« មេរៀនទី ១២៨—គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥ ៖ ‹ ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥ »សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥–១២០
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥
« ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ »
ដើម្បីគេចចេញពីការបៀតបៀននៅស្រុកចាកសុន រដ្ឋមិសសួរី ពួកបរិសុទ្ធរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រហែល ៥០ ម៉ាយល៍ ( ៨០ គ.ម ) ភាគខាងជើង ហើយបានបង្កើតការតាំងទីលំនៅថ្មីហៅថា ហ្វា វែស្ទ ។ នៅក្នុងវិវរណៈមួយដែលបានផ្ដល់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅឯទីក្រុង ហ្វា វែស្ទ ព្រះអម្ចាស់បានបង្ហាញថា សាសនាចក្ររបស់ទ្រង់គួរតែត្រូវបានហៅថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មេរៀននេះអាចជួយសិស្សឲ្យដឹងអំពីសារៈសំខាន់ក្នុងការប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហៅឈ្មោះខុស
សូមពិចារណានិយាយជាមួយសិស្សពីរបីនាក់មុនពេលថ្នាក់ចាប់ផ្ដើម ។ សូមឲ្យពួកគេហៅឈ្មោះអ្នកខុសនៅចំពោះមុខសមាជិកថ្នាក់ផ្សេងទៀត មុនពេលអ្នកចាប់ផ្ដើមបង្រៀនមេរៀននេះ ។ ការណ៍នេះអាចជាវិធីដ៏សប្បាយរីករាយមួយដើម្បីជួយសិស្សឲ្យគិតអំពីសារៈសំខាន់នៃការប្រើប្រាស់ឈ្មោះត្រឹមត្រូវ ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការហៅឈ្មោះខុស ? តើបទពិសោធន៍បែបនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច ?
-
តើមានគំរូអ្វីខ្លះដែលមនុស្សជួនកាលប្រើឈ្មោះខុស នៅពេលហៅឈ្មោះសាសនាចក្រ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីមូលហេតុ ដែលវាមានសារៈសំខាន់ដើម្បីប្រើឈ្មោះសាសនាចក្រត្រឹមត្រូវ ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ បន្ទាប់មក លើកទឹកចិត្តពួកគេនៅពេលពួកគេសិក្សាដើម្បីស្វែងរកសេចក្តីពិតដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
ព្រះយេស៊ូវគ្រីស្ទប្រកាសឈ្មោះសាសនាចក្ររបស់ទ្រង់
សូមពន្យល់ថា បន្ទាប់ពីមានការបៀតបៀនកាន់តែច្រើនឡើងពីពួកមារសត្រូវរបស់សាសនាចក្រ នោះព្យាការី យ៉ូសែប ស្ម៊ីធ បានចាកចេញពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅខែមករា ឆ្នាំ ១៨៣៨ ។ លោក និងគ្រួសាររបស់លោកបានប្តូរលំនៅទៅរដ្ឋមិសសួរី ជាកន្លែងដែលពួកបរិសុទ្ធបានបង្កើតលំនៅដ្ឋានថ្មីមួយដែលហៅថា ហ្វា វែស្ទ ។ មិនយូរប៉ុន្មាន បន្ទាប់ពីការផ្លាស់ប្តូរលំនៅ ព្យាការីបានទទួលវិវរណៈមួយដែលព្រះអម្ចាស់បានប្រទានការដឹកនាំអំពីការស្ថាបនាសាសនាចក្រឡើងនៅឯក្រុង ហ្វា វែស្ទ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:១–៤ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ថ្នាក់ដឹកនាំសាសនាចក្រនៅឯក្រុង ហ្វា វែស្ទ ។
-
តើព្រះយេស៊ូវគ្រីស្ទបង្រៀនអ្វីខ្លះអំពីឈ្មោះនៃសាសនាចក្ររបស់ទ្រង់ ?
ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យស្វែងរកថា ព្រះយេស៊ូវគ្រីស្ទបានប្រកាសថា ឈ្មោះសាសនាចក្ររបស់ទ្រង់គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សឲ្យគូសសម្គាល់ឈ្មោះសាសនាចក្ររបស់ព្រះគ្រីស្ទនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៤ ។
-
តើឈ្មោះនេះបង្រៀនអ្នកអ្វីខ្លះអំពីសាសនាចក្រ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមានរាជបំណងឲ្យយើងហៅសាសនាចក្ររបស់ទ្រង់តាមឈ្មោះត្រឹមត្រូវ ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរពីមុន វាប្រហែលជាមានអត្ថប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ៣ ២៧:៧–៨ ។ អ្នកអាចអញ្ជើញសិស្សឲ្យភ្ជាប់ ឬធ្វើសេចក្តីយោងឆ្លងខគម្ពីរទាំងនេះជាមួយនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៤ ។
សារៈសំខាន់នៃការប្រើប្រាស់ឈ្មោះត្រឹមត្រូវនៃសាសនាចក្រ
បើអាចធ្វើទៅបាន សូមផ្តល់ពេលឲ្យសិស្សដើម្បីសិក្សាពីសុន្ទរកថារបស់ប្រធាន រ័សុល អិម ណិលសុន « The Correct Name of the Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០ ) ។ សូមបោះពុម្ពឯកសារខ្លះៗសម្រាប់សិស្សដែលមិនអាចចូលប្រើជាឌីជីថលបាន ។
នៅពេលសិស្សសិក្សា សូមអញ្ជើញពួកគេឲ្យស្វែងរកការបង្រៀនដែលជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃការប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះសង្រ្គោះ ។ សិស្សអាចសិក្សាពីសុន្ទរកថាទាំងមូលដោយផ្ទាល់ ឬអ្នកអាចចាត់ក្រុមតូចៗឲ្យសិក្សាផ្នែកខ្លះៗនៃសុន្ទរកថានេះ ហើយបន្ទាប់មកត្រូវចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយនឹងសិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។
ដើម្បីជួយសិស្សឲ្យពិភាក្សាអំពីការរកឃើញរបស់ពួកគេ សូមពិចារណាសួរសំណួរដូចជា « តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលការប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រគឺសំខាន់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? » ឬ « តើអ្វីដែលអ្នកចាប់អារម្មណ៍បំផុតចេញពីសារលិខិតរបស់ប្រធាន ណិលសុន ? ហេតុអ្វី ? »
ប្រសិនបើមិនអាចឲ្យសិស្សសិក្សាពីសុន្ទរកថាដោយផ្ទាល់ទេ សូមពិចារណាអំពីការប្រើប្រាស់សេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ។
ប្រធាន រ័សុល អិម ណិលសុន បានពិភាក្សាពីសារៈសំខាន់នៃការប្រើប្រាស់ឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអម្ចាស់ ៖
ឈ្មោះរបស់សាសនាចក្រពុំអាចចរចាផ្លាស់ប្ដូរបានទេ ។ នៅពេលព្រះអង្គសង្គ្រោះបានមានបន្ទូលយ៉ាងច្បាស់អំពីឈ្មោះនៃសាសនាចក្ររបស់ទ្រង់ ហើយថែមទាំងបានប្រកាសនូវសេចក្ដីប្រកាសជាមួយនឹងឃ្លាថា « សាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ » នោះទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ា់ត់ ។ …
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាដល់បងប្អូនថា ប្រសិនបើយើងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីស្ដារឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអម្ចាស់ឡើងវិញ នោះទ្រង់ដែលជាសិរសានៃសាសនាចក្រនេះ នឹងចាក់ស្រោចព្រះចេស្ដា និងពរជ័យរបស់ទ្រង់មកលើពួកបរិសុទ្ធថ្ងៃចុងក្រោយដែលយើងពុំធ្លាប់បានឃើញពីមុនមកឡើយ ។ យើងនឹងមានចំណេះដឹង និងព្រះចេស្ដានៃព្រះដើម្បីជួយយើងនាំយកពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញទៅដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ហើយដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ( រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧, ៨៩ )
-
តើពរជ័យអ្វីខ្លះដែលប្រធាន ណិលសុន សន្យានឹងយើង នៅពេលយើងប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ?
« ចូរក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ »
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៥–៦ ដោយស្វែងរករបៀបដែលព្រះអម្ចាស់មានបំណងចង់ប្រទានពរដល់មនុស្សនៅជុំវិញពិភពលោកតាមរយៈសាសនាចក្ររបស់ទ្រង់ ។
ដើម្បីជួយសិស្សឲ្យយល់ពីការអញ្ជើញរបស់ព្រះអម្ចាស់ សូមពិចារណាចំណាយពេលវិភាគពាក្យ ឬឃ្លាដែលសំខាន់ៗ ។ ឧទាហរណ៍ អ្នកអាចសុំឲ្យសិស្សគូរ ឬធ្វើសកម្មភាពតាមឃ្លា « ចូរក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ » ( ខទី ៥ ) ។ វាប្រហែលជាមានប្រយោជន៍សម្រាប់សិស្សក្នុងការយល់ពាក្យ បមាណីយ ដែលប្រើនៅ ខទី ៥ សំដៅទៅលើ ទង់ ដែលជា « ទង់ជ័យ … ដែលប្រជាជនប្រមូលគ្នាមករួមជុំវិញជាក្រុម ចំពោះគោលបំណង ឬទីសម្គាល់មួយ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទង់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើការប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអម្ចាស់អាចជួយយើងឲ្យគោរពតាមការអញ្ជើញរបស់ព្រះអម្ចាស់ដោយរបៀបណា ខទី ៥–៦ ?
-
តើអ្នក ឬសមាជិកគ្រួសារអាចជាពន្លឺដល់អ្នកដទៃ ដោយប្រើឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរមុន សូមពិចារណាចែកចាយបទពិសោធន៍ដូចខាងក្រោមនេះ ដែលអែលឌើរ នែល អិល អាន់ឌើរសិន បានសង្ខេប ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយបទពិសោធន៍ជាច្រើនដែលមនុស្សកំពុងឆ្លងកាត់នៅជុំវិញពិភពលោក ៖
មានពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់ ដែលបានប្រកាសដោយសេចក្ដីក្លាហានពីឈ្មោះរបស់សាសនាចក្រ ។ នៅពេលយើងធ្វើចំណែករបស់យើង នោះអ្នកដទៃនឹងធ្វើតាម ។ ខ្ញុំស្រឡាញ់ដំណើររឿងនេះមកពីកោះតាហ៊ីទី ។
អ៊ីរីយូរ៉ា ជិន ដែលមានអាយុដប់ឆ្នាំ បានប្ដេជ្ញាចិត្តធ្វើតាមការទូន្មានរបស់ប្រធាន ណិលសុន ។
« នៅក្នុងថ្នាក់រៀនរបស់នាង ពួកគេបានពិភាក្សាអំពីថ្ងៃចុងសប្ដាហ៍របស់ពួកគេ … ហើយអ៊ីរីយូរ៉ា បាននិយាយអំពី … សាសនាចក្រ ។
« គ្រូបង្រៀនរបស់នាងឈ្មោះ វេធ ផាយហ្វូ បាននិយាយថា ‹ អូ៎ អញ្ចឹងកូនគឺជាពួកមរមនឬ ? ›
« អ៊ីរីយូរ៉ា បាននិយាយដោយម៉ឺងម៉ាត់ថា ‹ អត់ទេ … ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! ›
« គ្រូបង្រៀនរបស់នាងបានឆ្លើយថា ‹ ហ្នឹងហើយ … កូនគឺជាពួកមរមន › ។
« អ៊ីរីយូរ៉ា បានទទូចថា ‹ អត់ទេ អ្នកគ្រូ ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! ›
« អ្នកគ្រូ ផាយហ្វូ មានភាពអស្ចារ្យនឹងការជឿស៊ប់របស់ អ៊ីរីយូរ៉ា ហើយឆ្ងល់ថាហេតុអ្វីនាងទទូចឲ្យប្រើឈ្មោះ[ ដ៏វែង ] នេះ ។ [ គាត់បានសម្រេចចិត្តដើម្បីរៀនបន្ថែមទៀតអំពីសាសនាចក្រ ] ។
« [ ក្រោយមក កាលបងស្រី ] វេធ ផាយហ្វូ បានជ្រមុជទឹក [ គាត់បានបង្ហាញការដឹងគុណ ] ដែលអ៊ីរីយូរ៉ា បានគោរពតាមការទូន្មានរបស់ប្រធាន ណិលសុន » ។ ( នែល អិល អាន់ឌើរសិន « ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១១៨–១១៩ )
សួរសំណួរដែលអញ្ជើញឲ្យមានការស្រាវជ្រាវ ៖ ដើម្បីជួយអ្នកអនុវត្តការសួរសំណួរ ដែលជួយសិស្សឲ្យរកឃើញសេចក្ដីពិត សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតសំណួរត្រិះរិះស្រាវជ្រាវ ដែលជួយសិស្សឲ្យមើលឃើញគោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិនេះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីបទពិសោធន៍នេះ ?
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សារួចមកហើយនោះ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដោយប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ ។