« មេរៀនទី ៦៩—គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧ ៖ របៀបដែលព្រះអម្ចាស់ស្ថាបនាស៊ីយ៉ូន » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៦៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧
របៀបដែលព្រះអម្ចាស់ស្ថាបនាស៊ីយ៉ូន
នៅពេលព្រះអម្ចាស់បានបើកសម្តែងបន្ថែមទៀតអំពីស៊ីយ៉ូនទៅដល់ព្យាការី យ៉ូសែប ស៊្មីធ នោះពួកបរិសុទ្ធមានអារម្មណ៍អន្ទះសា និងរំភើបចិត្តក្នុងការក្លាយជាផ្នែកមួយនៃសហគមន៍បែបនេះ ។ នៅពេលទីកន្លែងដែលត្រូវសាងសង់ក្រុងស៊ីយ៉ូនត្រូវបានបើកសម្តែង នោះព្រះអម្ចាស់បានណែនាំបុគ្គលមួយចំនួនឲ្យចាប់ផ្តើមបង្កើតសហគមន៍ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានអារម្មណ៍ចង់ក្លាយជារាស្ដ្ររបស់ព្រះអម្ចាស់ដោយការស្ថាបនាទីក្រុងស៊ីយ៉ូនកាន់តែខ្លាំង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ក្រុងស៊ីយ៉ូន
សូមពិចារណាបង្ហាញរូបភាពព្រះអង្គសង្គ្រោះ ។
សូមស្រមៃថា អ្នកមានឱកាសរស់នៅក្បែរព្រះយេស៊ូវគ្រីស្ទ ។
-
តើទ្រង់មានលក្ខណៈសម្បត្តិអ្វីខ្លះ ដែលអាចធ្វើឲ្យមានភាពរីករាយក្នុងការរស់នៅក្បែរទ្រង់ ?
ឥឡូវនេះ សូមស្រមៃគិតថា តើវានឹងមានអារម្មណ៍យ៉ាងណា ពេលរស់នៅក្នុងសហគមន៍មួយដែលពោរពេញទៅដោយមនុស្សដែលខិតខំធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍នៃសហគមន៍បែបនេះបានកើតឡើងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ជាមួយប្រជាជនហេណុក ។
សូមពិចារណាបង្ហាញរូបភាពហេណុក និងប្រជាជនរបស់លោក ហើយសួរសិស្សថា តើពួកគេដឹងអ្វីខ្លះអំពីដំណើររឿងនេះនៅក្នុងព្រះគម្ពីរ ។
សូមអាន ម៉ូសេ ៧:១៨ ដោយរកមើលលក្ខណៈសម្បត្តិរបស់ប្រជាជនទាំងនេះ ។
-
តើយើងប្រឈមមុខនឹងបញ្ហាអ្វីខ្លះសព្វថ្ងៃនេះ ដែលគួរតែត្រូវបានដោះស្រាយ ឬកាត់បន្ថយក្នុងសហគមន៍បែបនេះ ?
-
តើអ្នកគិតថា ប្រជាជនទាំងនេះបានធ្វើអ្វីខ្លះដើម្បីឈានទៅដល់ចំណុចនេះ ?
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីរបៀបដែលការរស់នៅតាមរបៀបកាន់តែដូចព្រះគ្រីស្ទដូចជាប្រជាជននៃទីក្រុងស៊ីយ៉ូនអាចផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយស្ថាបនាទីក្រុងស៊ីយ៉ូនជុំវិញខ្លួនអ្នក ។
ទីក្រុងស៊ីយ៉ូន
ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ខគម្ពីរដែលពួកគេនឹងសិក្សាថ្ងៃនេះ សូមអាន ឬសង្ខេបព័ត៌មានខាងក្រោម ។ អ្នកក៏អាចអាន ពួកបរិសុទ្ធ ១:១១៨–១៩ ផងដែរ ។
បន្ទាប់ពីការរៀបចំសាសនាចក្រមិនយូរប៉ុន្មាន ពួកបរិសុទ្ធជាច្រើនបានរំភើបចិត្តក្នុងការបង្កើតសហគមន៍ស៊ីយ៉ូនដូចជាប្រជាជនរបស់ហេណុក ។ ព្រះអម្ចាស់បានសន្យាថានឹងមានទីក្រុងស៊ីយ៉ូនបានសាងសង់ឡើងនៅថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៦៥–៧១, ម៉ូសេ ៧:៦២ ) ។
នៅខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបង្គាប់ដល់ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរមួយក្រុមឲ្យធ្វើដំណើរប្រហែល ៨០០ ម៉ែលស៍ ( ១,២៨៧ គីឡូម៉ែត្រ ) ពីរដ្ឋអូហៃអូទៅរដ្ឋមិសសួរី ជាកន្លែងដែលពួកគេនឹងធ្វើសន្និសីទ ហើយសិក្សាអំពីទឹកដីមរតករបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១–២, ៥ ) ។ វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧ ត្រូវបានទទួលនៅពេលដែល យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរបានមកដល់រដ្ឋមិសសួរីនៅខែ កក្កដា ឆ្នាំ ១៨៣១ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧:១–៣ ដើម្បីមើលឃើញអ្វីដែលពួកបរិសុទ្ធបានរៀន ។
-
តើព្រះអម្ចាស់បានចង្អុលបង្ហាញថា ទីក្រុងស៊ីយ៉ូននឹងត្រូវបានសាងសង់នៅឯណា ?
-
តើ ខទី ៣ ជួយអ្នកឲ្យយល់អ្វីខ្លះអំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធចំពោះព្រះអម្ចាស់ ?
សិស្សអាចមានសំណួរអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ១–៣ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការពន្យល់ថា ការខិតខំរបស់ពួកបរិសុទ្ធក្នុងទសវត្សរ៍ ឆ្នាំ ១៨៣០ ដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូននៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី មិនបានជោគជ័យដោយសារការបៀតបៀន ។ នៅឆ្នាំ ១៨៣៨ ពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋមិសសួរី ដោយសារសត្រូវរបស់ពួកគេ ។
ទោះជាព្រះអម្ចាស់បានសន្យាថានឹងមានទីក្រុងស៊ីយ៉ូនមួយដែលបានស្ថាបនាឡើងនៅលើទ្វីបអាមេរិកនាពេលអនាគតក៏ដោយ ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:១០ ) ក៏សព្វថ្ងៃនេះ យើងត្រូវបានប្រឹក្សាឲ្យកសាងទីក្រុងស៊ីយ៉ូនគ្រប់ទីកន្លែងដែលយើងរស់នៅ ដោយការខិតខំរស់នៅដោយសុចរិត ហើយបង្កើតសាសនាចក្រទូទាំងពិភពលោកដែរ ( សូមមើល « Zion » Topics and Questions នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
ការស្ថាបនាទីក្រុងស៊ីយ៉ូន
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧ ព្រះអម្ចាស់បានប្រទានការណែនាំដល់បុគ្គលមួយចំនួនដើម្បីចាប់ផ្តើមកសាងទីក្រុងស៊ីយ៉ូន ។
វិធីមួយដែលអ្នកអាចជួយសិស្សឲ្យរៀនចេញពីខគម្ពីរខាងក្រោមនេះគឺបំបែកពួកគេជាបួនក្រុម ហើយបែងចែកខគម្ពីរដល់សមាជិកក្រុម ( ខទី ៦–៧, ៨–១០, ១១–១២, ១៣–១៤ ) ។ សមាជិកក្រុមនីមួយៗអាចកំណត់អត្តសញ្ញាណបុគ្គល ឬបុគ្គលដែលត្រូវបានលើកឡើង និងអ្វីដែលពួកគេត្រូវបានស្នើសុំឲ្យធ្វើ ។ បន្ទាប់មក សិស្សអាចចែករំលែកការរកឃើញរបស់ពួកគេជាមួយសមាជិកក្រុមរបស់ពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧:៦-១៤ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសុំឲ្យពួកគេម្នាក់ៗធ្វើ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានសុំមនុស្សផ្សេងគ្នាឲ្យធ្វើកិច្ចការផ្សេងគ្នា ?
-
តើការណ៍នេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់ស្ថាបនាទីក្រុងស៊ីយ៉ូន នគររបស់ទ្រង់នៅលើផែនដី ?
សូមជួយសិស្សឲ្យស្គាល់គោលការណ៍នេះ ៖ ព្រះអង្គសង្គ្រោះបង្កើតទីក្រុងស៊ីយ៉ូនដោយប្រើសមត្ថភាពផ្ទាល់ខ្លួនរបស់យើង។
សូមពន្យល់ថា បុរសទាំងនេះបានទៅធ្វើការ ហើយសម្រេចនូវអ្វីដែលព្រះអម្ចាស់បានសុំពួកគេឲ្យធ្វើ ។ ដោយមានការលះបង់ខ្ពស់ ពួកគេ « ដាក់ » ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧:៨, ១១, ១៤, ១៥ ) ខ្លួនឯងនៅរដ្ឋមិសសួរី ជាកន្លែងដែលមិនមានភាពងាយស្រួលច្រើនលើអ្វីដែលនៅពេលនោះជាព្រំដែនភាគខាងលិចនៃសហរដ្ឋអាមេរិក ។
-
តើវាអាចជួយយើងឲ្យយល់ថា ព្រះអង្គសង្គ្រោះស្ថាបនានគររបស់ទ្រង់តាមរបៀបណា ?
ព្រះអម្ចាស់ទំនងជានឹងមិនប្រទានឲ្យអ្នកនូវកិច្ចការដូចគ្នាដើម្បីកសាងទីក្រុងស៊ីយ៉ូន ដូចបុគ្គលដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះឡើយ ។ ទោះជាយ៉ាងណា ទ្រង់បានសុំឲ្យយើងកសាងក្រុងស៊ីយ៉ូនឡើងនៅថ្ងៃនេះ ។ តាមរយៈព្យាការីរបស់ទ្រង់ ទ្រង់បានលើកទឹកចិត្តយើងឲ្យស្ថាបនាទីក្រុងស៊ីយ៉ូននៅគ្រប់ទីកន្លែងដែលយើងរស់នៅ ( សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៨ ) ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចស្ថាបនាទីក្រុងស៊ីយ៉ូនជុំវិញខ្លួនអ្នកនៅថ្ងៃនេះ ?
អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីទិដ្ឋភាពជាក់លាក់នៃជីវិតរបស់ពួកគេ ដែលពួកគេអាចស្ថាបនាទីក្រុងស៊ីយ៉ូន ដូចជានៅផ្ទះ ក្នុងវួដ ឬសាខារបស់ពួកគេ នៅសាលារៀន ឬនៅក្នុងអន្តរកម្មផ្សេងទៀតរបស់ពួកគេ ។
ជាផ្នែកមួយនៃការពិភាក្សានេះ សូមពិចារណាប្រើឧទាហរណ៍មួយ ឬពីរដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលគំរូទាំងនេះជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលពួកគេអាចស្ថាបនាទីក្រុងស៊ីយ៉ូននៅជុំវិញខ្លួនពួកគេ ។
សូមមើល « Eyes to See » ពីនាទីទី ៤:៥៤ ដល់នាទីទី ៦:៥៤ និង « The Needs before Us » ពីនាទីទី ៦:០៣ ដល់នាទីទី ៨:១០ ។ វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការស្ថាបនាទីក្រុងស៊ីយ៉ូននៅជុំវិញខ្លួនអ្នក
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន ឬដឹងអំពីអ្វីដែលពួកគេ ឬអ្នកដទៃទៀតបានជួយស្ថាបនាទីក្រុងស៊ីយ៉ូន ។ សូមអញ្ជើញពួកគេឲ្យចែកចាយពរជ័យដែលពួកគេបានជួបប្រទះដោយសារការខិតខំទាំងនេះ ។
ជួយសិស្សឲ្យមានចេតនាខិតខំប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ៖ នៅពេលសិស្សចែកចាយបទពិសោធន៍ទាំងនេះ ពួកគេអាចសម្គាល់វិធីដែលពួកគេ ឬអ្នកផ្សេងទៀតកាន់តែដូចជាព្រះគ្រីស្ទ ។ សម្រាប់ការអនុវត្តបន្ថែមទៀតអំពីរបៀបដែលអ្នកអាចចង្អុលបង្ហាញពីរបៀបដែលពួកគេកំពុងក្លាយដូចជាព្រះគ្រីស្ទ សូមមើលការបណ្តុះបណ្តាល « Observe Christlike attributes in students and share what you’ve noticed in ways that inspire them to continue to be like Him »ដែលមាននៅក្នុងការបណ្ដុះបណ្ដាល ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរមួយ ឬពីរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សារបស់អ្នកនៅថ្ងៃនេះ ?
-
តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
ប្រសិនបើមិនមែនជារឿងផ្ទាល់ខ្លួនពេកទេ សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងឡាយដែលអ្នកបានពិភាក្សា ហើយអញ្ជើញសិស្សឲ្យធ្វើសកម្មភាពតាមការបំផុសគំនិតណាមួយដែលពួកគេបានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូន ។