« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ
តើធនធាននេះគឺសម្រាប់នរណា ?
ចូរមកតាមខ្ញុំ គឺសម្រាប់មនុស្សគ្រប់គ្នាដែលចង់រៀនពីបទគម្ពីរ—ជាបុគ្គល ជាគ្រួសារ និងក្នុងថ្នាក់រៀននៅឯព្រះវិហារ ។ ប្រសិនបើបងប្អូនពុំធ្លាប់បានសិក្សាព្រះគម្ពីរជាទៀងទាត់កាលពីមុនៗមកទេ ធនធាននេះអាចជួយបងប្អូនឲ្យចាប់ផ្ដើមបាន ។ ប្រសិនបើបងប្អូនមានទម្លាប់ល្អក្នុងការសិក្សាព្រះគម្ពីររួចហើយ ធនធាននេះអាចជួយបងប្អូនឲ្យមានបទពិសោធន៍កាន់តែមានអត្ថន័យថែមទៀត ។
បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅគេហដ្ឋាន
កន្លែងដ៏ល្អបំផុតដើម្បីរៀនសូត្រដំណឹងល្អ គឺនៅគេហដ្ឋាន ។ គ្រូបង្រៀនរបស់បងប្អូននៅព្រះវិហារអាចគាំទ្រដល់បងប្អូនបាន ហើយបងប្អូនអាចទទួលបានការលើកទឹកចិត្តមកពីសមាជិកដទៃទៀតក្នុងវួដ ។ ប៉ុន្តែដើម្បីរស់រានមានជីវិតខាងវិញ្ញាណ នោះបងប្អូន និងគ្រួសាររបស់បងប្អូនត្រូវការការចិញ្ចឹមបីបាច់ជារៀងរាល់ថ្ងៃមកពី « ព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤; សូមមើលផងដែរ រ័សុល អិម ណិលសុន « OpeningRemarks » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៦–៨ ) ។
សូមប្រើធនធាននេះទៅតាមរបៀបណាមួយដែលអាចជាជំនួយដល់បងប្អូន ។ គម្រោងនេះគូសបញ្ជាក់អំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចមួយចំនួន ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ វាក៏ផ្ដល់យោបល់អំពីគំនិត និងសកម្មភាពនានាដើម្បីជួយបងប្អូនសិក្សាបទគម្ពីររៀងៗខ្លួន ជាមួយសមាជិកគ្រួសារ ឬជាមួយមិត្តភក្តិ ។ នៅពេលបងប្អូនសិក្សា សូមធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណដើម្បីស្វែងរកសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលមានអត្ថន័យចំពោះបងប្អូន ។ សូមរកមើលសារទាំងឡាយរបស់ព្រះសម្រាប់បងប្អូន ហើយធ្វើតាមការបំផុសគំនិតដែលបងប្អូនទទួលបាន ។
គ្រូបង្រៀន និងអ្នករៀននៅឯព្រះវិហារ
ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ គឺជាកម្មវិធីសិក្សាសម្រាប់ថ្នាក់រៀនទាំងឡាយនៅថ្ងៃអាទិត្យរបស់អង្គការបឋមសិក្សា សាលាថ្ងៃអាទិត្យសម្រាប់យុវវ័យ និងមជ្ឈិមវ័យ ថ្នាក់យុវនារី និងការប្រជុំកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ប្រសិនបើបងប្អូនបង្រៀននៅក្នុងថ្នាក់ណាមួយទាំងនេះ បងប្អូនត្រូវបានលើកទឹកចិត្តឲ្យប្រើគម្រោងនៅក្នុងធនធាននេះសម្រាប់ការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូន និងនៅពេលដែលបងប្អូនរៀបចំបង្រៀន ។ ចាប់ផ្ដើមដោយប្រើបទពិសោធន៍របស់បងប្អូនផ្ទាល់នៅក្នុងបទគម្ពីរ ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់បងប្អូននឹងកើតឡើងនៅពេលបងប្អូនស្រាវជ្រាវបទគម្ពីរ ហើយស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ការស្វែងរកសេចក្តីពិតដ៏អស់កល្បជានិច្ចដែលជួយបងប្អូនឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ចូរមកតាមខ្ញុំ អាចជួយបងប្អូនឲ្យស្គាល់សេចក្ដីពិតមួយចំនួនទាំងនេះ ហើយយល់ពីបរិបទនៃបទគម្ពីរទាំងឡាយ ។
សូមចាំថាការរៀនសូត្រដំណឹងល្អដែលល្អបំផុត គឺជាការរៀនសូត្រនៅតាមគេហដ្ឋាន ហើយសាសនាចក្រជាអ្នកគាំទ្រ ។ ឬអាចនិយាយម្យ៉ាងទៀតបានថា ការទទួលខុសត្រូវចម្បងរបស់បងប្អូនគឺ ដើម្បីគាំទ្រដល់មនុស្សដែលបងប្អូនបង្រៀននៅក្នុងកិច្ចខិតខំរៀនសូត្ររបស់ពួកគេ និងរស់នៅតាមដំណឹងល្អនៅឯគេហដ្ឋាន ។ កុំព្រួយបារម្ភពីការមានមាតិការពិសេស ដើម្បីផ្តល់ឲ្យពួកគេនៅក្នុងថ្នាក់ឡើយ ។ ផ្ទុយទៅវិញ សូមផ្ដល់ឱកាសឲ្យពួកគេចែកចាយបទពិសោធន៍ គំនិត និងសំណួររបស់ពួកគេអំពីវគ្គបទគម្ពីរនានាដែលពួកគេបានអាននៅឯផ្ទះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលពួកគេបានរកឃើញ ។ ការធ្វើបែបនេះគឺសំខាន់ជាងការបង្រៀនតាមឯកសារមេរៀនជាក់លាក់មួយចំនួនទៅទៀត ។
ថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់យុវវ័យ និងមជ្ឈិមវ័យ
មូលហេតុចម្បងមួយដែលយើងជួបជុំគ្នានៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ គឺដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក នៅពេលយើងព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ វិធីសាមញ្ញមួយដើម្បីធ្វើបែបនេះគឺសួរសំណួរមួយដូចជា « តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនបងប្អូនអ្វីខ្លះនៅសប្តាហ៍នេះ កាលដែលបងប្អូនសិក្សាព្រះគម្ពីរ ? » ចម្លើយចំពោះសំណួរនេះអាចនាំឲ្យមានការពិភាក្សាដ៏មានអត្ថន័យ ដែលស្ថាបនាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
បន្ទាប់មកបងប្អូនអាចអញ្ជើញឲ្យមានការពិភាក្សា ដោយផ្អែកទៅលើយោបល់ណែនាំការសិក្សានៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ បាន ។ ឧទាហរណ៍ គំនិតសិក្សាមួយអាចនឹងផ្ដល់យោបល់ឲ្យស្រាវជ្រាវក្នុង អេសាយ ៥៣ ដោយរកមើលពាក្យដែលពិពណ៌នាបេសកកម្មរបស់ព្រះអង្គសង្រ្គោះ ។ បងប្អូនអាចសុំឲ្យសមាជិកក្នុងថ្នាក់ចែកចាយរាល់គំនិត ឬអារម្មណ៍ដែលពាក្យសម្តីទាំងនេះបានបំផុសគំនិតដល់ពួកគេ ។ ឬបងប្អូនអាចចំណាយពេលខ្លះៗដើម្បីស្វែងរកពាក្យសម្តីទាំងនេះជាថ្នាក់ទាំងមូល ។
កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី
នៅពេលដែលកូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារីជួបគ្នានៅថ្ងៃអាទិត្យ នោះគោលបំណងរបស់ពួកគេគឺខុសគ្នាពីថ្នាក់សាលាថ្ងៃអាទិត្យ ។ ក្រៅពីជួយគ្នាទៅវិញទៅមកឲ្យរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ក្រុមទាំងនេះក៏បានជួបជុំគ្នាដើម្បីប្រឹក្សាជាមួយគ្នាអំពីការសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងផងដែរ ( សូមមើល ក្បួនខ្នាតទូទៅ ១.២ ) ។ ពួកគេធ្វើបែបនេះដោយមានការដឹកនាំរបស់គណៈប្រធានថ្នាក់ និងគណៈប្រធានកូរ៉ុម ។
ដោយសារមូលហេតុនេះហើយ ទើបការប្រជុំកូរ៉ុម ឬថ្នាក់រៀននីមួយៗគួរតែចាប់ផ្ដើមដោយមានសមាជិកម្នាក់មកពីកូរ៉ុម ឬគណៈប្រធានថ្នាក់ធ្វើការដឹកនាំការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងនានា ឧទាហរណ៍ដូចជា ការរស់នៅតាមដំណឹងល្អ ការងារបម្រើដល់អ្នកដែលខ្វះខាត ការចែកចាយដំណឹងល្អ ឬការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
បន្ទាប់ពីការប្រឹក្សារួមគ្នានេះហើយ នោះគ្រូបង្រៀនម្នាក់ដឹកនាំថ្នាក់ ឬកូរ៉ុមក្នុងការរៀនដំណឹងល្អជាមួយគ្នា ។ ថ្នាក់ដឹកនាំជាមជ្ឈិមវ័យ ឬសមាជិកថ្នាក់ ឬកូរ៉ុមអាចត្រូវបានចាត់តាំងឲ្យបង្រៀនបាន ។ គណៈប្រធានថ្នាក់ ឬគណៈប្រធានកូរ៉ុម ពិគ្រោះយោបល់គ្នាជាមួយថ្នាក់ដឹកនាំជាមជ្ឈិមវ័យដើម្បីធ្វើការចាត់តាំងទាំងនេះ ។
មនុស្សដែលត្រូវបានចាត់តាំងឲ្យបង្រៀន គួរតែរៀបចំខ្លួនដោយប្រើយោបល់ណែនាំសម្រាប់ការរៀនសូត្រនៅក្នុងគម្រោងមេរៀនប្រចាំសប្តាហ៍នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។ នៅក្នុងគម្រោងមេរៀននីមួយៗ រូបតំណាងនេះ បង្ហាញពីសកម្មភាពមួយដែលទាក់ទងជាពិសេសជាមួយនឹងយុវវ័យ ។ ទោះជាយ៉ាងណាក៏ដោយ យោបល់ណាមួយនៅក្នុងគម្រោងមេរៀននេះអាចប្រើជាសកម្មភាពរៀនសូត្រសម្រាប់យុវវ័យបាន ។
ចំពោះរបៀបវារៈគំរូសម្រាប់ការប្រជុំកូរ៉ុម និងថ្នាក់ សូមមើល ឧបសម្ព័ន្ធ ឃ ។
អង្គការបឋមសិក្សា
ការរៀបចំខ្លួនរបស់បងប្អូនដើម្បីបង្រៀនអង្គការបឋមសិក្សា ចាប់ផ្ដើមនៅពេលដែលបងប្អូនសិក្សាព្រះគម្ពីរជាលក្ខណៈផ្ទាល់ខ្លួន និងជាមួយគ្រួសាររបស់បងប្អូន ។ នៅពេលបងប្អូនធ្វើដូច្នោះ សូមបើកចិត្តដើម្បីទទួលចំណាប់អារម្មណ៍ និងការយល់ដឹងខាងវិញ្ញាណមកពីព្រះវិញ្ញាណបរិសុទ្ធអំពីកុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូន ។ ចូរអធិស្ឋាន ហើយព្រះវិញ្ញាណអាចបំផុសគំនិតដល់បងប្អូនឲ្យមានគំនិត ដើម្បីជួយពួកគេឲ្យរៀនពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបាន ។
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចទទួលបានការបំផុសគំនិតបន្ថែមតាមរយៈការស្វែងយល់ពីគំនិតសម្រាប់បង្រៀននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ។ គម្រោងនីមួយៗនៅក្នុងធនធាននេះមានផ្នែកមួយដែលមានចំណងជើងថា « គំនិតសម្រាប់បង្រៀនកុមារ » ។ សូមចាត់ទុកគំនិតទាំងនេះថា ជាយោបល់ដើម្បីបង្កើតឲ្យមានការបំផុសគំនិតដល់បងប្អូន ។ បងប្អូនស្គាល់កុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់បងប្អូន—ហើយបងប្អូននឹងស្គាល់ពួកគេកាន់តែច្បាស់ថែមទៀត នៅពេលបងប្អូនធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគេនៅក្នុងថ្នាក់ ។ ព្រះក៏ស្គាល់ពួកគេផងដែរ ទ្រង់នឹងបំផុសគំនិតដល់បងប្អូនតាមវិធីដ៏ល្អបំផុតដើម្បីបង្រៀន និងផ្ដល់ពរជ័យដល់ពួកគេ ។
ប្រហែលជាកុមារនៅក្នុងថ្នាក់របស់បងប្អូនបានធ្វើសកម្មភាពទាំងនេះមួយចំនួននៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ជាមួយក្រុមគ្រួសាររបស់ពួកគេរួចទៅហើយ ។ វាមិនថ្វីនោះទេ ។ ការធ្វើសាឡើងវិញគឺជាការល្អ ។ សូមពិចារណាអញ្ជើញកុមារឲ្យចែកចាយជាមួយគ្នានូវអ្វីដែលពួកគេបានរៀននៅផ្ទះ—ប៉ុន្ដែ បងប្អូនក៏គួរតែរៀបចំរបៀប ដើម្បីឲ្យកុមារចូលរួមផងដែរ បើទោះបីជាពួកគេមិនបានរៀននៅផ្ទះក៏ដោយក្តី ។ កុមាររៀនពីសេចក្ដីពិតនៃដំណឹងល្អកាន់តែមានប្រសិទ្ធភាពជាងមុន នៅពេលសេចក្ដីពិតទាំងនេះត្រូវបានបង្រៀនម្ដងហើយម្ដងទៀតតាមរយៈសកម្មភាពផ្សេងៗ ។ ប្រសិនបើបងប្អូនរកឃើញថា សកម្មភាពរៀនសូត្រមួយមានប្រសិទ្ធភាពសម្រាប់កុមារ សូមពិចារណាធ្វើវាសាឡើងវិញ ជាពិសេសនៅពេលដែលបងប្អូនបង្រៀនដល់កុមារតូចៗ ។ បងប្អូនក៏អាចរំឭកសកម្មភាពមួយមកពីមេរៀនមុនផងដែរ ។
នៅក្នុងខែដែលមានប្រាំសប្តាហ៍ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យជំនួសគម្រោងកាលវិភាគដែលបានកំណត់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ថ្ងៃអាទិត្យទីប្រាំជាមួយនឹងសកម្មភាពសិក្សាមួយ ឬច្រើននៅក្នុង « ឧបសម្ព័ន្ធខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។