« គោលលទ្ធិ និងសេចក្ដីសញ្ញា ២១ ៖ ‹ ទៅកាន់មនុស្សទាំងអស់ណា ដែលមានសេចក្ដីប៉ងប្រាថ្នាល្អ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២០–២២
គោលលទ្ធិ និងសេចក្តីសញ្ញា ២១
ការទទួលយកប្រសាសន៍របស់ព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្តីជំនឿ
គោលលទ្ធិ និងសេចក្ដីសញ្ញា ២១ បានទទួលនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅថ្ងៃដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានរៀបចំឡើង ។ នៅក្នុងវិវរណៈនេះ ព្រះអង្គសង្រ្គោះបានណែនាំសមាជិកនៃសាសនាចក្ររបស់ទ្រង់ឲ្យធ្វើតាមដំបូន្មានរបស់ព្យាការីទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមប្រសាសន៍របស់ពួកព្យាការីនៃព្រះដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើតាមដំបូន្មាន
សូមបង្ហាញសាច់រឿងខាងក្រោមនេះ ៖ អ្នកក៏អាចបង្កើតសាច់រឿងផ្សេងៗទៀតដែលកាន់តែទាក់ទងនឹងតម្រូវការ និងកាលៈទេសៈរបស់សិស្សអ្នកផងដែរ ។
សូមស្រមៃថា ពេលកំពុងស្ដាប់សន្និសីទទូទៅ អ្នកបានទទួលសារជាអក្សរដូចខាងក្រោមពីមិត្តភក្តិរបស់អ្នក ៖ « តើឯងបានឮអ្វីដែលព្យាការីទើបតែមានប្រសាសន៍ដែរឬទេ ? ខ្ញុំមិនប្រាកដថា ខ្ញុំឯកភាពជាមួយរឿងនោះទេ ! »
-
តើអ្នកគិតថា អ្នកអាចមានអារម្មណ៍យ៉ាងណា បើអ្នកបានទទួលសារបែបនេះ ?
-
តើមានអ្វីខ្លះដែលសំខាន់សម្រាប់មិត្តភក្តិរបស់អ្នកក្នុងការពិចារណា មុននឹងសម្រេចចិត្តថាតើត្រូវធ្វើតាមដំបូន្មានរបស់ព្យាការីឬអត់នោះ ?
សូមពន្យល់សិស្សថា នៅថ្ងៃនេះ ពួកគេនឹងសិក្សាការបង្រៀនមួយចំនួនរបស់ព្រះអម្ចាស់អំពីព្យាការីរបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យពិចារណាដោយស្ងៀមស្ងាត់ថា តើវាសំខាន់ប៉ុនណាសម្រាប់ពួកគេក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការី ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកសេចក្ដីពិតដែលអាចជួយបង្កើនឆន្ទៈ និងសមត្ថភាពរបស់ពួកគេដើម្បីធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។
ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង
នៅថ្ងៃដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំគឺ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានប្រទានវិវរណៈដល់ យ៉ូសែប ស្ម៊ីធ ដែលមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២១ ។ នៅក្នុងផ្នែកនៃវិវរណៈនេះ ព្រះអម្ចាស់បានប្រទានដំបូន្មានដ៏សំខាន់អំពីការធ្វើតាមព្យាការី ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២១:១–៣ ដោយស្វែងរកងារដែលព្រះអម្ចាស់បានប្រើដើម្បីសំដៅទៅលើព្យាការី យ៉ូសែប ស្ម៊ីធ ។
-
ដោយផ្អែកលើងារទាំងនេះ ហេតុអ្វីបានជាវាជាពរជ័យសម្រាប់សមាជិកនៃសាសនាចក្រដែលទើបរៀបចំថ្មីរបស់ព្រះអម្ចាស់ ដើម្បីឲ្យមានព្យាការីដែលត្រូវបានហៅដោយព្រះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤–៦ គឺជាវគ្កបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៥ ដោយរកមើលថា តើមានដំបូន្មានអ្វីដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធអំពីរបៀបដែលពួកគេគួរទទួលយកប្រសាសន៍របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការយល់ដឹងថា តើសព្វនាមនេះសំដៅទៅលើអ្នកណា ខទី ៤–៥ ។ សូមពិចារណាសរសេរពាក្យ និងនិយមន័យខាងក្រោមនៅលើក្ដារខៀន ៖ « អ្នក » ( សមាជិកនៃសាសនាចក្រ ) « របស់លោក » « លោក » ( យ៉ូសែប ស្ម៊ីធ ជាព្យាការី ) « យើង » « របស់យើង » ( ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើពាក្យ ឬឃ្លាអ្វីមកពីខគម្ពីរទាំងនេះ ដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
-
តើអ្នករៀនបានអ្វីខ្លះមកពីខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់កំពុងស្ទាក់ស្ទើរក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការីរបស់ព្រះអម្ចាស់ ?
បើចាំបាច់ សូមចង្អុលបង្ហាញឃ្លា « ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » នៅក្នុង ខទី ៥ ។ មុនពេលចែកចាយសេចក្ដីថ្លែងការណ៍ដោយអែលឌើរ នែល អិល អាន់ឌើរសិន វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការសួរសិស្សថា ហេតុអ្វីពេលខ្លះវាអាចទាមទារសេចក្ដីអត់ធន់ ឬសេចក្ដីជំនឿដើម្បីស្ដាប់តាមប្រសាសន៍របស់ព្យាការីរបស់ព្រះអម្ចាស់ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបដែលយើងអាចបង្ហាញពីសេចក្ដីអត់ធន់ និងសេចក្ដីជំនឿ នៅពេលយើងខិតខំធ្វើតាមព្យាការី ។
ចូរកុំភ្ញាក់ផ្អើលឡើយ ពេលទស្សនៈផ្ទាល់ខ្លួនរបស់បងប្អូនចាប់ផ្តើមមិនស្របជាមួយនឹងការបង្រៀនរបស់ព្យាការីនៃព្រះអម្ចាស់ជានិច្ចនោះ ។ នោះគឺជាឱកាសដើម្បីរៀនសូត្រ បន្ទាបខ្លួន នៅពេលយើងលុតជង្គង់ចុះអធិស្ឋាន ។ យើងបោះជំហានទៅមុខដោយសេចក្តីជំនឿ ដោយទុកចិត្តលើព្រះ ដោយដឹងថា ជាមួយនឹងពេលវេលា នោះយើងទទួលការបញ្ជាក់កាន់តែច្បាស់ខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌របស់យើង ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ )
សូមអញ្ជើញសិស្សឲ្យគិតអំពីដំបូន្មានពីពួកព្យាការី និងសាវក ដែលអាចជាការលំបាកសម្រាប់ពួកគេធ្វើតាម ។ ពួកគេអាចសញ្ជឹងគិតពីរបៀបដែលការបង្កើនសេចក្ដីអត់ធន់ និងសេចក្តីជំនឿរបស់ពួកគេនឹងជួយពួកគេឲ្យធ្វើតាមដំបូន្មានរបស់ព្យាការី ។
ពរជ័យនៃការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៦ ។ សូមកំណត់ស្វែងរកពរជ័យបីយ៉ាងដែលព្រះអម្ចាស់បានសន្យាចំពោះអស់អ្នកដែលទទួលព្រះបន្ទូលរបស់ទ្រង់តាមរយៈព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្តីជំនឿ ។
-
ផ្អែកលើការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង ខទី ៦ តើអ្នកនឹងបំពេញសេចក្តីថ្លែងការណ៍ខាងក្រោមដោយរបៀបណា ? នៅពេលយើងទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈពួកព្យាការីរបស់ទ្រង់ដោយសេចក្ដីអត់ធន់ និងសេចក្តីជំនឿ …
សិស្សអាចបំពេញសេចក្តីថ្លែងការណ៍ដូចនេះ ៖ នៅពេលយើងទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈពួកព្យាការីរបស់ទ្រង់ដោយសេចក្ដីអត់ធន់ និងសេចក្តីជំនឿ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្តីងងឹត ទ្រង់នឹងប្រទានពរដល់យើងពីស្ថានសួគ៌ ហើយយើងនឹងទទួលបានការការពារទាស់នឹងមារសត្រូវ ។
-
តើអ្នកនឹងសង្ខេបអត្ថន័យនៃអ្វីដែលអ្នកគិតថាជាការសន្យាទាំងនេះ ទៅជាពាក្យសម្ដីរបស់អ្នកផ្ទាល់ដោយរបៀបណា ?
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការយល់អត្ថន័យមួយនៃពាក្យ ញាប់ញ័រ គឺធ្វើឲ្យបែកចេញ ឬការបញេ្ចញពីអ្វីមួយដែលទ្រទ្រង់វា ឬដាច់ចេញពីប្រអប់មួយ ។ ការបកស្រាយមួយនៃខគម្ពីរនេះអាចថា ពរជ័យត្រូវបានបញេ្ចញពីស្ថានសួគ៌ ហើយបានប្រទានដល់អ្នកដែលទទួលយកប្រសាសន៍របស់ព្យាការី ។
-
តើសេចក្តីសន្យាទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះអម្ចាស់ ?
-
តើសេចក្តីសន្យាទាំងនេះជះឥទ្ធិពលលើបំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមពួកព្យាការីរបស់ព្រះអម្ចាស់ដោយរបៀបណា ?
ការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យរកឃើញដំបូន្មានរបស់ព្យាការីសម័យទំនើប ដែលពួកគេអាចខិតខំធ្វើតាមក្នុងជីវិតរបស់ពួកគេបាន ។ សូមបង្ហាញសេចក្តីណែនាំខាងក្រោម ហើយផ្ដល់ពេលឲ្យសិស្សគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពនេះ ។
សូមស្វែងរកការអញ្ជើញដែលផ្ដល់ឲ្យដោយពួកព្យាការី និងសាវកសម័យទំនើប ដែលអ្នកចង់ព្យាយាមអនុវត្តតាមក្នុងជីវិតរបស់អ្នក ។ សូមប្រើ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ឬសុន្ទរកថាក្នុងសន្និសីទទូទៅនាពេលថ្មីៗនេះ ដើម្បីស្វែងរកដំបូន្មាន ឬការអញ្ជើញដែលទាក់ទងគ្នា ។
បន្ទាប់ពីការសិក្សា សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការអញ្ជើញ ឬដំបូន្មានអ្វីដែលអ្នកបានរកឃើញ ?
-
តើអ្នកអាចត្រូវការសេចក្ដីអត់ធន់ និងសេចក្ដីជំនឿដើម្បីធ្វើតាមការអញ្ជើញរបស់ព្យាការីនេះដោយរបៀបណា ?
-
តើពរជ័យអ្វីខ្លះពីព្រះដែលអ្នកសង្កេតឃើញថាអ្នកអាចទទួលបាន ពេលអ្នកធ្វើតាមដំបូន្មាននេះ ?
-
តើសកម្មភាពជាក់លាក់អ្វីខ្លះដែលអ្នកនឹងធ្វើ ដើម្បីធ្វើតាមដំបូន្មាននេះក្នុងជីវិតរបស់អ្នក ?
នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយចម្លើយដែលពួកគេបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។ ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេ ឬអ្នកផ្សេងទៀតទទួលបានពរជ័យតាមរយៈការធ្វើតាមដំបូន្មានរបស់ព្យាការី ដែលកំពុងពិភាក្សានេះ ។ អ្នកក៏អាចចែកចាយគំរូមួយចេញពីជីវិតរបស់អ្នកផងដែរ ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលដៅដែលពួកគេបានដាក់សម្រាប់ខ្លួនពួកគេ ហើយយកចិត្តទុកដាក់លើរបៀបដែលការធ្វើតាមការបង្រៀនរបស់ព្យាការីជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា នៅក្នុងមេរៀនក្រោយ ពួកគេនឹងមានឱកាសវាយតម្លៃការរីកចម្រើនដែលពួកគេបានធ្វើជាមួយនឹងគោលដៅរបស់ពួកគេ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៦ គឺជា « ប្រសាសន៍របស់ព្យាការី ‹ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញចាំ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។