« មេរៀនទី ២១១—‹ ជម្រើសសម្រាប់ភាពអស់កល្បជានិច្ច › ៖ ការសិក្សាអំពីការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ជម្រើសសម្រាប់ភាពអស់កល្បជានិច្ចច » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២១១—ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
« ជម្រើសសម្រាប់ភាពអស់កល្បជានិច្ច »
ការសិក្សាអំពីការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
សិស្សនឹងមានឱកាសពេញមួយឆ្នាំនៅក្នុងថ្នាក់សិក្ខាសាលាដើម្បីរៀនចេញពីការបង្រៀនដ៏បំផុសគំនិតពីថ្នាក់ដឹកនាំនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះផ្ដល់នូវគំរូមួយអំពីរបៀបដែលគ្រូបង្រៀនអាចប្រើប្រាស់ឯកសារ « គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ដើម្បីណែនាំសិស្សក្នុងថ្នាក់ នៅពេលពួកគេសិក្សាសារលិខិតទាំងនេះ ។ ឧទាហរណ៍ដែលប្រើនៅក្នុងមេរៀននេះគឺ « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » ដោយប្រធាន រ័សុល អិម ណិលសុន ( [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។ មេរៀននេះអាចធ្វើឲ្យការយល់ដឹងរបស់សិស្សអំពីគោលការណ៍ដែលជួយពួកគេរៀបចំខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចកាន់តែស៊ីជម្រៅ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ មេរៀននេះផ្ដល់គំរូពីរបៀបដែលគ្រូបង្រៀនអាចប្រើប្រាស់ឯកសារ « គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ដើម្បីជួយសិស្សសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ អ្នកអាចកែសម្រួលគំនិតពីមេរៀននេះ ប្រើគំនិតចម្រុះពីគំរូនេះ ឬប្រើគំនិតផ្ទាល់ខ្លួនរបស់អ្នក ដែលនឹងបំពេញតម្រូវការរបស់សិស្សរបស់អ្នកបានកាន់តែប្រសើរ ។
ចាប់ផ្ដើមមេរៀន
សូមចាប់ផ្តើមមេរៀនតាមរបៀបមួយដែលទាក់ទាញចំណាប់អារម្មណ៍ដល់សិស្ស និងជួយរៀបចំគំនិត និងដួងចិត្តរបស់ពួកគេសម្រាប់បទពិសោធន៍សិក្សា ។ សូមពិចារណាប្រើប្រាស់សេចក្តីថ្លែងការណ៍ ឬគំនិតមកពីសុន្ទរកថារបស់ប្រធាន ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយពីរបៀបចាប់ផ្ដើមមេរៀន ។
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យគិតអំពីអនាគតរបស់ពួកគេនៅក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ៖
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់យុវមជ្ឈិមវ័យ ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៖
ខ្ញុំចង់និយាយនឹងក្មួយៗអំពីអនាគតរបស់ក្មួយៗ ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណា ពេលអ្នកគិតអំពីអនាគតរបស់អ្នកក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ?
-
ប្រសិនបើអ្នកអាចនិយាយអំពីអនាគតរបស់អ្នកជាមួយនឹងព្យាការីរបស់ព្រះ តើអ្នកនឹងសួរសំណួរអ្វីខ្លះដល់លោក ?
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវសំណួរខ្លះៗអំពីអនាគតរបស់ពួកគេផងដែរ ។ សំណួរទាំងនេះអាចជួយសិស្សរៀបចំខ្លួនដើម្បីសិក្សាសារលិខិតនេះ ។
សិក្សាសារលិខិត
នៅពេលសិស្សសិក្សា សូមលើកទឹកចិត្តពួកគេឲ្យផ្តោតលើការបង្កើនចំណេះដឹងរបស់ពួកគេ និងពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាគំនិត និងអារម្មណ៍ដែលអាចមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សា ។
នៅក្នុងមេរៀនផ្នែកនេះនឹងប្រើប្រាស់គំនិត « រកមើល » ចេញពីផ្នែក « សិក្សាសារលិខិត » នៃឯកសារ « គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ។ ផ្នែកនេះមានគោលបំណងជួយសិស្សឲ្យផ្តោតការយកចិត្តទុកដាក់លើការសិក្សារបស់ពួកគេអំពីសុន្ទរកថានេះ ។
ប្រសិនបើសិស្សមិនអាចចូលអានសុន្ទរកថារបស់ប្រធាន ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » ទេ នោះអ្នកអាចផ្ដល់សំណៅចែកទាំងបី ដែលមានផ្នែកខ្លះនៃសុន្ទរកថារបស់លោក ។ អ្នកអាចបែងចែកថ្នាក់របស់អ្នកជាបីក្រុម ហើយឲ្យក្រុមនីមួយៗសិក្សាសំណៅចែកខុសៗគ្នា ។ ឬអ្នកអាចបោះពុម្ពច្បាប់ចម្លងនៃសុន្ទរកថាទាំងមូល ហើយសិស្សអាចសិក្សាសុន្ទរកថាជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមការណែនាំខាងក្រោម នៅពេលពួកគេបញ្ចប់សកម្មភាពនេះ។
នៅពេលអ្នកសិក្សាសុន្ទរកថារបស់ប្រធាន ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » សូមរកមើលសេចក្តីពិតដែលអាចជួយអ្នករៀបចំខ្លួនសម្រាប់អនាគតរបស់អ្នកនៅលើផែនដី និងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចរកមើលការបង្រៀនដែលអាចឆ្លើយសំណួររបស់អ្នកអំពីអនាគតរបស់អ្នក ដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្ដារខៀន ។
ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច ផ្នែកទី ១
គោលបំណងខ្ញុំនៅយប់នេះគឺត្រូវឲ្យប្រាកដថា ក្មួយៗយល់ច្បាស់អំពីសេចក្ដីពិតដែលថា ជីវិតនេះ គឺ ពិតជាពេលវេលាដែលក្មួយៗត្រូវសម្រេចចិត្តថា តើជីវិតបែបណាដែល ក្មួយៗ ចង់រស់នៅជារៀងរហូតនោះ ។ ឥឡូវនេះ គឺជា ពេលវេលារបស់ក្មួយៗ « ប្រុងប្រៀបទៅជួបព្រះ » [ សូមមើល អាលម៉ា ១២:២៤; ៣៤:៣២ ] ។ …
រាល់ការជ្រើសរើសសុចរិតដែលក្មួយៗធ្វើនៅទីនេះ នឹងទទួលបានរង្វាន់ក្នុងជីវិតនេះ ។ ប៉ុន្តែការជ្រើសរើសសុចរិតក្នុងជីវិតរមែងស្លាប់ក៏នឹងទទួលបានរង្វាន់ដ៏នៅអស់កល្បជានិច្ចដែលនឹកស្មានមិនដល់ផងដែរ ។ បើក្មួយៗជ្រើសរើសចុះសេចក្ដីសញ្ញានឹងព្រះ ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងនោះ នោះក្មួយៗមាននូវការសន្យានៃ « សិរីល្អបន្ថែមទៅលើក្បាល [ ក្មួយៗ ] ជារៀងដរាបរហូតតទៅ » [ អ័ប្រាហាំ ៣:២៦] ។ …
ជាការពិតណាស់ មារសត្រូវមិនចង់ឲ្យក្មួយៗគិតសូម្បីតែអំពីថ្ងៃស្អែក ចុះទម្រាំជីវិតដ៏នៅអស់កល្បជានិច្ចទៀតនោះ ។ ប៉ុន្តែសូមកុំអវិជ្ជា ឬឆោតល្ងង់អំពីឱកាស និងការប្រឈមនានានៃជីវិតរមែងស្លាប់នេះឡើយ ។ នៅក្នុងស្មារតីនោះ ក្មួយៗត្រូវយល់អំពីសេចក្តីពិតជាមូលដ្ឋានចំនួនបី ដែលនឹងជួយក្មួយៗឲ្យរៀបចំខ្លួនសម្រាប់ទិសដៅនៅពេលអនាគត ៖ …
ទីមួយ ៖ ស្គាល់សេចក្តីពិតថាក្មួយៗជានរណា ។ ខ្ញុំជឿថា បើព្រះអម្ចាស់មានបន្ទូលទៅកាន់ក្មួយៗដោយផ្ទាល់នៅរាត្រីនេះ រឿងដំបូងដែលទ្រង់ច្បាស់ជាឲ្យក្មួយៗយល់គឺអំពីអត្តសញ្ញាណដ៏ពិតប្រាកដរបស់ក្មួយៗ ។ ឱ ក្មួយៗជាទីស្រឡាញ់ ក្មួយៗគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះពិតប្រាកដមែន ។ ក្មួយៗបានច្រៀងអំពីសេចក្តីពិតនេះ ចាប់តាំងពីក្មួយៗបានរៀនបទ « ខ្ញុំជាកូនរបស់ព្រះ » [ ទំនុកតម្កើង ល.រ. ១៨៨ ] ។ ប៉ុន្តែតើសេចក្តីពិតដ៏នៅអស់កល្បនោះបានដក់ជាប់ក្នុងដួងចិត្តក្មួយៗហើយឬនៅ ? តើសេចក្ដីពិតនេះបានសង្គ្រោះក្មួយៗ កាលដែលក្មួយៗប្រឈមមុខនឹងការល្បួងដែរឬទេ ?
ខ្ញុំខ្លាចថា ក្មួយៗអាចស្ដាប់ឮសេចក្តីពិតនេះញឹកញាប់ពេក រហូតដល់វាដូចជាពាក្យស្លោក ជាជាងសេចក្តីពិតដ៏ទេវភាព ។ ប៉ុន្តែរបៀបដែលក្មួយៗគិតថាក្មួយៗជានរណាឲ្យពិត ជះឥទ្ធិពលស្ទើរតែគ្រប់ការសម្រេចចិត្តដែលក្មួយៗធ្លាប់ធ្វើ ។ …
…តើក្មួយៗជានរណា ?
ដំបូង ហើយសំខាន់បំផុត ក្មួយៗគឺជាបុត្ររបស់ព្រះ ។
ទីពីរ ក្នុងនាមជាសមាជិកសាសនាចក្រ ក្មួយៗគឺជាបុត្រនៃសេចក្ដីសញ្ញា ។ និងទីបី ក្មួយៗគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
យប់នេះ ខ្ញុំសូមអង្វរក្មួយៗកុំឲ្យ ជំនួស អត្តសញ្ញាណដ៏ខ្ពង់ខ្ពស់ និងពុំផ្លាស់ប្ដូរទាំងបីនេះ ជាមួយនឹងងារណាមួយផ្សេងទៀតឲ្យសោះ ដោយសារការធ្វើបែបនោះអាចរារាំងដល់ការរីកចម្រើនរបស់ក្មួយៗ ឬវាដាក់ក្មួយៗទៅក្នុងក្រុមមួយដែលអាចរាំងស្ទះដល់ការរីកចម្រើនដ៏នៅអស់កល្បជានិច្ចរបស់ក្មួយៗ ។ …
ពិតណាស់ វាអាចនឹងមានស្លាកផ្សេងៗដែលមានសារៈសំខាន់ខ្លាំងចំពោះក្មួយៗ ។ សូមកុំយល់ខុសពីការលើកឡើងរបស់ខ្ញុំឡើយ ។ ខ្ញុំពុំមែននិយាយថា ងារ និងអត្តសញ្ញាណមិនសំខាន់នោះទេ ។ ខ្ញុំគ្រាន់តែនិយាយថា ពុំគួរមានអត្តសញ្ញាណណាមួយដែលគួរមក ប្ដូរ ជំនួស ឬ មានអាទិភាពខ្លាំងជាង ងារដ៏និរន្តរ៍ទាំងបីនេះឡើយ រួមមាន ៖ « បុត្រនៃព្រះ » « បុត្រនៃសេចក្ដីសញ្ញា » និង « សិស្សនៃព្រះយេស៊ូវគ្រីស្ទ » ។
អត្តសញ្ញាណណាមួយដែលមិនសមស្របនឹងងារជាគោលទាំងបីនេះ នឹងធ្វើឲ្យក្មួយអស់សង្ឃឹមនៅទីបំផុត ។ ងារផ្សេងទៀតនឹងធ្វើឲ្យក្មួយខកចិត្តពេលណាមួយ ដោយសារវាគ្មានអំណាចដឹកនាំក្មួយទៅរកជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាលរបស់ព្រះបានឡើយ ។ …
ពិតណាស់ ៖ សក្ដានុពលរបស់ក្មួយៗគឺទេវភាព ។ តាមការខិតខំស្វែងរកដ៏ឧស្សាហ៍របស់ក្មួយ នោះព្រះនឹងបំភ្លឺអំពីបុគ្គលដែលក្មួយនឹងប្រែក្លាយ ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច ផ្នែកទី ២
ទីពីរ ៖ ស្គាល់សេចក្តីពិតអំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ក្មួយៗ ។
សរុបមក ទ្រង់ទាំងទ្វេបានប្រទានឲ្យក្មួយៗនូវអ្វីៗគ្រប់យ៉ាង !
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់អនុញ្ញាតឲ្យយើងរស់នៅកន្លែង និងរបៀបដែលទ្រង់រស់នៅ ហើយទីបំផុតនឹងក្លាយកាន់តែដូចទ្រង់ ។ ផែនការរបស់ទ្រង់ពិតជាធ្វើឲ្យពរជ័យដ៏ធំបំផុតនៃភាពអស់កល្បជានិច្ច កើតមានដល់យើង រួមទាំងសក្តានុពលដើម្បីយើងបាន « គ្រងមរតកជាមួយនឹងព្រះគ្រីស្ទ » ផងដែរ [ រ៉ូម ៨:១៧ ] ។
ព្រះយេស៊ូវស្រឡាញ់មនុស្សទាំងអស់ និងទតមើលលើមនុស្សទាំងអស់ ។ នៅក្នុងភាពអស់កល្បជានិច្ច គ្មាននរណាម្នាក់នឹងស្គាល់ក្មួយៗ ឬខ្វល់ខ្វាយនឹងក្មួយៗខ្លាំងជាងទ្រង់ឡើយ ។ គ្មាននរណាម្នាក់នឹងនៅជិតក្មួយៗជាងទ្រង់នោះទេ ។ ក្មួយៗអាចថ្វាយដួងចិត្តចំពោះទ្រង់ និងទុកចិត្តទ្រង់ឲ្យបញ្ជូនព្រះវិញ្ញាណបរិសុទ្ធ និងពួកទេវតាមកថែរក្សាក្មួយៗ ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ដ៏ធំធេងបំផុត នៅពេលទ្រង់បានបញ្ជូនបុត្រាបង្កើតតែមួយគត់របស់ទ្រង់ឲ្យមកសុគតសម្រាប់ក្មួយៗ—ធ្វើជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់ក្មួយៗ !
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានឈ្នះលើលោកិយ [ សូមមើល យ៉ូហាន ១៦:៣៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:៤១ ] ។ ហេតុដូច្នោះហើយ ទ្រង់មាន « ឥទ្ធិឫទ្ធិដើម្បី … ជម្រះ [ ក្មួយៗ ] ឲ្យជ្រះពីអស់ទាំងអំពើដ៏ឥតសុចរិត » [ អាលម៉ា ៧:១៤ ] ។ ទ្រង់នឹងរំដោះក្មួយៗចេញពីស្ថានភាពដ៏ឈឺចាប់បំផុតរបស់ក្មួយៗ តាមរបៀប និងពេលវេលារបស់ទ្រង់ផ្ទាល់ ។ កាលដែលក្មួយៗមករកទ្រង់ដោយសេចក្តីជំនឿ នោះទ្រង់នឹងដឹកនាំ ថែរក្សា និងការពារក្មួយៗ ។ ទ្រង់នឹងព្យាបាលចិត្តសង្រេងរបស់ក្មួយៗ ហើយលួងលោមក្មួយៗនៅគ្រារងទុក្ខ [ សូមមើល លូកា ៤:១៨; អាលម៉ា ៧:១០–១២ ] ។ ទ្រង់នឹងប្រទានឲ្យក្មួយៗទទួលបានព្រះចេស្តារបស់ទ្រង់ ។ ហើយទ្រង់នឹងធ្វើឲ្យអ្វីដែលពុំអាចធ្វើទៅបានក្នុងជីវិតក្មួយ ប្រែជាអាចធ្វើទៅបាន ។ …
ព្រះមានសេចក្តីស្រឡាញ់ដ៏ពិសេសចំពោះបុគ្គលម្នាក់ៗ ដែលចុះសេចក្តីសញ្ញានឹងទ្រង់នៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ។ ហើយសេចក្តីស្រឡាញ់ដ៏ទេវភាពនោះមានកាន់តែខ្លាំង នៅពេលសេចក្តីសញ្ញាបន្ថែមទៀតបានធ្វើឡើង និងគោរពតាមយ៉ាងស្មោះត្រង់ ។ បន្ទាប់មកនៅចុងបញ្ចប់នៃជីវិតរមែងស្លាប់នេះ ការជួបជុំរបស់បុត្រនៃសេចក្ដីសញ្ញាម្នាក់ៗជាមួយនឹងព្រះវរបិតាសួគ៌គឺជារឿងដ៏មានតម្លៃ [ សូមមើល ទំនុកដំកើង ១១៦:១៥ ] ។
ទ្រង់ក៏ខ្វល់ព្រះទ័យ យ៉ាងខ្លាំង ដើម្បីឲ្យបុត្រាបុត្រីរបស់ទ្រង់គ្រប់រូបមានឱកាសស្ដាប់ឮដំណឹងដ៏រីករាយនៃដំណឹងល្អដែលបានស្ដារឡើងវិញនេះ ។ ព្រះវរបិតាសួគ៌បានចាត់បុត្រាបុត្រីរបស់ទ្រង់ឲ្យមកកាន់ផែនដីជាងប្រាំមួយសហសវត្សរ៍ហើយ ។ ភាគច្រើនមនុស្សទាំងនេះពុំទាន់ទទួលបានពិធីបរិសុទ្ធដែលនឹងធ្វើឲ្យពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅឡើយទេ ។ នោះជាហេតុផលដែលព្រះវិហារបរិសុទ្ធមានសារៈសំខាន់យ៉ាងខ្លាំង ។ នោះគឺជាហេតុដែលការប្រមូលផ្ដុំនៃអ៊ីស្រាអែលនៅទាំងសងខាងវាំងនន គឺជា បុព្វហេតុ ដ៏សំខាន់បំផុតនៅលើផែនដីនាសព្វថ្ងៃនេះ ។ មិត្តរួមការងារជាទីស្រឡាញ់នៅក្នុងកិច្ចការដ៏បរិសុទ្ធនេះ ក្មួយៗមានតួនាទីដ៏សំខាន់នៅក្នុងការប្រមូលផ្ដុំនេះ ហើយខ្ញុំសូមអរគុណក្មួយៗសម្រាប់តួនាទីនោះ ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច ផ្នែកទី ៣
ស្គាល់សេចក្តីពិតដែលទាក់ទងទៅនឹងការផ្លាស់ប្រែចិត្តជឿរបស់ក្មួយៗ ។ សេចក្ដីពិតនោះគឺថា ក្មួយៗត្រូវតែទទួលខុសត្រូវលើការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ក្មួយ ។ គ្មាននរណាផ្សេងទៀតអាចធ្វើវាជំនួសក្មួយៗបានទេ ។
ឥឡូវ តើខ្ញុំអាចសុំឲ្យក្មួយៗពិចារណាអំពីសំណួរមួយចំនួនបានឬទេ ? តើក្មួយៗចង់ទទួលភាពសុខសាន្តពីកង្វល់ ដែលញាំញីក្មួយៗនៅពេលបច្ចុប្បន្ននេះដែរឬទេ ? តើក្មួយៗចង់ស្គាល់ព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែច្បាស់ដែរឬទេ ? តើក្មួយៗចង់រៀនអំពីរបៀបដែលព្រះចេស្ដាដ៏ទេវភាពរបស់ទ្រង់អាចព្យាបាលរបួស និងភាពទន់ខ្សោយរបស់ក្មួយៗដែរឬទេ ? តើក្មួយៗចង់ដកពិសោធន៍នូវព្រះចេស្ដាដ៏ទន់ភ្លន់ផ្អែមល្ហែមនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលដំណើរការនៅក្នុងជីវិតរបស់ក្មួយៗដែរឬទេ ?
ការស្វែងរកចម្លើយចំពោះសំណួរទាំងនេះនឹងតម្រូវឲ្យមានការខិតខំ—គឺការខិតខំយ៉ាងខ្លាំង ។ ខ្ញុំសូមអង្វរក្មួយៗឲ្យចេះទទួលខុសត្រូវនៅលើទីបន្ទាល់របស់ក្មួយៗ ។ សូមខិតខំដើម្បីមានទីបន្ទាល់នោះ ។ សូមមានវាផ្ទាល់ខ្លួន ។ សូមថែទាំវា ។ សូមចិញ្ចឹមបីបាច់វា ដើម្បីឲ្យវាលូតលាស់ ។ សូមពង្រឹងវាដោយសេចក្ដីពិត ។ សូមកុំបំពុលទីបន្ទាល់ដោយទស្សនវិជ្ជាខុសឆ្គងរបស់បុរស និងស្រ្តីដែលមិនជឿ ហើយក្រោយមកងឿងឆ្ងល់ថាហេតុអ្វីបានជាទីបន្ទាល់របស់ក្មួយៗមានភាពសោះកក្រោះនោះឡើយ ។
សូមធ្វើការអធិស្ឋានដ៏រាបសាដោយស្មោះប្រចាំថ្ងៃ ។ សូមចិញ្ចឹមបីបាច់ខ្លួនក្មួយៗដោយប្រសាសន៍របស់ព្យាការីសម័យបុរាណ និងសម័យថ្មី ។ ទូលសូមព្រះអម្ចាស់ឲ្យបង្រៀនក្មួយអំពីរបៀបស្ដាប់ឮទ្រង់ឲ្យកាន់តែល្អប្រសើរ ។ សូមចំណាយពេលឲ្យច្រើននៅក្នុងព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
ពេលក្មួយៗដាក់ទីបន្ទាល់ជាអាទិភាពដ៏ខ្ពស់បំផុតរបស់ក្មួយ សូមចាំមើលពីអព្ភូតហេតុកើតឡើងនៅក្នុងជីវិតរបស់ក្មួយៗ ។
បើក្មួយៗមានសំណួរ—ខ្ញុំសង្ឃឹមថាក្មួយៗនឹងមាន—សូមស្វែងរកចម្លើយដោយមានបំណងប្រាថ្នាដ៏ក្លៀវក្លាដើម្បីជឿ ។ សូមរៀនអំពីដំណឹងល្អតាមដែលក្មួយអាចរៀនបាន ហើយត្រូវប្រាកដថា បានងាកទៅរកប្រភពដែលពោរពេញដោយសេចក្ដីពិត ដើម្បីសូមការណែនាំ ។ យើងរស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាដែល « គ្មានអ្វីណាមួយដែលត្រូវរក្សាទុកនោះឡើយ » ។ [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:២៨ ] ។ ដូច្នេះហើយ លុះពេលវេលាមកដល់ នោះព្រះអម្ចាស់នឹងឆ្លើយរាល់សំណួររបស់យើង ។
ប៉ុន្តែឥឡូវនេះ សូមពន្លិចខ្លួនក្មួយៗទៅក្នុងអាងនៃវិវរណៈដ៏បរិបូរណ៍ ដែលយើងមាននៅចុងម្រាមដៃរបស់យើង ។ ខ្ញុំសូមសន្យាថា ការធ្វើបែបនេះនឹងពង្រឹងដល់ទីបន្ទាល់របស់ក្មួយៗ ទោះជាសំណួរមួយចំនួនរបស់ក្មួយពុំទាន់មានចម្លើយក្ដី ។ សំណួរដ៏ស្មោះរបស់ក្មួយ ដែលបានសួរដោយសេចក្ដីជំនឿនឹងដឹកនាំទៅរកសេចក្ដីជំនឿកាន់តែធំ និងចំណេះដឹងកាន់តែច្រើន ជានិច្ច ។ …
ពេលក្មួយៗទទួលខុសត្រូវលើទីបន្ទាល់របស់ខ្លួន ហើយធ្វើឲ្យវាលូតលាស់ នោះក្មួយៗនឹងក្លាយជាឧបករណ៍កាន់តែមានតម្លៃនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។ ក្មួយៗនឹងត្រូវបាន « លើកទឹកចិត្ត ដោយហេតុមួយដ៏ប្រសើរ » [ អាលម៉ា ៤៣:៤៥ ]—គឺបុព្វហេតុរបស់ព្រះយេស៊ូវគ្រីស្ទ !
ចំពោះទ្រង់ គ្មានអ្វីកើតឡើងនៅលើផែនដីនេះសំខាន់ជាងការប្រមូលផ្ដុំនៃអ៊ីស្រាអែលឡើយ ។ ចូរអនុញ្ញាតឲ្យព្រះវរបិតាសួគ៌របស់ក្មួយៗដឹងថា ក្មួយៗចង់ជួយ ។ ចូរសូមឲ្យទ្រង់ដាក់ក្មួយៗឲ្យទៅធ្វើការនៅក្នុងបុព្វហេតុដ៏រុងរឿងនេះ ។ រួចហើយក្រឡេកមើលអ្វីដែលបានកើតឡើង ពេលក្មួយៗទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ក្មួយៗ ។
មិត្តវ័យក្មេងជាទីស្រឡាញ់អើយ ខ្ញុំស្រឡាញ់ក្មួយៗ ។ ខ្ញុំសូមអរគុណ ! ខ្ញុំជឿជាក់លើក្មួយៗ ។ ក្នុងនាមជាព្យាការីរបស់ព្រះអម្ចាស់ ខ្ញុំសូមប្រទានពរឲ្យក្មួយអាចស្គាល់សេចក្ដីពិតថា ក្មួយៗជានរណា និងសូមប្រទានពរឲ្យក្មួយរក្សាសេចក្ដីពិតអំពីសក្ដានុពលដ៏រុងរឿងរបស់ក្មួយដ៏ពិតនោះទុក ។ ខ្ញុំសូមផ្តល់ពរឲ្យក្មួយៗទទួលខុសត្រូវលើទីបន្ទាល់របស់ខ្លួនផ្ទាល់ ។ ហើយខ្ញុំផ្តល់ពរឲ្យក្មួយៗមានបំណងប្រាថ្នា និងកម្លាំងដើម្បីរក្សាសេចក្ដីសញ្ញារបស់ខ្លួន ។
ពេលក្មួយៗធ្វើដូច្នេះ ខ្ញុំសូមសន្យាថា ក្មួយៗនឹងដកពិសោធន៍នូវការរីកចម្រើនខាងវិញ្ញាណ ឈប់ភ័យខ្លាច ហើយមានទំនុកចិត្តដែលក្មួយនឹកស្មានមិនដល់នៅពេលនេះ ។ ក្មួយៗនឹងមានកម្លាំងដើម្បីមានឥទ្ធិពលវិជ្ជមានលើសពីសមត្ថភាពធម្មជាតិរបស់ក្មួយទៅទៀត ។ ហើយខ្ញុំសូមសន្យាថា អនាគតរបស់ក្មួយនឹងរីករាយជាងអ្វីដែលក្មួយអាចជឿជាក់បាន នៅពេលនេះទៅទៀត ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន ដែលអាចជួយពួកគេរៀបចំខ្លួនសម្រាប់ជីវិតនាពេលអនាគតរបស់ពួកគេនៅលើផែនដី និងជីវិតដ៏នៅអស់កល្បជានិច្ច ។ ពួកគេក៏អាចគិតពិចារណាផងដែរ ថាតើសំណួរណាខ្លះរបស់ពួកគេអំពីអនាគតដែលបានឆ្លើយតប និងតាមរបៀបណា ។ សូមពិចារណាសួរសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេបានទទួលចម្លើយចំពោះសំណួររបស់ពួកគេ ។
យល់ឲ្យបានច្បាស់
មេរៀនផ្នែកនេះនឹងប្រើគំនិត « បង្កើតអ្វីមួយ » ចេញពីផ្នែក « យល់ឲ្យបានច្បាស់ » នៃឯកសារ « គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។
គោលបំណងនៃផ្នែកនេះគឺដើម្បីជួយសិស្សឲ្យជញ្ជឹងគិត និងពិភាក្សាអំពីសុន្ទរកថារបស់ប្រធាន ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » ។
សូមជញ្ជឹងគិតពីការយល់ដឹងដែលអ្នកបានទទួល នៅពេលអ្នកបានសិក្សាសារលិខិតរបស់ប្រធាន ណិលសុន ។ សូមបង្កើតអ្វីមួយ ដែលអាចជួយអ្នកចងចាំអ្វីដែលអ្នកបានរៀន ឬដែលអាចបំផុសគំនិតអ្នកដទៃឲ្យរៀបចំខ្លួនសម្រាប់អនាគតដ៏មានអត្ថន័យ និងជីវិតដ៏នៅអស់កល្បជានិច្ច ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនពីអ្វីដែលអ្នកអាចបង្កើត ៖
-
រូបភាពមួយ
-
កំណាព្យមួយ
-
Meme មួយ
-
ការចុះផ្សាយមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
បើអាចធ្វើទៅបាន អ្នកអាចចែកក្រដាស និងសម្ភារដែលត្រូវការផ្សេងៗទៀត ។ នៅពេលសិស្សបានធ្វើរួចរាល់ហើយ សូមពិចារណាអញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានបង្កើត ។ នៅពេលពួកគេចែកចាយ អ្នកអាចសួរសំណួរតាមដានដូចតទៅនេះ ៖
-
តើសារលិខិតរបស់ប្រធាន ណិលសុន ផ្នែកណាខ្លះ ដែលបំផុសគំនិតអ្នកឲ្យបង្កើតរបស់នោះ ? ហេតុអ្វីបានជាវាបំផុសគំនិតអ្នក ?
-
តើការចងចាំសារលិខិតនោះអាចជួយណែនាំអ្នកនៅពេលបច្ចុប្បន្ន និងអនាគតដោយរបៀបណា ?
-
តើការបង្កើតរបស់អ្នកអាចជំរុញចិត្តនរណាម្នាក់ឲ្យមើលទៅព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលបំផុសគំនិតអ្នកពីសារលិខិតរបស់ប្រធាន ណិលសុន ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតណាមួយដែលពួកគេអាចទទួលបាន ។