« មេរៀនទី ១២៧—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៥–១១៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៧—គោលលទ្ធិ និងសេចក្តីសញ្ញា ៩៥–១១៥
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៨
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើងអាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេ នៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
វាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់អ្នក
យកថ្មជាច្រើនដុំដែលមានទំហំខុសគ្នាទៅថ្នាក់រៀនហើយឲ្យសិស្សបង្កើតសញ្ញាសម្គាល់ផ្លូវ ។ អញ្ជើញសិស្សឲ្យដាក់ថ្មមួយចំនួនត្រួតលើគ្នា ហើយរកមើលអ្វីដែលបង្កើតបានជាគ្រឹះមួយដែលមានស្ថេរភាព ។ ( ជាជម្រើស សូមបង្ហាញរូបភាពនៃសញ្ញាសម្គាល់ផ្លូវ ) ។ អ្នកអាចនិយាយថាពីបុរាណ និងសព្វថ្ងៃនេះសញ្ញាសម្គាល់ផ្លូវទាំងនេះផ្តល់នូវសុវត្ថិភាព និងទិសដៅដល់អ្នកធ្វើដំណើរ ។ អ្នកអាចសួរសំណួរដូចខាងក្រោមអំពីសកម្មភាពនេះ ។
-
តើសញ្ញាសម្គាល់ផ្លូវអ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ដើម្បីដឹកនាំយើងនៅលើផ្លូវនៃសេចក្ដីសញ្ញាត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ?
-
តើសញ្ញាសម្គាល់ផ្លូវអាចជានិមិត្តសញ្ញានៃព្រះអង្គសង្រ្គោះយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យស្គាល់ថា វគ្គបទគម្ពីរដែលពួកគេបានសិក្សា មេរៀនដែលពួកគេបានរៀន និងការបង្រៀនដែលពួកគេបានអនុវត្តក្នុងការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា អាចប្រៀបបានទៅនឹងថ្មដែលបានដាក់ត្រួតលើគ្នា ដោយផ្ដល់នូវសុវត្ថិភាព និងទិសដៅនៅពេលពួកគេធ្វើដំណើរតាមផ្លូវនៃសេចក្ដីសញ្ញា ។ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលការកត់ត្រាដែលពួកគេបានធ្វើ និងបទគម្ពីរដែលពួកគេបានសិក្សាក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៥–១១៥ ) ដោយពិចារណាពីសេចក្ដីពិតដែលពួកគេបានរៀន ។
នៅពេលអ្នកគិតពិចារណាពីបទពិសោធន៍របស់អ្នកក្នុងការសិក្សាអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា សូមអញ្ជើញព្រះវិញ្ញាណប្រកបដោយអធិស្ឋាន ដើម្បីជួយអ្នកឲ្យស្គាល់ពីការរីកចម្រើនដែលអ្នកកំពុងធ្វើចំពោះព្រះវរបិតាសួគ៌របស់អ្នក និងព្រះសង្រ្គោះរបស់អ្នក ដែលជាព្រះយេស៊ូវគ្រីស្ទ ។
សូមបង្ហាញសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យពិចារណាពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរមួយ ឬពីរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើសេចក្ដីពិតខាងវិញ្ញាណមួយចំនួនអ្វីខ្លះដែលអ្នកបានរៀន ឬអនុវត្តដែលបានជួយអ្នកឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើសេចក្ដីពិតទាំងនេះបានផ្ដល់ឲ្យអ្នកនូវទិសដៅ និងសុវត្ថិភាពនៅតាមផ្លូវនៃសេចក្ដីសញ្ញាយ៉ាងដូចម្ដេច ?
-
តើវគ្គបទគម្ពីរអ្វីខ្លះពីគោលលទ្ធិ និងសេចក្តីសញ្ញាដែលមានអត្ថន័យចំពោះអ្នក ? ហេតុអ្វី ?
នៅពេលសិស្សមានពេលគ្រប់គ្រាន់ដើម្បីកត់ត្រាចម្លើយរបស់ពួកគេហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយការគិតពិចារណាដែលមិនមានលក្ខណៈផ្ទាល់ខ្លួនពេក ។ ពួកគេអាចចែកចាយវគ្គបទគម្ពីរដែលមានអត្ថន័យចំពោះពួកគេ និងមូលហេតុ ។ នៅពេលសិស្សចែកចាយពួកគេអាចបន្ថែមថ្មទៅតាមសញ្ញាសម្គាល់ផ្លូវ ។
សូមពិចារណាអំពីការបំផុសគំនិតរបស់ព្រះវិញ្ញាណ និងតម្រូវការសិស្សរបស់អ្នក នៅពេលអ្នកជ្រើសរើសប្រើសកម្មភាពណាមួយខាងក្រោមនេះ ។
សូមពន្យល់ពីរបៀបដែលបព្វជិតភាព និងកូនសោទាំងឡាយនៃបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះផ្ដល់ពរដល់សាសនាចក្ររបស់ទ្រង់
សូមជួយសិស្សឲ្យវាយតម្លៃនូវអ្វីដែលពួកគេបានរៀនថ្មីៗនេះអំពីបព្វជិតភាព និងកូនសោបព្វជិតភាពរបស់ព្រះអង្គសង្រ្គោះ ។ នៅក្នុងការសិក្សារបស់ពួកគេពី មេរៀនទី ១១៩ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១–២០ សិស្សប្រហែលជាបានរៀនថា អស់អ្នកដែលបម្រើនៅក្នុងសាសនាចក្រអាចទាញយកអំណាចរបស់ព្រះអង្គសង្គ្រោះតាមរយៈបព្វជិតភាពរបស់ទ្រង់ ។ នៅក្នុងការសិក្សារបស់ពួកគេអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ផ្នែកទី ២ សិស្សប្រហែលជាបានរៀនអំពីការស្ដារឡើងវិញនូវកូនសោបព្វជិតភាពទៅកាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
អ្នកអាចចែកចាយសាច់រឿងដូចខាងក្រោម ។ ក្នុងការសរសេរចម្លើយរបស់ពួកគេ សិស្សអាចមើលកំណត់ចំណាំដែលពួកគេកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុ ឬខគម្ពីរដែលពួកគេបានគូសចំណាំ ។
បេកគី និងមៃឃើល គឺជាបងប្អូនដែលទើបតែចូលរួមក្នុងសាសនាចក្រនាពេលថ្មីៗនេះ ។ ពួកគេគឺជាសមាជិកតែពីរនាក់គត់ក្នុងគ្រួសាររបស់ពួកគេ ។ ពួកគេទាំងពីរនាក់មានទីបន្ទាល់ដ៏រឹងមាំអំពីព្រះគម្ពីរមរមន ព្យាការីយ៉ូសែប ស្ម៊ីធ និងសាសនាចក្រដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែទទួលដឹងថា ពួកគេនៅតែមានអ្វីៗជាច្រើនទៀតដើម្បីរៀន ។ នៅក្នុងព្រះវិហារនាថ្ងៃអាទិត្យមួយ ពួកគេបានឮនរណាម្នាក់និយាយអំពីរបៀបដែលបព្វជិតភាព និងកូនសោនៃបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះផ្ដល់ពរដល់សមាជិកនៃសាសនាចក្រគ្រប់រូប ។ ពួកគេពិតជាមិនដឹងថាវាមានន័យយ៉ាងណាទេ ។
-
តើអ្នកអាចប្រើអ្វីខ្លះពីការសិក្សាថ្មីៗនេះរបស់អ្នកនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដើម្បីជួយបេកគី និងមៃឃើលឲ្យយល់កាន់តែច្បាស់ពីរបៀបដែលអំណាចបព្វជិតភាព និងកូនសោបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះផ្ដល់ពរដល់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រ ?
ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចគូរឡើងវិញនៅលើក្ដារខៀននូវដើមឈើ ពី មេរៀនទី ១១៩ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១–២០ ហើយដាក់ស្លាកលើមែកឈើនូវអង្គការផ្សេងៗនៅក្នុងសាសនាចក្រ ។ សិស្សអាចចែកចាយថា បុរស និងស្ត្រីដែលទទួលបានការហៅនៅក្នុងសាសនាចក្របានទាញអំណាចពីព្រះអង្គសង្គ្រោះ ដើម្បីបម្រើអ្នកដទៃនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ដោយជាផ្នែកមួយនៃការពន្យល់របស់ពួកគេ សិស្សអាចប្រើខគម្ពីរចេញពីកណ្ឌ ១០៧ ដើម្បីបង្ហាញថា សិទ្ធិអំណាច និងមុខតំណែងទាំងអស់នៅក្នុងសាសនាចក្រនៃព្រះអង្គសង្រ្គោះ គឺជាផ្នែកបន្ថែមទៅនឹងបព្វជិតភាពម៉ិលគីស្សាដែក ។ ខគម្ពីរខ្លះដែលពួកគេអាចប្រើ រួមបញ្ចូល ខទី ៥, ៨, ១៤, ១៨–២០ ឬខគម្ពីរផ្សេងទៀតនៃជម្រើសរបស់ពួកគេដើម្បីបង្រៀនការណ៍នេះ ។
ដូចគ្នានេះដែរ អ្នកអាចបង្ហាញរូបភាពនៃការមកជួបរបស់ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដែលបានរៀបរាប់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ។ សូមអញ្ជើញសិស្សឲ្យចែកចាយថា តើតួអង្គទាំងនេះជានរណា ហើយកូនសោអ្វីដែលពួកលោកបានស្តារឡើងវិញ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើខគម្ពីរពី កណ្ឌទី ១១០ ក្នុងការពន្យល់របស់ពួកគេ ។
ចូរមានអារម្មណ៍កាន់តែមានទំនុកចិត្តខ្លាំងឡើងថា ពួកសាវកជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ
នៅក្នុងមេរៀនថ្មីៗនេះ សិស្សប្រហែលជាបានរៀនពីរបៀបដែលគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់គឺជាសាក្សីពិសេសនៃព្រះនាមព្រះគ្រីស្ទ នៅក្នុងពិភពលោកទាំងអស់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣ ) ។ សូមផ្ដល់ឱកាសឲ្យសិស្សគិតពិចារណាពីទីបន្ទាល់របស់ពួកគេថា ព្យាការី និងសាវកគឺជាសាក្សីពិសេសរបស់ព្រះគ្រីស្ទនៅក្នុងជំនាន់របស់យើង ហើយត្រូវបានត្រួតត្រាដោយព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងឲ្យខិតទៅជិតទ្រង់ ។
របៀបមួយដើម្បីធ្វើបែបនេះ អាចជាការបង្ហាញរូបភាពថ្មីៗរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសួរសំណួរដូចខាងក្រោមនេះ ។ អ្នកអាចផ្តល់ពេលវេលាឲ្យសិស្សជញ្ជឹងគិត និងកត់ត្រាពីគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ មួយរយៈក្រោយមក សូមអនុញ្ញាតឲ្យសិស្សស្ម័គ្រចិត្តពីរបីនាក់ ចែកចាយគំនិតរបស់ពួកគេ ។
-
តើអ្នកបានធ្វើអ្វីខ្លះនាពេលថ្មីៗនេះ ដែលបានជះឥទ្ធិពលលើទីបន្ទាល់របស់អ្នកដែលថា ពួកព្យាការី និងពួកសាវកពិតជាសាក្សីពិសេសរបស់ព្រះគ្រីស្ទ ?
ប្រសិនបើអ្នកមានអារម្មណ៍ថា សិស្សអាចប្រើសកម្មភាពបន្ថែមដើម្បីបង្កើនទំនុកចិត្តរបស់ពួកគេថា ពួកព្យាការី និងពួកសាវកគឺជាសាក្សីពិសេសរបស់ព្រះគ្រីស្ទ នោះអ្នកអាចអញ្ជើញពួកគេឲ្យធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពដូចខាងក្រោមនេះ ៖
-
សូមជ្រើសរើសារលិខិតថ្មីៗពីគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែលមានអត្ថន័យចំពោះអ្នក ។ សូមគិតពិចារណាពីរបៀបដែលសារលិខិតនោះបានជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមឆ្លើយតបទៅនឹងការអញ្ជើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សមាជិកម្នាក់នៃគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមចែកចាយការអញ្ជើញនោះនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ។
-
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សូមឆ្លើយតបទៅនឹងការចុះផ្សាយ ឬផ្ញើសារផ្ទាល់មួយទៅកាន់សមាជិកនៃគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបង្ហាញពីអំណរគុណរបស់អ្នកចំពោះសារលិខិតថ្មីៗនេះ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអង្គសង្គ្រោះគឺ ព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សិស្សមួយចំនួនអាចចែកចាយនូវអ្វីដែលពួកគេបានសរសេរ ឬចុះផ្សាយជាមួយសិស្សក្នុងថ្នាក់ ។
រៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ
នៅក្នុងមេរៀនមុន សិស្សមានឱកាសត្រៀមខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ នេះគឺជាសេចក្តីសង្ខេបមួយចំនួននៃមេរៀនថ្មីៗដែលបានជួយដល់ការណ៍នេះ ៖
-
នៅក្នុង កណ្ឌទី ៩៥ សិស្សប្រហែលជាបានពិភាក្សាអំពីការលះបង់ដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
នៅក្នុង កណ្ឌទី ៩៧ ពួកគេប្រហែលជាបានពិនិត្យមើលនូវរបៀបដែលព្រះវិហារបានផ្តល់អនុសាសន៍ឲ្យមានសំណួរដែលជួយយើងឲ្យមានចិត្តបរិសុទ្ធ ។
-
នៅក្នុង កណ្ឌទី ១០៩ សិស្សបានរកឃើញពរជ័យនានា ដែលទាក់ទងនឹងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ហើយបានពិចារណាពីរបៀបដែលពរជ័យទាំងនេះអាចជំរុញពួកគេក្នុងជីវិតរបស់ពួកគេ ។
-
នៅក្នុង កណ្ឌទី ១១០ សិស្សប្រហែលជាបានពិភាក្សាអំពីរបៀបដែលភាពស័ក្ដិសមរបស់ពួកគេអាចជួយពួកគេឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:៥–១០ ) ។
សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវគោលដៅ ឬផែនការជាក់លាក់ដែលពួកគេបានធ្វើដើម្បីជួយពួកគេឲ្យរៀបចំខ្លួនថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហាររបស់ទ្រង់ ។
-
តើអ្នកបានខិតខំប្រឹងប្រែងអ្វីខ្លះនាពេលថ្មីៗនេះ ដើម្បីរៀបចំខ្លួនឲ្យកាន់តែប្រសើរឡើងក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ?
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីសំណួរជាក់លាក់បន្ថែមទៀត ដែលធ្វើតាមផែនការ ឬគោលដៅដែលពួកគេប្រហែលជាកំពុងធ្វើ នោះអ្នកអាចបង្ហាញអត្ថបទដូចខាងក្រោមសម្រាប់សិស្ស ហើយឲ្យពួកគេឆ្លើយតបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ស្វែងរកវិវរណៈផ្ទាល់ខ្លួនដើម្បីណែនាំអ្នកនៅពេលអ្នកឆ្លើយសំណួរមួយ ឬច្រើនដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកបានលះបង់ ឬស្ម័គ្រចិត្តធ្វើអ្វីខ្លះដើម្បីបង្ហាញថា អ្នកឲ្យអាទិភាពការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធក្នុងជីវិតរបស់អ្នក ?
-
តើអ្នកបានឃើញពរជ័យអ្វីខ្លះក្នុងជីវិតរបស់អ្នក នៅពេលអ្នកគិតពិចារណាពីចម្លើយរបស់អ្នកទៅនឹងសំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដើម្បីរៀបចំខ្លួនចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ?
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីព្យាយាមមានភាពស័ក្ដិសមក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ?
សូមគិតអំពីរបៀបដែលអ្នកបានទទួលពរចំពោះការខិតខំរបស់អ្នក ។ តើអ្នកនឹងបន្តធ្វើ ឬចាប់ផ្ដើមធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ?
សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពលើការផ្លាស់ប្ដូរណាមួយដែលពួកគេមានអារម្មណ៍ថា បានជំរុញចិត្តឲ្យធ្វើនៅពេលពួកគេបានពិនិត្យមើលនូវការរីកចម្រើនរបស់ពួកគេ ។ អ្នកអាចសរសើរដល់ការខិតខំរបស់សិស្សក្នុងការធ្វើឲ្យព្រះវរបិតាសួគ៌ ព្រះអង្គសង្រ្គោះរបស់យើង និងដំណឹងល្អជាអាទិភាពក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចបញ្ចប់ដោយចែកចាយគំរូនៃពរជ័យដែលអ្នកបានទទួលពីការរៀបចំខ្លួនរបស់អ្នក ដើម្បីថ្វាយបង្គំព្រះអង្គសង្រ្គោះនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។