« មេរៀនទី ២០៨—ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ ៖ ការស្តាប់ព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះតាមរយៈសន្និសីទទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៨ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ
ការស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះតាមរយៈសន្និសីទទូទៅ
ការរៀបចំខ្លួន និងការចូលរួមក្នុងសន្និសីទទូទៅដោយមានគោលបំណងអាចជួយឲ្យយើងទទួលបានវិវរណៈផ្ទាល់ខ្លួន ។ សារលិខិតនៃការបំផុសគំនិត និងការណែនាំដែលបានផ្ដល់នៅក្នុងសន្និសីទទូទៅ គឺបានមកពីព្រះអម្ចាស់តាមរយៈថ្នាក់ដឹកនាំដ៏ជម្រើសរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យរៀបចំខ្លួនស្ដាប់សារលិខិតផ្ទាល់ខ្លួនមកពីព្រះអង្គសង្រ្គោះនៅក្នុងសន្និសីទទូទៅ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍នានា
សូមអញ្ជើញសិស្សឲ្យគិតពីព្រឹត្តិការណ៍នានាដែលពួកគេចូលចិត្តចូលរួម ដូចជាថ្ងៃបុណ្យពិសេស ការប្រកួតកីឡា វិស្សមកាល ឬព្រឹត្តិការណ៍ផ្សេងទៀតជាដើម ។ សូមឲ្យពួកគេចែកចាយអំពីរបៀបដែលពួកគេបានចូលរួម ឬបានត្រៀមខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ។ សូមពិភាក្សាអំពីរបៀបដែលការរៀបចំខ្លួនរបស់យើងសម្រាប់ព្រឹត្តិការណ៍ទាំងនេះ ជួយយើងឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យនៅអំឡុងព្រឹត្តិការណ៍នេះ ។ បន្ទាប់ពីពិភាក្សាគ្នាហើយ សូមពិចារណាបង្ហាញរូបភាពគ្រួសារមួយដែលកំពុងមើលសន្និសីទទូទៅ ។
-
តើអ្នក ឬគ្រួសាររបស់អ្នកធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួន និងចូលរួមក្នុងសន្និសីទទូទៅ ?
គោលបំណងនៃសន្និសីទទូទៅ
នៅខែកុម្ភៈ ឆ្នាំ១៨៣១ ព្រះអម្ចាស់បានប្រទានវិវរណៈមួយទៅដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដោយណែនាំពួកលោកឲ្យប្រមូលពួកអែលឌើរជុំគ្នាធ្វើសន្និសីទមួយដែលបានធ្វើឡើងនៅខែមិថុនាក្នុងឆ្នាំនោះ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៤:២ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាថានឹងធ្វើនៅឯសន្និសីទនេះ ។
-
តើការសន្យារបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរនេះអាចជួយអ្នកឲ្យយល់អំពីមូលហេតុដែលយើងមានសន្និសីទទូទៅយ៉ាងដូចម្ដេច ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ហើយស្វែងរកគោលបំណងនៃសន្និសីទទូទៅ ។
គោលបំណងនៃសន្និសីទទូទៅនេះ និងសន្និសីទទូទៅទាំងអស់គឺដើម្បីជួយយើងឲ្យស្ដាប់ទ្រង់ ។ ( រ័សុល អិម ណិលសុន « Opening Message » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៧ )
សិស្សអាចសរសេរ ឬភ្ជាប់សេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរនឹង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៤:២ ។
សូមគូសបញ្ជាក់អំពីសេចក្ដីពិតដែលថា គោលបំណងនៃសន្និសីទទូទៅគឺដើម្បីជួយយើងឲ្យស្តាប់ព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទនឹងមានបន្ទូលទៅកាន់អ្នក ?
-
តើអ្នកអាចស្តាប់ព្រះអង្គសង្រ្គោះនៅក្នុងសន្និសីទទូទៅតាមរបៀបណាខ្លះ ?
ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតអំពីការរៀបចំខ្លួនរបស់ពួកគេសម្រាប់សន្និសីទទូទៅ សូមពិចារណាបង្ហាញសំណួរវាយតម្លៃខ្លួនឯងដូចខាងក្រោមនេះនៅលើក្ដារខៀន ។ សិស្សអាចជញ្ជឹងគិតអំពីសំណួរទាំងនេះ ហើយសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នករៀបចំខ្លួនបានល្អប៉ុនណាដើម្បីស្តាប់ព្រះអង្គសង្គ្រោះមានបន្ទូលមកកាន់អ្នកតាមរយៈសារលិខិតនៅក្នុងសន្និសីទទូទៅ ?
-
តើអ្នកត្រូវការ ឬសង្ឃឹមថានឹងទទួលបានអ្វីខ្លះមកពីសន្និសីទទូទៅ ?
ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ
គោលបំណងនៃសំណៅចែកនេះគឺដើម្បីជួយសិស្សឲ្យរកឃើញវិធីផ្សេងៗដែលពួកគេអាចរៀបចំខ្លួនសម្រាប់សន្និសីទទូទៅបាន ។ សិស្សអាចធ្វើការជាក្រុមតូចៗ ជាមួយដៃគូ ឬដោយខ្លួនឯងបាន ។
ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ
នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានយាងទៅជួបនឹងពួកសាសន៍នីហ្វៃ ទ្រង់បានអញ្ជើញពួកគេឲ្យរៀបចំគំនិតរបស់ខ្លួនដើម្បីស្តាប់ និងយល់អំពីសារលិខិតរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ១៧:៣ ) ។ សូមស្រមៃថាតើបទពិសោធន៍សន្និសីទទូទៅរបស់អ្នកអាចមានលក្ខណៈបែបណាទៅប្រសិនបើអ្នកធ្វើដូចគ្នានោះ ។
-
សិក្សាធនធានខាងក្រោមនេះដោយរកមើលវិធីដែលអ្នកអាចរៀបចំខ្លួនដើម្បីទទួលសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងសន្និសីទទូទៅ ។ អ្នកអាចគូសចំណាំពាក្យ និងឃ្លាដែលមានអត្ថន័យទាំងឡាយដែលអ្នកចាប់អារម្មណ៍ ។
ម៉ូសាយ ២:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
បងប្អូននឹងបន្ដស្ដាប់ឮសេចក្ដីពិតចេញពីវេទិកានេះនៅថ្ងៃនេះ និងថ្ងៃស្អែក ។ សូមកត់ត្រាទុកយោបល់ណាដែលទាក់ចំណាប់អារម្មណ៍បងប្អូន និងយោបល់ណាដែលកើតមានក្នុងគំនិតរបស់បងប្អូន ហើយបន្ដនៅក្នុងចិត្តរបស់បងប្អូន ។ សូមទូលដល់ព្រះអម្ចាស់ប្រកបដោយការអធិស្ឋាន ដើម្បីបញ្ជាក់ថាអ្វីដែលបងប្អូនបានស្ដាប់ឮគឺជាការពិត ។ ( រ័សុល អិម ណិលសុន « តើការពិតជាអ្វី ? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣០ )
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
ខ្ញុំស្គាល់ពួកអ្នកបម្រើរបស់ព្រះដែលនឹងនិយាយទៅកាន់អ្នកក្នុងអំឡុងសន្និសីទនេះ ។ ពួកលោកត្រូវបានហៅដោយព្រះដើម្បីចែកចាយសារលិខិតដល់បុត្រាបុត្រីរបស់ទ្រង់ ។ ព្រះអម្ចាស់បានមានបន្ទូលអំពីពួកលោកថា « អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ ហើយយើងពុំកែដោះសាខ្លួនឡើយ ហើយទោះជាផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅក៏ដោយ គង់តែពាក្យរបស់យើងនឹងមិនកន្លងបាត់ដែរ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ] ។
អ្នកបង្ហាញការទុកចិត្តរបស់អ្នកលើព្រះនៅពេលអ្នកស្ដាប់ដោយមានបំណងដើម្បីរៀន និងប្រែចិត្ត រួចហើយអ្នកទៅ ហើយធ្វើអ្វីក៏ដោយដែលទ្រង់សុំ ។ ប្រសិនបើអ្នកទុកចិត្តលើព្រះបានល្មមគ្រប់គ្រាន់ដើម្បីស្តាប់សារលិខិតរបស់ទ្រង់នៅគ្រប់សុន្ទរកថា បទចម្រៀង និងការអធិស្ឋាននៅក្នុងសន្និសីទនេះ នោះអ្នកនឹងរកឃើញសារលិខិតនោះ ។ ហើយប្រសិនបើអ្នកទៅហើយធ្វើនូវអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើ នោះថាមពលរបស់អ្នកដើម្បីទុកចិត្តលើទ្រង់នឹងរីកលូតលាស់ឡើង ហើយពេលនោះអ្នកនឹងត្រូវបានគ្របដណ្ដប់ដោយការដឹងគុណដោយឃើញថាទ្រង់បានទុកចិត្តលើអ្នក ។ ( ហែនរី ប៊ី អាវរិង « Trust in God, Then Go and Do » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៧៣ )
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
ពេលអ្នករៀបចំខ្លួនសម្រាប់សន្និសីទទូទៅ ខ្ញុំសូមអញ្ជើញអ្នកឲ្យជញ្ជឹងគិតនូវសំណួរទាំងឡាយដែលអ្នកត្រូវការចម្លើយ ។ ឧទាហរណ៍អ្នកប្រហែលជាចង់ទទួលបានការដឹកនាំ និងការណែនាំពីព្រះអម្ចាស់ចំពោះទុក្ខលំបាកដែលអ្នកកំពុងតែប្រឈមមុខ ។
ចម្លើយចំពោះការអធិស្ឋានដ៏ជាក់លាក់ណាមួយរបស់អ្នកប្រហែលជាមកដោយផ្ទាល់ចេញពីសុន្ទរកថាណាមួយ ឬពីប្រយោគណាមួយ ។ នៅពេលខ្លះចម្លើយអាចមកនៅក្នុងពាក្យសម្ដី ប្រយោគ ឬបទចម្រៀងដែលហាក់ដូចជាមិនជាប់ទាក់ទងគ្នាសោះ ។ ដួងចិត្តពោរពេញទៅដោយការដឹងគុណចំពោះពរទាំងឡាយនៅក្នុងជីវិត និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រដើម្បីនឹងស្តាប់ និងអនុវត្តតាមពាក្យសម្ដីនៃការទូន្មានដែលនឹងរៀបចំផ្លូវសម្រាប់ទទួលវិវរណៈផ្ទាល់ខ្លួន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « General Conference—No Ordinary Blessing » Ensign ខែកញ្ញា ឆ្នាំ២០១១ ទំព័រ ៤ )
-
ចេញពីអ្វីដែលអ្នកបានសិក្សា សូមធ្វើបញ្ជីមួយអំពីរបៀបដែលអ្នកអាចរៀបចំខ្លួនដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់នៅក្នុងសន្និសីទទូទៅ ។
-
សូមរាយបញ្ជីនូវវិធីមួយចំនួនទៀតដែលអ្នកអាចរៀបចំខ្លួនដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់នៅក្នុងសន្និសីទទូទៅ ។
ការរៀបចំខ្លួនរបស់ខ្ញុំសម្រាប់សន្និសីទទូទៅ
សំណួរខាងក្រោមនេះអាចជួយសិស្សឲ្យអនុវត្តតាមដំបូន្មានមកពីសេចក្តីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ នៅលើសំណៅចែកនេះបាន ។ សិស្សអាចឆ្លើយតបទៅនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬនៅលើក្រដាស ឬកាតចំណាំតូចមួយដែលពួកគេអាចយកទៅផ្ទះវិញទុកជាការរំឭកបាន ។
-
តើខ្ញុំមានសំណួរអ្វីខ្លះ ? តើខ្ញុំត្រូវការការណែនាំ ឬការដឹកនាំអ្វីខ្លះសម្រាប់ឧបសគ្គដែលខ្ញុំកំពុងប្រឈមមុខ ?
-
តើខ្ញុំនឹងរៀបចំអ្វីខ្លះដែលជាក់លាក់ដើម្បីស្តាប់ការដឹកនាំរបស់ព្រះអម្ចាស់សម្រាប់ខ្ញុំនៅក្នុងសន្និសីទទូទៅ ? ( សូមរើសយកវិធីមួយ ឬពីរដែលអ្នកបានសរសេរនៅលើសំណៅចែករបស់អ្នក ) ។
ជួយសិស្សឲ្យរាយការណ៍អំពីបទពិសោធន៍សន្និសីទទូទៅរបស់ពួកគេ
បន្ទាប់ពីសន្និសីទទូទៅ សូមពិចារណាសុំឲ្យសិស្សចែកចាយអំពីរបៀបដែលការរៀបចំខ្លួនរបស់ពួកគេសម្រាប់សន្និសីទទូទៅបានជះឥទ្ធិពលលើបទពិសោធន៍របស់ពួកគេ ។ សិស្សមួយចំនួនប្រហែលជាមិនបានចូលរួមក្នុងសន្និសីទទេ ។ អ្នកអាចផ្តល់ពេលវេលាឲ្យសិស្សទាំងនេះរំឭកសេចក្តីសង្ខេបនៃសុន្ទរកថាទាំងឡាយឡើងវិញ ។
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួន ? តើការណ៍នេះមានប្រយោជន៍តាមរបៀបណាខ្លះ ?
-
តើការរៀបចំខ្លួនរបស់អ្នកបានជួយអ្នកឲ្យស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ និងទទួលបានការណែនាំមកពីទ្រង់ដោយរបៀបណា ?
សិស្សក៏អាចចែកចាយអារម្មណ៍ ឬទីបន្ទាល់របស់ពួកគេអំពីអារម្មណ៍ដែលពួកគេបានទទួល ឬអ្វីបានស្ដាប់ឮអំឡុងពេលសន្និសីទទូទៅផងដែរ ។