« មេរៀនទី ៥២—គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ ៖ ចូររួមគ្នាតែមួយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧–៤០
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២
ចូររួមគ្នាតែមួយ
ព្រះអម្ចាស់បានប្រទានសេចក្ដីណែនាំដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅពេលដែលពួកគេបានត្រៀមខ្លួនដើម្បីធ្វើការលះបង់ដ៏ធំ ដើម្បីប្រមូលផ្តុំគ្នាទៅរដ្ឋអូហៃអូ ។ នៅក្នុងវិវរណៈរបស់ទ្រង់ទៅកាន់ពួកបរិសុទ្ធ ព្រះអង្គសង្រ្គោះបានបើកសម្ដែងបុគ្គលិកលក្ខណៈរបស់ទ្រង់ ហើយបានអញ្ជើញរាស្រ្តរបស់ទ្រង់ឲ្យរស់នៅដូចទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្គ្រោះ តាមរយៈការវាយតម្លៃអ្នកដទៃ និងស្វែងរកសាមគ្គីភាព ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីក្រុមនានាដែលពួកគេជាសមាជិក ហើយសួរបុគ្គលម្នាក់នៅក្នុងក្រុមនោះពីអារម្មណ៍ដែលចាំបាច់ដើម្បីមានសាមគ្គីភាពគ្នា ។ សិស្សអាចនិយាយជាមួយសមាជិកគ្រួសារ អ្នកដឹកនាំកូរ៉ុម ឬអ្នកដឹកនាំថ្នាក់ គ្រូបង្រៀន ឬគ្រូបង្វឹកម្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងក្លាយដូចជាទ្រង់
អ្នកអាចចាប់ផ្ដើមមេរៀននេះបាន ដោយការអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរចំណាប់អារម្មណ៍របស់ពួកគេចំនួនប្រាំ ។ សូមបែងចែកសិស្សក្នុងថ្នាក់ទៅជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យចែកចាយចំណាប់អារម្មណ៍របស់ពួកគេ ហើយប្រាប់ពីអ្វីដែលពួកគេមានដូចគ្នា ។ បន្ទាប់មក សូមឲ្យពួកគេពិភាក្សាគ្នាអំពីមូលហេតុដែលពេលខ្លះ វាពិបាកសម្រាប់មនុស្សដែលមានចំណាប់អារម្មណ៍ខុសគ្នាក្នុងការធ្វើការរួបរួមគ្នា និងមូលហេតុដែលសាមគ្គីភាពមានសារៈសំខាន់សម្រាប់ពួកសិស្សរបស់ព្រះគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតលើសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំគិត និងប្រព្រឹត្តចំពោះមនុស្សដែលអាចខុសពីខ្ញុំដោយរបៀបណា ?
-
តើគំនិត និងទង្វើរបស់ខ្ញុំអាចនាំឲ្យមានការបែកបាក់ ឬការបង្រួបបង្រួមយ៉ាងដូចម្តេច ?
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយស្វែងរករបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ ។
នៅខែធ្នូ ឆ្នាំ១៨៣០ យ៉ូសែប ស្ម៊ីធ បានធ្វើការកែសម្រួលព្រះគម្ពីរប៊ីបប្រកបដោយការបំផុសគំនិត ហើយបានទទួលនូវអ្វីដែលឥឡូវនេះហៅថា ម៉ូសេ ៦–៧ នៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។ ជំពូកទាំងនេះផ្ដល់នូវដំណើររឿងអំពីព្យាការីម្នាក់ ដែលមានឈ្មោះថា ហេណុក និងប្រជាជនរបស់លោក ។ ដោយសារតែសេចក្ដីសុចរិត និងសាមគ្គីភាពរបស់ពួកគេ នោះព្រះអម្ចាស់បានហៅប្រជាជនទាំងនេះថា ស៊ីយ៉ូន ។
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨ ព្រះអង្គសង្គ្រោះបានណែនាំពួកបរិសុទ្ធអំពីការប្រមូលផ្តុំគ្នាទៅរដ្ឋអូហៃអូ។ ទ្រង់បានបង្រៀនពួកគេអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ហើយបានសង្កត់ធ្ងន់លើគោលការណ៍នៃការស្ថាបនាក្រុងស៊ីយ៉ូន ។ ការគោរពតាមគោលការណ៍ទាំងនេះនឹងជួយពួកបរិសុទ្ធឲ្យរៀបចំខ្លួន ដើម្បីទទួលបានក្រឹត្យវិន័យរបស់ព្រះអង្គសង្គ្រោះ ហើយបានទទួលព្រះចេស្ដារបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣២ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៤–២៧ ដោយស្វែងរកគុណលក្ខណៈដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យចង់ឲ្យយើងអភិវឌ្ឍ ។
នៅពេលសិស្សអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤–២៧ អ្នកអាចចង្អុលបង្ហាញឃ្លាដដែលៗនៅក្នុង ខទី ២៤–២៥ បាន ។ អ្នកក៏អាចអញ្ជើញសិស្សពីរបីនាក់ឲ្យធ្វើសកម្មភាពតាមរឿងប្រៀបប្រដូចនៅក្នុង ខទី ២៦–២៧ បានផងដែរ ។
-
តើអ្នកគិតថា ការគោរពបងប្អូនខ្លួនដូចជាខ្លួនឯងមានន័យដូចម្ដេច ? ( សូមមើល ម៉ាថាយ ២២:៣៦–៣៩; យ៉ូហាន ១៣:៣៤–៣៥; យ៉ាកុប ២:១៧–១៩ ) ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីរឿងប្រៀបប្រដូចនេះនៅក្នុង ខទី ២៦–២៧ ?
-
តើ ខទី ២៤–២៧ បង្រៀនយើងអ្វីខ្លះ អំពីរបៀបដែលយើងអាចក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ?
សូមជួយសិស្សឲ្យស្គាល់គោលការណ៍មួយ ដែលស្រដៀងនឹងគោលការណ៍នេះ ៖ យើងអាចក្លាយដូចជាព្រះយេស៊ូវគ្រីស្ទបាន នៅពេលយើងឲ្យតម្លៃដល់អ្នកដទៃ ហើយស្វែងរកសាមគ្គីភាពក្នុងនាមជាសិស្សរបស់ទ្រង់ ។
-
តើព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃការផ្ដល់តម្លៃឲ្យអ្នកដទៃយ៉ាងដូចម្ដេច ? ជាគំរូនៃការលើកទឹកចិត្តឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេច ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីរបៀបដែលយើងអាចឲ្យតម្លៃអ្នកដទៃ និងរួបរួមគ្នាតែមួយ ។
ទីបំផុត យើងដឹងថាមានតែការយល់ដឹងអំពីសេចក្តីពិតនៃភាពជាព្រះបិតារបស់ព្រះប៉ុណ្ណោះ ទើបអាចនាំមកនូវអំណរគុណពេញលេញនៃភាពជាបងប្អូនប្រុសដ៏ពិតប្រាកដរបស់បុរស និងភាពជាបងប្អូនស្រីដ៏ពិតប្រាកដរបស់ស្ត្រី ។ ការយល់ដឹងនោះបំផុសគំនិតយើងឲ្យមានបំណងប្រាថ្នាប្រកបដោយសេចក្តីអាណិតអាសូរ ដើម្បីបង្កើតជាស្ពាននៃការសហការគ្នា ជំនួសឲ្យជញ្ជាំងនៃការបែងចែកវណ្ណៈរវាងគ្នានឹងគ្នា ។
( រ័សុល អិម ណិលសុន « Remarks at Worldwide Priesthood Celebration » [ សុន្ទរកថាធ្វើឡើងនៅឯការប្រារព្ធកម្មវិធី « Be One » នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org )
-
តើអ្នករកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៧ និងក្នុងការបង្រៀនរបស់ប្រធាន ណិលសុន ?
សូមពិចារណាបង្ហាញវីដេអូ « One in Christ » ( ៤:៤៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះជួយយើងឲ្យរួបរួមគ្នា ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣៤–៣៦, ៣៩–៤២ ដោយរកមើលរបៀបដែលពួកបរិសុទ្ធដែលបានត្រៀមខ្លួនដើម្បីប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ ត្រូវបានអញ្ជើញឲ្យរួបរួមគ្នា ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ដែលនឹងជួយដល់អ្នកដែលផ្លាស់ទីលំនៅទៅរដ្ឋអូហៃអូ ឲ្យផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក ហើយមានសាមគ្គីភាពនឹងគ្នា ?
ការលះបង់អាកប្បកិរិយា និងទង្វើនៃការរើសអើង
សូមប្រើប្រសាសន៍របស់ព្យាការីសម័យទំនើប ដើម្បីសង្កត់ធ្ងន់លើគោលលទ្ធិ និងគោលការណ៍នានា ៖ សម្រាប់ការអនុវត្តជាមួយគោលការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីថ្ងៃចុងក្រោយ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។ សូមពិចារណាអនុវត្តជំនាញនេះ « រៀបចំការអញ្ជើញដែលជួយសិស្សឲ្យភ្ជាប់សេចក្ដីពិតដែលបានរកឃើញនៅក្នុងព្រះគម្ពីរ ទៅនឹងអ្វីដែលព្យាការីនៅរស់កំពុងមានប្រសាសន៍ » ដូចដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ណិលសុន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីសារៈសំខាន់នៃរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ ។ សូមអានសេចក្ដីថ្លែងការណ៍នេះ ឬមើលវីដេអូ « ទុកឲ្យព្រះឈ្នះ » ( ១៨:៥១; សូមមើលពីនាទីទី ១០:៤០ ដល់នាទីទី ១៣:០១ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
យើងម្នាក់ៗមានសក្តានុពលដ៏ទេវភាពពីព្រោះយើងម្នាក់ៗគឺជាបុត្ររបស់ព្រះ ។ យើងម្នាក់ៗមានសិទ្ធិស្មើគ្នានៅក្នុងព្រះនេត្រទ្រង់ ។ ការបញ្ចូលសេចក្តីពិតនេះគឺមានអត្ថន័យជ្រាលជ្រៅណាស់ ។ បងប្អូនប្រុសស្រី សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលខ្ញុំរៀបនឹងនិយាយ ។ ព្រះពុំបានសព្វព្រះទ័យពូជសាសន៍មួយ ជាងពូជសាសន៍មួយទៀតនោះទេ ។ គោលលទ្ធិរបស់ទ្រង់អំពីបញ្ហានេះគឺបញ្ជាក់ច្បាស់ ទ្រង់អញ្ជើញ មនុស្សទាំងអស់ ឲ្យមករកទ្រង់ « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី [ នីហ្វៃទី២ ២៦:៣៣ ] » ។
ខ្ញុំសូមបញ្ជាក់ដល់បងប្អូនថា ជំហររបស់បងប្អូនចំពោះព្រះភ័ក្រ្តព្រះគឺមិនត្រូវបានកំណត់ដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។ ការសព្វព្រះទ័យ ឬមិនសព្វព្រះទ័យជាមួយព្រះគឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។
ខ្ញុំសោកស្តាយដែលបងប្អូនប្រុសស្រី មានស្បែកខ្មៅរបស់យើងនៅទូទាំងពិភពលោកបានស៊ូទ្រាំនឹងការឈឺចាប់ នៃការរើសអើង និងការប្រកាន់ពូជសាសន៍នេះ ។ នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់សមាជិករបស់យើងនៅគ្រប់ទីកន្លែងឲ្យនាំមុខនៅក្នុងការបោះបង់ចោលនូវអាកប្បកិរិយា និងសកម្មភាពនៃការរើសអើងនេះ ។ ខ្ញុំសូមអង្វរបងប្អូនឲ្យលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីរបស់ព្រះទាំងអស់ ។
សំណួរសម្រាប់យើងម្នាក់ៗគឺដូចគ្នា ដោយមិនគិតពូជសាសន៍នោះទេ ។ តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលរបស់ទ្រង់ បទបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់ មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះសូរសៀងរបស់ទ្រង់មានអាទិភាពលើសសំឡេងដទៃទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បីទុកឲ្យព្រះទ័យទ្រង់លេបដណ្ដប់ឆន្ទៈរបស់បងប្អូនដែរឬទេ ? ( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៨៤ )
-
តើអ្នកចាប់អារម្មណ៍អ្វីចេញពីការបង្រៀនរបស់ប្រធាន ណិលសុន ?
-
តើមានរបៀបអ្វីខ្លះដែលយើងអាចនាំឲ្យមានការរារាំង ឬការបោះបង់អាកប្បកិរិយា និងទង្វើនៃការរើសអើង ?
នៅពេលដែលសិស្សពិភាក្សាអំពីអ្វីដែលពួកគេបានរៀនពីសម្រង់សម្តីនេះ សូមប្រយ័ត្នប្រយែងចំពោះសិស្សរបស់អ្នកណាម្នាក់ដែលអាចជួបប្រទះនូវការរើសអើង ឬការប្រកាន់ពូជសាសន៍គ្រប់ទម្រង់ទាំងអស់ ។ សូមឲ្យសិស្សចែកចាយពីរបៀបដែលពួកគេបានទទួលពរជ័យ តាមរយៈការព្យាយាមឲ្យតម្លៃដល់អ្នកដទៃ ហើយមានសាមគ្គីភាពគ្នាក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃប្រកបដោយការអធិស្ឋានថា តើពួកគេមានអារម្មណ៍ថា ពួកគេកំពុងធ្វើបានល្អប៉ុនណាក្នុងការផ្ដល់តម្លៃឲ្យអ្នកដទៃ និងស្វែងរកសាមគ្គីភាព ។
សិស្សអាចចង់ឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមគិតប្រកបដោយការអធិស្ឋានអំពីសំណួរដូចខាងក្រោម និងចម្លើយមួយ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីផ្ដល់តម្លៃដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ និងបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកគេ ?
-
តើអ្នកអាចដឹកនាំដើម្បីរារាំង ឬបោះបង់ចោលអាកប្បកិរិយា និងទង្វើនៃការរើសអើងដោយរបៀបណា ?
-
តើការធ្វើដូច្នេះនឹងជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមពិចារណាចែកចាយអារម្មណ៍របស់អ្នកអំពីសារៈសំខាន់នៃរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ និងពរជ័យនៃការរួបរួមតែមួយនៅក្នុងព្រះគ្រីស្ទ ។