពដែលអ្នក ឬមនុស្សជុំវិញអ្នកអាចនឹងជួប ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តគោលលទ្ធិមួយចំនួន ដែលអ្នកបានសិក្សានៅឆ្នាំនេះទៅក្នុងជីវិតរបស់អ្នក ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលពួកគេមានអារម្មណ៍ថាពិបាកអនុវត្តក្នុងជីវិតរបស់ពួកគេ និងវគ្គបទគម្ពីរមួយដែលពួកគេយល់ថាងាយស្រួលអនុវត្ត ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុ ដែលពួកគេជ្រើសរើសវគ្គនីមួយៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ប្រហែលជាត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគតារាងមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
សូមចាប់ផ្តើមដោយការអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ចេញពីការរៀបចំរបស់សិស្សរបស់ពួកគេ ។ ពួកគេអាចធ្វើបែបនេះជាថ្នាក់ទាំងមូល ឬជាគូ ឬជាក្រុមតូចៗបាន ។
ការជួយអ្នកដទៃ
ដើម្បីជួយសិស្សឲ្យអនុវត្តសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ សូមពិចារណាប្រើសាច់រឿងខាងក្រោម ឬអញ្ជើញសិស្សឲ្យគិតដល់សាច់រឿងរបស់ខ្លួនឯង ។
សូមស្រមៃថា អ្នកផ្ដល់ការងារបម្រើដល់គ្រួសារមួយក្នុងវួដរបស់អ្នក ដែលឪពុករបស់គាត់បានបាត់បង់ការងារនាពេលថ្មីៗនេះ ។ ឪពុករូបនេះបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយបានឈប់ទៅព្រះវិហារ ឈប់អធិស្ឋាន និងឈប់អានព្រះគម្ពីរ ។ ក្នុងគ្រួសារនេះមានកូន ៣ នាក់ ៖ យុវនារីអាយុ ១៧ ឆ្នាំម្នាក់ យុវជនអាយុ ១៥ ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ ។ ក្មេងអាយុ ១០ ឆ្នាំ និងម្ដាយរបស់នាងទៅព្រះវិហារម្ដងម្កាល ។ ក្មេងជំទង់ទាំងពីរនាក់ធ្លាប់ទៅជាញឹកញាប់ដែរ ប៉ុន្តែដោយសារឪពុករបស់ពួកគេនៅតែគ្មានការងារធ្វើ នោះពួកគេបានឈប់មកហើយ ។
នៅពេលអ្នកពិនិត្យមើលបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមនេះ សូមគិតអំពីអារម្មណ៍ និងបញ្ហាប្រឈមដែលមនុស្សម្នាក់ៗក្នុងគ្រួសារនេះអាចនឹងកំពុងជួបប្រទះ ។ សូមគិតថាតើសេចក្ដីពិតណាខ្លះចេញពីបទគម្ពីរទាំងនេះ ដែលអាចមានប្រយោជន៍បំផុតសម្រាប់មនុស្សម្នាក់ៗ និងមូលហេតុ ។
សូមបង្ហាញតារាងខាងក្រោមនេះ ដើម្បីឲ្យសិស្សអាចយោងទៅវាពេញមួយមេរៀន ។ ប្រសិនបើមានប្រយោជន៍ សូមបន្ថែមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ដែលអាចមានប្រយោជន៍ក្នុងស្ថានភាពដែលបានផ្តល់ឲ្យ ។
|
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
|
ម៉ាថាយ ១១:២៨–៣០ |
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ |
|
ម៉ាថាយ ១៦:១៥–១៩ |
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។ |
|
ម៉ាថាយ ២២:៣៦–៣៩ |
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ |
|
លូកា ២២:១៩–២០ |
ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។ |
|
យ៉ូហាន ៧:១៧ |
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។ |
សូមពិចារណាឲ្យសិស្សដើរតួធ្វើការសន្ទនារវាងបងស្រី ឬបងប្រុសដែលផ្ដល់ការងារបម្រើ ជាមួយនិងសមាជិកក្នុងគ្រួសារ ។ សិស្សដែលដើរតួជាសមាជិកគ្រួសារអាចបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាព ហើយសិស្សដែលដើរតួជាបងស្រី ឬបងប្រុសដែលផ្ដល់ការងារបម្រើអាចផ្តល់យោបល់ដោយផ្អែកលើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
-
តើបុគ្គលនៅក្នុងគ្រួសារនេះអាចមានអារម្មណ៍ និងបញ្ហាប្រឈមអ្វីខ្លះ ?
-
ហេតុអ្វីបានជាវាមានប្រយោជន៍ក្នុងការគិតអំពីអារម្មណ៍ និងបញ្ហាប្រឈមទាំងនេះ មុននឹងសម្រេចចិត្តថា តើសេចក្ដីពិតក្នុងព្រះគម្ពីរមួយណាដែលអាចមានប្រយោជន៍បំផុត ?
សូមជ្រើសរើសកូនម្នាក់ និងឪពុក ឬម្តាយពីគ្រួសារនៅក្នុងសាច់រឿងនេះ ។ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតមួយ ដែលអ្នកមានអារម្មណ៍ថាមានប្រយោជន៍បំផុតសម្រាប់ពួកគេម្នាក់ៗ ។
-
តើអ្នកជ្រើសរើសយកអ្នកណា ? តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតអ្វី ដែលអ្នកនឹងចែកចាយជាមួយពួកគេ ? ហេតុអ្វីទៅ ?
សូមគិតអំពីបុគ្គលម្នាក់ៗដែលអ្នកបានជ្រើសរើស ។
-
ប្រសិនបើមានគេសួរ តើសកម្មភាពជាក់លាក់អ្វីខ្លះ ដែលអ្នកនឹងអញ្ជើញពួកគេម្នាក់ៗឲ្យធ្វើ ដើម្បីរស់នៅតាមសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ ?
នៅពេលសិស្សចែកចាយចម្លើយចំពោះសំណួរមុន សូមពិចារណាសួរសំណួរបន្តបន្ទាប់ដូចតទៅនេះ ៖ តើពេលណាដែលអ្នក ឬមនុស្សដទៃទៀតដែលអ្នកស្គាល់មានបទពិសោធន៍អនុវត្តសេចក្ដីពិតតាមរបៀបនេះ ? តើអ្នក ឬមនុស្សដទៃបានធ្វើសកម្មភាពទាំងនោះនៅពេលណា ហើយតើមានលទ្ធផលអ្វីកើតឡើង ? តើយើងបានរៀនសូត្រអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញមកពីបទពិសោធន៍ទាំងនោះ ?
-
តើសកម្មភាពទាំងនេះអាចជួយពួកគេឲ្យទទួលបានអំណាច និងកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ?
ការអនុវត្តបន្ថែម
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលអ្នកមិនបានប្រើក្នុងសកម្មភាពមុននេះ ។ សូមគិតអំពីស្ថានភាពមួយ ដែលអត្ថបទនេះអាចជួយនរណាម្នាក់ឲ្យស្វែងរកចម្លើយចំពោះសំណួរ ឬធ្វើការឆ្លងកាត់ឧបសគ្គមួយ ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយគំនិតអំពីស្ថានភាពផ្សេងៗទៀត ដែលបុគ្គលម្នាក់អាចទទួលបានអត្ថប្រយោជន៍ពីការអនុវត្តសេចក្តីពិត ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ ។ សូមពិចារណាថ្លែងទីបន្ទាល់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយពួកគេឲ្យអនុវត្តតាមសេចក្ដីពិតទាំងនោះនៅក្នុងជីវិតរបស់ពួកគេ ។