មេរៀនទី ១៩៨—ផ្នត់គំនិតរីកចម្រើន ៖ ការអភិវឌ្ឍអាកប្បកិរិយា និងសកម្មភាពដែលកែលម្អគន្លងនៃគំនិតរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ផ្នត់គំនិតរីកចម្រើន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៨ ៖ ភាពជោគជ័យនៅក្នុងសាលា
ផ្នត់គំនិតរីកចម្រើន
ការអភិវឌ្ឍអាកប្បកិរិយា និងសកម្មភាពដែលកែលម្អគន្លងនៃគំនិតរបស់យើង
យើងម្នាក់ៗនឹងប្រឈមមុខនឹងឧបសគ្គក្នុងការរៀនសូត្រ និងការអប់រំរបស់យើង ។ អាស្រ័យលើផ្នត់គំនិតរបស់យើង យើងអាចឃើញឧបសគ្គទាំងនេះជាការរារាំងដែលនឹងបញ្ឈប់យើង ឬជាឱកាសដើម្បីរៀន និងរីកចម្រើន ។ ការជ្រើសរើសប្រឈមមុខនឹងឧបសគ្គដោយមានផ្នត់គំនិតរីកចម្រើនបង្ហាញពីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សអភិវឌ្ឍផ្នត់គំនិតរីកចម្រើន ដើម្បីយកឈ្នះឧបសគ្គក្នុងការរៀនសូត្រ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឧបសគ្គក្នុងការរៀនសូត្រ
សូមពិចារណាចាប់ផ្តើមមេរៀនដោយចែកចាយសាច់រឿងខាងក្រោមនេះ ។ ជាជម្រើស អ្នកអាចឲ្យសិស្សបង្កើតសាច់រឿងមួយ ដែលយុវវ័យប្រឈមមុខនឹងឧបសគ្គក្នុងការរៀនសូត្ររបស់គាត់ ឬនាង ។ បន្ទាប់មក អ្នកអាចបត់បែនសំណួរ ដើម្បីឲ្យវាកាន់តែទាក់ទងនឹងសាច់រឿងដែលបានជ្រើសរើសបន្ថែមទៀត ។
នៅពេលដែល ខាឌីន ដឹងពីថ្នាក់ដែលគាត់នឹងចូលរៀនសម្រាប់ឆ្នាំសិក្សាខាងមុខនេះ គាត់ឃើញថាគាត់មានថ្នាក់គណិតវិទ្យា ។ ខាឌីន ចាំថាតើគាត់រៀនគណិតវិទ្យាខ្សោយយ៉ាងណា ។ គាត់ជឿថា បើគាត់រៀនថ្នាក់គណិតវិទ្យានេះ គាត់នឹងរៀនធ្លាក់ហើយ ។
-
តើអ្វីដែលអ្នកចាប់អារម្មណ៍អំពីផ្នត់គំនិតរបស់ ខាឌីន ។
-
តើអ្នកអាចចែកចាយជាមួយគាត់នូវដំបូន្មានអ្វីខ្លះ ?
ផ្នត់គំនិតរីកចម្រើន
សូមពន្យល់ថា នៅពេលយើងឆ្លងកាត់នឹងបញ្ហាប្រឈម ឬឧបសគ្គនៅក្នុងការអប់រំរបស់យើង និងទិដ្ឋភាពផ្សេងទៀតនៃជីវិតរបស់យើង យើងអាចមើលវាដោយផ្នត់គំនិតរីកចម្រើន ឬផ្នត់គំនិតថេរ ។
សូមដាក់បង្ហាញនិយមន័យខាងក្រោម ហើយអញ្ជើញសិស្សពីរនាក់ឲ្យអានវាដល់សិស្សក្នុងថ្នាក់ ។
ផ្នត់គំនិតរីកចម្រើន ៖ មនុស្សដែលមានផ្នត់គំនិតរីកចម្រើនជឿថា ពួកគេអាចរៀន និងទាញយកកម្លាំងពីព្រះយេស៊ូវគ្រីស្ទ ។ ពួកគេឆាប់ផ្លាស់ប្តូរនៅពេលពួកគេរៀន ។ ពួកគេជំរុញខ្លួនឯងសូម្បីតែពេលមានការលំបាក ដោយការពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។
ផ្នត់គំនិតថេរ ៖ មនុស្សដែលមានផ្នត់គំនិតថេរ សង្ស័យលើសមត្ថភាពរៀនសូត្ររបស់ខ្លួនឯង ។ ពួកគេខ្លាចបរាជ័យ ហើយពួកគេជឿថា ពួកគេមិនអាចរៀនរឿងជាក់លាក់បានទេ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីផ្នត់គំនិតទាំងនេះ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោម ។ អ្នកអាចដាក់បង្ហាញសេចក្តីថ្លែងការណ៍ដំបូងពីជួរឈរនីមួយៗ ដើម្បីជួយសិស្សមើលឃើញឧទាហរណ៍ដែលផ្គូផ្គង ។ បន្ទាប់មក អ្នកអាចផ្តល់ឲ្យសិស្សនូវសេចក្តីថ្លែងការណ៍នៃផ្នត់គំនិតថេរដែលនៅសល់ ។ អញ្ជើញពួកគេឲ្យធ្វើការជាក្រុមតូចៗ ដើម្បីសរសេរសេចក្តីថ្លែងការណ៍មួយ ដែលមនុស្សម្នាក់មានផ្នត់គំនិតរីកចម្រើនអាចនិយាយ ដែលបង្ហាញពីជំនឿរបស់ពួកគេលើព្រះអង្គសង្គ្រោះ ។
|
ផ្នត់គំនិតថេរ |
ផ្នត់គំនិតរីកចម្រើន |
|---|---|
ផ្នត់គំនិតថេរ « កំហុសរបស់ខ្ញុំបង្ហាញថា ខ្ញុំមិនឆ្លាត » ។ | ផ្នត់គំនិតរីកចម្រើន « ដោយសារតែព្រះអង្គសង្គ្រោះ ខ្ញុំអាចរៀនពីកំហុសរបស់ខ្ញុំ ហើយបានប្រសើរឡើង » ។ |
ផ្នត់គំនិតថេរ « ខ្ញុំមិនចូលចិត្តសាកល្បងអ្វីថ្មីទេ ព្រោះខ្ញុំប្រហែលជានឹងបរាជ័យ » ។ | ផ្នត់គំនិតរីកចម្រើន « ដោយដឹងថាព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យនឹងរាល់ការខិតខំដែលខ្ញុំធ្វើដើម្បីរីកចម្រើន ខ្ញុំអាចសាកល្បងអ្វីថ្មី និងរីករាយនឹងបញ្ហាប្រឈមទាំងឡាយ » ។ |
ផ្នត់គំនិតថេរ « ខ្ញុំរៀនអ្វីក៏មិនចេះដែរ » ។ | ផ្នត់គំនិតរីកចម្រើន « ប្រសិនបើខ្ញុំចង់រៀនអ្វីមួយ ខ្ញុំអាចរៀនវាដោយមានជំនួយពីព្រះអម្ចាស់ » ។ |
ផ្នត់គំនិតថេរ « ពេលខ្ញុំស្មុគស្មាញ ខ្ញុំបោះបង់ចោល » ។ | ផ្នត់គំនិតរីកចម្រើន « ការធ្វើការក្នុងគ្រាជួបការលំបាក ជួយខ្ញុំឲ្យរីកចម្រើន ហើយប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ » ។ |
សូមអញ្ជើញសិស្សឲ្យគិតថាតើពួកគេជាធម្មតាមើលបញ្ហាប្រឈមដោយផ្នត់គំនិតរីកចម្រើន ឬផ្នត់គំនិតថេរ ។ សូមអញ្ជើញពួកគេ នៅពេលពួកគេបន្តការសិក្សា ឲ្យរកមើលសេចក្តីពិតដែលមានអត្ថប្រយោជន៍ ហើយយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេអភិវឌ្ឍផ្នត់គំនិតរីកចម្រើន ។
សេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ដែលអាចជួយយើងអភិវឌ្ឍផ្នត់គំនិតរីកចម្រើន
បងប្រុស ដេវិន ជី ឌឺរ៉េន អតីតគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ បានពន្យល់ពីមូលហេតុពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទគួរតែអភិវឌ្ឍផ្នត់គំនិតរីកចម្រើន ៖
ព្រះវរបិតាសួគ៌ជំរុញយើងឲ្យស្វែងរកការអភិវឌ្ឍអំណោយទាន និងកែលម្អខ្លួនយើង ដោយសារទ្រង់ក្នុងនាមជាព្រះវរបិតាដ៏ពេញដោយក្តីស្រឡាញ់ ជឿថា យើងអាចសម្រេចកិច្ចការដ៏អស្ចារ្យ រួមទាំងភាពតម្កើងឡើងជាយថាហេតុ ។ ទ្រង់គឺជាព្រះវរបិតាដែលមានផ្នត់គំនិតរីកចម្រើន ។ ប្រសិនបើយើងចង់ក្លាយដូចជាទ្រង់ យើងត្រូវទទួលយកផ្នត់គំនិតដូចគ្នានោះ ហើយរៀនដើម្បីរីកចម្រើនតាមគ្រប់របៀបដែលទ្រង់រំពឹងទុក ។ ( ដេវិន ជី ឌឺរ៉េន « Helping Children and Youth Develop a Growth Mind-Set » Ensign ខែកុម្ភៈ ឆ្នាំ២០២០ )
-
តើសេចក្តីថ្លែងការណ៍នេះជួយអ្នកឲ្យយល់ពីរបៀបដែលផ្នត់គំនិតរីកចម្រើនអាចមានឥទ្ធិពលលើជីវិតរបស់អ្នកអ្វីខ្លះ ?
-
តើអ្នកគិតថាអ្វីទៅដែលអាចជួយអ្នកអភិវឌ្ឍផ្នត់គំនិតរីកចម្រើន ?
ប្រសិនបើចាំបាច់ សូមពន្យល់ថាការយល់ដឹង និងការចងចាំសេចក្តីពិតអំពីព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ អាចជួយសិស្សអភិវឌ្ឍផ្នត់គំនិតរីកចម្រើន នៅពេលពួកគេប្រឈមមុខនឹងឧបសគ្គ រួមទាំងឧបសគ្គក្នុងការអប់រំរបស់ពួកគេផងដែរ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកសេចក្ដីពិតទាំងនេះមួយចំនួននៅក្នុងព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចអញ្ជើញពួកគេឲ្យកំណត់បទគម្ពីរដែលពួកគេស្គាល់ ឬសិក្សាខគម្ពីរមួយចំនួនខាងក្រោមនេះ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីរកឃើញសេចក្ដីពិតហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយនឹងសិស្សក្នុងថ្នាក់ ។ សិស្សក៏អាចសរសេរនៅលើក្ដារខៀននូវសេចក្តីពិតដែលពួកគេបានរកឃើញផងដែរ ។ ពួកគេអាចរកឃើញសេចក្ដីពិតដែលស្រដៀងនឹងសេចក្ដីពិតដូចតទៅនេះ ៖ នៅក្នុងកម្លាំងរបស់ព្រះអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាង ។
-
តើការចងចាំសេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកមានផ្នត់គំនិតរីកចម្រើនក្នុងការអប់រំរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើមានគំរូអ្វីខ្លះរបស់មនុស្សនៅក្នុងបទគម្ពីរដែលបានប្រើសេចក្តីជំនឿរបស់ពួកគេលើព្រះ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេដោយផ្នត់គំនិតរីកចម្រើន ?
ជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរមុនៗ អ្នកអាចអញ្ជើញសិស្សស្វែងរកឧទាហរណ៍ពីជីវិតរបស់នីហ្វៃ ។ អ្នកក៏អាចឲ្យសិស្សមើលពីគំរូរបស់លេមិន និងលេមយួលដែលបង្ហាញពីផ្នត់គំនិតថេរ ។
នេះជាឧទាហរណ៍មួយចំនួនដែលអ្នកអាចប្រាប់ដល់សិស្ស ៖ ការឆ្លើយតបនឹងបទបញ្ញត្តិឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីយកផ្ទាំងលង្ហិនពីឡាបាន់ ( សូមមើល នីហ្វៃទី១ ៣:៤–៧ ) ការព្យាយាមយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី១ ៣:២៤–៣១; ៤:១–៦ ) សកម្មភាពរបស់បងប្អូនប្រុសនេះបន្ទាប់ពីលីហៃចែកចាយការនិមិត្តរបស់លោកអំពីដើមឈើជីវិត ( សូមមើល នីហ្វៃទី១ ១០:១៧–១៩; ១១:១–៦; ១៥:១–៣, ៨–៩ ) នីហ្វៃធ្វើឲ្យបាក់ធ្នូរបស់លោក ( សូមមើល នីហ្វៃទី១ ១៦:១៨–២៣, ៣០–៣២ ) និងនីហ្វៃត្រូវបានបង្គាប់ឲ្យសង់សំពៅ ( សូមមើល នីហ្វៃទី១ ១៧:៧–១១, ១៧–១៨ ) ។
-
តើព្រះអម្ចាស់បានជួយអ្នកដោយរបៀបណា ឬតើអ្នកគិតថាព្រះអម្ចាស់អាចជួយអ្នកដោយរបៀបណា ឲ្យមានផ្នត់គំនិតរីកចម្រើន និងជម្នះឧបសគ្គក្នុងការអប់រំរបស់អ្នក ?
សូមពិចារណាការចែកចាយឧទាហរណ៍មួយមកពីជីវិតផ្ទាល់ខ្លួនអ្នក ។
អ្នកក៏អាចពិចារណាបង្ហាញវីដេអូមួយក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែមទៀត » ។
ផ្នត់គំនិតរីកចម្រើនរបស់ខ្ញុំ
សូមអញ្ជើញសិស្សឲ្យគិតអំពីឧបសគ្គមួយចំនួនដែលពួកគេជួបប្រទះក្នុងការសិក្សា ឬការរៀនសូត្ររបស់ពួកគេ ដែលផ្នត់គំនិតរីកចម្រើនអាចជួយដោះស្រាយបាន ។ ពួកគេអាចសរសេរឧបសគ្គទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ពួកគេអាចនិយាយអំពីការពិបាកអាន ការលំបាកជាមួយមុខវិជ្ជានៅសាលា ឬកង្វះឱកាសសិក្សាដែលមាន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោមនេះ ។
ជ្រើសរើសឧបសគ្គដែលអាចកើតមានពីរ ឬបីក្នុងការអប់រំ និងការរៀនសូត្ររបស់អ្នក ។ សម្រាប់ឧបសគ្គនីមួយៗ សូមសរសេរសេចក្តីថ្លែងការណ៍អំពីផ្នត់គំនិតរីកចម្រើន ដែលបង្ហាញពីសេចក្តីជំនឿរបស់អ្នកលើសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយអ្នកឲ្យទទួលបានជោគជ័យ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយសេចក្តីថ្លែងការណ៍មួយដែលពួកគេបានសរសេរ ។ ពួកគេអាចចែកចាយជាមួយសិស្សដែលអង្គុយជិត ឬដោយដើរទៅមកនៅក្នុងថ្នាក់រៀន ហើយចែកចាយជាមួយសិស្សដទៃទៀត ។
បន្ទាប់ពីសិស្សបានចែកចាយហើយ សូមលើកទឹកចិត្តពួកគេឲ្យកំណត់វិធីដែលពួកគេនឹងធ្វើតាមសេចក្តីថ្លែងការណ៍ដែលពួកគេបានបង្កើត ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ លើកទឹកចិត្តសិស្សឲ្យខិតខំជម្នះឧបសគ្គចំពោះការអប់រំរបស់ពួកគេដោយផ្នត់គំនិតរីកចម្រើន ។