« គំនិតដើម្បីកែលម្អការសិក្សានៅគេហដ្ឋាន និងនៅឯសាសនាចក្រ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
គំនិតដើម្បីកែលម្អការសិក្សានៅគេហដ្ឋាន និងនៅឯសាសនាចក្រ
នៅពេលដែលបងប្អូនសិក្សាអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅគេហដ្ឋាន និងនៅឯសាសនាចក្រ សូមពិចារណាសំណួរដូចខាងក្រោមនេះ ៖
-
តើបងប្អូននឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅក្នុងការសិក្សារបស់បងប្អូនដោយរបៀបណា ?
-
តើបងប្អូនអាចផ្ដោតអារម្មណ៍ទៅលើព្រះអង្គសង្គ្រោះ នៅក្នុងការសិក្សារបស់បងប្អូនយ៉ាងដូចម្ដេច ?
-
តើបងប្អូនអាចទាញយកប្រយោជន៍ពីការរៀនសូត្រប្រចាំថ្ងៃដោយរបៀបណា ?
-
តើបងប្អូនអាចលើកទឹកចិត្ដសមាជិកគ្រួសារ និងសមាជិកក្នុងថ្នាក់រៀនឲ្យសិក្សាព្រះគម្ពីរដោយខ្លួនឯង ហើយចែកចាយនូវអ្វីដែលពួកគេកំពុងរៀននោះដោយរបៀបណា ?
នេះគឺជារបៀបសាមញ្ញខ្លះៗដើម្បីពង្រឹងដល់ការសិក្សានៃព្រះបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីររបស់បងប្អូន ។
អធិស្ឋានសម្រាប់ការបំផុសគំនិត
ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ ដូច្នេះចូរសូមជំនួយពីទ្រង់ដើម្បីយល់ដឹងអំពីព្រះគម្ពីរ ។
ស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ
គ្រប់ការណ៍ទាំងអស់ធ្វើទីបន្ទាល់អំពីព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះហើយសូមពិចារណា ឬគូសចំណាំខគម្ពីរដែលថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដែលធ្វើឲ្យបងប្អូនមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះទ្រង់ និងបង្រៀនអំពីរបៀបដើម្បីធ្វើតាមទ្រង់ ។ ពេលខ្លះសេចក្ដីពិតអំពីព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ត្រូវបានថ្លែងចំៗ ហើយពេលខ្លះសេចក្តីពិតនៃដំណឹងល្អទាំងនេះត្រូវបានបរិយាយតាមរយៈឧទាហរណ៍ ឬដំណើររឿងមួយ ។ បងប្អូន សូមសួរខ្លួនឯងថា « តើសេចក្ដីពិតដ៏នៅអស់កល្បអ្វីខ្លះដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? » តើខគម្ពីរទាំងនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ?
ស្ដាប់តាមព្រះវិញ្ញាណ
សូមយកចិត្តទុកដាក់ចំពោះគំនិត និងអារម្មណ៍របស់បងប្អូន ទោះបីជាវាមិនទាក់ទងនឹងអ្វីដែលបងប្អូនកំពុងអានក្ដី ។ ចំណាប់អារម្មណ៍ទាំងនោះអាចនឹងជាអ្វីដែលព្រះវរបិតាសួគ៌របស់បងប្អូនចង់ឲ្យបងប្អូនរៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មានវិធីជាច្រើនដើម្បីកត់ត្រាចំណាប់អារម្មណ៍ដែលកើតមាននៅពេលបងប្អូនសិក្សា ។ ឧទាហរណ៍ បងប្អូនអាចរកឃើញថាពាក្យ និងឃ្លាជាក់លាក់នៅក្នុងបទគម្ពីរធ្វើឲ្យបងប្អូនចាប់អារម្មណ៍ បងប្អូនអាចសម្គាល់បទគម្ពីរទាំងនោះ ហើយកត់ត្រាគំនិតរបស់បងប្អូនជាកំណត់ត្រានៅក្នុងព្រះគម្ពីររបស់បងប្អូន។ បងប្អូនក៏អាចរក្សាសៀវភៅកំណត់ហេតុអំពីការយល់ដឹងអារម្មណ៍ និងចំណាប់អារម្មណ៍ដែលបងប្អូនទទួលបានផងដែរ ។
ចែកចាយអ្វីដែលបងប្អូនរៀនជាមួយអ្នកដទៃ
ការពិភាក្សាអំពីការយល់ដឹងមកពីការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូន គឺជាវិធីដ៏ល្អមួយដើម្បីបង្រៀន និងជួយពង្រឹងដល់ការយល់ដឹងរបស់បងប្អូនអំពីអ្វីដែលបងប្អូនបានអាន ។ ចែកចាយនូវអ្វីដែលបងប្អូនកំពុងរៀនជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ( ដោយផ្ទាល់ ឬតាមឌីជីថល ) ហើយអញ្ជើញពួកគេឲ្យធ្វើដូចគ្នា ។
ភ្ជាប់ទំនាក់ទំនងបទគម្ពីរមកក្នុងជីវិតរបស់បងប្អូន
សូមពិចារណាអំពីរបៀបដែលដំណើររឿង និងការបង្រៀនទាំងឡាយដែលបងប្អូនកំពុងអាននេះអនុវត្តក្នុងជីវិតរបស់បងប្អូន ។ ឧទាហរណ៍ បងប្អូនអាចសួរខ្លួនឯងថា « តើខ្ញុំមានបទពិសោធន៍អ្វីខ្លះដែលស្រដៀងទៅនឹងអ្វីដែលខ្ញុំកំពុងអាន ? »
សួរសំណួរនៅពេលបងប្អូនសិក្សា
កាលបងប្អូនសិក្សាបទគម្ពីរ នោះសំណួរជាច្រើនអាចកើតមានក្នុងគំនិតរបស់បងប្អូន ។ សំណួរទាំងនេះអាចទាក់ទងទៅនឹងអ្វីដែលបងប្អូនកំពុងអាន ឬទាក់ទងទៅនឹងជីវិតទូទៅរបស់បងប្អូន ។ សូមពិចារណាអំពីសំណួរទាំងនេះ ហើយរកមើលចម្លើយកាលបងប្អូនបន្ដសិក្សាបទគម្ពីរ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ
ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីខគម្ពីរដែលបងប្អូនអាន សូមប្រើលេខយោង Topical Guide, Bible Dictionary, សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងជំនួយការសិក្សាដទៃទៀត ។
ពិចារណាអំពីបរិបទនៃបទគម្ពីរ
បងប្អូនអាចរកឃើញគំនិតយោបល់ដ៏មានអត្ថន័យអំពីបទគម្ពីរមួយ នៅពេលបងប្អូនពិចារណាអំពីខ្លឹមសាររបស់វារួមមានស្ថានភាព ឬចេញមកពីមជ្ឈដ្ឋានដែលវាបានកើតឡើង ។ ឧទាហរណ៍ ការស្គាល់ពីប្រវត្តិ និងជំនឿរបស់មនុស្សដែលព្រះបានមានបន្ទូលទៅកាន់ អាចជួយបងប្អូនឲ្យយល់អំពីព្រះរាជបំណងនៃព្រះបន្ទូលទ្រង់កាន់តែប្រសើរឡើង ។
សិក្សាពាក្យសម្ដីរបស់ពួកព្យាការី និងសាវកជំនាន់ចុងក្រោយនេះ ។
សូមអានអ្វីដែលពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយបានបង្រៀនអំពីគោលការណ៍ដែលបងប្អូនរកឃើញនៅក្នុងបទគម្ពីរ ។
រស់នៅតាមអ្វីដែលបងប្អូនបានរៀន
ការសិក្សាព្រះគម្ពីរពុំគ្រាន់តែសម្រាប់បំផុសគំនិតយើងប៉ុណ្ណោះទេ ថែមទាំងបានដឹកនាំយើងឲ្យផ្លាស់ប្តូររបៀបដែលយើងរស់នៅទៀតផង ។ សូមស្ដាប់អ្វីដែលព្រះវិញ្ញាណបំផុសឲ្យបងប្អូនធ្វើនៅពេលបងប្អូនអាន រួចហើយសូមធ្វើតាមការបំផុសគំនិតទាំងនោះ ។
ប្រើតន្ត្រី
បទចម្រៀងដែលបានណែនាំ និងចម្រៀងកុមារដែលមាននៅក្នុង ចូរមកតាមខ្ញុំទាំងមូល ។ សូមប្រើតន្ត្រីដ៏ពិសិដ្ឋដើម្បីអញ្ជើញព្រះវិញ្ញាណ និងដើម្បីពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់បងប្អូនអំពីសេចក្ដីពិតនៃដំណឹងល្អ ។
ទន្ទេញបទគម្ពីរ
សូមជ្រើសរើសវគ្គបទគម្ពីរមួយដែលមានអត្ថន័យចំពោះបងប្អូន គ្រួសាររបស់បងប្អូន ឬថ្នាក់រៀនបងប្អូន ហើយទន្ទេញវគ្គបទគម្ពីរនោះដោយការសូត្រវគ្គបទគម្ពីរនោះឡើងវិញរាល់ថ្ងៃ ឬដោយការលេងល្បែងទន្ទេញ ។
ចែកចាយមេរៀនដោយប្រើវត្ថុ
សូមស្វែងរកវត្ថុដែលទាក់ទងនឹងជំពូក និងខគម្ពីរទាំងឡាយដែលបងប្អូនកំពុងអានជាគ្រួសារ ។ ចូរពិចារណាអំពីរបៀបដែលវត្ថុនីមួយៗទាក់ទងទៅនឹងការបង្រៀននៅក្នុងព្រះគម្ពីរ ។
គូរ ស្វែងរក ឬថតរូប
សូមអានខគម្ពីរមួយចំនួន ហើយបន្ទាប់មកគូរអ្វីមួយដែលទាក់ទងទៅនឹងអ្វីដែលបងប្អូនបានអាន ។ ឬបងប្អូនអាចស្វែងរករូបភាពនៅក្នុង សៀវភៅរូបភាពដំណឹងល្អ ឬកន្លែងផ្សេងទៀតនៅក្នុងបណ្ណាល័យដំណឹងល្អ ។ បងប្អូនក៏អាចថតរូបដែលបង្ហាញពីអ្វីដែលបងប្អូនបានរៀនផងដែរ ។
សម្តែងរឿង
បន្ទាប់ពីអានដំណើររឿងមួយចប់ សូមអញ្ជើញសមាជិកគ្រួសារឲ្យសម្ដែងជាសាច់រឿង ។ បន្ទាប់មក សូមនិយាយអំពីរបៀបដែលសាច់រឿងនោះទាក់ទងទៅនឹងអ្វីដែលបងប្អូនកំពុងជួបប្រទះ ។
ចេះបត់បែននៅតាមគេហដ្ឋាន
ប្រសិនបើបងប្អូនមានសមាជិកគ្រួសារដែលមិនមានបំណងចូលរួមនៅក្នុងការសិក្សាព្រះគម្ពីរជាគ្រួសារ សូមរកវិធីផ្សេងដើម្បីភ្ជាប់ទំនាក់ទំនងទៅនឹងពួកគេ ។ ឧទាហរណ៍ បងប្អូនអាចលើកឡើងអំពីសេចក្តីពិតដ៏អស់កល្បជានិច្ចនៅក្នុងការសន្ទនាបែបធម្មតាៗ ឬចែកចាយព្រះគម្ពីរដ៏មានអត្ថន័យតាមរបៀបមួយដែលហាក់ដូចជាមិនមែនជា ការផ្សព្វផ្សាយ ឬបង្ខិតបង្ខំ ? ការសិក្សាព្រះគម្ពីរមិនចាំបាច់ធ្វើឡើងក្នុងរបៀបដូចគ្នានៅគ្រប់ក្រុមគ្រួសារនោះទេ ។ កុមារខ្លះអាចឆ្លើយតបបានល្អជាងក្នុងការសិក្សាព្រះគម្ពីរម្នាក់ និងម្នាក់ ។ សូមអធិស្ឋាន និងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្ដាយុ ។ ប្រសិនបើបងប្អូនចង់បានជំនួយបន្ថែមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនដើម្បីបង្រៀនកូនៗរបស់បងប្អូន សូមស្វែងរកមើលថាតើវួដរបស់បងប្អូនកំពុងរៀបចំការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្ដាយ ឬអត់ ( សូមមើល ក្បួនខ្នាតទូទៅ, ១៧.៥ ) ។ ការប្រជុំទាំងនេះគឺជាឱកាសមួយសម្រាប់ឪពុកម្ដាយដើម្បីប្រឹក្សា និងរៀនជាមួយគ្នាអំពីរបៀបធ្វើឲ្យការបង្រៀនរបស់ពួកគេកាន់តែប្រសើរឡើង ។ ពួកគេអាចពិភាក្សាអំពីគោលការណ៍ក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ គំនិតនៅលើទំព័រទាំងនេះគឺសម្រាប់ការកែលម្អការសិក្សាព្រះគម្ពីរជាគ្រួសារ និងការណែនាំអំពីការរៀនសូត្រ និងការបង្រៀនដែលមាននៅក្នុងសៀវភៅ ចូរមកតាមខ្ញុំទាំងមូល ។