« គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣ ៖ ប្រមូលផ្តុំ ‹ ទៅរដ្ឋអូហៃអូ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧–៤០
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣
ប្រមូលផ្តុំ « ទៅរដ្ឋអូហៃអូ »
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រមូលផ្ដុំគ្នាតាមរបៀបជាច្រើន ។ គំរូទីមួយសម្រាប់សមាជិកសាសនាចក្រក្នុងការប្រមូលផ្តុំគ្នាទៅជាក្រុមតែមួយបានកើតឡើង នៅពេលព្រះអម្ចាស់បានបង្គាប់ឲ្យប្រជាជនរបស់ទ្រង់ប្រមូលផ្តុំគ្នា « ទៅរដ្ឋអូហៃអូ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧:១ ) ។ សមាជិកសាសនាចក្រនៅទីក្រុងញូវយ៉ក និងតំបន់ផ្សេងទៀតបានធ្វើការលះបង់ដ៏អស្ចារ្យ ដើម្បីប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបញ្ជាឲ្យរាស្ដ្ររបស់ទ្រង់ឲ្យប្រមូលផ្តុំគ្នា ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ទៅរដ្ឋអូហៃអូ »
ដើម្បីបង្ហាញពីអំណាចនៃការប្រមូលផ្តុំ សូមពិចារណាអំពីសកម្មភាពដូចខាងក្រោមនេះ ។ សូមឲ្យចង្កឹះតូចមួយទៅសិស្សម្នាក់ ហើយអញ្ជើញគាត់ឲ្យបំបាក់វា ។ បន្ទាប់មក សូមឲ្យចង្កឹះមួយបាច់ដល់សិស្សដដែលនោះ ហើយអញ្ជើញគាត់ឲ្យបំបាក់បាច់នោះ ។ កិច្ចការនេះគួរតែពិបាក ប៉ុន្ដែអាចធ្វើបាន ។ ទីបំផុត សូមឲ្យចង្កឹះមួយបាច់ស្រដៀងគ្នាដល់សិស្សដដែលនោះ ប៉ុន្ដែសូមបន្ថែមចង្កឹះធំមួយចូល ។ សូមអញ្ជើញសិស្សនោះឲ្យបំបាក់បាច់នេះ ។ បាច់នេះគួរតែមិនអាចបំបាក់បាននោះទេ ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា តើចង្កឹះតូចៗនោះអាចតំណាងឲ្យនរណា ( បុគ្គលម្នាក់ៗ ) ហើយតើនរណាអាចតំណាងឲ្យចង្កឹះធំនោះ ( ព្រះយេស៊ូវគ្រីស្ទ ) ។ សូមពិចារណាអំពីសំណួរដូចខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យរកឃើញអំណាចនៃការប្រមូលផ្តុំគ្នាទៅកាន់ព្រះអង្គសង្គ្រោះ ។
-
តើការណ៍នេះអាចបង្រៀនយើងអ្វីខ្លះ អំពីអំណាចនៃការប្រមូលផ្តុំ ? អ្វីខ្លះអំពីអំណាចនៃការប្រមូលផ្តុំគ្នាទៅកាន់ព្រះអង្គសង្គ្រោះ ?
ការវាយតម្លៃខ្លួនឯងខាងក្រោមនេះអាចជួយសិស្សឲ្យគិតអំពីកាលៈទេសៈរបស់ពួកគេផ្ទាល់ខ្លួននៅក្នុងអំឡុងពេលមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងសំណួរនីមួយៗ ។ សូមពិភាក្សាអំពីសំណួរចុងក្រោយជាថ្នាក់រួមគ្នា ហើយសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀនសម្រាប់ជាសេចក្ដីយោង ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអង្គសង្គ្រោះបញ្ជាឲ្យប្រជាជនរបស់ទ្រង់ប្រមូលផ្តុំគ្នា ?
-
តើអ្នកត្រូវការពរជ័យអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដែលអាចកើតមកពីការជួបជុំគ្នាជាមួយសមាជិកសាសនាចក្រផ្សេងទៀត ?
-
តើសព្វថ្ងៃនេះ យើងប្រមូលផ្តុំគ្នានៅកន្លែងណាខ្លះ ដើម្បីទទួលអារម្មណ៍នៃព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ?
មនុស្សជាច្រើននៅរដ្ឋអូហៃអូ បានឆ្លើយតបទៅនឹងសារលិខិតនៃការស្តារឡើងវិញ ហើយបានចូលរួមក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងចំណោមមនុស្សទាំងនោះ មានអាចារ្យម្នាក់ឈ្មោះ ស៊ីឌនី រិកដុន ។ ស៊ីឌនី និងភរិយារបស់គាត់ ហ្វេប បានយល់ថា ប្រសិនបើពួកគាត់ទទួលយកព្រះគម្ពីរមរមន ហើយចូលរួមក្នុងសាសនាចក្រ នោះពួកគាត់នឹងបាត់បង់ផ្ទះ និងជីវិតរបស់ពួកគាត់ ។ ពួកគាត់បានពិចារណាប្រកបដោយការអធិស្ឋានអំពីរឿងនេះ ហើយបានទទួលបុណ្យជ្រមុជទឹក ។ សមាជិកជាច្រើននៃក្រុមជំនុំរបស់ រិកដុន ក៏បានចូលរួមក្នុងសាសនាចក្រផងដែរ ។
នៅទីក្រុងញូវយ៉ក សមាជិកសាសនាចក្រជាច្រើនបានប្រឈមមុខនឹងការបៀតបៀនយ៉ាងធ្ងន់ធ្ងរ ។ នៅក្នុងករណីមួយចំនួន សត្រូវរបស់ពួកគេបានគំរាមកំហែងដល់ជីវិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ហើយបានជួបជុំគ្នាដោយសម្ងាត់ដើម្បីរៀបចំផែនការបំផ្លិចបំផ្លាញពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១៣, ២៨–២៩ ) ។ នៅពេល ស៊ីឌនី រិកដុន បានមកដល់ទីក្រុងញូវយ៉ក ដើម្បីជួប យ៉ូសែប ស្ម៊ីធ គាត់បាននាំពាក្យអំពីរបៀបដែលមនុស្សទទួលយកដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅរដ្ឋអូហៃអូ ។ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយដោយមានការណែនាំ ដែលអាចជួយពួកបរិសុទ្ធនៅទីក្រុងញូវយ៉កបាន ក្នុងការលំបាកដែលពួកគេបានប្រឈមមុខ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧:១–៤ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យសមាជិកសាសនាចក្ររបស់ទ្រង់ធ្វើ ។
ផែនទីខាងក្រោមនេះអាចជួយសិស្សឲ្យមើលឃើញពីចម្ងាយផ្លូវ ដែលសមាជិកខ្លះត្រូវធ្វើដំណើរដើម្បីមកប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ ។
-
តើសមាជិកសាសនាចក្រអាចមានប្រតិកម្មយ៉ាងណាចំពោះការបង្គាប់នេះ ? ហេតុអ្វី ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ដែលអាចជួយអ្នកឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅពេលបទបញ្ញត្តិរបស់ទ្រង់ហាក់ដូចជាពិបាកដើម្បីគោរពតាម ?
មិនយូរប៉ុន្មានបន្ទាប់ពីបានទទួលការបង្គាប់នេះឲ្យទៅរដ្ឋអូហៃអូ ថ្នាក់ដឹកនាំសាសនាចក្របានប្រមូលផ្តុំគ្នាធ្វើសន្និសីទមួយ និងបានពិភាក្សាអំពីការធ្វើបម្លាស់ទីនេះ ។ ការគោរពតាមការបង្គាប់នេះមានន័យថា ត្រូវទុកចោលទ្រព្យសម្បត្តិ ហើយសម្រាប់ពួកបរិសុទ្ធមួយចំនួនគឺត្រូវចាកចោលគ្រួសាររបស់ពួកគេ ។ យ៉ូសែប ស្ម៊ីធ បានទទួល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨ នៅក្នុងសន្និសីទនេះ ។ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១០៩–១១ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១–៧ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីព្រះអង្គទ្រង់ ។
-
តើការយល់ដឹងពីរឿងទាំងនេះអំពីព្រះអង្គសង្គ្រោះ អាចបានជួយពួកបរិសុទ្ធឲ្យធ្វើការលះបង់ដ៏ចាំបាច់នានាដើម្បីប្រមូលផ្ដុំគ្នាដោយរបៀបណា ?
ព្រះអម្ចាស់ប្រទានពរជ័យដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅពេលពួកគេប្រមូលផ្តុំគ្នាមករកទ្រង់
សិស្សអាចរៀនអនុវត្តជំនាញសិក្សាព្រះគម្ពីរក្នុងការបង្កើតបញ្ជីបាន ដោយការគូសសម្គាល់នូវពរជ័យនៃការប្រមូលផ្តុំនៅក្នុងវគ្គបទគម្ពីរខាងក្រោមនេះ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៨–៣៣ ដោយរកមើលរបៀបដែលពួកបរិសុទ្ធបានទទួលពរជ័យ ដោយការធ្វើតាមការបង្គាប់របស់ព្រះអង្គសង្គ្រោះឲ្យប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ ។
-
តើព្រះអង្គសង្គ្រោះបានប្រទានពរជ័យដល់សមាជិកសាសនាចក្រ ដោយសារការប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូយ៉ាងដូចម្ដេច ?
-
តើមានមូលហេតុណាខ្លះ ដែលព្រះអង្គសង្រ្គោះបង្គាប់ឲ្យប្រជាជនរបស់ទ្រង់ប្រមូលផ្តុំគ្នា ?
សិស្សអាចរកឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នានឹងសេចក្ដីពិតនេះ ៖ ព្រះអម្ចាស់ប្រមូលផ្ដុំប្រជារាស្រ្តរបស់ទ្រង់ដើម្បីការពារពួកគេ ហើយពង្រឹងពួកគេឲ្យរឹងមាំខាងវិញ្ញាណ ។
-
តើព្រះអង្គសង្រ្គោះការពារយើង និងពង្រឹងយើងឲ្យរឹងមាំខាងវិញ្ញាណតាមរបៀបណាខ្លះ នៅពេលយើងគោរពតាមការបង្គាប់របស់ទ្រង់ឲ្យប្រមូលផ្ដុំគ្នានោះ ?
សូមពិចារណាអញ្ជើញសិស្សពីរនាក់ឲ្យអានដំណើររឿងខាងក្រោមនេះទៅកាន់សិស្សក្នុងថ្នាក់ ឬបែងចែកសិស្សក្នុងថ្នាក់ទៅជាដៃគូ ហើយអញ្ជើញពួកគេឲ្យអានដំណើររឿងទាំងនោះឲ្យគ្នាស្ដាប់ទៅវិញទៅមក ។ ដំណើររឿងទាំងនេះអាចជួយសិស្សឲ្យមើលឃើញពីរបៀបដែលព្រះអម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ ដើម្បីគង់នៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីដឹកនាំពួកគេនៅឆ្នាំ ១៨៣១ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៧, ៣៣ ) ។ អ្នកអាចចង់លើកឡើងថា ដំណើររឿងទាំងនេះអាចផ្ដល់ទំនុកចិត្តដល់យើងថា ព្រះអម្ចាស់នឹងប្រទានពរជ័យដល់យើង នៅពេលយើងគោរពតាមការបង្គាប់របស់ទ្រង់ឲ្យប្រមូលផ្តុំគ្នានៅក្នុងជំនាន់របស់យើង ។
សាខាហ្វាយែត
លូស៊ី ម៉ាក ស្ម៊ីធ បានដឹកនាំសាខាហ្វាយែត ។ ពួកគេបានធ្វើដំណើរដោយទូកតាមបណ្តោយប្រឡាយ អេរី និងឆ្លងកាត់បឹង អេរី ។ នៅពេលពួកគេបានទៅដល់បឹងនោះ ទឹកកកក្រាស់នៅកំពង់ផែនោះបានរារាំងការធ្វើដំណើររបស់ពួកគេ ។ ពួកបរិសុទ្ធដែលបាក់ទឹកចិត្ត បានរងភាពត្រជាក់ និងការស្រេកឃ្លាន ហើយពួកគេបានចាប់ផ្ដើមទាស់សម្ដីគ្នា ។ លូស៊ី បានស្រែកដាក់ពួកគេ ៖
« តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា ? » តើទំនុកចិត្តរបស់អ្នករាល់គ្នាទៅលើព្រះនៅឯណា ? ប្រសិនបើអ្នកទាំងអស់គ្នានឹងលើកឡើងនូវបំណងប្រាថ្នារបស់អ្នកទៅកាន់ស្ថានសួគ៌ថា សូមឲ្យទឹកកកនេះអាចនឹងបែកទៅ ហើយយើងនឹងមានសេរីភាព ដូចភាពប្រាកដថាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ នោះវានឹងកើតឡើង » ។
ភ្លាមៗនោះ លូស៊ី បានឮសំឡេងផ្គរលាន់ ។ ទឹកកកនៅកំពង់ផែនោះបានបែកល្មម ដើម្បីធ្វើឲ្យទូករបស់ពួកគេអាចឆ្លងកាត់បាន ។ ពួកបរិសុទ្ធដែលមានអំណរគុណទាំងនោះ បានប្រមូលផ្ដុំគ្នាធ្វើការអធិស្ឋាន ។ ពួកគេបានធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ( សូមមើល ពួកបរិសុទ្ធ ១:១២១–២៣ ) ។
សាខាខូលស្វិល
នូវល ណៃត៍ បានដឹកនាំសាខាខូលស្វិល ។ ខណៈដែល នូវល បានទៅឆ្ងាយ នោះម្ដាយមីងរបស់គាត់ឈ្មោះ អេឡិកតា ផិក បានដួល ហើយបានបាក់ឆ្អឹងស្មារបស់គាត់ ។ គ្រូពេទ្យវះកាត់ម្នាក់បានព្យាយាមសម្រាលការឈឺចាប់របស់គាត់ ហើយបាននិយាយថា វានឹងជាអព្ភូតហេតុមួយ ប្រសិនបើគាត់អាចធ្វើដំណើរបានក្នុងរយៈពេលពីរបីសប្តាហ៍ទៀតនោះ ។ អេឡិកតា បានយល់សុបិនថា នូវល បានត្រឡប់មកវិញ ហើយបានដាក់ដៃលើក្បាលគាត់ ហើយថា គាត់នឹងបានជាសះស្បើយទាំងស្រុង ។ នៅពេលដែល នូវល បានត្រឡប់មកវិញ គាត់បានឮអ្វីដែលបានកើតឡើងចំពោះម្ដាយមីងរបស់គាត់ ហើយបានទៅជួបគាត់ ។ គាត់បានស្នើសុំឲ្យ នូវល ប្រសិទ្ធពរឲ្យគាត់ ។ នូវល បានទៅជិតគ្រែ បានបណ្ដេញការឈឺចាប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយបានបង្គាប់ឲ្យ អេឡិកតា បានជាសះស្បើយឡើងវិញ ។ នៅព្រឹកស្អែក អេឡិកតា បានក្រោកឡើង ស្លៀកពាក់ ហើយបន្តដំណើរទៅមុខទៀត ។ ( សូមមើល Newel Knight, The Rise of the Latter-day Saints: The Journals and Histories of Newel Knight បានកែសម្រួលដោយ Michael Hubbard MacKay and William G. Hartley [ ឆ្នាំ ២០១៩ ] ទំព័រ ៣២–៣៣ ) ។
សូមពិចារណាអញ្ជើញសិស្សឲ្យប្រមូលគ្នាជាក្រុមៗ ដើម្បីពិភាក្សាអំពីសំណួរខាងក្រោម ។ ដើម្បីឲ្យមានភាពខុសគ្នា ពួកគេអាចប្រមូលផ្តុំគ្នាដោយផ្អែកលើលក្ខណៈមួយ ដូចជា កម្ពស់របស់ពួកគេ ឬពេលវេលានៃឆ្នាំដែលពួកគេកើត ។ សូមរំឭកសិស្សឲ្យយោងទៅបញ្ជីនៃទីកន្លែងប្រមូលផ្តុំគ្នានៅលើក្ដារខៀន ។
-
តើដំណើររឿងទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចការពារយើង និងពង្រឹងយើងឲ្យរឹងមាំខាងវិញ្ញាណបាន កាលយើងប្រមូលផ្ដុំគ្នាមករកទ្រង់នោះ ?
-
តើអ្នកទទួលបានពរជ័យផ្ទាល់ខ្លួនយ៉ាងណាខ្លះ តាមរយៈការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យប្រមូលផ្តុំគ្នាមករកទ្រង់ ?
ការប្រមូលផ្តុំរបស់យើងផ្ទាល់
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្ត ឲ្យឡើងចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់បាន ។ សូមពិចារណាចែកចាយពីរបៀបដែលអ្នកបានទទួលពរជ័យ តាមរយៈការប្រមូលផ្តុំជាមួយពួកបរិសុទ្ធដទៃទៀត ដូចដែលព្រះអង្គសង្គ្រោះបានត្រាស់បញ្ជាមក ។
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះកំពុងអញ្ជើញអ្នកឲ្យប្រមូលផ្តុំគ្នាមករកទ្រង់តាមរបៀបណា ?
-
ពួកបរិសុទ្ធបានលះបង់កសិដ្ឋានរបស់ខ្លួន ដើម្បីគោរពតាមការបង្គាប់របស់ព្រះអម្ចាស់ឲ្យប្រមូលផ្តុំគ្នា ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣៧ ) ។ តើព្រះអម្ចាស់តម្រូវឲ្យយើងលះបង់អ្វីខ្លះ ដើម្បីទទួលបានពរជ័យមកពីការប្រមូលផ្តុំគ្នានេះ ?
-
តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះដែលនឹងជួយអ្នកឲ្យទទួលយកការអញ្ជើញរបស់ទ្រង់ឲ្យប្រមូលផ្តុំគ្នាមករកទ្រង់ ?