« ឧទាហរណ៍ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )
« ឧទាហរណ៍ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect
ឧទាហរណ៍
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួននៃរបៀបរៀបចំក្រុមដើម្បីបំពេញតម្រូវការក្នុងមូលដ្ឋាន ។
ក្រុមដែលដឹកនាំដោយពួកអ្នកផ្សព្វផ្សាយសាសនា
ក្រុមដែលកំពុងរៀន
ក្រុមប្រឹក្សាស្តេកចង់ផ្តល់ជូនកម្មវិធី EnglishConnect ដែលសមាជិកនៃស្តេក និងសហគមន៍អាចចូលរួមនៅពេលណាក៏បាន ។ ពួកគាត់សង្ឃឹមថា ក្រុម EnglishConnect នឹងផ្តល់ឱកាសដល់សមាជិកសាសនាចក្រក្នុងការបម្រើ ។ ពួកគាត់ក៏សង្ឃឹមផងដែរថា ក្រុមទាំងនេះនឹងផ្តល់ឱកាសដល់សមាជិកសហគមន៍ដើម្បីរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងដកពិសោធន៍នូវសេចក្ដីស្រឡាញ់របស់សមាជិកសាសនាចក្រផងដែរ ។
ពួកគាត់ជ្រើសរើសអគារមួយដែលនៅជិតអ្នកដែលទំនងជាចូលរួមភាគច្រើន ។ ពួកគាត់សម្រេចចិត្តឲ្យក្រុមជួបគ្នានៅល្ងាចថ្ងៃ អង្គារ ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ៨:៣០ យប់ ។ ពួកគាត់ហៅគ្រូបង្រៀនបួននាក់ ពីរនាក់សម្រាប់ EnglishConnect ១ និងពីរនាក់ទៀតសម្រាប់ EnglishConnect ២ ។ ពួកគាត់ស្នើឲ្យគ្រូបង្រៀនម្នាក់ធ្វើជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល ហើយផ្ដល់ដល់គ្រូបង្រៀននោះនូវការហៅជាអ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួននៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។ ជាមួយនឹងការហៅនេះ អ្នកសម្របសម្រួលអាចចុះឈ្មោះក្រុមនៅក្នុង QuickReg ។
ក្រោយមក ក្រុមប្រឹក្សាស្តេកផ្សព្វផ្សាយអំពីក្រុមទាំងនោះ ដោយការចែកចាយខិត្តប័ណ្ណនៅព្រះវិហារ ចុះផ្សាយអំពីថ្នាក់នេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្នើឲ្យពួកអ្នកផ្សព្វផ្សាយសាសនាអញ្ជើញមនុស្សដែលពួកគេជួប ។ ដំបូង ស្តេកណែនាំឲ្យអ្នករៀនចូលរួមក្នុងក្រុម EnglishConnect ៣ តាមអនឡាញក្នុងតំបន់របស់ពួកគេ នៅពេលដែលពួកគេត្រៀមបញ្ចប់ក្នុងការរៀន EnglishConnect ២ ។ បន្តិចម្តងៗ ស្តេកនឹងមានអ្នកចូលរួមគ្រប់គ្រាន់ដើម្បីគាំទ្រក្រុម EnglishConnect ៣ នៅអគារសាសនាតែមួយជាមួយនឹងក្រុម EnglishConnect ១ និង ២ របស់ពួកគាត់ ។ ពួកគាត់ធ្វើការជាមួយអ្នកទំនាក់ទំនង BYU–Pathway Worldwide របស់ពួកគេដើម្បីទូរសព្ទទៅពួកអ្នកផ្សព្វផ្សាយសាសនាផ្នែក PathwayConnect ដើម្បីមើលខុសត្រូវក្រុម EnglishConnect ៣ ។
ក្រុមពីរជំពូក
ក្រុមប្រឹក្សាវួដមួយចង់ផ្តល់ឱកាសដល់សមាជិកវួដ និងសហគមន៍នូវឱកាសរៀនភាសាអង់គ្លេស ។ ពួកគាត់បានព្យាយាមមានក្រុម EnglishConnect ពីមុនមក ប៉ុន្តែអ្នកចូលរួមភាគច្រើនមានការលំបាកក្នុងតាំងចិត្តចូលរួមពេញ ២៥ សប្តាហ៍ ។ ពួកគាត់សម្រេចចិត្តផ្តល់ក្រុមដែលរៀនតែពីរជំពូកប៉ុណ្ណោះ ។
ថ្នាក់ដឹកនាំដាក់ផែនការឲ្យក្រុមជួបគ្នានៅថ្ងៃ អង្គារ និងថ្ងៃ សុក្រ ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០ យប់ ។ ពួកគាត់ហៅគ្រូបង្រៀនបួននាក់ ពីរនាក់សម្រាប់ EnglishConnect ១ និងពីរនាក់ទៀតសម្រាប់ EnglishConnect ២ ។ ពួកគេចុះឈ្មោះក្រុមនៅក្នុង QuickReg និងផ្សព្វផ្សាយក្រុមដោយដាក់ប័ណ្ណប្រកាសនៅខាងក្រៅអគារសាសនាចក្រ ។ ពួកគេក៏ធ្វើខិត្តប័ណ្ណ ដែលសមាជិកអាចឲ្យទៅមិត្តភក្តិរបស់ពួកគេ ឬចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។
នៅចុងខែនេះ ថ្នាក់ដឹកនាំបញ្ចប់ក្រុមនៅក្នុង QuickReg និងធ្វើផែនការគ្របដណ្តប់លើមេរៀនពីរបន្ទាប់ទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្រុមយុវវ័យ
ក្រុមប្រឹក្សាស្តេកចង់ជួយយុវវ័យឲ្យទទួលបានឱកាសអប់រំ និងឱកាសការងារ បន្ទាប់ពីពួកគេបញ្ចប់កម្មវិធីយុវវ័យ និងត្រឡប់មកផ្ទះវិញពីបេសកកម្មរបស់ពួកគេ ។ ថ្នាក់ដឹកនាំក៏សង្ឃឹមផងដែរថា ការរៀនភាសាអង់គ្លេសជាមួយនឹងកម្មវិធី EnglishConnect នឹងជួយយុវវ័យឲ្យរៀនពីរបៀបធ្វើជាដៃគូជាមួយព្រះដើម្បីសម្រេចគោលដៅដ៏មានតម្លៃនានា ។ ពួកគាត់សម្រេចចិត្តចាប់ផ្តើមក្រុម EnglishConnect សម្រាប់យុវវ័យនៅក្នុងស្តេករបស់ពួកគាត់ ។
ដោយសារយុវវ័យរស់នៅឆ្ងាយពីគ្នា ដូច្នេះថ្នាក់ដឹកនាំសម្រេចចិត្តឲ្យក្រុមជួបគ្នាតាមអនឡាញនៅថ្ងៃ អង្គារ ពីម៉ោង ៨:០០ ដល់ម៉ោង ៩:០០ យប់ ។ ពួកគាត់ហៅអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញម្នាក់ និងយុវវ័យម្នាក់ដែលចេះភាសាអង់គ្លេសមួយចំនួនដើម្បីបង្រៀនក្រុមនេះ ។ ថ្នាក់ដឹកនាំធានាថា ពួកគេកំពុងធ្វើតាម គោលនយោបាយសាសនាចក្រសម្រាប់ការការពារយុវវ័យ ។ ឧទាហរណ៍ ពួកគាត់ធានាឲ្យបានថា មជ្ឈិមវ័យពីរនាក់ដែលបានបញ្ចប់ការបំពាក់បំប៉នការការពារយុវវ័យមានវត្តមាននៅក្នុងការប្រជុំតាមអនឡាញនីមួយៗ ហើយថាយុវវ័យម្នាក់ៗមាន ទម្រង់បែបបទយល់ព្រមពីឪពុកម្ដាយ ដែលបានចុះហត្ថលេខា ។
ថ្នាក់ដឹកនាំក៏បង្កើតក្រុម WhatsApp ដែលត្រួតពិនិត្យដោយគ្រូបង្រៀន ឬអ្នកដឹកនាំ ដើម្បីឲ្យយុវវ័យអាចអនុវត្តភាសាអង់គ្លេសរបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ ។ ក្រុម WhatsApp ជួយឲ្យយុវវ័យដែលមិនអាចចូលរួមការប្រជុំនៅថ្ងៃអង្គារបាន អាចបានចូលរួមដែរ ។
ថ្នាក់ដឹកនាំធ្វើការជាមួយនឹងអ្នកគ្រប់គ្រងផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំតំបន់របស់ពួកគាត់ ដើម្បីចាប់ផ្តើមក្រុមយុវជន EnglishConnect ៣ នៅក្នុងតំបន់របស់ពួកគេសម្រាប់អ្នកដែលមានសមត្ថភាពភាសាអង់គ្លេសលើសពី EnglishConnect ២ ។
ក្រុមដែលដឹកនាំដោយពួកអ្នកផ្សព្វផ្សាយសាសនា
ថ្នាក់ដឹកនាំបេសកកម្មចង់ប្រើកម្មវិធី EnglishConnect ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគាត់ដឹងថាក្រុម EnglishConnect ដំណើរការបានល្អបំផុតនៅពេលដែលក្រុមទាំងនោះគ្រប់គ្រងដោយសមាជិក និងគាំទ្រដោយអ្នកផ្សព្វផ្សាយសាសនា ។ នៅក្នុងក្រុមប្រឹក្សាជាមួយប្រធានស្តេកនៅក្នុងបេសកកម្ម ពួកគាត់សម្រេចចិត្តថាបេសកកម្មនឹងចាប់ផ្តើមក្រុម EnglishConnect ហើយធ្វើការដើម្បីប្រគល់ក្រុមទាំងនោះទៅឲ្យស្តេក ។
ពួកអ្នកផ្សព្វផ្សាយសាសនាសម្រេចចិត្តលើពេលវេលាប្រជុំសម្រាប់ក្រុម ដែលដំណើរការល្អសម្រាប់កាលវិភាគផ្សព្វផ្សាយរបស់ពួកគេ ហើយជួយឲ្យមនុស្សនៅក្នុងសហគមន៍ចូលរួមឲ្យបានច្រើន ។ ខណៈដែលពួកអ្នកផ្សព្វផ្សាយសាសនាចាប់ផ្ដើមធ្វើជាគ្រូបង្រៀន EnglishConnect ពួកគេក៏ធ្វើការជាមួយថ្នាក់ដឹកនាំបព្វជិតភាពដើម្បីស្វែងរកសមាជិកក្នុងមូលដ្ឋានដើម្បីមកជំនួសពួកគេផងដែរ ដែលអ្នកខ្លះអាចជាអតីតអ្នករៀន EnglishConnect ១ និង ២ ។ យូរៗទៅ ពួកអ្នកផ្សព្វផ្សាយសាសនាផ្លាស់ប្តូរទៅជាតួនាទីគាំទ្រវិញ ។ ពួកអ្នកផ្សព្វផ្សាយសាសនានៅតែបន្តគាំទ្រក្រុមដោយចូលរួមជាទៀងទាត់ ណែនាំអ្នករៀនថ្មី និងលើកទឹកចិត្តអ្នករៀនឲ្យស្វែងរកជំនួយពីព្រះដើម្បីរៀនភាសាអង់គ្លេស ។