« មេរៀនទី ៣—បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ៖ ការស្តាប់ព្រះសូរសៀងនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣ ៖ សេចក្ដីប្រកាសនៃការស្ដារឡើងវិញ
បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ការស្តាប់ព្រះសូរសៀងនៃព្រះយេស៊ូវគ្រីស្ទ
នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា យើងអាចអានព្រះបន្ទូលរបស់ព្រះអម្ចាស់ផ្ទាល់ ដែលជួយយើងឲ្យស្ដាប់ឮព្រះសូរសៀងទ្រង់កំពុងមានបន្ទូលទៅកាន់អ្នកដែលនៅជំនាន់យើង ហើយសូម្បីតែចំពោះយើងផ្ទាល់ក្ដី ។ មេរៀននេះអាចជួយសិស្សឲ្យរៀបចំខ្លួនរៀនស្គាល់ព្រះអង្គសង្គ្រោះ នៅពេលដែលពួកគេចាប់ផ្តើមការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញារបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការណែនាំឲ្យស្គាល់គ្នាទៅវិញទៅមក
សូមពិចារណាចាប់ផ្តើមមេរៀន ដោយការអញ្ជើញសិស្សឲ្យសួរមិត្តរួមថ្នាក់នូវសំណួរមួយដែលនឹងជួយពួកគេឲ្យស្គាល់មិត្តនោះកាន់តែច្បាស់ ។ ឧទាហរណ៍ ពួកគេអាចសួរថា « តើអ្នកចូលចិត្តធ្វើអ្វីខ្លះ នៅពេលអ្នកមានពេលទំនេរ ? »
បន្ទាប់ពីសិស្សមានពេលនិយាយគ្នាជាមួយមិត្តរួមថ្នាក់ហើយ អ្នកអាចពិភាក្សាចំណុចដូចខាងក្រោមនេះបាន ៖
សូមគិតដល់មនុស្សដែលអ្នកមានអារម្មណ៍ថា អ្នកស្គាល់ច្បាស់បំផុត ។
-
តើអ្វីដែលបានជួយអ្នកឲ្យស្គាល់មនុស្សម្នាក់នេះបានច្បាស់យ៉ាងនេះ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតដោយស្ងាត់ស្ងៀមថា តើពួកគេមានអារម្មណ៍ថា ពួកគេស្គាល់ព្រះយេស៊ូវគ្រីស្ទបានច្បាស់ប៉ុណ្ណាដែរ និងអ្វីដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ដើម្បីមកស្គាល់ទ្រង់កាន់តែច្បាស់ ។
នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះយេស៊ូវគ្រីស្ទបានបរិយាយអំពីវិធីមួយចំនួនដែលយើងអាចមកស្គាល់ទ្រង់បានកាន់តែច្បាស់ និងបានសន្យាប្រាប់យើងអំពីពរជ័យ ដែលយើងអាចទទួលបានសម្រាប់ការធ្វើដូច្នេះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣–២៤ ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្រ្គោះ និងការសន្យាដែលទ្រង់បានធ្វើ ។
-
តើអ្នកគិតថា ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះអាចនឹងជួយយើងឲ្យស្គាល់ទ្រង់បានកាន់តែច្បាស់ដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីព្រះបន្ទូលរបស់ទ្រង់នៅក្នុងខគម្ពីរទាំងនេះ ?
សូមពិចារណាចង្អុលបង្ហាញពីការសន្យារបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ២៣ ដែលថា យើងអាចទទួលបានសេចក្ដីសុខសាន្ដរបស់ទ្រង់បាន នៅពេលដែលយើងរៀនអំពីទ្រង់ និងស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ ។ វាអាចមានប្រយោជន៍ ដើម្បីអញ្ជើញសិស្សឲ្យគិតកាន់តែស៊ីជម្រៅអំពីការសន្យានេះ ។ អ្នកអាចនឹងសុំឲ្យពួកគេវាយតម្លៃលើភាពញឹកញាប់ដែលពួកគេទទួលអារម្មណ៍នៃសេចក្ដីសុខសាន្ដ ដែលកើតចេញពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលជីវិតរបស់ពួកគេអាចនឹងរងឥទ្ធិពល ប្រសិនបើពួកគេទទួលអារម្មណ៍នៃសេចក្ដីសុខសាន្ដកាន់តែច្រើន ។
ការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា
នៅឆ្នាំនេះ អ្នកនឹងមានឱកាសសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញានៅផ្ទះ នៅព្រះវិហារ និងនៅថ្នាក់សិក្ខាសាលា ។ នៅពេលដែលអ្នកសិក្សា អ្នកនឹងមានឱកាសជាច្រើនដើម្បីស្វែងយល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយស្តាប់ព្រះបន្ទូលរបស់ទ្រង់ ។ ការណ៍នេះអាចជួយអ្នកឲ្យមកស្គាល់ទ្រង់កាន់តែច្បាស់ និងទទួលបានសេចក្ដីសុខសាន្តដែលទ្រង់បានសន្យា ។
-
តើអ្នកដឹងអ្វីខ្លះរួចមកហើយអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ?
សិស្សមួយចំនួនអាចនឹងមានវគ្គបទគម្ពីរមកពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ អ្នកអាចនឹងសុំឲ្យសិស្សស្ម័គ្រចិត្តពីរបីនាក់ឡើងចែកចាយពីវគ្គបទគម្ពីរទាំងនេះ ហើយពន្យល់អំពីមូលហេតុដែលវាមានអត្ថន័យខ្លាំង ។ អ្នកក៏អាចនឹងចែកចាយវគ្គបទគម្ពីរ ដែលអ្នកចូលចិត្តមួយចំនួនបានផងដែរ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យបើកព្រះគម្ពីររបស់ពួកគេទៅកាន់ បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។
នៅក្នុង បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សូមអាន កថាខណ្ឌទី ១–៣ និងប្រយោគចុងក្រោយនៃ កថាខណ្ឌទី ៨ ។ នៅពេលអ្នកអាន សូមរកមើលឃ្លាអំពីរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាអាចជួយអ្នកឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាខុសពីព្រះគម្ពីរផ្សេងទៀត ?
-
តើអ្វីដែលធ្វើឲ្យព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា « មានតម្លៃដ៏ធំ » ?
ព្រះសូរសៀងរបស់ព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
សេចក្ដីពិតមួយដែលយើងអាចរៀនពីកថាខណ្ឌទាំងនេះគឺថា នៅពេលយើងសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ដែលមានព្រះបន្ទូលមកកាន់យើងក្នុងជំនាន់របស់យើង ហើយរៀនបន្ថែមទៀតអំពីទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៣៣–៣៦ ដោយរកមើលការបង្រៀនពីព្រះអង្គសង្គ្រោះដែលទាក់ទងនឹងសេចក្តីពិតនេះ ។
វាអាចនឹងមានប្រយោជន៍ច្រើនដើម្បីផ្តល់ពេលឲ្យសិស្សស្វែងរកឧទាហរណ៍ពីរបីផ្សេងទៀតដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូលនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ អ្នកអាចអញ្ជើញពួកគេឲ្យបើកព្រះគម្ពីររបស់ពួកគេទៅកាន់កណ្ឌណាមួយនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ហើយរកមើលឧទាហរណ៍ដែលព្រះអម្ចាស់មានព្រះបន្ទូល ។
-
តើអ្នកគិតថា ការអានព្រះបន្ទូលនៃព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា អាចនឹងប្រទានពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
ប្រសិនបើចាំបាច់ សូមចង្អុលបង្ហាញថា មានអ្វីជាច្រើនដែលយើងអាចរៀនអំពីព្រះអង្គសង្គ្រោះ នៅពេលដែលយើងសិក្សាព្រះបន្ទូលរបស់ទ្រង់ ។ យើងអាចយល់កាន់តែច្បាស់ថែមទៀតអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ព្រះរាជបំណងប្រាថ្នារបស់ទ្រង់ និងអ្វីដែលសំខាន់ចំពោះទ្រង់ ។ វាក៏នឹងមានប្រយោជន៍ផងដែរក្នុងការចង្អុលបង្ហាញថា ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌គឺដូចគ្នានៅក្នុងភាពឥតខ្ចោះ និងគុណលក្ខណៈរបស់ទ្រង់ទាំងទ្វេ ហើយទ្រង់រួបរួមគ្នាក្នុងព្រះរាជបំណងរបស់ទ្រង់ទាំងទ្វេ ។ ដូច្នេះ នៅពេលសិស្សស្គាល់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏កំពុងរៀនបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ផងដែរ ( សូមមើល យ៉ូហាន ១៤:៩ ) ។
ការមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចបង្កើនសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេ ហើយជួយយើងឲ្យទទួលបាននូវភាពសុខសាន្តដែលមានតែទ្រង់ទាំងទ្វេប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។
នៅក្នុងការសិក្សារបស់អ្នកទាំងមូលអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សូមផ្តោតជាសំខាន់លើអ្វីដែលអ្នកកំពុងរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាថែមទាំងអាចមានប្រយោជន៍ផងដែរ ដើម្បីរៀបចំផ្នែកមួយនៃសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬបង្កើតកំណត់ចំណាំមួយនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នក សម្រាប់កត់ត្រាការយល់ដឹងនានាដែលអ្នកទទួលបានអំពីទ្រង់ទាំងទ្វេ ។ អ្នកអាចនឹងបន្ថែមទៅក្នុងបញ្ជីនៃការយល់ដឹងរបស់អ្នកពេញមួយឆ្នាំ ។ សូមពិចារណាពីរបៀបដែលអ្វីដែលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងការទុកចិត្តលើទ្រង់ទាំងទ្វេ ។
សកម្មភាពសិក្សាខាងក្រោមអាចជួយសិស្សឲ្យស្គាល់គំរូនៃអ្វីដែលពួកគេអាចរៀនបានអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ ការបែងចែកសិស្សជាក្រុម ហើយចាត់ក្រុមនីមួយៗឲ្យសិក្សាវគ្គបទគម្ពីរមួយ ឬច្រើនអាចមានប្រយោជន៍ ។
សូមសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងវគ្គបទគម្ពីរមួយចំនួនខាងក្រោមនេះចេញពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នកអាចរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីខគម្ពីរដែលអ្នកសិក្សានេះ ។
សូមពិចារណាកត់ត្រាចម្លើយរបស់សិស្សចំពោះសំណួរទីមួយក្នុងចំណោមសំណួរខាងក្រោមនេះដាក់នៅលើក្ដារខៀន ។ ឬអ្នកអាចអញ្ជើញសិស្សផ្សេងៗឲ្យឡើងមកក្ដារខៀន ហើយសរសេរការយល់ដឹងរបស់ពួកគេ ។
-
តើវគ្គបទគម្ពីរទាំងនេះបានជួយឲ្យអ្នកយល់ដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាអ្នកគិតថា ការដឹងរឿងទាំងនេះអំពីទ្រង់ទាំងទ្វេមានសារៈសំខាន់ ?
-
តើអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរទាំងនេះ អាចនឹងជួយឲ្យអ្នកទទួលបាននូវសេចក្ដីសុខសាន្ដយ៉ាងដូចម្ដេច ?
ដាក់គោលដៅសិក្សាព្រះគម្ពីរ
សូមចែកចាយចំណុចដូចខាងក្រោម ហើយផ្តល់ពេលឲ្យសិស្សដាក់គោលដៅមួយទាក់ទងនឹងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញារបស់ពួកគេនៅឆ្នាំនេះ ។
សម្រាប់ការបណ្តុះបណ្តាលបន្ថែមទៀតអំពីរបៀបលើកទឹកចិត្តសិស្សឲ្យសិក្សាដំណឹងល្អប្រចាំថ្ងៃ សូមមើលការបណ្តុះបណ្តាលដែលមានចំណងជើងថា « ជួយសិស្សក្នុងការបង្កើតគោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃ » ដែលមាននៅក្នុង វគ្គបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
គោលបំណងមួយនៃថ្នាក់សិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដាក់គោលដៅមួយទាក់ទងនឹងការសិក្សារបស់អ្នកនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ អ្នកអាចនឹងគិតអំពីសំណួរខាងក្រោម នៅពេលអ្នកដាក់គោលដៅ ៖
-
តើនៅពេលណា និងកន្លែងណាដែលខ្ញុំអាចសិក្សាព្រះគម្ពីររបស់ខ្ញុំជារៀងរាល់ថ្ងៃបាន ?
-
តើខ្ញុំត្រូវរៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យមានកាន់តែពេញលេញនៅក្នុងបទពិសោធន៍ខ្ញុំ ?
សូមកត់ត្រាគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
អ្នកអាចនឹងចង់ឲ្យសិស្សឡើងចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរមុនមួយចំនួន ឬទាំងអស់ បន្ទាប់ពីពួកគេបានសរសេរចប់ហើយ ។
សូមលើកទឹកចិត្តសិស្សឲ្យខិតខំសម្រេចបានគោលដៅរបស់ពួកគេ ។ សូមសន្យាជាមួយពួកគេថា ការធ្វើដូច្នេះនឹងជួយពួកគេឲ្យស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ និងទទួលបានការណែនាំពីទ្រង់ ។ សូមឆ្លៀតពេលពេញមួយឆ្នាំនេះដើម្បីរំឭកសិស្សអំពីគោលដៅរបស់ពួកគេ ដោយការផ្តល់ឱកាសឲ្យពួកគេវាយតម្លៃការរីកចម្រើនរបស់ពួកគេ ។