« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–៨ ៖ ចូរស្ដាប់តាមព្រះប្រោសលោះរបស់អ្នក » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:១–៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨
ចូរស្ដាប់តាមព្រះប្រោសលោះរបស់អ្នក
ព្រះវរបិតាសួគ៌មានសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ ទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់សព្វព្រះទ័យចង់ឲ្យយើងសប្បាយរីករាយក្នុងជីវិតនេះ ហើយចូលរួមជាមួយទ្រង់ទាំងទ្វេក្នុងការប្រមូលផ្ដុំមនុស្សទាំងអស់ ឲ្យត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ពីព្រះរាជបំណងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកទុកចិត្តលើនរណា ?
សូមពិចារណាអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យឃើញថា ការទុកចិត្តលើនរណាម្នាក់ពឹងផ្អែកយ៉ាងខ្លាំងលើការយល់ដឹងពីការជំរុញចិត្ត ឬបំណងប្រាថ្នារបស់ពួកគេ ។ ខាងក្រោមនេះគឺជារបៀបមួយដែលអ្នកអាចធ្វើការណ៍នេះបាន ។
សូមគិតអំពីមនុស្សដែលអ្នកនឹងអាចទុកចិត្តបានដើម្បីធ្វើការណ៍ដូចខាងក្រោមនេះជាមួយ និងមូលហេតុ ។
-
កូនសោផ្ទះរបស់អ្នក
-
ពាក្យសម្ងាត់របស់អ្នកទៅកាន់ឧបករណ៍ ឬគណនីផ្ទាល់ខ្លួន
-
ក្ដីសុបិន ឬគោលដៅដ៏ផ្ទាល់ខ្លួនបំផុតរបស់អ្នក
-
តើអ្នកដឹងអ្វីខ្លះអំពីបុគ្គលនោះ ឬមនុស្សដែលជះឥទ្ធិពលលើឆន្ទៈរបស់អ្នកដើម្បីទុកចិត្តលើពួកគេ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរប្រយោគមួយ ឬពីរដែលរៀបរាប់ពីអ្វីដែលអ្នកដឹងអំពីការជំរុញចិត្ត និងព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកដឹងអ្វីមួយអំពីការជំរុញចិត្ត ឬព្រះរាជបំណងរបស់ទ្រង់ សូមពិចារណាពីរបៀបដែលវាជះឥទ្ធិពលលើឆន្ទៈរបស់អ្នកក្នុងការទុកចិត្តលើទ្រង់ទាំងទ្វេ ។ ប្រសិនបើអ្នកមិនដឹងច្រើនអំពីការជំរុញចិត្ត ឬព្រះរាជបំណងរបស់ទ្រង់ទេ សូមគិតអំពីមូលហេតុដែលការដឹងពីការណ៍នេះគឺជាជំហានដ៏សំខាន់មួយដើម្បីមានឆន្ទៈទុកចិត្តលើទ្រង់ទាំងទ្វេ ។
ព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
មុនសន្និសីទសាសនាចក្រនៅ ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអង្គសង្គ្រោះបានមានបន្ទូលនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ អំពីសេចក្ដីស្រឡាញ់ និងព្រះរាជបំណងដែលទ្រង់ និងព្រះវរបិតាសួគ៌មានសម្រាប់មនុស្សគ្រប់រូប ។
សកម្មភាពខាងក្រោមនេះគឺជាវិធីមួយដើម្បីជួយសិស្សឲ្យសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ ។ សកម្មភាពនេះអាចចាំបាច់ត្រូវកែប្រែដើម្បីសម្របសម្រួលទៅតាមទំហំ ឬតម្រូវការរបស់សិស្សក្នុងថ្នាក់របស់អ្នក ។
សូមសរសេរលេខមួយដល់ទៅប្រាំបីដាក់នៅលើក្ដារខៀន ។ បន្ទាប់មក សូមផ្ដល់ការណែនាំខាងក្រោមនេះដល់សិស្ស ។ សូមឲ្យពួកគេធ្វើតាមការណែនាំនីមួយៗ មុននឹងផ្តល់ការណែនាំបន្ទាប់ទៀតដល់ពួកគេ ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ ហើយគូសចំណាំនូវអ្វីដែលអ្នករៀនអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរនីមួយៗ ។
-
សូមសរសេរឈ្មោះរបស់អ្នកនៅលើក្ដារខៀន នៅជាប់នឹងលេខខគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះអ្នក ។
សូមរង់ចាំឲ្យសិស្សទាំងអស់សរសេរឈ្មោះរបស់ពួកគេដាក់នៅលើក្តារខៀន នៅជាប់នឹងលេខខគម្ពីរមួយ មុននឹងបន្ដទៅជំហានបន្ទាប់ទៀត ។
-
ប្រសិនបើអាច សូមប្រមូលសិស្សពីរ ឬបីនាក់ដែលបានសរសេរឈ្មោះរបស់ខ្លួននៅជាប់នឹងលេខខគម្ពីរដូចគ្នាឲ្យនៅជាមួយគ្នា ។
ប្រសិនបើមានតែសិស្សម្នាក់ប៉ុណ្ណោះដែលសរសេរឈ្មោះរបស់ខ្លួននៅជាប់នឹងលេខខគម្ពីរមួយ សូមពិចារណាអនុញ្ញាតឲ្យសិស្សនោះជ្រើសរើសធ្វើការដោយខ្លួនឯងក៏បាន ឬចូលរួមក្រុមផ្សេងទៀតក៏បាន ។
-
សូមចែកចាយជាមួយក្រុមរបស់អ្នកនូវពាក្យ ឬឃ្លានានា ដែលអ្នកបានគូសសម្គាល់នៅក្នុងខគម្ពីររបស់អ្នក និងអ្វីដែលវាបង្រៀនអ្នកអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុងក្រុមរបស់អ្នក សូមពិភាក្សាអំពីសំណួរមួយដែលអាចជួយពង្រឹងការយល់ដឹងរបស់អ្នកអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែស៊ីជម្រៅ ។
សូមបង្ហាញ ឬផ្តល់ឲ្យក្រុមនីមួយៗនូវបញ្ជីសំណួរមួយ ដែលពួកគេអាចជ្រើសរើសយកមកពិភាក្សាបាន ។ សិស្សអាចជ្រើសយកសំណួរមួយចេញពីបញ្ជីសំណួរ ដែលបានផ្ដល់យោបល់នេះ ឬពួកគេអាចបង្កើតសំណួររបស់ពួកគេផ្ទាល់ខ្លួនបាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន ៖
-
តើការដឹងពីសេចក្ដីពិតនេះអាចមានឥទ្ធិពលលើរបៀបដែលអ្នកមើលទៅខ្លួនអ្នក និងអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើអ្នកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបង្ហាញពីព្រះរាជបំណងទាំងនេះនៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតរបស់អ្នកដទៃនៅពេលណា ?
-
តើបទគម្ពីរបន្ថែមណាខ្លះដែលបង្រៀនពីសេចក្ដីពិតស្រដៀងគ្នានេះ ? ( សូមមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លេខយោង ឬធនធានផ្សេងទៀតដើម្បីស្វែងរកបទគម្ពីរខ្លះៗ ) ។
-
តើព្យាការី សាវក ឬថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតបានបង្រៀនអ្វីខ្លះ ដែលគាំទ្រដល់សេចក្ដីពិតនេះ ? ( សូមស្រាវជ្រាវក្នុងសេចក្តីថ្លែងការណ៍នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
-
តើខគម្ពីរនេះអាចបង្កើនសមត្ថភាពរបស់យើង ដើម្បីមើលទៅជីវិតចេញពីទស្សនវិស័យដ៏អស់កល្បជានិច្ចមួយបានដោយរបៀបណា ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីខគម្ពីរនេះ ? តើសំណួរអ្វីខ្លះដែលយើងអាចសួរបាន ដើម្បីយល់ពីខគម្ពីរនេះកាន់តែច្បាស់ ? ( សូមធ្វើការជាមួយគ្នាដើម្បីស្វែងរកចម្លើយដែលអាចមាន ) ។
-
តើការជឿ ឬការរស់នៅតាមគោលការណ៍នានា ដែលបានបង្រៀននៅក្នុងខគម្ពីរនេះ អាចមានឥទ្ធិពលយ៉ាងណា ទៅលើទំនាក់ទំនងរបស់មនុស្សម្នាក់ជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីមនុស្សមួយចំនួនអាចពិបាកនឹងជឿ ឬរស់នៅតាមការបង្រៀននៃខគម្ពីរនេះ ? តើអ្វីទៅដែលអាចជួយពួកគេឲ្យយកឈ្នះលើឧបសគ្គនោះបាន ?
ដើម្បីអនុញ្ញាតឲ្យក្រុមពង្រឹងការយល់ដឹងរបស់ពួកគេបានកាន់តែស៊ីជម្រៅ អ្នកអាចឲ្យសិស្សម្នាក់ទៀតជ្រើសរើសយកសំណួរផ្សេងមួយ ហើយពិភាក្សាអំពីសំណួរនោះជាក្រុមមួយ ។ នៅពេលសិស្សឈប់ចែកចាយ ឬទៅជារំខានទៅវិញ ការណ៍នេះអាចបង្ហាញថា វាដល់ពេលដើម្បីកែតម្រូវសកម្មភាពរៀនសូត្រហើយ ។ ប្រសិនបើចង់ សិស្សអាចធ្វើសកម្មភាពនេះម្តងទៀត ដោយការជ្រើសរើសយកខគម្ពីរថ្មីមួយ បង្កើតក្រុមថ្មី ពិភាក្សាអំពីខគម្ពីរដែលពួកគេបានជ្រើសរើស ហើយធ្វើតាមជំហានដែលបានសរសេរនៅខាងលើ ។
នៅពេលសិស្សបានធ្វើការជាក្រុមចប់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានរៀនអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ព្រះហឫទ័យដ៏ល្អប្រពៃនៃព្រះ
ក្នុងចំណោមសេចក្ដីពិតជាច្រើនដែលសិស្សអាចបានរកឃើញ នោះសេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះគឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះហឫទ័យនឹងប្រទានឲ្យយើងនូវនគររបស់ទ្រង់ ។ អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំសេចក្ដីពិតនេះនៅក្នុង ខទី ៥ បាន ។ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរដែលត្រូវគ្នា ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅ ៖
ព្រះវរបិតាសួគ៌នៃយើងសព្វព្រះទ័យឲ្យបងប្អូនប្រែក្លាយជាអ្នកគ្រងមរតករបស់ទ្រង់ ហើយទទួលអ្វីៗដែលទ្រង់មាន ។ ទ្រង់ពុំអាចផ្ដល់ឲ្យបងប្អូនហួសពីនោះឡើយ ។ ទ្រង់ពុំអាចសន្យានឹងបងប្អូនហួសពីនោះទេ ។ ទ្រង់ស្រឡាញ់បងប្អូនលើសពីបងប្អូនដឹងទៅទៀត ហើយទ្រង់សព្វព្រះទ័យចង់ឃើញបងប្អូនរីករាយនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ ។ ( ឌែល ជី រិនឡាន់ « និស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ចរបស់បងប្អូន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧៦ )
-
តើការយល់ដឹងពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកអំពីទ្រង់ទាំងទ្វេ ?
-
តើការយល់ដឹងពីព្រះរាជបំណងរបស់ទ្រង់ទាំងទ្វេ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកអំពីការទូន្មានដែលទ្រង់ប្រទានដល់យើង ?
សូមពិចារណាបញ្ចប់មេរៀននេះ ដោយការអញ្ជើញសិស្សឲ្យមើលការសរសេរកំណត់ហេតុរបស់ពួកគេចាប់តាំងពីដើមមេរៀនឡើងវិញ ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតអំពីសេចក្ដីពិត ដែលពួកគេបានរៀនអំពីព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលពួកគេអាចបន្ថែមទៅក្នុងការសរសេរកំណត់ហេតុរបស់ពួកគេបាន ។