« មេរៀនទី ២—ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២ ៖ សេចក្ដីប្រកាសនៃការស្ដារឡើងវិញ
« ការស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ »
នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ ប្រធាន រ័សុល អិម ណិលសុន បានអាន « ពាក្យនៃការប្រកាសដ៏ឧឡារិក និងពិសិដ្ឋ » ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ ) ដើម្បីរំឭកខួបទី ២០០ ឆ្នាំនៃការនិមិត្តដំបូង ។ ការប្រកាសនេះត្រូវបានកត់ត្រានៅក្នុង « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ មេរៀននេះអាចជួយឲ្យសិស្សទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃការបន្ដស្ដារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកអំពីមនុស្ស ឬព្រឹត្តិការណ៍ដ៏អស្ចារ្យ
ការរំឭកដល់មនុស្សម្នាក់ ឬព្រឹត្តិការណ៍មួយ មានន័យសំដៅដល់ការបង្ហាញនូវការដឹងគុណ ការផ្ដល់កិត្តិយស និងការគោរព ។ ជាញឹកញាប់ ការណ៍នេះធ្វើឡើងតាមរយៈការបង្កើតអ្វីមួយដែលនឹងជួយយើងឲ្យចងចាំដល់មនុស្ស ឬព្រឹត្តិការណ៍នោះ ។
សូមពិចារណាពិភាក្សាអំពីព្រឹត្តិការណ៍ និងមនុស្សដែលមានគេរំឭករហូតមកដល់ពេលនេះ ។ អ្នកអាចនឹងបង្ហាញរូបភាពមួយចំនួននៃបូជនីយដ្ឋាននៅក្នុងតំបន់អ្នក ដែលរំឭកពីព្រឹត្តិការណ៍ ឬមនុស្សដែលសិស្សរបស់អ្នកអាចនឹងធ្លាប់ស្គាល់ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយពីព្រឹត្តិការណ៍ ឬមនុស្សដែលពួកគេស្គាល់ ឬបានទៅមើលផ្ទាល់ ។
ដើម្បីជួយសិស្សឲ្យភ្ជាប់ទំនាក់ទំនងក្នុងកម្រិតផ្ទាល់ខ្លួនបាន អ្នកក៏អាចអញ្ជើញពួកគេឲ្យគិតអំពីព្រឹត្តិការណ៍ធំៗដែលបានកើតឡើងនៅក្នុងគ្រួសារជិតដិត ឬគ្រួសារសាច់ឆ្ងាយរបស់ពួកគេផងដែរ ។ សូមឲ្យពួកគេចែកចាយគំនិតនានា អំពីអ្វីដែលពួកគេអាចធ្វើបាន បើពួកគេត្រូវបានស្នើសុំឲ្យកសាងអ្វីមួយដែលនឹងរំឭកដល់ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ ។
សូមរំឭកថា បន្ទាប់ពីការស្លាប់របស់ពួកសាវកនៃព្រះយេស៊ូវគ្រីស្ទ មានគ្រាមួយដែលគេស្គាល់ថាជាការក្បត់សាសនាដ៏ធំ ។ នេះគឺជាពេលដែលដំណឹងល្អ និងសិទ្ធិអំណាចបព្វជិតភាពរបស់ព្រះយេស៊ូវគ្រីស្ទមិនមាននៅលើផែនដី ។ នៅនិទាឃរដូវនៃឆ្នាំ ១៨២០ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានផ្តួចផ្តើមឲ្យមានការស្ដារដំណឹងល្អឡើងវិញមកលើផែនដីនេះ នៅពេលដែលទ្រង់ទាំងទ្វេបានបង្ហាញព្រះកាយឲ្យ យ៉ូសែប ស្ម៊ីធ ឃើញ ។
នៅឆ្នាំ ២០២០ ដើម្បីរំឭកខួបលើកទី ២០០ នៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរសេចក្តីប្រកាសមួយ ។ វាមានចំណងជើងថា « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ដូច្នេះអំពីការប្រកាសនេះ ៖
យើងងឿងឆ្ងល់ថាតើគួរមានវិមានមួយត្រូវសង់ឡើងឬទេ ។ ប៉ុន្តែ នៅពេលយើងពិចារណាអំពីប្រវត្តិសាស្ត្រដ៏ពិសេស និងឥទ្ធិពលជាអន្ដរជាតិនៃការនិមិត្តដំបូង នោះយើងមានអារម្មណ៍បំផុសឲ្យបង្កើតវិមានមួយដែលពុំមែនធ្វើឡើងពីថ្មក្រានីត ឬសីលាទេ ប៉ុន្តែដោយពាក្យសម្ដីវិញ—ជាពាក្យនៃការប្រកាសដ៏ឧឡារិក និងពិសិដ្ឋ— ដែលបានសរសេរឡើង ពុំមែនចារនៅលើ « ផ្ទាំងថ្ម » ទេប៉ុន្តែត្រូវបានឆ្លាក់នៅលើ « ផ្ទាំងសាច់ » នៃដួងចិត្តរបស់យើង ។ ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ )
សូមពិចារណាអញ្ជើញសិស្សឲ្យគិតដល់អ្វីដែលពួកគេដឹងអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ និងមូលហេតុដែលវាអាចនឹងមានតម្លៃក្នុងការរំឭកដល់ព្រឹត្តិការណ៍នេះសម្រាប់ពួកគេផ្ទាល់ ។ សិស្សដែលមានឆន្ទៈពីរបីនាក់អាចឡើងចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់បាន ។
សិក្សាការប្រកាសអំពីការស្តារឡើងវិញ
សូមបង្ហាញសិស្សពីកន្លែងដែលពួកគេអាចរកឃើញ ការប្រកាសអំពីការស្ដារឡើងវិញ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ អ្នកក៏អាចចែកការប្រកាសនេះមួយច្បាប់ផងដែរ ។ ពេញមួយមេរៀននេះ សូមអញ្ជើញសិស្សឲ្យគូសចំណាំផ្នែកខ្លះនៃការស្ដារឡើងវិញ ដែលពួកគេមានអារម្មណ៍ថាមានតម្លៃសមនឹងរំឭក ។
វិធីមួយដើម្បីកត់ចំណាំពរជ័យដែលព្រះបានប្រទានដល់អ្នកគឺដោយការធ្វើបញ្ជីមួយ ។ អ្នកអាចនឹងរាយបញ្ជីពាក្យ ឬឃ្លាដែលបរិយាយអំពីអត្ថន័យនៃការស្ដារឡើងវិញ ។ បន្ទាប់មក សូមគិតដល់ពរជ័យអ្វីដែលអ្នករីករាយត្រេកអរនៅពេលនេះ ឬនឹងរីករាយនៅពេលអនាគត ដោយសារអ្វីដែលព្រះបានស្ដារឡើងវិញ ។
សូមអនុញ្ញាតឲ្យសិស្សសិក្សាការប្រកាសនេះបីបួននាទី ។ សូមឲ្យពួកគេធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីពាក្យ ឬឃ្លាដែលពួកគេចាត់ទុកថាសំខាន់ខ្លាំង ។ សូមជ្រើសយកពាក្យ ឬឃ្លាមួយចំនួន ហើយសុំឲ្យសិស្សពន្យល់ពីមូលហេតុដែលពួកគេបានរកឃើញថាពាក្យទាំងនោះពិតជាសំខាន់ខ្លាំង ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលជួយអ្នកឲ្យដឹងពីអ្វីដែលព្រះបានស្ដារឡើងវិញ ?
-
តើពរជ័យមួយណាក្នុងចំណោមពរជ័យដែលបានស្ដារឡើងវិញទាំងនេះ ដែលមានអត្ថន័យខ្លាំងបំផុតចំពោះអ្នក ? ហេតុអ្វី ?
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតអំពីអ្វីដែលជាពរជ័យដែលបានស្ដារឡើងវិញទាំងនេះ ជួយអ្នកឲ្យយល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើសេចក្ដីពិតណាខ្លះដែលការប្រកាសនេះជួយឲ្យអ្នកស្គាល់ទ្រង់ទាំងទ្វេ ?
យើងសង្ឃឹមថា សិស្សនឹងកំណត់បានសេចក្ដីពិតផ្សេងៗជាច្រើន ។ សូមអនុញ្ញាតឲ្យពួកគេឡើងចែកចាយ ។ ទាំងនេះជាសេចក្ដីពិតពីរដែលអ្នកអាចនឹងគូសបញ្ជាក់បាន ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមការស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ និង ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបន្តមានដល់ជំនាន់របស់យើង ។
សូមរំឭកដល់ពរជ័យនៃការស្ដារឡើងវិញ
សូមជ្រើសយកសមាសធាតុមួយនៃការស្ដារឡើងវិញ ដែលអ្នកដឹងគុណដល់ជាពិសេស ។ សូមគិតដល់អ្វីដែលអ្នកអាចនឹងធ្វើបាន ដើម្បីរំឭកដល់ពរជ័យនេះដែលបានមកពីព្រះ ឬចែកចាយវាជាមួយអ្នកផ្សេងៗទៀត ។ សូមចងចាំថា រំឭក មានន័យថា ការបង្ហាញការដឹងគុណ ការផ្ដល់កិត្តិយស និងការគោរព ។
សូមផ្តល់ពេលឲ្យសិស្សក្នុងថ្នាក់ជ្រើសរើស និងធ្វើកិច្ចការតាមរបៀបមួយដែលនឹងរំឭកដល់ពរជ័យនៃការស្ដារឡើងវិញមួយ ។ ដើម្បីជួយសិស្សបាន អ្នកអាចនឹងសរសេរជម្រើសពីរបីដូចខាងក្រោមនេះដាក់នៅលើក្ដារខៀន ។ សិស្សក៏អាចនឹងគិតដល់វិធីផ្ទាល់ខ្លួនពួកគេបានផងដែរ ។
-
ចាប់ផ្ដើមទន្ទេញផ្នែកមួយនៃការប្រកាសនៃការស្ដារឡើងវិញនេះឲ្យចាំ ។
-
សរសេរគំនិតខាងវិញ្ញាណខ្លីមួយអំពីទិដ្ឋភាពមួយនៃការស្ដារឡើងវិញ ដើម្បីចែកចាយជាមួយនឹងគ្រួសាររបស់អ្នក ។
-
ចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែកចាយការដឹងគុណរបស់អ្នកចំពោះពរជ័យនៃការស្ដារឡើងវិញ ។
-
សរសេរទីបន្ទាល់របស់អ្នកអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកនៅក្នុងការប្រជុំសាសនាចក្រនាពេលខាងមុខបាន ។
សូមពិចារណាទុកពេលវេលាឲ្យបានគ្រប់គ្រាន់នៅចុងបញ្ចប់ម៉ោងរៀន ដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយជាមួយនឹងដៃគូនូវអ្វីដែលពួកគេបានធ្វើ ឬកំពុងបន្តធ្វើ ។ អ្នកក៏អាចនឹងអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ទាំងមូលបានផងដែរ ។