« គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧, ៦៨–៧៩ ៖ ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២០–២២
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៩
ពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់
នៅក្នុងវិរណៈមួយទៅកាន់ យ៉ូសែប ស្ម៊ីធ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០ ព្រះអម្ចាស់បានពន្យល់ពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងពិធីសាក្រាម៉ង់ ។ មេរៀននេះអាចជួយសិស្សឲ្យវាយតម្លៃពីរបៀបដែលពួកគេអាចបំពេញតាមការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះសមាជិកនៃសាសនាចក្ររបស់ទ្រង់បាន ។
ការរៀបចំសិស្ស ៖ សិស្សអាចអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧, ៦៨–៧៩ ។ សូមអញ្ជើញពួកគេឲ្យរកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់អស់អ្នកដែលមានបំណងប្រាថ្នាចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ និងអ្នកដែលជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
របៀបដែលជីវិតមានលក្ខណៈខុសគ្នាបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក
មុននឹងអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោម សូមពិចារណាបង្ហាញរូបភាពនៃនរណាម្នាក់នៅថ្ងៃទទួលបុណ្យជ្រមុជទឹករបស់ពួកគេ ដូចជារូបភាពនៅខាងដើមមេរៀននេះ ។
-
តើជីវិតរបស់មនុស្សម្នាក់អាចនឹងខុសគ្នាយ៉ាងណាខ្លះ បន្ទាប់ពីពួកគេសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹក ?
ជាផ្នែកនៃការពិភាក្សានេះ អ្នកអាចប្រាប់សិស្សអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលបានទទួលពិធីបុណ្យជ្រមុជទឹក ។ អ្នកអាចពិពណ៌នាពីភាពខុសគ្នាដែលអ្នកបានសង្កេតឃើញពីបុគ្គលនោះ តាំងពីមុនពេលពួកគេទទួលពិធីបុណ្យជ្រមុជទឹក រហូតដល់បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យគិត និងចែកចាយពីរបៀបដែលការសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹកបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។
-
ហេតុអ្វីអ្នកគិតថា ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកមានសារៈសំខាន់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមចែកចាយកថាខណ្ឌខាងក្រោមដើម្បីជួយណែនាំដល់សិស្សអំពីអ្វីដែលពួកគេនឹងសិក្សានៅថ្ងៃនេះ ៖
គោលលទ្ធិ និងសេចក្តីសញ្ញា ២០ មាននូវការណែនាំអំពីការរៀបចំសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ ជាផ្នែកនៃការណែនាំទាំងនេះ ព្រះអម្ចាស់បានចែកចាយការបង្រៀនសំខាន់ៗ ដែលជួយយើងឲ្យយល់អំពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ ទ្រង់ក៏បានបង្រៀនសេចក្តីពិតសំខាន់ៗអំពីពិធីសាក្រាម៉ង់ ដែលយើងត្រូវបានបញ្ជាឲ្យទទួលទានរាល់សប្តាហ៍ បន្ទាប់ពីយើងបានទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ។ នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដែលអាចជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃពិធីបរិសុទ្ធទាំងនេះនៅក្នុងជីវិតរបស់អ្នក ។
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់
សូមបំបែកសិស្សជាគូៗ ឬជាក្រុមតូចៗ ។ សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវសំណៅចែកមេរៀន ហើយអញ្ជើញសិស្សឲ្យធ្វើការជាមួយគ្នាដើម្បីបំពេញសកម្មភាពសិក្សានៅលើសំណៅចែកនោះ ។ វាអាចនឹងមានអត្ថប្រយោជន៍ ដើម្បីចាត់សិស្សម្នាក់ពីក្រុមនីមួយៗឲ្យធ្វើជាអ្នកដឹកនាំការពិភាក្សា ។
ដើម្បីឲ្យមានភាពចម្រុះ សូមអញ្ជើញសិស្សឲ្យផ្អាក បន្ទាប់ពីពួកគេបំពេញផ្នែកមួយ ដើម្បីឲ្យអ្នកអាចបង្កើតភាពជាដៃគូ ឬក្រុមផ្សេងៗគ្នាសម្រាប់ផ្នែកនីមួយៗ ។
ការបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០
ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧, ៦៨–៧៩
ផ្នែកទី ១ ៖ លក្ខណៈសម្បត្តិដើម្បីទទួលបុណ្យជ្រមុជទឹក
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ដោយរកមើលអ្វីដែលមនុស្សម្នាក់ត្រូវធ្វើដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលពិធីបុណ្យជ្រមុជទឹក ។
បើចាំបាច់ សូមរកមើលនិយមន័យសម្រាប់ពាក្យដែលអ្នកមិនយល់ ។ បន្ទាប់មក សូមរាយបញ្ជីលក្ខណៈសម្បត្តិដើម្បីទទួលពិធីបុណ្យជ្រមុជទឹកក្នុងចន្លោះខាងក្រោម ។ អ្នកអាចនិយាយឡើងវិញខ្លះៗតាមពាក្យពេចន៍របស់អ្នកផ្ទាល់ ។
-
តើតម្រូវការទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអម្ចាស់ និងព្រះរាជបំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រទានពរដល់យើង ?
-
តើវាអាចមានអត្ថប្រយោជន៍យ៉ាងណាក្នុងការចងចាំតម្រូវការទាំងនេះ សូម្បីតែបន្ទាប់ពីយើងបានទទួលពិធីបុណ្យជ្រមុជទឹកហើយក្តី ?
សូមជ្រើសរើសតម្រូវការពីរ ឬបីដែលបានរាយក្នុង ខទី ៣៧ ។ សូមពិភាក្សាអំពីរបៀបដែលការខិតខំបំពេញតាមតម្រូវការទាំងនេះឲ្យបានខ្ជាប់ខ្ជួនអាចជួយអ្នកឲ្យកាន់តែបានដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ២ ៖ តម្រូវការទាំងឡាយបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៦៨–៦៩ ដោយស្វែងរកការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗ បន្ទាប់ពីយើងបានទទួលពិធីបុណ្យជ្រមុជទឹក ។
-
តើអ្នករៀនអ្វីខ្លះចេញពី ខទី ៦៩ អំពីរបៀបដែលយើងបង្ហាញភាពស័ក្ដិសមរបស់យើងដល់ព្រះអម្ចាស់ បន្ទាប់ពីយើងទទួលពិធីបុណ្យជ្រមុជទឹកហើយ ?
សូមពិចារណាគូសចំណាំឃ្លា « ដំណើរ និងវាចាដ៏សុចរិត » នៅក្នុង ខទី ៦៩ ។ មនុស្សម្នាក់អាចបង្ហាញពី « ដំណើរ និងវាចាដ៏សុចរិត » តាមរយៈទង្វើ អាកប្បកិរិយា និងពាក្យសម្ដីដែលស្របនឹងព្រះ ។
-
តើអ្នកគិតថាមានហេតុផលអ្វីខ្លះ ដែលព្រះអម្ចាស់ចង់ឲ្យសមាជិកនៃសាសនាចក្ររបស់ទ្រង់បង្ហាញ « ដំណើរ និងវាចាដ៏សុចរិត » បន្ទាប់ពីពួកគេបានទទួលពិធីបុណ្យជ្រមុជទឹកហើយ ?
សូមពិភាក្សាយ៉ាងហោចណាស់ឧទាហរណ៍ជាក់លាក់ចំនួនបី ពីរបៀបដែលយើងអាចបង្ហាញ « ដំណើរ និងវាចាដ៏សុចរិត » នៅក្នុងជីវិតរបស់យើងបាន ។ អ្នកក៏អាចពិភាក្សាអំពីឧទាហរណ៍នៃរបៀបដែលអ្នកបានព្យាយាមបង្ហាញអ្វីៗទាំងនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។
ផ្នែកទី ៣ ៖ ការទទួលទានសាក្រាម៉ង់
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥ ដោយរកមើលការណែនាំរបស់ព្រះអម្ចាស់អំពីពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងជួបជាមួយគ្នារាល់សប្តាហ៍ដើម្បីទទួលទានសាក្រាម៉ង់ ?
ខទី ៧៧ និង ៧៩ មាននូវការអធិស្ឋានដែលព្រះអម្ចាស់បានណែនាំដល់អ្នកកាន់បព្វជិតភាពឲ្យពោល នៅពេលចាត់ចែងសាក្រាម៉ង់ ។ តាមរយៈពិធីបរិសុទ្ធនៃសាក្រាម៉ង់ យើងរំឭកសេចក្ដីសញ្ញា ដែលយើងធ្វើ ពេលយើងត្រូវបានជ្រមុជទឹក និងបញ្ជាក់ ។ នៅពេលយើងខិតខំរក្សាសេចក្ដីសញ្ញារបស់យើង ហើយប្រែចិត្តជារៀងរាល់ថ្ងៃ នោះយើងអាចដកពិសោធន៍នូវការសម្អាត និងពរជ័យដូចគ្នាដែលយើងបានដកពិសោធន៍តាមរយៈពិធីបុណ្យជ្រមុជទឹក ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧ និង ៧៩ ដោយរកមើលអ្វីដែលយើងសន្យា និងអ្វីដែលព្រះអម្ចាស់សន្យា នៅពេលយើងទទួលទានសាក្រាម៉ង់ ។ សូមពិចារណាគូសចំណាំសេចក្តីសន្យាទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើយើងអាចបង្ហាញពីឆន្ទៈរបស់យើងដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើមានរបៀបអ្វីខ្លះដែលយើងអាចបង្ហាញព្រះអង្គសង្រ្គោះថាយើងចងចាំទ្រង់ ?
តើពិធីបរិសុទ្ធនៃសាក្រាម៉ង់ទាំងនេះបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្រ្គោះចំពោះយើងដោយរបៀបណា ?
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
ការអនុវត្តអ្វីដែលអ្នកបានរៀនសូត្រ
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ពីសកម្មភាពសិក្សាពីមុន ។ អ្នកអាចសួរសំណួរមួយ ឬច្រើនខាងក្រោមជាផ្នែកមួយនៃការពិភាក្សានេះ ។
-
តើអ្នកមានការយល់ដឹង ឬចំណាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ នៅពេលអ្នកសិក្សាការបង្រៀនរបស់ទ្រង់នៅក្នុងកណ្ឌនេះ ?
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់ ?
សូមអញ្ជើញសិស្សឲ្យវាយតម្លៃដោយស្ងៀមស្ងាត់ថា តើពួកគេមានអារម្មណ៍ថា ពួកគេកំពុងរស់នៅតាមតម្រូវការដែលពួកគេបានរៀននៅថ្ងៃនេះបានល្អប៉ុនណា ។ របៀបមួយដែលអ្នកអាចធ្វើការណ៍នេះបាន គឺតាមរយៈការបង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
សូមស្វែងរកឃ្លាមួយដែលបានរាយក្នុងខគម្ពីរដែលអ្នកបានសិក្សានៅថ្ងៃនេះ ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧, ៦៨–៦៩, ៧៥–៧៩ ) ដែលពិពណ៌នាអំពីអ្វីដែលអ្នកកំពុងធ្វើបានល្អ ។ សូមសរសេរឃ្លានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិពណ៌នាអំពីមូលហេតុដែលអ្នកមានអារម្មណ៍ល្អនៅចំណុចនេះ ។
-
សូមស្វែងរកឃ្លាមួយពីខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីអ្វីមួយដែលអ្នកចង់កែលម្អ ។ សូមសរសេរឃ្លានេះនៅក្នុងសៀវភៅសិក្សារបស់អ្នក ហើយពិពណ៌នាអំពីមូលហេតុដែលអ្នកបានជ្រើសរើសវា ។
-
សូមដាក់គោលដៅជាក់លាក់មួយដើម្បីកែលម្អនៅចំណុចដែលអ្នកបានជ្រើសរើស ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលដៅដែលពួកគេបានដាក់សម្រាប់ខ្លួនពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ និងជំនួយដែលទ្រង់អាចប្រទានឲ្យ នៅពេលពួកគេខិតខំរក្សាសេចក្តីសញ្ញាដែលពួកគេបានធ្វើជាមួយទ្រង់ ។