វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៨
រ៉ូម ១–១៦; កូរិនថូស ទី១ ១–៧
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។
ការវាយតម្លៃការសិក្សារបស់សិស្ស ។ ការអនុញ្ញាតឲ្យសិស្សវាយតម្លៃពីអ្វីដែលពួកគេកំពុងរៀន អាចជួយពួកគេឲ្យគិតពិចារណាពីរបៀបដែលព្រះកំពុងជួយពួកគេឲ្យរៀន និងរីកចម្រើន ។ សូមជួយសិស្សឲ្យទទួលស្គាល់ភាពជោគជ័យរបស់ពួកគេ ក៏ដូចជាវិធីដែលពួកគេនៅតែអាចកែលម្អបាន ។ នៅពេលពួកគេគិតពិចារណាអំពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ពួកគេ នោះពួកគេអាចទទួលបានវិវរណៈអំពីជំហានបន្ទាប់ដែលពួកគេអាចធ្វើដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីភាពរីកចម្រើនរបស់ពួកគេទាក់ទងនឹងគោលដៅខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីអ្វីដែលពួកគេបានរៀន ឬគោលដៅដែលពួកគេបានដាក់នៅពេលពួកគេបានសិក្សា រ៉ូម និង កូរិនថូស ទី១ ១–៧ ផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃមេរៀននេះគឺជួយឲ្យសិស្សវាយតម្លៃគោលដៅដែលពួកគេបានដាក់ សមត្ថភាពរបស់ពួកគេដើម្បីពន្យល់អំពីការបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ឬរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អគឺកំពុងផ្លាស់ប្តូរ ។ ការសិក្សារបស់សិស្សអំពី រ៉ូម ១–១៦ ; កូរិនថូស ទី១ ១–៧ អាចបានសង្កត់ធ្ងន់លើសេចក្ដីពិតជាជាងសកម្មភាពនានាដូចខាងក្រោម ។ ប្រសិនបើដូច្នេះមែន សកម្មភាពទាំងនេះអាចត្រូវបានកែសម្រួល ដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះ ។
ការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
-
ប្រសិនបើអ្នកអាចធ្វើដំណើរទៅកន្លែងថ្មីមួយនោះ តើអ្នកនឹងចង់ទៅទីណា ?
-
ពេលកំពុងធ្វើដំណើរ ហេតុអ្វីចាំបាច់ត្រូវវាយតម្លៃថា តើអ្នកនៅតែធ្វើដំណើរត្រូវទិសដៅដែរឬទេ ? តើមានអ្វីកើតឡើងប្រសិនបើអ្នកមិនបានវាយតម្លៃ ?
វាសំខាន់ក្នុងការវាយតម្លៃដំណើរខាងវិញ្ញាណរបស់យើងផងដែរ ។ ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីសារៈសំខាន់នៃការធ្វើកិច្ចការឆ្ពោះទៅរកគោលដៅខាងវិញ្ញាណ បន្ទាប់មកបានបន្ថែមថា ៖
ខ្ញុំបានឃើញថា ដើម្បីបន្តផ្តោតចិត្តទុកដាក់ … នោះខ្ញុំត្រូវតែចំណាយពេលជាទៀងទាត់សួរខ្លួនខ្ញុំថា « តើខ្ញុំធ្វើបានប៉ុនណាហើយ ? »
វាដូចជាការសម្ភាសន៍មួយផ្ទាល់ខ្លួន ជាឯកជនជាមួយខ្លួនឯង ។ …
អំឡុងពេលសប្តាហ៍ខាងមុខនេះ ចូរឆ្លៀតពេលពិនិត្យមើលឡើងវិញនូវគោលដៅ និងផែនការជីវិតរបស់អ្នក ហើយចូរប្រាកដថាវាស្របជាមួយនឹងផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតាសួគ៌យើង ។ ប្រសិនបើបងប្អូនត្រូវតែប្រែចិត្ត ហើយផ្លាស់ប្តូរ នោះចូរពិចារណាធ្វើវាភ្លាមទៅ ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ថា គ្មានគោលដៅនៅក្នុងជីវិតរមែងស្លាប់ណា ប្រសើរជាងគោលដៅដើម្បីទៅរស់នៅអស់កល្បជានិច្ចជាមួយព្រះមាតាបិតាសួគ៌យើង និងព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើងគឺព្រះអម្ចាស់យេស៊ូវគ្រីស្ទឡើយ ។ ប៉ុន្តែវាលើសពីគោលដៅ របស់យើង ទៅទៀត—វាក៏ជាគោលដៅ របស់ទ្រង់ទាំងទ្វេ ផងដែរ ។ ទ្រង់ទាំងទ្វេមានសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះចំពោះពួកយើង ច្រើនជាងអ្វីដែលយើងអាចដឹងទៅទៀត ។ ទ្រង់ទាំងទ្វេគាំទ្រយើងទាំងស្រុង យ៉ាងពេញលេញ និងដ៏នៅអស់កល្បជានិច្ច ។ យើងគឺជាកិច្ចការរបស់ទ្រង់ទាំងទ្វេ ។ សិរីល្អរបស់យើងគឺជាសិរីល្អរបស់ទ្រង់ទាំងទ្វេ ។ លើសពីអ្វីផ្សេងទៀត ទ្រង់ទាំងទ្វេសព្វព្រះទ័យឲ្យយើងទៅផ្ទះ ។
( អិម រ័សុល បាឡឺដ « Return and Receive » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៥ )
សូមចំណាយពេលពីរបីនាទីដើម្បីសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ដូចជាអ្នកកំពុងធ្វើកិច្ចសម្ភាសន៍ផ្ទាល់ខ្លួន និងឯកជនមួយជាមួយខ្លួនឯងផ្ទាល់ ។ សូមពិចារណាសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើខ្ញុំបានធ្វើអ្វីខ្លះនាពេលថ្មីៗនេះ ដើម្បីទទួលបានទីបន្ទាល់អំពីសេចក្ដីពិតជាក់លាក់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ? តើខ្ញុំកំពុងរៀនអ្វីខ្លះអំពីការទទួលវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ? ( អ្នកប្រហែលជាបានចំណាយពេលខ្លះដើម្បីពិចារណាអំពីចំណុចនេះ នៅពេលសិក្សា កូរិនថូស ទី១ ២ ) ។
-
តើខ្ញុំមានគោលដៅអ្វីខ្លះ ដើម្បីចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះ ហើយក្លាយជាសិស្សរបស់ទ្រង់ ? តើខ្ញុំទទួលបានជោគជ័យអ្វីខ្លះ ? តើខ្ញុំជួបឧបសគ្គអ្វីខ្លះ ? តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីស្វែងរកជំនួយពីព្រះអម្ចាស់ ហើយបន្តរីកចម្រើនលើដំណើរខាងវិញ្ញាណរបស់ខ្ញុំ ?
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីសំណួរទាំងនេះ ។ សូមចងចាំថាគោលដៅ និងបទពិសោធន៍មួយចំនួនអាចមានភាពពិសេសផ្ទាល់ខ្លួន ឬឯកជន ដូច្នេះមិនតម្រូវឲ្យសិស្សចែកចាយទេ ។ សូមអបអរសាទរសិស្សចំពោះភាពជោគជ័យរបស់ពួកគេ ។ ប្រសិនបើសិស្សប្រឈមមុខនឹងឧបសគ្គដែលពួកគេកំពុងតស៊ូជម្នះ សូមពិចារណាសួរសំណួរផ្សេងទៀតក្នុងថ្នាក់ដូចតទៅនេះ ៖ តើយើងបានរៀនអ្វីខ្លះនៅក្នុងឆ្នាំនេះ តាមរយៈការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់យើង ដែលអាចជួយបាន ? តើអ្នកមានបទពិសោធន៍អ្វីខ្លះដែលវាអាចជួយបាន ? សូមលើកទឹកចិត្តសិស្សឲ្យបន្តធ្វើតាមគោលដៅរបស់ពួកគេ ហើយបង្ហាញទំនុកចិត្តថា ព្រះវរបិតាសួគ៌នឹងជួយពួកគេ នៅពេលពួកគេខិតខំប្រែក្លាយដូចជាទ្រង់ ។
ការពន្យល់អំពីព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយអ្នកវាយតម្លៃការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតនៃដំណឹងល្អដ៏សំខាន់មួយដែលអ្នកបានសិក្សានាពេលថ្មីៗនេះ សូមធ្វើសកម្មភាពដូចខាងក្រោម ៖
សូមស្រមៃថាអ្នកបានទាក់ទងពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេកំពុងបង្រៀនមនុស្សម្នាក់ដែលមានអាយុស្របាលនឹងអ្នក ដែលពិបាកយល់អំពីព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានសុំឲ្យអ្នកទៅជាមួយពួកគេ នៅការណាត់ជួបបង្រៀនបន្ទាប់របស់ពួកគេ ដើម្បីអ្នកអាចចែកចាយអ្វីដែលអ្នកដឹងអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ និងពីរបៀបដែលការធ្វើតាមព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់ជីវិតរបស់អ្នក ។
សូមចំណាយពេលស្រាវជ្រាវបទគម្ពីរទាំងឡាយបន្តិច ដើម្បីស្វែងរកខគម្ពីរ និងសេចក្តីពិតដែលអាចជួយបាន ។ ការអានខគម្ពីរមួយចំនួនខាងក្រោមអាចមានប្រយោជន៍ ៖
រ៉ូម ៣:១០–១២, ២០–២៨
រ៉ូម ៤:១៦ ( រួមមានការបកប្រែដោយយ៉ូសែបស្ម៊ីធ នៅក្នុង រ៉ូម ៤:១៦ )
រ៉ូម ៥:១–២, ២១
-
សូមសរសេរពីរបៀបដែលអ្នកនឹងពន្យល់ពីព្រះគុណរបស់ព្រះអង្គសង្គ្រោះតាមគំនិតរបស់អ្នកផ្ទាល់ ។
-
ដោយប្រើព្រះគម្ពីរពីរ៉ូម សូមចែកចាយសេចក្ដីពិតមួយអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលយើងអាចទទួលព្រះគុណក្នុងជីវិតរបស់យើង ។ សូមពិចារណាដាក់បញ្ជូលពីរបៀបដែលការដឹងអំពីសេចក្ដីពិតទាំងនេះបាននាំអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។
សូមធានាឲ្យបានថា សិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀបចំ ។ នៅពេលសិស្សធ្វើចប់ ពួកគេអាចធ្វើការជាមួយមិត្តរួមថ្នាក់ ហើយប្តូរវេនបង្រៀនគ្នាទៅវិញទៅមក ធ្វើដូចជាពួកគេកំពុងចែកចាយរឿងទាំងនេះជាមួយនរណាម្នាក់ដែលពួកអ្នកផ្សព្វផ្សាយសាសនាកំពុងបង្រៀន ។
ការបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីរួបរួមនៅក្នុងព្រះគ្រីស្ទ
សាមគ្គីភាពគឺជាគោលគំនិតសំខាន់មួយទៀតនៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួករ៉ូម និងពួកកូរិនថូស ។
សូមពិចារណាពីការអញ្ជើញសិស្សឲ្យជ្រើសរើសខគម្ពីរមួយ ឬពីរដែលប៉ុលបានបង្រៀនអំពីសាមគ្គីភាព ( ឧទាហរណ៍ រ៉ូម ១៤:១៩ ឬ រ៉ូម ១៥:១ ) ។ បន្ទាប់មកសូមធ្វើសកម្មភាពមួយដូចខាងក្រោមនេះ ៖
-
សូមថ្លែងខគម្ពីរ ឬខគម្ពីរនានាទាំងអស់ក្នុងថ្នាក់ឲ្យស្រុះគ្នា ។
-
សូមចែកសិស្សជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យថ្លែងខគម្ពីរនេះ ឬខគម្ពីរនានាឲ្យឮៗដោយឆ្លាស់គ្នានិយាយបន្ទាត់នីមួយៗនៃខគម្ពីរនោះ ។ ប្រសិនបើសិស្សចង់ធ្វើបន្ថែមលើសពីនោះ ពួកគេអាចឆ្លាស់គ្នានិយាយពាក្យនីមួយៗបាន ។
-
សូមសូត្រខគម្ពីរទាំងនេះ ឬខគម្ពីនានារួមគ្នាជាថ្នាក់ ដោយសូត្រម្ដងមួយពាក្យៗ ដោយសិស្សផ្សេងគ្នានិយាយពាក្យនីមួយៗ ។
សូមឲ្យសិស្សវាយតម្លៃថា តើពួកគេធ្វើការជាមួយគ្នាបានល្អប៉ុនណា ហើយចែកចាយការយល់ដឹងដែលពួកគេបានរៀនអំពីសាមគ្គីភាពតាមរយៈសកម្មភាពនេះ ។ សូមអញ្ជើញសិស្សឲ្យសង្ខេបពីអ្វីដែលប៉ុលបានបង្រៀននៅក្នុងខគម្ពីរនេះ ឬខគម្ពីរនានា ។
ក. សូមស្វែងរកខគម្ពីរដែលអ្នកបានសិក្សានៅក្នុង រ៉ូម ឬ កូរិនថូស ទី១ ដែលបានបង្រៀនអ្នកនូវសេចក្តីពិតដ៏មានអត្ថន័យអំពីការរួបរួមជាមួយអ្នកដទៃនៅក្នុងព្រះគ្រីស្ទ ។ ឧទាហរណ៍ខ្លះអាចរកឃើញនៅក្នុង រ៉ូម ១២:១០–២១ ; ១៤:១០–១៣, ១៩ ; ១៥:១–៧ និងនៅក្នុង កូរិនថូស ទី១ ១:១០–១៣ ; ៣:៣–៩ ។ តើខគម្ពីរដែលអ្នកបានជ្រើសរើស បង្រៀនសេចក្ដីពិតអ្វីខ្លះ?
ខ. សូមគិតអំពីគ្រាមួយដែលអ្នកបានជួបប្រទះនូវអ្វីដែលប៉ុលបង្រៀននៅក្នុងខគម្ពីរដែលអ្នកបានជ្រើសរើស ។ តើអ្នកគិតថាអ្វីបានរួមចំណែកច្រើនបំផុតក្នុងការខិតខំរបស់អ្នកដើម្បីរួបរួមក្នុងព្រះគ្រីស្ទ ?
គ. សូមឆ្លើយសំណួរពីរនៃសំណួរខាងក្រោមនេះ ៖
-
តើអ្វីជាភាពខុសគ្នារវាងការធ្វើការល្អជាមួយគ្នា និងការរួបរួមគ្នាតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីសេចក្តីពិតដែលអ្នកបានជ្រើសរើសក្នុងចំណុច ក មានអត្ថន័យចំពោះអ្នក ?
-
ក្នុងខែចុងក្រោយនេះ តើអ្នកបានបង្កើនការយល់ដឹងរបស់អ្នកអំពីសាមគ្គីភាព និងមានបំណងប្រាថ្នាចង់រួបរួមជាមួយអ្នកដទៃដោយរបៀបណា ?
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីកាន់តែមានសាមគ្គីភាពជាមួយអ្នកដទៃក្នុងព្រះគ្រីស្ទ ?
-
តើអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ពេលអ្នកខិតខំប្រែកាន់តែរួបរួមគ្នាជាមួយអ្នកដទៃ ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីវិធីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នករួបរួមគ្នាកាន់តែខ្លាំងជាមួយអ្នកដទៃនៅក្នុងព្រះគ្រីស្ទ ។ សូមស្វែងរកវិវរណៈផងដែរ អំពីវិធីយកឈ្នះលើបញ្ហាប្រឈមទាំងឡាយដែលអ្នកអាចជួបប្រទះ ។
សូមបន្តឆ្ពោះទៅមុខលើដំណើរខាងវិញ្ញាណរបស់អ្នក ដោយចូលទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមដឹងថា ទ្រង់ទាំងទ្វេស្រឡាញ់អ្នក ហើយត្រៀមជាស្រេចដើម្បីជួយអ្នកក្នុងការខិតខំប្រឹងប្រែងរបស់អ្នក ។
សូមថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងប្រាថ្នារបស់ទ្រង់ទាំងទ្វេក្នុងការជួយ ។