« មេរៀនទី ១៩៥—ការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក ៖ ‹ យើងនឹងនៅជាមួយអ្នក › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៥ ៖ ភាពជោគជ័យនៅក្នុងសាលា
ការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក
« យើងនឹងនៅជាមួយអ្នក »
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យជួយយើងក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង រួមទាំងការខិតខំរបស់យើងដើម្បីរៀនសូត្រ និងទទួលបានការអប់រំជាផ្លូវការ ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើឲ្យព្រះអម្ចាស់មានចំណែកក្នុងគ្រប់ទិដ្ឋភាពនៃការអប់រំរបស់ពួកគេ នៅពេលពួកគេស្វែងរកការរៀនសូត្រដោយការសិក្សា និងដោយសេចក្តីជំនឿ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ថានភាពលំបាក
អ្នកអាចចាប់ផ្តើមថ្នាក់ដោយចែកចាយស្ថានភាពដូចខាងក្រោម ហើយពិភាក្សាជាមួយសិស្សក្នុងថ្នាក់ ។ ប្រសិនបើចាំបាច់ សូមសម្របស្ថានភាពឲ្យសមស្របទៅនឹងតម្រូវការរបស់សិស្សឲ្យបានប្រសើរឡើង ។
សូមនឹកស្រមៃថាអ្នកស្ថិតនៅក្នុងស្ថានភាពមួយ ឬ ច្រើនដូចតទៅនេះ ៖
-
អ្នកបាក់ទឹកចិត្តក្នុងមុខវិជ្ជាមួយនៅសាលា ហើយចង់បោះបង់ចោល ។
-
អ្នកមានសំណួរអំពីការបន្តការសិក្សារបស់អ្នកនៅវ័យយុវជម្ឈិមវ័យរបស់អ្នក ។ អ្នកមិនដឹងថា អ្នកគួរចូលរៀនបន្តនៅសាលាណា ឬសូម្បីតែអ្នកគួរតែរៀនបន្តឬអត់នោះទេ ។
-
វាគឺជាសប្តាហ៍ដំបូងរបស់អ្នកនៅកន្លែងធ្វើការថ្មី ហើយអ្នកមិនមានអារម្មណ៍ថាមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារ ឬកិច្ចការនោះទេ ។
តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពមួយនៃស្ថានភាពទាំងនេះ ? តើអ្នកនឹងងាកទៅរកនរណាដើម្បីទទួលបានជំនួយ ?
សូមពិចារណាសួរសិស្សថា តើពួកគេ ឬមនុស្សដែលពួកគេស្គាល់មានបទពិសោធន៍ស្ថានភាពស្រដៀងនឹងបញ្ហាទាំងនេះដែរឬទេ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេ ឬអ្នកផ្សេងទៀតបានធ្វើ ដើម្បីទទួលបានជំនួយ ។
សូមពន្យល់ថា នៅក្នុងមេរៀននេះ សិស្សនឹងរៀនអំពីសារៈសំខាន់នៃការធ្វើឲ្យព្រះអម្ចាស់មានចំណែកក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ រួមទាំងការអប់រំរបស់ពួកគេផងដែរ ។ ដើម្បីជួយពួកគេរៀបចំខ្លួនសិក្សាប្រធានបទនេះ សូមដាក់តាំងសំណួរដូចតទៅនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមចំណាយពេលដើម្បីគិតពិចារណាអំពីសេចក្តីថ្លែងការណ៍ដូចខាងក្រោមតាមរង្វាស់ពី ១ ( មិនដែល ) ដល់ ៥ ( ញឹកញាប់បំផុត ) ៖
-
ខ្ញុំអធិស្ឋានទៅព្រះវរបិតាសួគ៌ដើម្បីទទួលបានជំនួយ មុនពេលខ្ញុំសិក្សា ឬចាប់ផ្តើមគម្រោងសាលា ។
-
ក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបង្ហាញពីបំណងប្រាថ្នាដល់ព្រះវរបិតាសួគ៌របស់ខ្ញុំ ដើម្បីមានព្រះវិញ្ញាណគង់នៅជាមួយខ្ញុំ ខណៈដែលខ្ញុំកំពុងរៀននៅសាលា ។
-
ខ្ញុំព្យាយាមកែលម្អការខិតខំរៀនសូត្រយ៉ាងទៀងទាត់ ដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំពឹងផ្អែក និងស្គាល់ជំនួយរបស់ព្រះវិញ្ញាណក្នុងការរៀនសូត្រ និងការអប់រំរបស់ខ្ញុំ ។
សូមអញ្ជើញសិស្សឲ្យរកមើលការបង្រៀន ដែលអាចជួយពួកគេឲ្យធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការសិក្សា និងការអប់រំរបស់ពួកគេទាំងស្រុង ។
ការរៀនសូត្រពីអ្នករៀននៅក្នុងព្រះគម្ពីរ
សូមពន្យល់ថា ព្រះគម្ពីរមានគំរូនៃបុគ្គលដែលធ្វើឲ្យព្រះអម្ចាស់មានចំណែកជួយពួកគេទទួលបានការយល់ដឹង និងយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ ។ សូមពិចារណាបែងចែកសិស្សទៅជាក្រុមៗដើម្បីបំពេញសកម្មភាពសិក្សាដូចខាងក្រោមនេះ ។ សូមចាត់ក្រុមនីមួយៗនូវគំរូមួយនៃគំរូដូចខាងក្រោមនេះដើម្បីសិក្សា ហើយបន្ទាប់មកពិភាក្សាសំណួរពីរដែលមានបន្ទាប់នោះ ។
សូមសិក្សាបទគម្ពីរខាងក្រោមអំពីបុគ្គលដែលប្រឈមមុខនឹងស្ថានភាពលំបាក និងមិនច្បាស់លាស់ ។ សូមរកមើលឧទាហរណ៍អំពីរបៀបដែលបុគ្គលទាំងនេះធ្វើឲ្យព្រះអម្ចាស់មានចំណែក នៅពេលពួកគេស្វែងរកការយល់ដឹង ។
-
យ៉ូសែប ស៊្មីធ ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០–១៨ )
-
នីហ្វៃ ( នីហ្វៃទី១ ១១:១–៩ )
-
បងរបស់យ៉ារេឌ ( អេធើរ ១:៣៨–៤២; ២:២២–២៥; ៣:១–៦ )
-
តើបុគ្គលទាំងនេះបានធ្វើឲ្យព្រះអម្ចាស់មានចំណែកក្នុងការសិក្សារបស់ពួកគេដោយរបៀបណា ?
-
តើព្រះអម្ចាស់បានជួយពួកគេតាមរបៀបណាខ្លះ ?
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សា និងពិភាក្សាហើយ សូមអញ្ជើញសមាជិកនៃក្រុមនីមួយៗឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានពិភាក្សាដោយការចែកចាយចម្លើយរបស់ពួកគេទៅនឹងសំណួរពីមុន ។
-
ផ្អែកលើអ្វីដែលអ្នកបានរៀន តើអ្នកនឹងបំពេញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយរបៀបណា ? នៅពេលយើងធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់យើង នោះទ្រង់អាច …
សិស្សអាចបំពេញសេចក្តីថ្លែងការណ៍នេះតាមរបៀបស្រដៀងនឹងរបៀបដូចខាងក្រោម ៖ នៅពេលយើងធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់យើង នោះទ្រង់អាចប្រទានការយល់ដឹងដែលយើងមិនអាចទទួលបានដោយខ្លួនរបស់យើងទេ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ ដែលប្រទានទំនុកចិត្តដល់អ្នកថា ទ្រង់នឹងជួយអ្នកក្នុងការអប់រំរបស់អ្នក ?
របៀបដើម្បីធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក
-
នៅពេលធ្វើកិច្ចការសាលារបស់អ្នក តើនៅពេលណាវាមានអត្ថប្រយោជន៍ដើម្បីធ្វើឲ្យព្រះអម្ចាស់មានចំណែក ?
ប្រសិនបើចាំបាច់ សូមជួយសិស្សគិតអំពីចម្លើយចំពោះសំណួរមុន ។ ឧទាហរណ៍អាចរួមមាន ពេលធ្វើកិច្ចការផ្ទះ ប្រឡង រៀននៅក្នុងថ្នាក់ និងធ្វើកិច្ចការ ឬគម្រោងសាលា ។ សូមពិចារណារាយបញ្ជីពីគំនិតរបស់សិស្សនៅលើក្ដារខៀន ។
បន្ទាប់មក សូមផ្តល់ការណែនាំដល់សិស្សដូចខាងក្រោម ដើម្បីជួយពួកគេគិតអំពីរបៀបដែលពួកគេអាចធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងឧទាហរណ៍ដែលពួកគេបានកំណត់ ។ សិស្សអាចធ្វើការណ៍នេះរៀងៗខ្លួន ជាមួយដៃគូ ឬនៅក្នុងក្រុមតូច ។
សូមសរសេរឃ្លា ខ្ញុំអាចធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់ខ្ញុំដោយ … នៅលើទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរាយបញ្ជីគំនិតឲ្យបានច្រើនតាមដែលអ្នកអាចគិតឃើញ សម្រាប់ការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងសកម្មភាពសាលាដែលទាក់ទងនឹងអ្វីដែលអ្នកបានកំណត់ ។
បន្ទាប់ពីសិស្សបង្កើតបញ្ជីរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ អ្នកអាចបង្កើតបញ្ជីមួយនៅលើក្ដារខៀន ហើយបន្ថែមគំនិតរបស់សិស្សទៅនឹងបញ្ជីនោះ ។
ប្រសិនបើចាំបាច់ អ្នកអាចផ្តល់នូវឧទាហរណ៍មួយចំនួននៃគំនិតនានា ៖ អធិស្ឋានទូលសុំជំនួយឲ្យចងចាំអ្វីដែលអ្នកបានសិក្សាមុនពេលប្រឡង ធ្វើគម្រោង ឬធ្វើកិច្ចការសាលា បង្ហាញអំណរគុណចំពោះជំនួយរបស់ព្រះ និងឱកាសដែលទ្រង់បានប្រទានឲ្យអ្នកដើម្បីរៀន កត់ត្រាបទពិសោធន៍ដែលអ្នកមាន នៅពេលអ្នកធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក តមអាហារ និងអធិស្ឋានដើម្បីឲ្យមានចិត្តកាន់តែចង់រៀនខ្លាំងឡើង ដាក់ព្រះជាអាទិភាពទីមួយ ដោយការចាត់ពេលដើម្បីធ្វើការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាប្រចាំ ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ នៅពេលអ្នកធ្វើឲ្យព្រះអម្ចាស់មានចំណែកក្នុងការអប់រំរបស់អ្នក ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នក សូមពិចារណាបង្ហាញ « ការបានរួមគ្នាតែមួយនៅក្នុងព្រះគ្រីស្ទ ៖ រឿងប្រៀបប្រដូចនៃមេគុណប្រាប់ទិស » ចាប់ពីនាទីទី ០:០០ ដល់ ១:០៥ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូ អែលឌើរ ក្លាក ជី. ហ្គីលប៊ឺត នៃពួកចិតសិបនាក់ ពិពណ៌នាអំពីបទពិសោធន៍របស់គាត់ជាមួយនឹងការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់លោក ។
គិតពិចារណា និងធ្វើសកម្មភាពតាមសេចក្តីពិត
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគិតពិចារណាពីរបៀបដែលពួកគេអាចអនុវត្តនូវអ្វីដែលពួកគេបានរៀនអំពីរបៀបដើម្បីធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់ពួកគេ ។ ពួកគេអាចឆ្លើយតបដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះអម្ចាស់ ដែលធ្វើឲ្យអ្នកចង់ធ្វើទ្រង់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក ?
-
តើសកម្មភាពមួយ ឬពីរណាខ្លះដែលអ្នកអាចធ្វើ ដើម្បីធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានទទួលអារម្មណ៍ និងបានរៀនសូត្រ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងឡាយដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យធ្វើផែនការរបស់ពួកគេ និងធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ដែលពួកគេបានទទួលពីព្រះវិញ្ញាណ ។