« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៩–២៩ ៖ ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៩–២៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៩–២៩
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងជាថ្ងៃដ៏អស្ចារ្យ និងគួរឲ្យស្ញែងខ្លាចមួយ ។ អ្នកដែលបដិសេធសារទូត និងការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ នឹងទទួលរងនូវផលវិបាកពីជម្រើសរបស់ពួកគេ ។ អ្នកដែលកំពុងខិតខំព្យាយាមធ្វើតាមទ្រង់ នឹងមានអំណរក្នុងការឃើញព្រះប្រោសលោះរបស់ពួកគេយាងត្រឡប់មកកាន់ផែនដីវិញ ។ ទ្រង់នឹងសង្គ្រោះពួកគេពីអំពើទុច្ចរិត និងទុក្ខសោក ហើយរស់នៅជាមួយពួកគេរយៈពេលមួយពាន់ឆ្នាំ ។ មេរៀននេះអាចជួយសិស្សឲ្យមានអំណរ នៅពេលពួកគេទន្ទឹងរង់ចាំការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដីនេះវិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភ័យខ្លាច ឬមានអំណរ ?
សូមពិចារណាបង្ហាញរូបភាពនៃការយាងមកជាលើកទីពីរ ដូចជារូបភាពមួយនៅដើមមេរៀននេះជាដើម ។ នៅជិតរូបភាពនេះ សូមបង្កើតមាត្រដ្ឋានពី ១ ដល់ ១០ ដែល ១ តំណាងឲ្យ « ភ័យខ្លាច » និង ១០ តំណាងឲ្យ « អំណរ » ។ សូមឲ្យសិស្សច្រើននាក់ដាក់សញ្ញាមួយនៅលើមាត្រដ្ឋាននោះ ដែលតំណាងឲ្យការគិតរបស់ពួកគេថា តើក្មេងជំទង់ជាច្រើនមានអារម្មណ៍យ៉ាងណាអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យពួកគេពន្យល់ពីសញ្ញារបស់ពួកគេ ។
បន្ទាប់មក សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះដោយស្ងាត់ស្ងៀម ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
-
នៅពេលអ្នកគិតអំពីការយាងមកជាលើកទីពីរ តើអ្នកមានទំនោរផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើព្រះអង្គសង្គ្រោះ ឬទៅលើការលំបាកនានាដែលកើតឡើងមុនការយាងត្រឡប់មកវិញរបស់ទ្រង់ ? តើការផ្តោតរបស់អ្នកជះឥទ្ធិពលលើអារម្មណ៍របស់អ្នកយ៉ាងដូចម្ដេច ?
សូមចំណាយពេលចាំបាច់ដើម្បីជួយសិស្សឲ្យយល់ពីខ្លឹមសារនៃកថាខណ្ឌខាងក្រោមនេះ ។
វាជាការពិតដែលថា ការសាកល្បង និងអំពើទុច្ចរិតដ៏ធំជាច្រើននឹងមាននៅថ្ងៃចុងក្រោយ ហើយថា « សេចក្ដីវេទនា និងសេចក្ដីហិនវិនាស » នឹងត្រូវបានចាត់ឲ្យមានមកលើពួកទុច្ចរិត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៨ ) ។ វាក៏សំខាន់ផងដែរក្នុងការដឹងថា ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះមិនបណ្ដាលឲ្យមានការសាកល្បង និងអំពើទុច្ចរិតនោះទេ ។ ការយាងត្រឡប់មកវិញរបស់ទ្រង់នឹងរំដោះពួកសិស្សរបស់ទ្រង់ចេញពីការសាកល្បង និងអំពើទុច្ចរិតទាំងនោះវិញ ។ ការយាងមកជាលើកទីពីរនឹងកាន់តែអស្ចារ្យសម្រាប់អ្នកដើរតាមរបស់ទ្រង់ ជាងអ្វីដែលយើងអាចស្រមៃបានទៅទៀត ! នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលហេតុផលដែលពួកអ្នកស្មោះត្រង់អាចមានអំណរ និងសេចក្ដីសង្ឃឹម កាលពួកគេគិតអំពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
អររីករាយនៅក្នុងការយាងមករបស់ព្រះគ្រីស្ទ !
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១០–១៣ ហើយរកមើលពាក្យ និងឃ្លាដែលផ្ដល់ហេតុផលឲ្យអ្នកអររីករាយ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១០–១១ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីពាក្យ និងឃ្លានានាដែលពួកគេបានរកឃើញ ។ សូមសួរសិស្សបីបួននាក់ថា ហេតុអ្វីបានជាអ្វីដែលពួកគេបានរកឃើញ ជួយពួកគេឲ្យអររីករាយ ។
នៅពេលពួកគេចែកចាយ អ្នកអាចជួយពួកគេឲ្យធ្វើឲ្យអ្វីដែលពួកគេបានរកឃើញនោះមានលក្ខណៈផ្ទាល់ខ្លួន តាមរយៈការសួរសំណួរតាមដានដូចខាងក្រោមនេះ ៖
-
តើវាអាចលួងលោមអ្នកយ៉ាងណាដែរ ពេលអ្នកដឹងថា នៅពេលដែលព្រះយេស៊ូវបង្ហាញព្រះកាយមក នោះនឹងមាន « ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ » ? ( ខទី ១១ ) ។
-
តើអ្នកស្រមៃឃើញជីវិតប្រចាំថ្ងៃរបស់អ្នកខុសគ្នាយ៉ាងដូចម្ដេចទៅ នៅពេលដែលព្រះគ្រីស្ទគង់ « នៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោក » ? ( ខទី ១១ ) ។
-
តើមនុស្សជាទីស្រឡាញ់របស់អ្នកណាម្នាក់ដែលបានទទួលមរណភាព ដែលអ្នកនឹងមានចិត្តរំភើបបំផុតដើម្បីជួបម្ដងទៀត នៅពេលព្រះអង្គសង្គ្រោះធ្វើឲ្យពួកសុចរិតរស់ឡើងវិញនៅឯការយាងមករបស់ទ្រង់ ? ( សូមមើល ខទី ១៣ ) ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដើម្បី « នៅជាមួយនឹង [ ព្រះគ្រីស្ទ ] ប្រយោជន៍ឲ្យយើងទាំងឡាយអាចបានរួមតែមួយ » ? ( ខទី ១៣ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូវចង់បានរួមគ្នាតែមួយជាមួយអ្នក ?
អ្នកអាចនឹងស្នើឲ្យសិស្សគូសចំណាំឃ្លាបទគម្ពីរគន្លឹះនៅក្នុង ខទី ១១ ៖ « យើងនឹងសម្ដែងខ្លួនឲ្យឃើញពីស្ថានសួគ៌ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ … ហើយនឹងស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោក នៅលើផែនដីអស់មួយពាន់ឆ្នាំ » ។
មេរៀននេះដែលនៅសល់ទាំងប៉ុន្មាន នឹងផ្តោតទៅលើលក្ខខណ្ឌដ៏អស្ចារ្យ ដែលព្រះអង្គសង្គ្រោះនឹងប្រទានពរជ័យដល់ពួកសុចរិត ក្នុងអំឡុងពេល និងក្រោយពេលទ្រង់យាងត្រឡប់មកវិញ ។
មុនពេលបន្ដទៅមុខទៀត អ្នកអាចចង់ជួយសិស្សឲ្យយល់ពីឃ្លាចុងក្រោយនៃ ខទី ១១ « ពួកទុច្ចរិតនឹងពុំឈរមាំមួនឡើយ » ។ សិស្សអាចអាន ខទី ៩, ១៥ និង ១៧ ដើម្បីមើលឃើញពីផលវិបាកដែលអ្នកបដិសេធព្រះគ្រីស្ទនឹងរងទុក្ខ ។ ប្រសិនបើអ្នកសិក្សាខគម្ពីរទាំងនេះនៅក្នុងថ្នាក់រៀន សូមរំឭកដល់សិស្សដែលព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេថា សេចក្ដីប្រាថ្នា និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះគឺដើម្បីអភ័យទោស និងព្យាបាលដល់មនុស្សទាំងអស់ដែលប្រែចិត្ត ហើយមករកទ្រង់ ។
( ចំណាំ ៖ មេរៀនទាំងឡាយនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥ នឹងផ្តោតកាន់តែជាក់លាក់ទៅលើទីសម្គាល់នៃពេលវេលា និងការរៀបចំផ្ទាល់ខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ) ។
ព្រះគ្រីស្ទនឹងរស់នៅជាមួយមនុស្សលោករយៈពេលមួយពាន់ឆ្នាំ
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីស្ថានភាពនៅលើផែនដីអំឡុងពេល និងបន្ទាប់ពីការសោយរាជ្យរយៈពេលមួយពាន់ឆ្នាំរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យចែកចាយសំណួរ ដែលពួកគេមានអំពីស្ថានភាពនោះផងដែរ ។
សូមចំណាយពេលពីរបីនាទីដើម្បីស្រាវជ្រាវរកប្រភពដែលបានតែងតាំងដោយព្រះ សម្រាប់ចម្លើយចំពោះសំណួរនានាដែលអ្នកអាចមានអំពីសហស្សវត្សរ៍ និងសម្រាប់ស្ថានភាពដ៏រីករាយ ដែលនឹងមានក្នុងអំឡុងពេល និងបន្ទាប់ពីការសោយរាជ្យរបស់ព្រះគ្រីស្ទនៅសហស្សវត្សរ៍ ។ សកម្មភាពខាងក្រោមនេះអាចជួយដល់អ្នកនៅក្នុងការសិក្សារបស់អ្នកបាន ៖
សូមពិចារណាបែងចែកសិស្សទៅជាក្រុមតូចៗ ដោយឲ្យក្រុមនីមួយៗសិក្សាប្រភពមួយក្នុងចំណោមប្រភពដូចខាងក្រោមនេះ ។ បន្ទាប់មក សូមអញ្ជើញក្រុមនីមួយៗឲ្យបង្ហាញនូវអ្វីដែលពួកគេបានរៀនដល់សិស្សក្នុងថ្នាក់ក៏បាន ឬអញ្ជើញសិស្សឲ្យបង្កើតក្រុមថ្មីជាមួយសិស្សដទៃទៀតក៏បាន ដែលម្នាក់ៗបានសិក្សាប្រភពផ្សេងគ្នា ហើយប្ដូរវេនគ្នាចែកចាយអ្វីដែលពួកគេបានរៀន ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សហស្សវត្ស » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
Gospel Topics « Millennium » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:២៣–២៧
អេសាយ ៦៥:១៩–២៥
វិវរណៈ ២០:១–៣
ដើម្បីជួយសិស្សឲ្យឃើញច្បាស់ពីមូលហេតុដែលត្រូវអររីករាយនឹងលក្ខខណ្ឌ បន្ទាប់ពីការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ អ្នកអាចបញ្ចប់ផ្នែកនៃមេរៀននេះ ដោយការចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែក « ធនធានបន្ថែមទាំងឡាយ » ។
ការផ្ដោតទៅលើព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យស្រមៃឃើញព្រះអង្គសង្គ្រោះដែលពេញដោយក្ដីស្រឡាញ់ចុះមកពីស្ថានសួគ៌ សូមពិចារណាបង្ហាញវីដេអូ « Jesus Christ Appears in the Ancient Americas » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១១:២០ ដល់នាទីទី ១៦:៣១ ។ សូមអញ្ជើញពួកគេឲ្យរកមើលភាពស្រដៀងគ្នារវាងសេចក្ដីស្រឡាញ់ ដែលបានបង្ហាញដោយការយាងមករបស់ព្រះអង្គសង្គ្រោះទៅជួបនឹងពួកសាសន៍នីហ្វៃ និងអ្វីដែលពួកគេស្រមៃថានឹងកើតឡើង នៅពេលដែលទ្រង់យាងត្រឡប់មកវិញ ។
សូមពិចារណាបិទភ្នែករបស់អ្នក ហើយព្យាយាមស្រមៃថា ព្រះយេស៊ូវគ្រីស្ទយាងចុះពីស្ថានសួគ៌មកដើម្បីសង្គ្រោះ ការពារ និងព្យាបាលអ្នកដើរតាមទ្រង់ទាំងឡាយ ។ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអារម្មណ៍ដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកទទួលបាន ស្ដីពីការយាងត្រឡប់មកវិញរបស់ព្រះរាជបុត្រារបស់ទ្រង់ ។
-
តើអ្នកស្រមៃឃើញថា ទឹកព្រះភ័ក្រ្ដរបស់ទ្រង់មានលក្ខណៈបែបណា នៅពេលទ្រង់ទតទៅអស់អ្នកដែលខិតខំដើរតាមទ្រង់នោះ ?
-
តើអ្នកស្រមៃថា ទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់ពួកអ្នកស្មោះត្រង់ បន្ទាប់ពីការយាងចុះរបស់ទ្រង់ ?
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យពួកសិស្សរបស់ទ្រង់មានអារម្មណ៍យ៉ាងណា អំពីការយាងត្រឡប់របស់ទ្រង់មកកាន់ផែនដីវិញ ?
សូមពិចារណាចែកចាយអារម្មណ៍របស់អ្នកផ្ទាល់ នៅពេលអ្នកទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដីនេះ ។ អ្នកអាចចង់បញ្ចប់មេរៀននេះ ដោយការច្រៀងទំនុកតម្កើងបិទ ដែលថ្លែងអំពីអំណរនៃការយាងមករបស់ព្រះគ្រីស្ទ និងការសោយរាជ្យរបស់ទ្រង់នៅសហស្សវត្សរ៍ ដូចជាបទ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង ល.រ. ២ ) « ចូរយើងអរសប្បាយ » ( ទំនុកតម្កើង ល.រ. ៣ ) ឬ « អំណរដល់លោក » ( ទំនុកតម្កើង ល.រ. ១២៤ ) ។
ទន្ទេញ
អ្នកក៏អាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះឲ្យចាំផងដែរ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះនេះគឺ « យើងនឹងសម្ដែងខ្លួនឲ្យឃើញពីស្ថានសួគ៌ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ … ហើយនឹងស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោកនៅលើផែនដីអស់មួយពាន់ឆ្នាំ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។