« ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨—‹ សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨
« សេចក្តីសប្បុរសគឺជា សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ »
នៅក្នុងការសិក្សារបស់អ្នក អំពី មរ៉ូណៃ ៧:៤៤–៤៨ អ្នកបានរៀនអំពីរបៀបស្វែងរកការអភិវឌ្ឍសេចក្ដីសប្បុរស ដែលជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ៧:៤៤–៤៨ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សូមលើកទឹកចិត្តឲ្យរំឭកអំពីចំណេះចំណានខាងគោលលទ្ធិឲ្យបានញឹកញាប់ ។សូមលើកទឹកចិត្តសិស្សឲ្យបន្តសិក្សាឲ្យបានចេះស្ទាត់ជំនាញ និងប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមរំឭកដល់ពួកគេថា ការអនុវត្តគោលលទ្ធិដ៏អស់កល្បជានិច្ច ដែលពួកគេបានរៀនសូត្រមកពីវគ្គបទគម្ពីរទាំងនេះនឹងផ្តល់ការតម្រង់ទិសដៅ និងការណែនាំខាងវិញ្ញាណពេញមួយជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពដែលពួកគេធ្លាប់មានបទពិសោធន៍ ឬបានឃើញដោយផ្ទាល់ភ្នែក ដែលពួកគេអាចអនុវត្តសេចក្ដីសប្បុរសបាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « មរ៉ូណៃ ៧:៤៤–៤៨ » ដែលជាមេរៀនសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ មរ៉ូណៃ ៧:៤៥–៤៨ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាគូ ដើម្បីបំពេញសកម្មភាពខាងក្រោម ។ សូមអញ្ជើញសិស្សបីបួនគូឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។
សូមស្រមៃគិតនៅក្នុងអំឡុងពេលពិភាក្សាអំពី ចូរមកតាមខ្ញុំ ជាមួយគ្រួសាររបស់អ្នក ខណៈពេលដែលកំពុងនិយាយអំពីអត្ថន័យនៃសេចក្តីសប្បុរស ប្អូនប្រុសរបស់អ្នកនិយាយអ្វីមួយដូចជា « តើសេចក្តីសប្បុរសមិនមែនគ្រាន់តែជាការធ្វើរឿងល្អៗទៅដល់មនុស្សមែនទេ ? » អ្នកប្រាប់ទៅប្អូនប្រុសរបស់អ្នកថា ការធ្វើល្អគឺជាផ្នែកមួយនៃសេចក្ដីសប្បុរស ប៉ុន្តែថា អ្នកបានស្វែងយល់បន្ថែមអំពីសេចក្ដីសប្បុរសនៅក្នុងថ្នាក់សិក្ខាសាលា ។
-
តើព័ត៌មានលម្អិតអ្វីខ្លះទៀតអំពីសេចក្ដីសប្បុរសដែលអ្នកនឹងប្រាប់ទៅដល់ប្អូនប្រុសរបស់អ្នក ?
សូមជួយសិស្សឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ៧:៤៥–៤៨ ។ សូមពិចារណាចម្លងរូបភាពខាងក្រោមដាក់លើក្ដារខៀន ហើយអញ្ជើញសិស្សម្នាក់ឲ្យច្របល់ចូលគ្នានូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ដោយសរសេរវាឲ្យត្រឹមត្រូវនៅខាងក្នុងរូបបេះដូង ។ លុបផ្នែកខាងក្នុងនៃរូបបេះដូង ហើយអញ្ជើញសិស្សម្នាក់ទៀតឲ្យបំពេញសកម្មភាពនេះ ។ សូមលើកទឹកចិត្តសិស្សម្នាក់ៗឲ្យគូររូបបេះដូងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដោយមានសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដែលបានសរសេរយ៉ាងត្រឹមត្រូវនៅក្នុងនោះ ។ អញ្ជើញសិស្សក្នុងថ្នាក់ទាំងមូលឲ្យសូត្រវាជាមួយគ្នាឮៗ ។
ការអនុវត្តជាក់ស្តែង
ដើម្បីជួយសិស្សរបស់អ្នកពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមពិចារណាដាក់បញ្ចូលគ្នានូវពាក្យនៅក្នុងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដូចដែលបានបង្ហាញខាងក្រោម ។ សូមសរសេរកំណែដែលចម្រុះគ្នានៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យកែគោលការណ៍នីមួយៗដោយខ្លួនឯងចេញពីការចងចាំរបស់ពួកគេ ។ ប្រសិនបើបាច់ សិស្សអាចរំឭក កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ» នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីនាក់ឲ្យឡើងមកក្ដារខៀន ហើយម្នាក់ៗសរសេរគោលការណ៍មួយក្នុងចំណោមគោលការណ៍ផ្សេងទៀតឲ្យបានត្រឹមត្រូវ ។
-
ត្រួតពិនិត្យដោយសេចក្ដីជំនឿ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
ធ្វើតាមគោលគំនិត និងសំណួរទាំងឡាយដោយប្រភពដ៏នៅអស់កល្បជានិច្ច ។
សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពដែលពួកគេធ្លាប់បានឃើញដោយផ្ទាល់ ឬបទពិសោធន៍ដែលយុវជនអាចអនុវត្តសេចក្ដីសប្បុរស ឬប្រើប្រាស់រឿងមួយចំនួនដូចខាងក្រោម ។
-
អូស្កាងាយនឹងត្រូវប្អូនៗរបស់គាត់រំខានជាខ្លាំង ។ ពួកគេតែងតែសុំឲ្យអូស្កាលេងជាមួយពួកគេ ឬជួយពួកគេធ្វើកិច្ចការផ្ទះរបស់ពួកគេ ។ អូស្កាគ្រាន់តែមិនចង់ឲ្យប្អូនៗរបស់គាត់មករំខានគាត់ គាត់ចង់នៅម្នាក់ឯង ដើម្បីឲ្យគាត់អាចធ្វើរឿងផ្ទាល់ខ្លួនរបស់គាត់ ។
-
ហេ-វ៉ុនបានដឹងថា ក្មេងស្រីម្នាក់ទៀតនៅក្នុងថ្នាក់យុវនារីរបស់នាងកំពុងតែនិយាយដើមនាង ។ ហេ-វ៉ុនមានអារម្មណ៍មិនល្អ និងឈឺចាប់ដោយសាររឿងនេះ ហើយមិនដឹងថា ត្រូវឆ្លើយតបបែបណាវិញ ។
-
កាប៉ូចង់ធ្វើជាអ្នកល្បីនៅក្នុងសាលា ហើយបង្ហាញភាពក្លាហាននៅចំពោះមុខមិត្តភក្តិរបស់គាត់ ។ ជារឿយៗ គាត់មើលងាយមិត្តរួមថ្នាក់ផ្សេងទៀតហើយយកសម្ភាររបស់ពួកគេដោយមិនចាំបាច់សួរ ។
រឿងមួយក្នុងចំណោមរឿងទាំងនេះអាចនឹងត្រូវពិភាក្សានៅក្នុងថ្នាក់រៀនទាំងមូល ឬសិស្សអាចបែងចែកជាក្រុមតូចៗ ហើយចាត់តាំងសាច់រឿងដើម្បីយកមកពិភាក្សា ។ សូមលើកទឹកចិត្តពួកគេឲ្យសម្រេចចិត្តថា តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណណាមួយដែលនឹងមានប្រយោជន៍បំផុតនៅក្នុងសាច់រឿងរបស់ពួកគេ ហើយហេតុអ្វី ។ សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយដល់សិស្សដែលនៅសល់ក្នុងថ្នាក់នូវអ្វីដែលពួកគេបានពិភាក្សា ។ អាចជួយណែនាំសិស្សចំពោះសំណួរមួយចំនួនខាងក្រោមនៅក្នុងការពិភាក្សានេះ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកអាចចែកចាយអ្វីចេញពី មរ៉ូណៃ ៧:៤៥–៤៨ ដែលអាចលើកទឹកចិត្តបុគ្គលនេះឲ្យឆ្លើយតបដោយសេចក្ដីសប្បុរសបន្ថែមទៀតនៅក្នុងស្ថានភាពរបស់ពួកគេ ?
-
តើមានបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីខ្លះទៀតមកពីថ្នាក់ដឹកនាំសាសនាចក្រដែលអាចជួយបាន ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើបុគ្គលនេះអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះ នៅពេលដែលពួកគេព្យាយាមអនុវត្តអ្វី ដែលអ្នកចែកចាយជាមួយពួកគេ ?
-
តើពួកគេអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបានដោយរបៀបណា ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកទាំងនេះក្តី ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើការពិនិត្យមើលស្ថានការណ៍ដោយទស្សនដ៏អស់កល្បមួយអាចជួយគាត់ ឬនាងឲ្យមានអារម្មណ៍កាន់តែមានសេចក្ដីសប្បុរសបន្ថែមទៀតចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើការពិនិត្យមើលអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រព្រឹត្តចំពោះអ្នកដទៃអាចជួយដល់បុគ្គលនេះឲ្យកាន់តែមានសេចក្ដីសប្បុរសដោយរបៀបណា ?
បន្ទាប់ពីមានការពិភាក្សាក្នុងថ្នាក់ ឬជាក្រុមរួចហើយ សូមពិចារណាសួរសិស្សថា តើមានទស្សនៈផ្សេងទៀតអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដែលអាចមានប្រយោជន៍នៅក្នុងសាច់រឿងនេះដែរឬទេ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
នៅក្នុងអំឡុងពេលសិក្សាមេរៀននៅពេលក្រោយ សូមគូសរូបបេះដូងដ៏ធំមួយនៅលើក្ដារខៀន ហើយឲ្យសិស្សរំឭកឡើងវិញនូវសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះណាមួយដែលទាក់ទងនឹងគំនូរនេះ ។ សូមលើកទឹកចិត្តសិស្សម្នាក់ៗឲ្យសរសេរសេចក្ដីយោង ( មរ៉ូណៃ ៧:៤៥–៤៨ ) និងឃ្លាបទគម្ពីរគន្លឹះ ( « សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ) ពីការចងចាំពីរបីដងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។