ក្បួនខ្នាត និង​ការហៅ
២៨. ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន


« ២៨. ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ​សម្រាប់​មរណជន » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ( ឆ្នាំ​២០២៥ ) ។

« ២៨. ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន » ក្បួនខ្នាត​ទូទៅ ។

អាង​ជ្រមុជទឹក

២៨.

ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន

២៨.០

សេចក្ដីផ្ដើម

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច​គឺជា​ផ្នែកមួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។ ពិធីបរិសុទ្ធ​ដែល​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​នៅ​ជាមួយ​គ្នា​អស់កល្ប​ជានិច្ច និង​ដកពិសោធន៍​នូវ​ភាពពោរពេញ​នៃ​សេចក្ដី​អំណរ​នៅក្នុង​វត្តមាន​របស់​ព្រះ ។

ដើម្បី​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ពួកគេ​ម្នាក់ៗ​ត្រូវតែ​ប្រែចិត្ត មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ហើយ​គោរព​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ទាក់ទងនឹង​ពិធីបរិសុទ្ធ​នីមួយៗ ។ ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​រួម​មាន ៖

  • ពិធីបុណ្យ​ជ្រមុជ​ទឹក ។

  • ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក និង​ការតែងតាំង​ឲ្យ​មាន​តំណែង​មួយ ( សម្រាប់​បុរស ) ។

  • ពិធីអំណោយទានពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ ( រួមមាន ពិធីលាងជម្រះ ) ។

  • ការ​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវរបិតាសួគ៌​បាន​ត្រាស់ដឹង​ថា បុត្រា​បុត្រី​របស់​ទ្រង់​ជា​ច្រើន​នឹង​មិន​បាន​ទទួល​ពិធី​បរិសុទ្ធ​ទាំងនេះ​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ​នោះ​ទេ ។ ទ្រង់​បាន​ប្រទាន​របៀប​មួយ​ទៀត​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ពិធី​បរិសុទ្ធ ហើយ​ចុះ​សេចក្តី​សញ្ញា​ទាំងឡាយ​ជាមួយ​ទ្រង់​បាន ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពិធី​បរិសុទ្ធ​ទាំងឡាយ​អាច​ត្រូវបាន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនួស ។ នេះ​មានន័យ​ថា មនុស្ស​ដែល​នៅរស់​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​ជំនួស​ឲ្យ​នរណា​ម្នាក់​ដែល​បាន​ស្លាប់​ហើយ ។ នៅក្នុង​ពិភពវិញ្ញាណ មរណជន​អាច​ជ្រើសរើស​ដើម្បី​ទទួល ឬ​បដិសេធ​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​បាន​ធ្វើ​សម្រាប់​ពួកគាត់​បាន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:១៩, ៣២–៣៤, ៥៨–៥៩ ) ។

ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​មិន​ចាំបាច់ ឬ​ធ្វើ​ឡើង​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ពុំ​អាច​ទទួលខុសត្រូវ​នៅក្នុង​ជីវិត​នេះ​នោះ​ទេ ( សូមមើល ១៨.១២៨.៣.២និង ២៨.៣.៣ ) ។

សមាជិក​សាសនាចក្រ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្វែងរក​សាច់ញាតិ​ដែល​បាន​ស្លាប់ ដែល​ពុំទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​នៅឡើយ ។ បន្ទាប់មក សមាជិក​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជំនួស​ឲ្យ​សាច់ញាតិ​ទាំងនោះ ។ ( សូមមើល ម៉ាឡាគី ៤:៥–៦; កូរិនថូស ទី១ ១៥:២៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២:១–៣; ១២៨:១៥–១៨; សូមមើល​ផងដែរ ២៥.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

ប្រសិន​បើ​សមាជិក​មិន​បាន​រៀបចំ​ឈ្មោះ​របស់​គ្រួសារ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ទេ ( សូមមើល ២៨.១.‌១ ) នោះ​ឈ្មោះ​របស់​មរណជន​ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​ទាំងឡាយ នឹង​ត្រូវបាន​ផ្ដល់​ឲ្យ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​ទាំងឡាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អនុញ្ញាត​ឲ្យ មិនថា​ពួកគេ​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​សម្រាប់​សាច់ញាតិ​របស់​ពួកគេ​ផ្ទាល់ ឬ​សម្រាប់​បុគ្គល​ដែល​ត្រូវ​គេ​ផ្ដល់​ឈ្មោះ​ឲ្យ​នៅ​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។

សមាជិក​សាសនាចក្រ​ទទួល​បាន​ពរជ័យ នៅពេល​ពួកគេ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន ។ ពេល​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស ពួកគេ​អាច​សញ្ជឹង​គិត​អំពី​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ផ្ទាល់ និង​ការប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​សេចក្ដី​សញ្ញា​ទាំងនោះ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​មាន​បទពិសោធន៍​វិជ្ជមាន​នៃ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគាត់​ធ្វើការ​នេះ​ដោយ​បង្រៀន​គោលលទ្ធិ​គ្រឹះ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​យល់​ពី​សេចក្តីណែនាំ​សម្រាប់​កិច្ចការ​នេះ ។ សូម​មើល ជំពូកទី ២៥ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

២៨.១

សេចក្តីណែនាំ​ទូទៅ​សម្រាប់​ការធ្វើ​ពិធី​បរិសុទ្ធ​ជំនួស

មរណជន​អាយុ ៨ ឆ្នាំ​ឡើង​នៅពេល​ដែល​ពួកគេ​បាន​ស្លាប់ អាច​ទទួល​ពិធី​បរិសុទ្ធ​ជំនួស​បាន ។ ករណីលើកលែង​បាន​កត់សម្គាល់​ក្នុង​២៨.៣ ពិធីបរិសុទ្ធ​ជំនួស​អាច​ធ្វើ​ឡើង​សម្រាប់​មរណជន​ទាំងអស់​ភ្លាម​បន្ទាប់​ពី​រយៈពេល​៣០​ថ្ងៃ ចាប់ពីថ្ងៃ​ទទួល​មរណភាព របស់​ពួកគាត់ ប្រសិនបើ​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

  • សាច់ញាតិ​ជិតដិត​ម្នាក់​របស់​មរណជន ( ប្ដី ឬ​ប្រពន្ធ​ដែល​មិន​បាន​លែងលះគ្នា កូន​មជ្ឈិមវ័យ ឪពុក ឬ​ម្ដាយ ឬ​បងប្អូន​បង្កើត ) ដាក់​បញ្ជូន​ឈ្មោះ​នោះ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ។

  • ការអនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ គឺត្រូវ​ទទួល​បាន​មក​ពី​សាច់ញាតិ​ជិតដិត​ម្នាក់​របស់​មរណជន ( ប្ដី ឬ​ប្រពន្ធ​ដែល​មិន​បាន​លែងលះគ្នា កូន​មជ្ឈិមវ័យ ឪពុក ឬ​ម្ដាយ ឬ​បងប្អូន​បង្កើត ) ។

ប្រសិនបើ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ខាង​លើ​ទេ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ជំនួស​អាច​ធ្វើ​ឡើង​បាន​នៅ​ក្នុង​រយៈពេល ១១០ ឆ្នាំ បន្ទាប់​ពី​មរណជន​កើត ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូមមើល អត្ថបទ​ខាងក្រោម នៅ​លើ​គេហទំព័រ FamilySearch.org ( ការចូល​ទៅកាន់​អត្ថបទនានា តម្រូវ​ឲ្យ​ចុះឈ្មោះ​ចូល​ទៅកាន់​គេហទំព័រ FamilySearch.org ) ៖

២៨.១.១

ការរៀបចំ​ឈ្មោះ​របស់​មរណជន​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ

មាន​ធនធាន​ជា​ច្រើន​ដើម្បី​ជួយ​សមាជិក​ឲ្យ​ស្វែងរក​សាច់ញាតិ​ដែល​បាន​ស្លាប់​របស់​ពួកគេ ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​ជំនួស ( សូមមើល ២៥.៤ និង ២៨.៣ ) ។ ថ្នាក់ដឹកនាំ​ខាង​ក្រោម​នេះ​ជួយ​សមាជិក​ឲ្យ​រៀន​ពី​របៀប ដើម្បី​រៀបចំ​ឈ្មោះ​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ៖

  • គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ ( សូមមើល ២៥.២.២ )

  • អ្នកដឹកនាំ​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៣ )

  • អ្នកប្រឹក្សា​យោបល់​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៤ )

នៅ​កន្លែង​ណា​ដែល​មាន ព័ត៌មាន​ដែល​កំណត់​អត្តសញ្ញាណ​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់ គួរតែ​ត្រូវ​បញ្ចូល​ទៅក្នុង​គេហទំព័រ FamilySearch.org មុន​ពេល​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.៤.២ ) ។

២៨.១.១.១

ការដាក់​បញ្ជូន​ឈ្មោះ​សមាជិក​គ្រួសារ

ពេល​ដាក់​បញ្ជូន​ឈ្មោះ​សម្រាប់​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួស នោះ​ជា​ទូទៅ សមាជិក​គួរតែ​ដាក់​បញ្ចូល​តែ​ឈ្មោះ​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​ជាប់​សាច់ញាតិ​ប៉ុណ្ណោះ ។

២៨.១.១.២

ការដាក់​បញ្ជូន​ឈ្មោះ​របស់​បុគ្គល​ល្បីៗ និង​ក្រុម​ដែល​គ្មាន​ការអនុញ្ញាត

ជា​ទូទៅ សមាជិក​សាសនាចក្រ​មិនគួរ​ដាក់​បញ្ជូន​ឈ្មោះ​ទៅក្នុង​គេហទំព័រ FamilySearch.org ដែល​មាន​នៅក្នុង​ក្រុម​ដូច​ខាងក្រោម​នេះ​ទេ ៖

  • បុគ្គល​​ល្បីល្បាញ

  • ឈ្មោះ​ដែល​ប្រមូល​បាន​ពី​គម្រោង​ទាញយក​ដែល​មិន​មាន​ការយល់ព្រម

  • ជនរងគ្រោះ​នៃ​ការប្រល័យ​ពូជសាសន៍​ជីហ្វ

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​អត្ថបទ​ខាងក្រោម​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ៖ « តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជនរងគ្រោះ​នៃ​ការប្រល័យ​ពូជសាសន៍​ជីហ្វ​បាន​ដែរ​ឬទេ ? »

២៨.១.២

អ្នក​ដែល​អាច​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​សម្រាប់​មរណជន

សមាជិក​ទាំងអស់​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព អាច​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​សម្រាប់​មរណជន​បាន ។ សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ដែល​មាន​សុពលភាព​ អាច​ចូលរួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងអស់ ។ សូមមើល ២៦.៣ ។

២៨.១.៣

ការចូលរួម​ដោយ​សមាជិក​ដែល​មាន​ពិការភាព​ខាង​រាងកាយ ឬ​ខាង​បញ្ញា

សមាជិក​ដែល​ពិការ​អាច​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណ​ជន​បាន ប្រសិនបើ​ពួកគេ ៖

  • មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ( សូមមើល ២៨.១.២ ) ។

  • មាន​សមត្ថភាព​ខាង​បញ្ញា​គ្រប់គ្រាន់​ដើម្បី​យល់​ពី​ពិធីបរិសុទ្ធ​នោះ ។

  • អាច​ថែទាំ​ខ្លួនឯង​បាន ឬ​ត្រូវបាន​អម​ដំណើរ​ដោយ​សាច់ញាតិ ឬ​មិត្តភក្ដិ​ម្នាក់​ដែល​មាន​ភេទ​ដូចគ្នា ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​អាច​ផ្ដល់​ជំនួយ​បាន​ប្រសិន​បើ​ត្រូវការ ។

សូមមើល ២៧.១.៣ និង ២៧.២.១.៣ ។

២៨.១.៤

ការដាក់​កាលវិភាគ

សមាជិក​អាច​ត្រូវ​ធ្វើ​ការណាត់ ពីមុន​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​មរណជន ។ សូមមើល គេហទំព័រ temples.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារបរិសុទ្ធ​នីមួយៗ និង​លក្ខខណ្ឌ​សម្រាប់​ការដាក់​កាលវិភាគ ។

២៨.១.៥

ជំនួយ​ខាង​ការ​បកប្រែ

សូមមើល ២៧.១.៤ ។

២៨.១.៦

សម្លៀក​បំពាក់​ដើម្បី​ពាក់​ទៅ​កាន់​ព្រះ​វិហារ​បរិសុទ្ធ

សូមមើល ២៧.១.៥ ។

២៨.១.៧

តំហែទាំ​កុមារ

សូមមើល ២៧.១.៦ ។

២៨.២

ការធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន

វគ្គ​ខាងក្រោម​នេះ​ពន្យល់​ពី​ពិធី​បរិសុទ្ធ​ទាំងឡាយ ដែល​ត្រូវធ្វើ​ដោយ​អ្នក​ជំនួស​សម្រាប់​មរណជន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពេល​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស សមាជិក​ម្នាក់​អាច​ធ្វើ​ជា​អ្នកជំនួស​បាន​តែ​សម្រាប់​មរណជន ដែល​មាន​ភេទ​កំណើត​ដូច​គ្នា​នឹង​សមាជិក​នោះ​ប៉ុណ្ណោះ ។

ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន ជាទូទៅ​គឺត្រូវ​ធ្វើ​ឡើង​តាម​ លំដាប់លំដោយ​ដូច​ខាង​ក្រោម ៖

  • ពិធីបុណ្យ​ជ្រមុជ​ទឹក

  • ពិធី​បញ្ជាក់

  • ការតែងតាំង​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស )

  • ពិធីលាងជម្រះ

  • អំណោយទាន​ពិសិដ្ឋ

  • ពិធីផ្សារភ្ជាប់

ប្រសិនបើ​ពិធីបរិសុទ្ធ​នានា​សម្រាប់​មរណជន​ត្រូវបាន​ធ្វើឡើង​ខុស​លំដាប់លំដោយ​នោះ​ពួកគេ​មិន​ចាំបាច់​ធ្វើ​វា​សារ​ជា​ថ្មី​ឡើយ ។ ពិធីទាំងឡាយ​នឹង​មាន​ប្រសិទ្ធភាព​នៅពេល​ពិធីបរិសុទ្ធ​ពី​មុន​នោះ​ត្រូវ​បាន​ធ្វើ​បញ្ចប់​សព្វគ្រប់ ។

២៨.២.១

ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន

សមាជិក​ណា​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សុពលភាព អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​បម្រើ​នៅក្នុង​ការចាត់តាំង​មួយ ឬ​ច្រើន​នៅឯ​អាងជ្រមុជទឹក ។ ការចាត់តាំង​មួយ​ចំនួន​អាច​រួមមាន ៖

  • ធ្វើ​ជា​អ្នកជំនួស​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក ។

  • ធ្វើ​ជា​សាក្សី​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស ។

  • ធ្វើ​ជា​អ្នកជំនួស​សម្រាប់​ធ្វើ​ពិធី​ពិធី​បញ្ជាក់ ។

  • ធ្វើ​ជា​ជំនួយការ​ដល់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • ចែក​សម្លៀក​បំពាក់ និង​កន្សែង ។

  • ជួយ​កត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ។

សមាជិក​ដែល​ធ្វើ​ពិធីជំនួសអាច​ជ្រើសរើស​ធ្វើ​តែ​ពិធីបុណ្យ​ជ្រមុជទឹក ឬ​ធ្វើ​តែ ពិធីបញ្ជាក់​តាម​ការចង់បាន​របស់​ពួកគេ ។

អ្នកកាន់បព្វជិតភាព​ម៉ិលគីស្សាដែក និង​ពួក​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ អ្នកកាន់បព្វជិតភាព​ម៉ិលគីស្សាដែក​ក៏​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អធិបតី​នៅក្នុង​ពិធី​បញ្ជាក់​សម្រាប់​មរណជន​ផងដែរ ។

មាន​តែ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ ៖

  • បម្រើ​ជា​អ្នកកត់ត្រា​នៅ​ខាង​មុខ ។

  • បម្រើ​ជា​អ្នកកត់ត្រា​ពិធី​បញ្ជាក់ ។

ក្រុម​ដែល​បាន​រៀបចំ​ដូចជា​ក្រុមគ្រួសារ វួដ និង​ស្តេក ដែល​មាន​បំណង​ចង់​ចូលរួម​ពិធីបរិសុទ្ធ​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក ជាធម្មតា​ត្រូវ​ដាក់កាលវិភាគ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ​ជាមុន​សិន ( សូមមើល ២៨.១.៤ ) ។ មជ្ឈិមវ័យ​មួយ​រូប ឬ​ច្រើន​ជាង​នោះ ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព គួរតែ​អម​ដំណើរ​ក្រុម​ទាំងនេះ ។

២៨.២.២

ពិធីអំណោយទានពិសិដ្ឋ ( រួមទាំង​ពិធីលាងជម្រះ )

នៅពេល​ធ្វើ​ពិធី​អំណោយទាន​ពិសិដ្ឋ​ជំនួស​សម្រាប់​មរណជន នោះ​ផ្នែក​ពិធី​លាងជម្រះ​នៃ​អំណោយទាន​ពិសិដ្ឋ​ត្រូវបាន​ធ្វើ​ឡើង និង​កត់ត្រា​ទុក​ដោយ​ឡែក ( សូមមើល ២៧.២ ) ។ រាល់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​មាន​សុពលភាព អាច​ធ្វើ​ជា​អ្នក​ជំនួស​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ទាំងនេះ​បាន ។

២៨.២.៣

ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា និង​ការផ្សារភ្ជាប់​កូនៗជា​មួយ​នឹង​ឪពុក​ម្តាយ

នៅក្នុង​ព្រះវិហារបរិសុទ្ធ មរណជន​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា ដែល​ពួកគេ​បាន​រៀបការ​កាលពី​នៅ​រស់ ( សូមមើល ៣៨.៤.១.៣ ប្រសិនបើ​ស្វាមី ឬ​ភរិយា​នៅរស់​នៅ​ឡើយ និង​សូមមើល ៣៨.៤.១.៨ ប្រសិនបើ​ទាំង​ស្វាមី​ទាំង​ភរិយា​បាន​ស្លាប់ ) ។ មរណជន​ក៏​អាច​ផ្សារភ្ជាប់​ទៅ​នឹង​កូនៗ​ដែល​នៅរស់ និង​ដែល​ស្លាប់​បាន​ផងដែរ ( សូមមើល ៣៨.៤.២.២ ) ។ សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដែល​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​មាន​សុពលភាព អាច​ធ្វើ​ជា​អ្នក​ជំនួស​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។

ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ ពិធី​លាងជម្រះ និង​ពិធី​អំណោយ​ទាន​ពិសិដ្ឋ ជាទូទៅ​ត្រូវ​ធ្វើ​ឡើង ទោះ​ពេល​នៅ​រស់ ឬ​ដោយ​ពិធី​ជំនួស មុន​ពេល​ដែល​មរណជន​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្ដាយ​របស់​គាត់ ( សូមមើល ២៨.២ ) ។ ទោះជា​យ៉ាង​ណា មរណជន​ដែល​បាន​ស្លាប់​មុន​អាយុ​៨ ឆ្នាំ ឬ​ដែល​មិន​អាច​ទទួលខុសត្រូវ​នៅក្នុង​ជីវិត ពុំ​ចាំបាច់​ទទួល​ពិធីបរិសុទ្ធ​ណា​ផ្សេងទៀត​មុនពេល​ត្រូវផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់​ឡើយ ( សូមមើល ១៨.១២៨.៣.២និង ២៨.៣.៣ ) ។

បន្ទប់​ពិធីផ្សារភ្ជាប់

២៨.៣

កាលៈទេសៈ​ពិសេស

វគ្គ​នេះ​ពន្យល់​អំពី​កាលៈទេសៈ​ទាំងឡាយ ដែល​គោលការណ៍​ណែនាំ​មួយ​ចំនួន​នៅក្នុង ២៨.១ អាច​នឹង​មិន​អនុវត្ត ។

២៨.៣.១

កូន​ដែល​បាន​ស្លាប់​ពីមុន​កំណើត ( កូន​ដែល​ស្លាប់​ក្នុងពោះ ឬ​រលូត )

ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​គឺ​ពុំ​ត្រូវការ ឬ​ពុំ​ត្រូវ​ធ្វើ​សម្រាប់​កូន​ដែល​ស្លាប់​នៅក្នុង​ផ្ទៃ​នោះទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៧.៣ ។

២៨.៣.២

កុមារ​ដែល​ស្លាប់​ក្រោម​អាយុ​ប្រាំបី​ឆ្នាំ

កុមារ​តូចៗ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ត្រូវបាន « សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ស្ថានសួគ៌ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:១០ ) ។ ដោយសារ​មូលហេតុ​នេះ​ហើយ​ទើប​គ្មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក ឬ​ពិធី​អំណោយទាន​ពិសិដ្ឋ​ត្រូវ​ធ្វើ​ឡើង​សម្រាប់​កុមារ​ដែល​ស្លាប់​មុន​អាយុ​ប្រាំបី​ឆ្នាំ​នោះ​ទេ ។ ទោះជា​យ៉ាង​ណា ការផ្សារភ្ជាប់​ជាមួយ​ឪពុក​ម្ដាយ​អាច​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​កុមារ​ដែល​មិន​បាន​កើត​នៅក្នុង​សេចក្ដីសញ្ញា ឬ​ពុំ​បាន​ទទួល​ពិធី​បរិសុទ្ធ​នោះ​ពេល​នៅ​រស់ ( សូមមើល ១៨.១ ) ។

២៨.៣.៣

មរណជន​ដែល​មាន​ពិការភាព​ខាង​បញ្ញា

ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​មរណជន ដែល​ដឹង​ថា ជា​បុគ្គល​ដែល​មាន​ការទទួល​ខុសត្រូវ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧១ ) ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​មិន​ដឹង​ថា​អាច​មាន​ការទទួល​ត្រូវ ឬ​អត់​នោះ ។

ប្រសិន​បើ​បាន​ដឹង​យ៉ាង​ច្បាស់​ថា មរណជន​មាន​ពិការភាព​ខាង​បញ្ញា ហើយ​មិន​អាច​មាន​ការទទួល​ខុសត្រូវ​ទេ នោះ​ពិធី​បរិសុទ្ធ​តែ​មួយ​ដែល​ត្រូវ​ធ្វើ​ឡើង គឺ​ការផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្ដាយ ( សូមមើល ៣៨.២.៤ ) ។ ការណ៍​នេះ​ត្រូវបាន​ធ្វើ​ឡើង ប្រសិន​បើ​បុគ្គល​នោះ​មិន​បាន​កើត​មក​ក្នុង​សេចក្ដី​សញ្ញា ឬ​មិន​បាន​ផ្សារភ្ជាប់​ជាមួយ​ឪពុក​ម្ដាយ​គាត់​ពេល​នៅ​រស់​ប៉ុណ្ណោះ ។ ពុំ​ត្រូវការ ឬ​ពុំ​ចាំបាច់​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដទៃ​ទៀត​នោះ​ទេ ប្រសិនបើ​បុគ្គល​នោះ​បាន​រស់នៅ​ដល់​អាយុ ៨ ឆ្នាំ ឬ​ចាស់​ជាង​នេះ​នោះ ។

២៨.៣.៤

បុគ្គល​ដែល​សន្មត​ថា​ស្លាប់

ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​បុគ្គល​ម្នាក់ ដែល​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​បាន​ស្លាប់ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​មិន​អាច​ធ្វើ​ឡើង​បាន​ឡើយ រហូត​ដល់​រយៈពេល១០ ឆ្នាំ បាន​កន្លង​ហួស​ទៅ រាប់តាំង​ពី​ពេល​ដែល​បុគ្គល​នោះ​ត្រូវបាន​សន្និដ្ឋាន​ថា​បាន​ស្លាប់ ឬ​ត្រូវបាន​ប្រកាស​តាម​ច្បាប់​ថា​បាន​ស្លាប់ ។ គោលនយោបាយ​នេះ​អនុវត្ត​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល ៖

  • បាត់ខ្លួន​ក្នុង​បេសកកម្ម​ប្រយុទ្ធ ឬបាត់ខ្លួន​ក្នុង​សមុទ្រ ។

  • បាន​បាត់ខ្លួន​ក្នុង​ស្ថានភាព​ដែល​ការស្លាប់​គឺ​ជាក់ស្ដែង ប៉ុន្តែ​រក​សាកសព​មិន​ឃើញ ។

ក្នុង​គ្រប់​ករណី​ដទៃ​ទៀត​ទាំងអស់​របស់​បុគ្គល​ដែល​បាត់​ខ្លួន ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវ​ធ្វើ​ឡើងក្នុង​រយៈពេល ១១០ ឆ្នាំ បន្ទាប់​ពី​ពេល​ដែល​បុគ្គល​នោះ​កើត​មក ។

ប្រធាន​ស្តេក​អាច​នឹង​ទាក់ទង​ទៅ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ប្រសិន​បើ​គាត់​មាន​សំណួរ​អំពី​គោលនយោបាយ​នេះ ៖

អ៊ីមែល ៖ TempleDepartment@ChurchofJesusChrist.org

២៨.៣.៥

បុគ្គល​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​សាសនាចក្រ ឬ​ដែល​បាន​លាលែង​សមាជិកភាព

ប្រសិនបើ​បុគ្គល​ទាំងឡាយ ត្រូវបាន​ដកហូត​សមាជិកភាព​សាសនាចក្រ ឬ​បាន​លាលែង​ពី​សមាជិកភាព មុន​ពេល​ដែល​ពួកគេ​ស្លាប់ គឺ​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ មុន​ពេល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ អាច​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​ពួកគេ​រួមទាំង​ការស្ដារពរជ័យ​ទាំងឡាយ​ដែល​មាន​ផងដែរ ។ សមាជិក​គ្រួសារ​អាច​ស្វែងរក​ការអនុម័ត​នេះ នៅក្នុង​លិខិត​មួយ​ទៅកាន់​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តាំងពី​មរណភាព​របស់​បុគ្គល​នោះ ។ លិខិត​នោះ​គួរតែ​ពន្យល់​ពី​ស្ថាន​ភាព​នោះ ។ មិន​តម្រូវ​ឲ្យ​មាន​ទម្រង់​បែបបទ​នោះ​ទេ ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​ជួយ​ជាមួយ​នឹង​សំណើ​នេះ ប្រសិនបើ​ចាំបាច់ ។

២៨.៣.៥.១

ការ​ចូល​មក​វិញ​របស់មរណជន​ដែល​មិន​បាន​ទទួល​ពិធី​អំណោយទាន​ពិសិដ្ឋ

មរណជន​ដែល​មិន​បាន​ទទួល​ពិធី​អំណោយទាន​ពិសិដ្ឋ ប៉ុន្តែ​ដែល​បាន​ដកហូត​សមាជិកភាព​សាសនាចក្រ ឬ​បាន​លាលែង​ពី​សមាជិកភាព អាច​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​របស់​គណៈ​ប្រធាន​ទីមួយ ដូច​ដែល​បាន​កត់ចំណាំ​នៅក្នុង ២៨.៣.៥ ។ មរណជន​ទាំងនេះ​ពុំត្រូវការ​ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ​ម្ដង​ទៀត​នោះ​ទេ ប្រសិន​បើ​ពួកគេ​បាន​កើត​នៅ​ក្នុង​សេចក្ដីសញ្ញា ឬ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​ពេល​នៅរស់ ។

២៨.៣.៥.២

ការស្តារពរ​ជ័យ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​ឡើង​វិញ​សម្រាប់​បុគ្គល​ដែល​បាន​ទទួល​ពិធី​អំណោយទាន​ពិសិដ្ឋ​ហើយ

មរណជន​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ប៉ុន្តែ​ត្រូវបាន​ដកហូត​សមាជិកភាព​សាសនាចក្រ ឬ​ដែល​បាន​លាលែង​សមាជិកភាព ហើយ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ អាច​ទទួល​បព្វជិតភាព និង​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​បាន​វិញ តែ​តាមរយៈ​ពិធីបរិសុទ្ធនៃ​ការស្តារ​ឡើង​វិញ​នៃ​ពរជ័យ​ទាំងឡាយ​ប៉ុណ្ណោះ ។ បុគ្គល​ដូច្នេះ​មិន​ត្រូវបាន​តែងតាំង​ទៅ​តំណែង​បព្វជិតភាព​ណា​មួយ ឬ​ទទួល​អំណោយទានពិសិដ្ឋ​ម្តង​ទៀត​នោះ​ទេ ពីព្រោះ​ពរជ័យ​ទាំងនេះ​ត្រូវបាន​ស្តារ​ឡើង​វិញ​តាមរយៈ​ពិធីបរិសុទ្ធ​នេះ ។

ដូច​ដែល​បាន​កត់ចំណាំ​នៅក្នុង ២៨.៣.៥ វា​តម្រូវឲ្យ​មាន​ការអនុម័ត​មកពី​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នេះ​សម្រាប់​មរណជន ។ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ពិធីបរិសុទ្ធ​នេះ​សម្រាប់​អ្នក​នៅរស់ សូមមើល ៣២.១៧.២ ។