« មេរៀនទី ១៣៣—គោលលទ្ធិ និងសេចក្តីសញ្ញា ១២២ ៖ ‹ អ្វីៗទាំងអស់ … នឹងទៅជាការល្អដល់អ្នកទៅវិញ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៣ ៖គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣
គោលលទ្ធិ និងសេចក្តីសញ្ញា ១២២
« អ្វីៗទាំងអស់ … នឹងទៅជាការល្អដល់អ្នកទៅវិញ »
ខណៈពេលដែលព្យាការី យ៉ូសែប ស្ម៊ីធ កំពុងរងទុក្ខនៅក្នុងគុកលិបើទី នោះព្រះបានបង្រៀនលោកថា ទោះបីជាការរងទុក្ខរបស់លោកជ្រាលជ្រៅ និងឈឺចាប់ក៏ដោយ វានឹងជួយលោកឲ្យប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ សូម្បីតែបទពិសោធន៍ដ៏លំបាកក៏អាចជួយយើងឲ្យរីកចម្រើន និងប្រែក្លាយកាន់តែដូចជាទ្រង់បានដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បានរលោងដោយឆ្លងកាត់ទុក្ខវេទនា
សូមពិចារណាបង្ហាញរូបភាពខាងក្រោមពីដុំថ្មដែលគគ្រើម និងដុំថ្មដែលរលោង ។ ផ្ទុយទៅវិញ អ្នកអាចយកដុំថ្មគគ្រើម និងដុំថ្មរលោង ឬរម្លីងឲ្យសិស្សមើល ហើយប៉ះ ។
-
តើអ្វីជាតម្រូវការសម្រាប់ដុំថ្មគគ្រើមដើម្បីបានជារលោង ឬរម្លីង ?
អ្នកអាចពន្យល់ថា ដុំថ្មអាចបានរលោងដោយដុស និងខាត់ជាមួយថ្ម ឬខ្សាច់ផ្សេងទៀតក្នុងរយៈពេលយូរ ។ ដំណើរការនេះធ្វើឲ្យគែមរបស់វារលោង និងបង្ហាញពីពណ៌ធម្មជាតិដ៏ជ្រៅរបស់វា ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានចែកចាយដូចតទៅនេះអំពីខ្លួនលោក ៖
ខ្ញុំគឺដូចជាដុំថ្មដ៏ធំមួយដែលរមៀលធ្លាក់ចុះពីលើភ្នំខ្ពស់ ហើយការខាត់រម្លីងតែមួយគត់ដែលខ្ញុំបានទទួល គឺនៅពេលដែលជ្រុងមួយចំនួនប៉ះទង្គិចនឹងអ្វីមួយផ្សេងទៀតដែលលយចេញជាមួយនឹងកម្លាំងបង្កើនល្បឿន …;… ការប៉ះទង្គិចនឹងជ្រុងនេះបន្តិច ជ្រុងនោះបន្តិច ដូច្នេះហើយខ្ញុំនឹងក្លាយជាតួព្រួញដែលខាត់រម្លីងក្នុងបំពង់ព្រួញនៃព្រះដ៏មហិទ្ធិឫទ្ធិ ។ ( Joseph Smith, in History ឆ្នាំ ១៨៣៨–១៨៥៦ [ Manuscript History of the Church ] ភាគ D-១ ទំព័រ ១៥៥៦ នៅលើគេហទំព័រ josephsmithpapers.org )
-
តើអ្នកអាចគិតពីទុក្ខវេទនាអ្វីខ្លះពីជីវិតរបស់ យ៉ូសែប ស្ម៊ីធ ដែលអាចជួយលោកឲ្យក្លាយជាឧបករណ៍ដ៏ល្អប្រសើរមួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមគិតអំពីមូលហេតុដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជាទីស្រឡាញ់របស់យើងនឹងអនុញ្ញាតឲ្យអ្នកឆ្លងកាត់ការសាកល្បងដ៏ឈឺចាប់ ។ សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចទ្រង់តាមរយៈទុក្ខវេទនា និងការរងទុក្ខដែលអ្នកអាចឆ្លងកាត់ក្នុងជីវិតរបស់អ្នក ។
ទុក្ខវេទនាអាចសម្រាប់ការល្អរបស់យើង
ក្នុងអំឡុងរដូវរងាឆ្នាំ ១៨៣៨–១៨៣៩ យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតត្រូវបានដាក់គុកដោយអយុត្តិធម៌នៅក្នុងគុកលិបើទី ហើយបានទទួលរងនូវការរងទុក្ខយ៉ាងខ្លាំង ។ ជាផ្នែកមួយនៃលិខិតដ៏បំផុសគំនិតមួយទៅកាន់ពួកបរិសុទ្ធ ដែលកំពុងរងទុក្ខនោះ យ៉ូសែបបានបញ្ចូលសេចក្ដីពិតដែលព្រះបានបង្ហាញដល់លោកអំពីទុក្ខវេទនាដែលលោកកំពុងឆ្លងកាត់ ។
សូមពិចារណាអញ្ជើញសិស្សឲ្យអាន និងពិភាក្សានៅក្នុងក្រុមតូចៗនូវអ្វីដែលពួកគេរៀនពីខគម្ពីរខាងក្រោមនេះ ។ បើចាំបាច់ អ្នកអាចជំរុញឲ្យក្រុមពិភាក្សានូវសំណួរដូចជា ៖
-
តើសេចក្តីពិតអ្វីដែលអ្នកមើលឃើញព្រះបង្រៀនយ៉ូសែបនៅក្នុងខគម្ពីរទាំងនេះ ?
-
ហេតុអ្វីសេចក្ដីពិតបែបនេះអាចពិបាកស្តាប់ នៅពេលឆ្លងកាត់ការសាកល្បង ?
-
ហេតុអ្វីសេចក្ដីពិតបែបនេះអាចជាពរជ័យមួយដើម្បីស្តាប់អំឡុងពេលជួបទុក្ខវេទនា ?
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា១២២:៥–៧ ដោយស្វែងរកអ្វីដែលព្រះចង់ឲ្យយ៉ូសែបយល់អំពីការសាកល្បងដែលលោកត្រូវស៊ូទ្រាំក្នុងជីវិតរបស់លោក ។
បន្ទាប់ពីក្រុមមានឱកាសពិភាក្សាហើយ អ្នកអាចអញ្ជើញតំណាងមកពីក្រុមនីមួយៗដើម្បីចែកចាយសេចក្ដីពិតដែលពួកគេបានរៀន ។ បើចាំបាច់ សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតស្រដៀងគ្នាទៅនឹងការធ្វើដូចខាងក្រោមនេះ ៖ ព្រះអនុញ្ញាតឲ្យយើងឆ្លងកាត់ទុក្ខវេទនាព្រោះទ្រង់ជ្រាបថា វាអាចផ្ដល់បទពិសោធន៍ដល់យើង ហើយសម្រាប់សេចក្តីល្អរបស់យើង ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាថាទុក្ខវេទនាអាចផ្តល់ឲ្យយើងនូវ « ការពិសោធន៍ » ហើយនឹងទៅជា « ការល្អដល់ [ យើង ] ទៅវិញ » ? ( ខទី ៧ ) ។
-
តើសេចក្ដីពិតនេះអាចទាក់ទងនឹងដុំថ្មដែលគគ្រើម និងខាត់រម្លីងនៅដើមមេរៀននេះដោយរបៀបណា ?
សូមពិចារណាសរសេរឃ្លា « បើអ្នកត្រូវស៊ូទ្រាំ… » នៅលើក្ដារខៀន ។ រួចមកសូមសរសេរចម្លើយរបស់សិស្សចំពោះសំណួរដូចតទៅនេះ ៖
-
តើទុក្ខវេទនាអ្វីខ្លះដែលក្មេងជំទង់ប្រឈមមុខនៅសព្វថ្ងៃនេះ ?
-
ហេតុអ្វីបានជាវាសំខាន់នៅក្នុងស្ថានភាពទាំងនេះ ដើម្បីយល់ពីអ្វីដែលព្រះបានបង្រៀនព្យាការី យ៉ូសែប ស្ម៊ីធ ?
សំណួរបន្ទាប់អាចជាឱកាសដ៏ពិសេសមួយសម្រាប់សិស្សដែលត្រូវគិត ចែកចាយ និងស្តាប់បទពិសោធន៍របស់អ្នកដទៃ ។ សូមពិចារណាចំណាយពេលឲ្យអ្នកស្ម័គ្រចិត្តច្រើននាក់បានឆ្លើយតប ។
-
តើនៅពេលណាដែលអ្នក ឬមនុស្សជាទីស្រឡាញ់បានដកពិសោធន៍នូវទុក្ខវេទនា ដែលនៅទីបំផុតបានក្លាយជាពរជ័យទៅវិញ ?
-
តើមនុស្សម្នាក់ត្រូវធ្វើអ្វីខ្លះ ដើម្បីអនុញ្ញាតឲ្យទុក្ខវេទនារបស់ពួកគេផ្ដល់ឲ្យពួកគេនូវបទពិសោធន៍ និងទៅជាការល្អដល់ពួកគេ ?
ដើម្បីមើលគំរូមួយរបស់ក្មេងជំទង់ម្នាក់ដែលបានរៀនថា ព្រះអនុញ្ញាតឲ្យយើងឆ្លងកាត់ទុក្ខវេទនាចំពោះបទពិសោធន៍ និងការល្អដល់យើង សូមពិចារណាបង្ហាញវីដេអូ « Faith Murray’s Story: Overcoming Adversity through Service » ( ៤:៥២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាយើងមានទុក្ខវេទនា
ដើម្បីជួយសិស្សឲ្យគិតអំពីសមត្ថភាពដ៏ពិសេសរបស់ព្រះអង្គសង្គ្រោះក្នុងការយល់ និងជួយពួកគេនៅពេលពួកគេឆ្លងកាត់ទុក្ខវេទនា សូមពិចារណាអញ្ជើញពួកគេឲ្យបំពេញសំណៅចែកនេះរៀងៗខ្លួន « ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាយើងមានទុក្ខវេទនា » ។ ការណ៍នេះអាចជាឱកាសដ៏ល្អមួយសម្រាប់សិស្ស ដើម្បីអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធនៅពេលពួកគេសិក្សា គិតពិចារណា និងសរសេរដោយស្ងៀមស្ងាត់ ។
ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាយើងមានទុក្ខវេទនា
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:៨–៩ ហើយព្យាយាមស្រមៃថា ព្រះកំពុងមានបន្ទូលមកកាន់អ្នកដោយផ្ទាល់អំពីស្ថានភាពដែលអ្នក និងគ្រួសាររបស់អ្នកកំពុងប្រឈមមុខ ។ សូមគូសចំណាំឃ្លាដែលទ្រង់បានបង្រៀន ដែលមានសារៈសំខាន់សម្រាប់អ្នកស្ដាប់ ។ អ្នកអាចកត់ត្រាគំនិត និងអារម្មណ៍ដែលអ្នកមាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមអាន អាលម៉ា ៧:១១–១២ និងសេចក្តីថ្លែងការណ៍ដូចតទៅនេះ ដោយប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមកត់ត្រានូវអ្វីដែលពួកលោកបង្រៀនអំពីព្រះអង្គសង្គ្រោះដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:៨–៩ ។
ពេលបងប្អូនឆ្ងល់ថា តើបងប្អូនអាចទ្រាំនឹងការឈឺចាប់បានប៉ុនណា នោះសូមនឹកចាំពីទ្រង់ ។ ទ្រង់បានរងទុក្ខនឹងអ្វីដែលបងប្អូនរងទុក្ខ ដើម្បីទ្រង់ជ្រាបពីរបៀបលើកស្ទួយបងប្អូនឡើង ។ ទ្រង់អាចនឹងមិនដកបន្ទុកនោះចេញទេ ប៉ុន្ដែទ្រង់នឹងផ្ដល់កម្លាំង ការលួងលោម និងក្ដីសង្ឃឹមដល់បងប្អូន ។ ទ្រង់ដឹងពីវិធីនោះ ។ ទ្រង់បានសោយពែងល្វីង ។ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខទាំងអស់ ។
បងប្អូនត្រូវបានបីបាច់ និងលួងលោមដោយព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ដែលជ្រាបពីរបៀបជួយបងប្អូន មិនថាបងប្អូនជួបនឹងការសាកល្បងបែបណាទេ ។ ( ហែនរី ប៊ី អាវរិង « Tested, Proved, and Polished » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៧ )
-
តើវាអាចមានអត្ថប្រយោជន៍យ៉ាងណាចំពោះអ្នកក្នុងអំឡុងពេលនៃការសាកល្បងរបស់អ្នក ដើម្បីដឹងថាព្រះយេស៊ូវគ្រីស្ទ « បានចុះទាបជាងការណ៍ទាំងនោះទៅទៀត » ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:៨ ) តើអ្នកគិតថា ហេតុអ្វីបានជាទ្រង់នឹងធ្វើបែបនោះ ?
-
តើខគម្ពីរអ្វីទៀតដែលមានអត្ថន័យចំពោះអ្នក ពេលអ្នកបានឆ្លងកាត់ទុក្ខវេទនា ?
សូមឲ្យសិស្សមានពេលដើម្បីចែកចាយផ្នែកមួយនៃអ្វីដែលពួកគេបានរៀនជាមួយដៃគូ ឬជាមួយនឹងថ្នាក់រៀន ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយនូវបទគម្ពីរណាមួយដែលមានអត្ថន័យចំពោះពួកគេ នៅពេលពួកគេឆ្លងកាត់ទុក្ខវេទនា ។
សូមពិចារណាអញ្ជើញសិស្សឲ្យគិតពិចារណាម្ដងទៀតអំពីរបៀបដែលឧបសគ្គរបស់ពួកគេកំពុងជួយដុសខាត់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យគិតពិចារណានូវសំណួរដូចខាងក្រោម ៖
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកពេលអ្នកឆ្លងកាត់ទុក្ខវេទនារបស់អ្នក ?
សូមពិចារណាអំពីការសរុបសេចក្តីជាមួយនឹងទីបន្ទាល់របស់អ្នកថា តាមរយៈព្រះយេស៊ូវគ្រីស្ទ ទុក្ខវេទនាទាំងអស់របស់យើងអាចផ្ដល់ឲ្យយើងនូវបទពិសោធន៍ និងដើម្បីជាការល្អដល់យើង ។