« មេរៀនទី ១២៩—គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩–១២០ ៖ ក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៩–១២០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥–១២០
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩–១២០
ក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់
នៅរដូវក្តៅនៃឆ្នាំ ១៨៣៨ ពួកបរិសុទ្ធបានឆ្លងកាត់នូវបន្ទុកផ្នែកហិរញ្ញវត្ថុ នៅពេលពួកគេធ្វើការដើម្បីសងបំណុល និងកសាងសាសនាចក្រនៅភាគខាងជើង រដ្ឋមិសសួរី ។ ព្យាការី យ៉ូសែប ស៊្មីធ បានស្វែងរកដំបូន្មានរបស់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៩ ។ នៅក្នុងដំបូន្មានរបស់ទ្រង់ចំពោះពួកបរិសុទ្ធ ព្រះអង្គសង្គ្រោះបើកសម្ដែងសេចក្ដីពិតដែលទាក់ទងនឹងក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍បង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការអញ្ជើញ
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសាច់រឿងខាងក្រោម ឬអ្វីមួយដែលស្រដៀងគ្នា ដែលសមបំផុតនឹងតម្រូវការនៃសិស្សរបស់អ្នក ។
សូមស្រមៃថា ពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នកកំពុងបង្រៀនមិត្តភក្តិម្នាក់របស់អ្នក ហើយអ្នកត្រូវបានអញ្ជើញឲ្យចូលរួម ។ នៅក្នុងមេរៀននៅថ្ងៃនោះ ពួកអ្នកផ្សព្វផ្សាយសាសនាណែនាំមិត្តរបស់អ្នកឲ្យស្គាល់អំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ បន្ទាប់ពីមេរៀននេះ មិត្តភក្តិរបស់អ្នកប្រាប់អ្នកថា នាងមានកង្វល់អំពីការថ្វាយដង្វាយមួយភាគក្នុងដប់ ។
-
តើអ្វីជាឧទាហរណ៍នៃកង្វល់ដែលនរណាម្នាក់អាចមានអំពីគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ?
សូមពិចារណាសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀនចំពោះសំណួរពីមុន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យគិតអំពីអារម្មណ៍របស់ពួកគេផ្ទាល់អំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ រួមទាំងថាតើបច្ចុប្បន្ននេះវាសំខាន់ប៉ុនណាសម្រាប់ពួកគេក្នុងការរស់នៅតាមក្រឹត្យវិន័យនេះ ។ សូមឲ្យពួកគេគិតអំពីសំណួរ ឬកង្វល់ទាំងឡាយដែលពួកគេអាចមានទាក់ទងនឹងក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។
សូមលើកទឹកចិត្តសិស្សនៅពេលពួកគេសិក្សាឲ្យរកមើលការបង្រៀន ដែលអាចជួយពួកគេទទួលអារម្មណ៍ថា កាន់តែមានបំណងប្រាថ្នាខ្លាំងក្នុងការការគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ។
ព្រះអង្គសង្គ្រោះបានបើកសម្ដែងក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ទ្រង់ដល់ពួកបរិសុទ្ធ
កថាខណ្ឌខាងក្រោមនេះអាចអាន ឬសង្ខេបដើម្បីផ្ដល់បរិបទប្រវត្តិសាស្ត្រសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩ ។ ម៉្យាងទៀត អ្នកអាចសុំសិស្សម្នាក់ឲ្យអាន សេចក្តីផ្ដើម កណ្ឌទី ១១៩ ។
នៅខែកក្កដា ឆ្នាំ ១៨៣៨ សាសនាចក្រស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។ ទោះជាយ៉ាងណា សមាជិកសាសនាចក្រត្រូវបានណែនាំឲ្យផ្លាស់ប្តូរលំនៅទៅភាគខាងជើងនៃរដ្ឋមិសសួរី ហើយសង់ព្រះវិហារបរិសុទ្ធមួយនៅឯក្រុង ហ្វា វែស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥:៨–១២ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានជួបជាមួយថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ដើម្បីពិចារណាអំពីរបៀបគោរពប្រតិបត្តិតាមការបញ្ជារបស់ព្រះអម្ចាស់ ។ ជាការឆ្លើយតបទៅនឹងការអធិស្ឋានរបស់ពួកគេ ព្រះអង្គសង្គ្រោះបានផ្តល់ដំបូន្មានអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩:១–៤ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ។
-
តើព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធអ្វីខ្លះអំពីការរំពឹងទុករបស់ទ្រង់សម្រាប់ការរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ?
សូមជួយសិស្សឲ្យយល់ថា ការរំពឹងទុករបស់ព្រះអម្ចាស់សម្រាប់ការថ្វាយដង្វាយមួយភាគក្នុងដប់ត្រូវបានបញ្ជាក់ច្បាស់នៅជំនាន់របស់យើង ៖ « ដង្វាយមួយភាគក្នុងដប់គឺជាការបង់ចំណូលមួយភាគក្នុងដប់របស់មនុស្សម្នាក់ទៅកាន់សាសនាចក្ររបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩:៣–៤; កំណើន គឺមានន័យថា ចំណូល ) ។ សមាជិកសាសនាចក្រទាំងអស់ដែលមានប្រាក់ចំណូលគួរតែបង់ដង្វាយមួយភាគក្នុងដប់ » ( ក្បួនខ្នាត ៣៤.៣.១ ) ។
បន្ទាប់ពីផ្តល់ការពន្យល់នេះ សូមពិចារណាសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអង្គសង្គ្រោះបញ្ជាយើងឲ្យបង់មួយភាគក្នុងដប់នៃការកើនឡើងរបស់យើង ជាដង្វាយមួយភាគក្នុងដប់ដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
តើអ្នកគិតថាមានមូលហេតុអ្វីខ្លះដែលព្រះអម្ចាស់បង្គាប់យើងឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ ?
យល់ឲ្យបានច្បាស់
សូមរំឭកសិស្សអំពីសំណួរ ឬកង្វល់អំពីដង្វាយមួយភាគក្នុងដប់ដែលអ្នកបានពិភាក្សានៅដើមមេរៀននេះ ។
ផ្តល់ពេលឲ្យសិស្សដើម្បីសិក្សាធនធាននៅក្នុងសំណៅចែក « ការបង្រៀនអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអង្គសង្រ្គោះ » ។ សិស្សអាចសិក្សាធនធានទាំងនេះរៀងៗខ្លួន ឬជាមួយដៃគូ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកការបង្រៀនដែលអាចជួយនរណាម្នាក់ដែលមានកង្វល់អំពីការថ្វាយដង្វាយមួយភាគក្នុងដប់ ។
ឬជាជាងប្រើប្រាស់ធនធាននៅក្នុងសំណៅចែក សិស្សអាចស្វែងរករបស់ពួកគេផ្ទាល់ ។ ពួកគេអាចប្រើជំនួយការសិក្សា ឬបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រអំពីដង្វាយមួយភាគក្នុងដប់។
ការបង្រៀនអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអង្គសង្រ្គោះ
សូមសិក្សាធនធានខាងក្រោម ដោយរកមើលអ្វីដែលអាចលើកទឹកចិត្តអ្នក ឬអ្នកដទៃឲ្យគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។
ព្រះគម្ពីរ ៖
-
ម៉ាឡាគី ៣:៨–១០; យ៉ូហាន ៧:១៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩:៥–៧
សេចក្តីថ្លែងការណ៍ និងធនធានផ្សេងទៀត ៖
ប្រធាន ស្ទេវីន ជេ ឡាន់ ប្រធានក្រុមយុវជនទូទៅ បានបង្រៀន ៖
នៅពេលយុវវ័យថ្វាយដង្វាយមួយភាគដប់ពេញលេញ ពួកគេបង្កើតទំនាក់ទំនងមួយជាមួយនឹងព្រះវរបិតាសួគ៌ដែលនឹងបន្ដជារៀងរហូត ។ រាល់ពេលដែលពួកគេគោរពបទបញ្ញត្តិនោះ ហើយថ្វាយដង្វាយ នោះចំណងថ្មីមួយនៃការលះបង់ និងទំនាក់ទំនងបានបង្កើតឡើង ។ ( ស្ទេវីន ជេ ឡាន់ « Seminary, Institute, and Other Things that Work » [ សុន្ទរកថាថ្លែងនៅក្នុងការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំសម្រាប់ថ្នាក់សិក្ខាសាលា & ថ្នាក់វិទ្យាស្ថាននាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ] broadcasts.ChurchofJesusChrist.org )
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ទូន្មាន ៖
សូមបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ ដោយការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ …
… នៅពេលអ្នកតមអាហារ និងថ្វាយដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ នោះអ្នកបង្ហាញព្រះថា កិច្ចការរបស់ទ្រង់សំខាន់ចំពោះអ្នកជាងសម្ភារផ្សេងៗ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ១១–១២ )
ពេលកំពុងបម្រើជាសមាជិកនៃពួកចិតសិបនាក់ អែលឌើរ ស្ទែនលី ជី អេលីស បានពន្យល់ ៖
តើយើងមាន ជំនឿ ដើម្បីទុកចិត្តលើការសន្យា [ របស់ព្រះអម្ចាស់ ] ដែរឬទេ ទាក់ទងនឹងដង្វាយមួយភាគក្នុងដប់ថា ៩០ ភាគរយនៃប្រាក់ចំណូល យើងរួមទាំងជំនួយរបស់ព្រះអម្ចាស់ យើងបានច្រើនជាង ១០០ ភាគរយ តែម្យ៉ាងទៅទៀត ? ( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៤ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជាញឹកញាប់ នៅពេលយើងបង្រៀន និងថ្លែងទីបន្ទាល់អំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ យើងសង្កត់ធ្ងន់លើពរជ័យខាងសាច់ឈាមដែលទទួលបានភ្លាមៗ អស្ចារ្យ ហើយងាយមើលដឹង ។ ប្រាកដណាស់ ពរជ័យដូច្នោះកើតមានមែន ។ ប៉ុន្តែពរជ័យផ្សេងៗមួយចំនួនដែលយើងទទួលនៅពេលយើងគោរពបញ្ញត្តិនេះគឺសំខាន់ តែតូចៗ ។ …
ឧទាហរណ៍ ពរជ័យដ៏មានតម្លៃ និងមានសារៈសំខាន់ដែលយើងទទួល គឺអំណោយទានខាងវិញ្ញាណនៃការដឹងគុណ ដែលជួយយើងអរគុណដល់អ្វីៗដែលយើងមាន រួចទប់បំណងដែលយើងចង់បានវិញ ។ …
ពេលខ្លះ យើងសូមព្រះឲ្យមានជោគជ័យ ហើយទ្រង់ផ្ដល់ឲ្យយើងនូវកម្លាំងខាងរូបកាយ និងវិញ្ញាណ ។ យើងអាចនឹងសូមឲ្យមានភាពចម្រុងចម្រើន ហើយយើងទទួលនូវទស្សនវិស័យទូលំទូលាយ និងការអត់ធ្មត់ច្រើន ។ ( ដេវីឌ អេ បែដណា « The Windows of Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–១៨ )
ម៉ារី ហ្វីលឌីង ស៊្មីធ គឺជាស្ត្រីមេម៉ាយរបស់ ហៃរុម ស្ម៊ីធ និងជាម្ដាយរបស់ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ។ ពេលមាននរណាម្នាក់ផ្ដល់យោបល់ថា នាងក្រពេកមិនគួរគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ទេ នោះនាងបានឆ្លើយតបថា ៖
តើអ្នកនឹងបដិសេធពរជ័យខ្ញុំទេ ? … ខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ មិនគ្រាន់តែដោយសារវាជាក្រឹត្យវិន័យរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែដោយសារខ្ញុំរំពឹងនឹងទទួលបានពរជ័យដោយថ្វាយដង្វាយមួយភាគក្នុងដប់ ។ ( ម៉ារី ហ្វីលឌីង ស៊្មីធ បានដកស្រង់ដោយ យ៉ូសែប អេហ្វ ស្ម៊ីធ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩០០ ទំព័រ ៤៨ )
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ដែលអាចមានប្រយោជន៍ដល់នរណាម្នាក់ដែលមានសំណួរ ឬកង្វល់អំពីដង្វាយមួយភាគក្នុងដប់ ។ សំណួរខាងក្រោមនេះអាចដឹកនាំទៅរកការពិភាក្សានេះ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបានសិក្សាក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ?
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីដល់អ្នកដែលមានកង្វល់អំពីការថ្វាយដង្វាយមួយភាគក្នុងដប់ ?
-
តើអ្នកបានឃើញព្រះអម្ចាស់ប្រទានពរដល់អ្នក ឬអ្នកដទៃទៀតដោយរបៀបណាខ្លះសម្រាប់ការគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ទ្រង់ ?
នៅពេលអ្នកពិភាក្សាសំណួរចុងក្រោយខាងលើ សូមពិចារណាចែកចាយឧទាហរណ៍ពីជីវិតរបស់អ្នក ។ អ្នកក៏អាចប្រើវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោមនេះ ៖ « Tithing: I Will Make a Leap of Faith » ( ៤:៤៧ ) ឬ « ភាសានៃដំណឹងល្អ » ( ១២:២៧ ) ចាប់តាំងពីនាទីទី ៥:២៧ ដល់នាទីទី ៧:៤០ ។ វីដេអូទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមគិតអំពីជីវិតរបស់អ្នក
ដើម្បីបញ្ចប់មេរៀននេះ សូមពិចារណាអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬទាំងពីរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅថ្ងៃនេះ តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណាខ្លះដែលអ្នកចង់ចងចាំ ?
-
តើអ្នកបានទទួលអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដោយសារតែអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តឲ្យចែកចាយគំនិតរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្តីពិតដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យខិតខំអនុវត្តក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ពេញមួយជីវិតរបស់ពួកគេ ។