កូរិនថូស ទី១ ១–៤
ព្រះយេស៊ូវគ្រីស្ទ ៖ គ្រឹះដ៏ខ្ជាប់ខ្ជួនរបស់យើង
សូមគិតអំពីឥទ្ធិពលអវិជ្ជមានដែលការទាស់ទែង ភាពឆ្មើងឆ្មៃ ការបង្រៀនមិនពិត និងអំពើអសីលធម៌ដែលមានលើពិភពលោកសព្វថ្ងៃនេះ ។ សមាជិកនៃសាសនាចក្រសម័យដើមដែលរស់នៅក្រុងកូរិនថូសបានតស៊ូជាមួយនឹងបញ្ហាប្រឈមដូចគ្នាទាំងនេះ ។ ពេលកំពុងផ្សាយនៅក្រុងអេភេសូរអំឡុងដំណើរទៅផ្សាយសាសនាជាលើកទីបី សាវកប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅក្រុងកូរិនថូសដើម្បីពង្រឹង និងរំឭកពួកគេឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលការកសាងជីវិតរបស់យើងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមនានាខាងលោកិយបាន ។
ការថ្លែងទីបន្ទាល់អំពីគោលលទ្ធិពិត ។ សូមរកមើលឱកាសដើម្បីថ្លែងទីបន្ទាល់អំពីគោលលទ្ធិពិត ។ នៅពេលអ្នកថ្លែងទីបន្ទាល់អំពីគោលលទ្ធិពិត នោះព្រះវិញ្ញាណនឹងបញ្ជាក់សេចក្ដីពិតនៃគោលលទ្ធិនៅក្នុងដួងចិត្តនៃអ្នកទាំងឡាយដែលអ្នកបង្រៀន ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិឲ្យពន្យល់ពីរបៀបដែលការកសាងជីវិតរបស់ពួកគេនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទបានជួយពួកគេដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងជីវិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបន្តមានសេចក្តីស្មោះត្រង់នៅក្នុងកាលៈទេសៈលំបាក
សូមស្រមៃថា មិត្តជិតស្និទ្ធម្នាក់ដែលរស់នៅក្នុងទីក្រុងផ្សេងគ្នាផ្ញើសារមកអ្នកដូចខាងក្រោម ៖
« វាពិតជាលំបាកណាស់ដែលត្រូវហ៊ុមព័ទ្ធដោយឥទ្ធិពលអវិជ្ជមានគ្រប់ទីកន្លែង ។ មនុស្សជាច្រើននៅទីនេះមិនកាន់តាមបទបញ្ញត្តិទេ ហើយពួកគេខ្លះរិះគន់សាសនាចក្រ ។ ខ្ញុំស្គាល់បុគ្គលផ្សេងទៀតដែលបានបាត់បង់ទីបន្ទាល់របស់ពួកគេក្នុងស្ថានភាពស្រដៀងគ្នា ហើយខ្ញុំមិនចង់ឲ្យវាកើតឡើងចំពោះខ្ញុំទេ ។ តើមានដំបូន្មានអ្វីទេ ? »
-
តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
-
តើឥទ្ធិពលអវិជ្ជមាន និងគ្រោះថ្នាក់អ្វីខ្លះដែលអ្នកបានកត់សម្គាល់ពីកន្លែងដែលអ្នករស់នៅ ?
-
តើការជះឥទ្ធិពលទាំងនេះធ្វើឲ្យវាមានការលំបាកយ៉ាងណាខ្លះក្នុងការរក្សាភាពស្មោះត្រង់នឹងសេចក្ដីជំនឿរបស់អ្នក ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីថាតើអ្នកស្មោះត្រង់ប៉ុណ្ណា នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមខាងលោកិយ ឬឥទ្ធិពលអវិជ្ជមាន ។ សូមស្វែងរកការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបពង្រឹងគ្រឹះរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ហើយរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យយកឈ្នះលើបញ្ហាប្រឈមរបស់អ្នក ។នៅក្នុងដំណើរទៅផ្សាយសាសនាជាលើកទីពីររបស់លោក សាវកប៉ុលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូសជិតពីរឆ្នាំ ( សូមមើល កិច្ចការ ១៨:១–១៨ ) ហើយបានរៀបចំសាខានៃសាសនាចក្រនៅទីនោះ ។ ( ដើម្បីស្វែងរកទីតាំងក្រុងកូរិនថូស សូមមើលក្នុងផែនទីនៃព្រះគម្ពីរប៊ីបផែនទីទី ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ) ។ កូរិនថូសជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូរបែប និងជារាជធានីរបស់សាសន៍រ៉ូម ខេត្តអ៊ើខាយើ ។ ប្រជាជនជាច្រើននៅក្រុងកូរិនថូសបានថ្វាយបង្គំរូបព្រះ ហើយជាមនុស្សអសីលធម៌ ។ អ្នកខ្លះក៏មានការបែកបាក់ និងឈ្លោះប្រកែកគ្នាដែរ ។ ក្នុងបរិយាកាសនេះ ការរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ បានក្លាយជាការលំបាកសម្រាប់សមាជិកនៃសាសនាចក្រជាច្រើន ។ នៅពេលប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូសដើម្បីជួយពួកគេឲ្យដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ លោកបានថ្លែងអំពីគ្រឹះដែលលោកបានរៀបសម្រាប់ពួកគេ ។
សូមអាន កូរិនថូស ទី១ ២:១–៥ និង កូរិនថូស ទី១ ៣:១០–១១ ដោយរកមើលឃ្លាដែលពិពណ៌នាអំពីគ្រឹះនេះ ។
-
តើអ្នកគិតថា ការសង់គ្រឹះយើងលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា ?
នៅក្នុងព្រះគម្ពីរមរមន ហេលេមិនក៏បានជំរុញកូនប្រុសរបស់លោកឲ្យស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមអាន ហេលេមិន ៥:១២ ដោយរកមើលពរជ័យដែលហេលេមិនបានសន្យា ។
-
តើអ្នកអាចចែកចាយអ្វីជាមួយមិត្តរបស់អ្នកពីខគម្ពីរទាំងនេះ ដែលអាចមានសារៈប្រយោជន៍ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីព្រះគម្ពីរទាំងនេះ គឺថា នៅពេលដែលយើងកសាងគ្រឹះនៃជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចយកឈ្នះលើការជះឥទ្ធិពលរបស់សាតាំង និងបញ្ហាប្រឈមនានាខាងលោកិយបាន ។
-
តើអ្នកដឹង ទទួលអារម្មណ៍ ឬជឿអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលជួយអ្នកឲ្យចង់មានទ្រង់ជាគ្រឹះរបស់អ្នក ?
សូមជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ និងទទួលអារម្មណ៍នៃសេចក្ដីពិត និងសារៈសំខាន់នៃគោលការណ៍នេះ ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីធ្វើរឿងនេះ ។ សិស្សអាចធ្វើសកម្មភាពរួមគ្នាជាថ្នាក់នៅលើក្ដារខៀន ឬធ្វើតាមការណែនាំដែលអាចត្រូវបានបង្ហាញ ហើយសិស្សអាចបំពេញសកម្មភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
សូមគូររូបផ្ទះ ឬអគារសាមញ្ញមួយជាមួយនឹងមូលដ្ឋាន ឬគ្រឹះដ៏រឹងមាំ ។ នៅជុំវិញផ្ទះ សូមសរសេរបញ្ហាប្រឈមមួយចំនួន ឬឥទ្ធិពលអវិជ្ជមានដែលអ្នកកំពុងប្រឈមមុខ ។
-
នៅក្នុង ឬជុំវិញគ្រឹះ សូមសរសេរអ្វីដែលអ្នកអាចធ្វើបាន ដើម្បីពឹងផ្អែកជីវិតរបស់អ្នកទៅលើព្រះអង្គសង្គ្រោះ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវការឆ្លើយតបរបស់ពួកគេចំពោះសកម្មភាពពីរកាលពីលើកមុន ។
-
សូមឆ្លើយសំណួរខាងក្រោម ៖ តើសកម្មភាពទាំងនេះបានជួយអ្នកដោយរបៀបណា ឬតើវាអាចជួយអ្នកយ៉ាងដូចម្តេច នៅពេលអ្នកប្រឈមមុខនឹងបញ្ហាប្រឈម ឬការជះឥទ្ធិពលអវិជ្ជមាន ?
សកម្មភាពខាងក្រោមនេះផ្តល់ឱកាសឲ្យសិស្សសិក្សាបន្ថែមទៀតអំពីការបង្រៀនរបស់ប៉ុល ទាក់ទងនឹងការបែកបាក់ និងការឈ្លោះប្រកែកគ្នា ព្រមទាំងគ្រោះថ្នាក់នៃការទទួលយកប្រាជ្ញានៃពិភពលោកជាជាងប្រាជ្ញារបស់ព្រះ ។ សូមពិចារណាពីតម្រូវការរបស់សិស្ស និងថាតើមានពេលប៉ុន្មានដើម្បីកំណត់ថាតើត្រូវធ្វើសកម្មភាពទាំងនេះនៅក្នុងថ្នាក់ដែរឬទេ ។ សិស្សអាចជ្រើសរើសសកម្មភាពណាមួយដើម្បីធ្វើដោយខ្លួនឯង ឬជាក្រុមតូចមួយ ។ ម៉្យាងទៀត ថ្នាក់ទាំងមូលអាចធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងអស់បាន ។
នៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួកកូរិនថូស លោកបាននិយាយអំពីបញ្ហាជាច្រើន ហើយបានបង្រៀនពីរបៀបដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់មានអំណាច ដើម្បីជួយពួកកូរិនថូសឲ្យយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១:២៣–២៤ ) ។ សកម្មភាពខាងក្រោមផ្តោតលើបញ្ហាពីរក្នុងចំណោមបញ្ហាទាំងនោះ ។ សូមអានជម្រើសខាងក្រោម ហើយជ្រើសរើសបញ្ហាមួយដែលមានន័យបំផុតសម្រាប់អ្នកដើម្បីសិក្សា ។
ជម្រើស ក ៖ ការបែកបាក់ និងការឈ្លោះប្រកែកគ្នា
បញ្ហាប្រឈមមួយដែលពួកបរិសុទ្ធនៅក្រុងកូរិនថូសបានតស៊ូគឺការទាស់ទែងគ្នា ។ ការបែកបាក់គ្នាត្រូវបានបង្កើតឡើងមួយផ្នែកដោយសារពួកគេបានជឿថា ឋានៈរបស់ពួកគេនៅក្នុងសាសនាចក្រគឺត្រូវបានកំណត់ដោយបុគ្គលសំខាន់ដែលបានធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ១:១២ ) ។
នៅជិតនឹងរូបគំនូរផ្ទះរបស់អ្នក អ្នកប្រហែលជាចង់សរសេរនូវរបៀបណាមួយក៏ដោយដែលអ្នកប្រឈមមុខនឹងការបែកបាក់ ឬការឈ្លោះប្រកែកគ្នានៅក្នុងវួដ គ្រួសារ ឬសហគមន៍របស់អ្នក ។
សូមប្រយ័ត្នដោយធានាថា ឧទាហរណ៍ដែលសិស្សផ្តល់ឲ្យមិនមែនណែនាំពីវិញ្ញាណនៃកំហឹង ឬការទាស់ទែងគ្នាទៅក្នុងបទពិសោធន៍នៃការរៀនសូត្រឡើយ ។ ប្រសិនបើការទាស់ទែងគ្នាកើតឡើង សូមលើកទឹកចិត្តសិស្សឲ្យមានការស្វែងយល់ និងការស្រឡាញ់ ដើម្បីឲ្យព្រះវិញ្ញាណនៅតែមានវត្តមាន ។
-
តើមានផលវិបាកអ្វីខ្លះនៃការបែកបាក់គ្នា និងការទាស់ទែងគ្នា ?
សូមអាន កូរិនថូស ទី១ ១:១០–១៣ និង កូរិនថូស ទី១ ៣:៣–៩ ដោយរកមើលពីរបៀបដែលប៉ុលកំពុងព្យាយាមជួយប្រជាជនឲ្យស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយមនុស្សឲ្យយកឈ្នះលើការបែកបាក់ និងការឈ្លោះប្រកែកគ្នា ?
-
ហេតុអ្វីបានជាអ្នកគិតថា ការស្ថាបនាជីវិតរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជួយអ្នកឲ្យរួបរួម និងមិនសូវទាស់ទែងជាមួយមនុស្សនៅជុំវិញអ្នក ?
ជម្រើស ខ ៖ ប្រាជ្ញារបស់លោកិយ
មនុស្សជាច្រើនដែលរស់នៅក្រុងកូរិនថូសបានឲ្យតម្លៃទៅលើប្រាជ្ញាខាងលោកិយ ។ សាររបស់ព្រះមែស៊ី ដែលត្រូវបានគេឆ្កាងមិនមានន័យចំពោះពួកសាសន៍យូដា និងសាសន៍ដទៃជាច្រើន ។ នៅក្នុងពិភពរបស់សាសន៍រ៉ូម ការដាក់ទណ្ឌកម្មជាការឆ្កាងតំណាងឲ្យភាពអាម៉ាស់ និងការបរាជ័យ ។ គំនិតនៃការរងទុក្ខដោយស្ម័គ្រព្រះទ័យសម្រាប់អ្នកដទៃគឺជា « សេចក្តីល្ងង់ល្ងើ » ចំពោះសាសន៍ក្រិក ( កូរិនថូស ទី១ ១:២៣ ) ។ សម្រាប់សាសន៍យូដា ព្រះមែស៊ីដែលសុគតលើឈើឆ្កាងគឺជា « ហេតុនាំឲ្យរវាតចិត្ត » ( កូរិនថូស ទី១ ១:២៣ ) ពីព្រោះពួកគេរំពឹងថា ព្រះមែស៊ីនឹងយកឈ្នះសត្រូវរបស់ពួកគេ ។
សូមអាន កូរិនថូស ទី១ ១:១៧–២៥ ដោយរកមើលពីរបៀបដែលប៉ុលបានឆ្លើយតបចំពោះអាកប្បកិរិយាទាំងនេះ ។
នៅចំណុចណាមួយតាមរយៈរូបគំនូរផ្ទះរបស់អ្នក សូមសរសេររបៀបដែលប្រាជ្ញានៃពិភពលោកអាចជះឥទ្ធិពល ឬប្រឈមនឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
ហេតុអ្វីបានជាមនុស្សមួយចំនួនប្រហែលជាមិនយល់ ឬដឹងគុណព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់នៅសព្វថ្ងៃនេះ ?
-
តើការផ្លាស់ប្ដូរអ្វីខ្លះអាចនឹងកើតឡើង នៅពេលមនុស្សម្នាក់មកស្គាល់ ហើយមានអារម្មណ៍ថាព្រះអង្គសង្គ្រោះមានព្រះចេស្ដាពិតប្រាកដនៅក្នុងជីវិតរបស់ពួកគេ ? ( សូមមើល កូរិនថូស ទី១ ១:២៤ ) ។
-
តើការស្ថាបនាជីវិតរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចជួយអ្នកបានយ៉ាងដូចម្ដេច នៅពេលប្រឈមមុខនឹងគំនិតខាងលោកិយដ៏លំបាកៗ ?
ការកសាងជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ
សូមចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកបានស្ថាបនាគ្រឹះរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? តើអ្នកចង់កែលម្អតាមរបៀបណាខ្លះ? តើការស្ថាបនាជីវិតរបស់អ្នកឲ្យកាន់តែខ្លាំងឡើងនៅលើព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចជួយអ្នកឲ្យប្រឈមមុខនឹងបញ្ហាប្រឈមផ្ទាល់ខ្លួន និងឥទ្ធិពលអវិជ្ជមានរបស់អ្នកដោយរបៀបណា ? សូមពិចារណាកត់ត្រាគំនិត និងគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេដើម្បីបញ្ចប់ថ្នាក់ ។ សូមបន្ថែមការយល់ដឹងផ្ទាល់ខ្លួន និងទីបន្ទាល់ផងដែរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីខ្ញុំគួរតែស្ថាបនាគ្រឹះរបស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ឈី ហុង ( សេម) វុង នៃពួកចិតសិបនាក់បានប្រកាស ៖
បើយើងសង់គ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ នោះយើងមិនអាចរលំបានឡើយ ។ កាលយើងស៊ូទ្រាំដល់ទីបញ្ចប់ដោយភាពស្មោះត្រង់ នោះព្រះនឹងជួយយើងឲ្យស្ថាបនាជីវិតរបស់យើងនៅលើថ្មដារបស់ទ្រង់ « ហើយទ្វារនៃស្ថាននរកនឹងមិនដែលយកឈ្នះ [ យើង ] ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៦៩ ) ។ យើងប្រហែលជាពុំអាចផ្លាស់ប្តូរអ្វីទាំងអស់ដែលនឹងកើតឡើងបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសរបៀបដែលយើងរៀបចំខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនោះ ។
( ឈី ហុង [ សេម ] វុង « They Cannot Prevail; We Cannot Fall » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៨ )
សកម្មភាពរៀនសូត្របន្ថែម
« គ្រឹះដ៏មាំមួន »
សូមពិចារណាច្រៀង « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ជាមួយសិស្សមុនពេលចាប់ផ្តើមមេរៀន ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសារៈសំខាន់នៃគ្រឹះដ៏រឹងមាំ នៅពេលពួកគេសិក្សាមេរៀននេះ ។
ជម្រើស គ ៖ ការវិនិច្ឆ័យ និងការឆ្មើងឆ្មៃ
ខាងក្រោមនេះគឺជាជម្រើសសិក្សាបន្ថែមសម្រាប់សកម្មភាពចុងក្រោយនៃមេរៀន ។
នៅក្នុង កូរិនថូស ទី១ ៤:១–៣ យើងឃើញថា សមាជិកមួយចំនួននៃសាសនាចក្រនៅកូរិនថូសនិច្ឆ័យ និងរិះគន់ការអនុវត្តមុខងាររបស់ប៉ុលក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា និងជាអ្នកដឹកនាំសាសនាចក្រ ។ ពួកគេអាចនឹងងឿងឆ្ងល់ពីការកាត់សេចក្ដី ឬគំនិតរបស់លោកដែលថា ប្រហែលជាមានមនុស្សម្នាក់ទៀតអាចធ្វើកិច្ចការមួយបានប្រសើរជាង ។
ក្រៅពីគំនូរផ្ទះរបស់អ្នក សូមសរសេរពីរបៀបណាមួយដែលអ្នកអាចនឹងមានអារម្មណ៍ចង់វិនិច្ឆ័យអ្នកដឹកនាំរបស់អ្នក ។
សូមអាន កូរិនថូស ទី១ ៤:១–៧ ហើយធ្វើបញ្ជីពាក្យ ឬឃ្លាដែលអាចមានប្រយោជន៍ចំពោះអ្នក ឬអ្នកផ្សេងទៀតដែលតស៊ូដើម្បីទប់ទល់នឹងការឆ្មើងឆ្មៃ និងការវិនិច្ឆ័យអ្នកដទៃដោយខុស ។
តើពាក្យ ឬឃ្លាណាខ្លះដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ?
ហេតុអ្វីបានជាវាសំខាន់ក្នុងការចងចាំថា ព្រះអម្ចាស់ញាណដឹងពីគំនិត និងបំណងនៃចិត្តរបស់យើង ? ( សូមមើល កូរិនថូស ទី១ ៤:៥ ) ។
តើការស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទអាចជួយបានយ៉ាងដូចម្ដេច នៅពេលអ្នក ឬអ្នកដទៃមានចិត្តឆ្មើងឆ្មៃ ឬវិនិច្ឆ័យអ្នកដទៃទាំងខុសឆ្គងនោះ ?
ការបង្កើតសាមគ្គីភាពតាមរយៈព្រះយេស៊ូវគ្រីស្ទ
វីដេអូខាងក្រោមអាចប្រើបានដើម្បីបង្ហាញពីរបៀប សូម្បីតែនៅពេលដែលមានភាពចម្រុះនៃជាតិសាសន៍ និងវប្បធម៌ដ៏អស្ចារ្យក៏ដោយ ក៏យើងអាចមានសាមគ្គីភាពក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបានដែរ គឺតាមរយៈការធ្វើតាមទ្រង់ ។ វាអាចជួយសិស្សឲ្យឆ្លើយសំណួរដូចតទៅនេះបាន ៖ តើការកសាងជីវិតរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជួយអ្នកឲ្យមានសាមគ្គីភាពកាន់តែខ្លាំងឡើងជាមួយអ្នកដែលនៅជុំវិញអ្នកដោយរបៀបណា ?
វត្ថុកម្សោយនៃលោកិយ
សូមពិចារណាអាន កូរិនថូស ទី១ ១:២៦–២៧ ជាមួយសិស្ស ហើយសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីអ្នកគិតថា ព្រះបានជ្រើសយកមនុស្សដែលលោកិយនេះរាប់ទុកថាជាមនុស្សល្ងង់ និងទន់ខ្សោយដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ?
-
តើការស្ថាបនាគ្រឹះដ៏រឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទអាចរៀបចំអ្នកឲ្យចែកចាយដំណឹងល្អជាមួយអ្នកដទៃបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍កិច្ចការផ្សព្វផ្សាយសាសនាផ្ទាល់ខ្លួន ឬបទពិសោធន៍ពីសមាជិកគ្រួសារដែលបានបម្រើបេសកកម្ម ដែលព្រះអម្ចាស់បានធ្វើកិច្ចការតាមរយៈពួកគេ ដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។