ការហៅរបស់ខ្ញុំជាគ្រូបង្រៀនអង្គការបឋមសិក្សា
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃអង្គការបឋមសិក្សា
អង្គការបឋមសិក្សាជួយឲ្យកុមារទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ពួកគេ រៀនអំពីផែនការនៃសុភមង្គលរបស់ទ្រង់ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងមានអារម្មណ៍ ស្គាល់ និងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ អង្គការបឋមសិក្សាក៏ជាពេលវេលាសម្រាប់រៀបចំខ្លួន ចុះ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ នៅពេលដែលកុមារចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះផងដែរ ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១២.១. ) ។
គ្រូបង្រៀនអង្គការបឋមសិក្សា
ការបង្រៀនបុត្រាបុត្រីរបស់ព្រះគឺជាឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ គ្រូបង្រៀនអង្គការបឋមសិក្សាទាំងឡាយត្រូវបានហៅឲ្យបង្រៀន និងផ្ដល់ការងារបម្រើដល់ក្រុមកុមារដែលមានអាយុជាក់លាក់ ( សូមមើល ១២.៣.៥ ) ។ គ្រូបង្រៀនទាំងនោះសិក្សាដំណឹងល្អ ហើយចែកចាយជាមួយក្រុមកុមារនូវអ្វីដែលពួកគាត់បានរៀន ។ គ្រូបង្រៀនលើកទឹកចិត្តកុមារ និងក្រុមគ្រួសាររបស់ពួកគេឲ្យរៀនសូត្រដំណឹងល្អនៅឯក្នុងគេហដ្ឋាន ។ គ្រូបង្រៀនអញ្ជើញកុមារឲ្យចែកចាយនៅព្រះវិហារនូវអ្វីដែលពួកគេកំពុងរៀននៅក្នុងគេហដ្ឋាន ( សូមមើល ១២.២.១.២ ) ។
ថ្នាក់ថ្ងៃអាទិត្យ
គ្រូបង្រៀនអង្គការបឋមសិក្សាបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ ។ គ្រូបង្រៀនធ្វើតាមគោលការណ៍នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ និង ជំពូកទី ១៧ នៃ ក្បួនខ្នាតទូទៅ ។ នៅពេលមជ្ឈិមវ័យបង្រៀនកុមារនៅក្នុងមជ្ឈដ្ឋាននៃសាសនាចក្រ យ៉ាងហោចណាស់ គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ( សូមមើល ១២.៣.៥ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយនានា
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ការណែនាំ និងគោលនយោបាយនានាដែលទាក់ទងនឹងកុមារដែលមានតម្រូវការពិសេស តម្រូវការសុវត្ថិភាព កម្មវិធីកុមារ និងយុវជន និងកម្មវិធីផ្សេងទៀតអាចរកបាននៅក្នុងផ្នែក ១២.៥ នៃ ក្បួនខ្នាតទូទៅ ។