« មរ៉ូណៃ ៧:៤៤–៤៨ ៖ ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៧:៤៤–៤៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៧:៤៤–៤៨
« សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ »
សូមគិតអំពីពេលវេលាដែលអ្នកទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ ។ តើសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់អ្នក ? មរ៉ូណៃបានកត់ត្រានូវសេចក្តីបញ្ចប់នៃការបង្រៀនដែលឪពុករបស់លោក គឺមរមនបានថ្លែងនៅក្នុងសាលាប្រជុំមួយឆ្នាំមុន ។ មរមនបានបង្រៀនអំពីរបៀបដើម្បី « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( មរ៉ូណៃ ៧:២០, ២៥ ) ជាពិសេសសេចក្ដីសប្បុរស « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ មេរៀននេះ មានគោលបំណងជួយអ្នកឲ្យយល់ និងស្វែងរកសេចក្ដីសប្បុរសក្នុងជីវិតរបស់អ្នក ។
ស្វែងរកអំណោយទាននៃសេចក្តីសប្បុរស ។ មរមនបានបង្រៀនថា យើងអាចអញ្ជើញអំណោយទាននៃសេចក្ដីសប្បុរសបានកាន់តែពេញលេញដោយការអធិស្ឋានយ៉ាងស្មោះត្រង់សម្រាប់អំណោយទាននៃសេចក្ដីសប្បុរសនេះ ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ ទូលសូមព្រះវរបិតាសួគ៌ឲ្យបំពេញដួងចិត្តរបស់អ្នកដោយសេចក្ដីសប្បុរសសម្រាប់សិស្សរបស់អ្នក ។ ការខិតខំដ៏ស្មោះត្រង់របស់អ្នកដើម្បីបន្ថែមសេចក្ដីមេត្តាករុណា និងការយល់ដឹងអាចជួយសិស្សរបស់អ្នកឲ្យមានអារម្មណ៍ថា មានសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូ នៅពេលដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្ដីស្រឡាញ់ ក៏ដូចជាគំរូនៃសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទនាពេលបច្ចុប្បន្ននេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ
ប្រសិនបើអាចធ្វើបាន សូមពិចារណាចាប់ផ្តើមថ្នាក់រៀនដោយការបង្ហាញ ឬការអានសាច់រឿងយ៉ាងហោចណាស់មួយក្នុងចំណោមសាច់រឿងខាងក្រោមរបស់បុគ្កលម្នាក់ដែលឈោងទៅជួយដោយសេចក្តីស្រឡាញ់។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលធ្វើឲ្យសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទអាចធ្វើឲ្យមានភាពខុសគ្នា ។
-
ក្មេងប្រុសម្នាក់បានដាក់ទានទៅដល់ក្មេងម្នាក់ទៀតដែលខ្វះខាតដោយមិនចង់បានអ្វីត្រឡប់មកវិញទេ ។ មើលវីដេអូ «°The Coat » (°២:០៧°) មាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសាច់រឿងដែលជាដំណើររឿងពិតអំពីកុមារភាពរបស់ប្រធាន ហេប៊ើ ជេ ហ្គ្រេនត៍ (°« The Coat » Friend ខែ មីនា ឆ្នាំ ២០១២ ទំព័រ ១៦–១៧ ) ។
2:8 -
ជំនួសឲ្យការលេងសើចដាក់គ្នា ក្មេងប្រុសពីរនាក់ដែលមិនស្គាល់គ្នាបានសម្រេចចិត្តជួយដល់គាត់ ។ សូមមើលវីដេអូ «°Gordon Hinckley: Lessons I Learned as a Boy°» (°៤:០៤°) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
4:4 -
យុវនារីមួយក្រុមឈោងទៅជួយដោយសន្ដានចិត្តល្អ និងសប្បុរសធម៌ដល់សិស្សដែលមានពិការភាព ។ សូមមើលវីដេអូ «°Charity: An Example of the Believers°» (°៤:៥០°) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
4:50 -
តើហេតុអ្វីបានជាអ្នកគិតថា សេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទអាចមានឥទ្ធិពលដ៏មហិមាបែបនេះក្នុងជីវិតរបស់យើង ?
-
តើនរណាដែលបានបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
សូមពិចារណាអញ្ជើញសិស្សឲ្យវាយតម្លៃដោយខ្លួនឯងអំពីរបៀបដែលពួកគេកំពុងអភិវឌ្ឍសេចក្តីសប្បុរស ។ ខាងក្រោមនេះ គឺជារបៀបមួយដែលអ្នកអាចធ្វើវាបាន ។
ទាំងមរមន និងសាវកប៉ុលបានបង្រៀនថាការអភិវឌ្ឍន៍សេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ គឺមានភាពចាំបាច់សម្រាប់ការរីកចម្រើនរបស់យើង ( សូមមើល មរ៉ូណៃ ៧:៤៤; កូរិនថូស ទី១ ១៣:២ ) ។ ដើម្បីជួយអ្នកវាយតម្លៃថា តើអ្នកកំពុងអភិវឌ្ឍសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទបានល្អកម្រិតណា សូមជញ្ជឹងគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះពិតកម្រិតណាសម្រាប់អ្នកនៅលើរង្វាស់ ១ ដល់ ៥ (១ = មិនពិត ៥ = ពិតជានិច្ច ) ៖
-
ខ្ញុំព្យាយាមជួយ និងបម្រើដល់អ្នកដទៃ ជាពិសេសនៅពេលដែលពួកគេកំពុងជួបការលំបាក ឬបាក់ទឹកចិត្ត ។
-
ខ្ញុំខិតខំព្យាយាមធ្វើជាមនុស្សចិត្តល្អ អត់ធ្មត់ និងអត់ឱនឲ្យអ្នកដទៃ ទោះបីជាពួកគេពិបាកនឹងចុះសម្រុងគ្នាក៏ដោយ ។
-
ពេលដែលសមរម្យល្អ ខ្ញុំប្រាប់អ្នកផ្សេងទៀតថា ខ្ញុំស្រឡាញ់ពួកគេ ហើយខ្វល់ខ្វាយពីពួកគេ ។
នៅពេលអ្នកសិក្សា មរ៉ូណៃ ៧ សូមទូលសូមដល់ព្រះអម្ចាស់ឲ្យជួយអ្នកឲ្យយល់ និងស្វែងរកសេចក្តីសប្បុរស ។
សេចក្តីអធិប្បាយរបស់មរមនអំពីសេចក្តីសប្បុរស
នៅជិតចុងបញ្ចប់នៃកំណត់ត្រារបស់គាត់ មរ៉ូណៃបានបញ្ចូលការបង្រៀនមួយដែលឪពុករបស់លោក គឺមរមនបានផ្ដល់ដល់ « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ត » ( មរ៉ូណៃ ៧:៣ ) ។ មរមនបានបង្រៀនអំពីគោលការណ៍នៃសេចក្ដីស្រឡាញ់ ដែលប្រសិនបើធ្វើតាម នោះអាចនឹងជួយការពារឲ្យរួចផុតពីការបំផ្លិចបំផ្លាញរបស់សាសន៍នីហ្វៃបាន ។ ការបង្រៀនទាំងនេះក៏នឹងទាក់ទងនឹងមរ៉ូណៃផងដែរដែលបានឃើញការបំផ្លិចបំផ្លាញដ៏ឃោរឃៅរបស់សាសន៍នីហ្វៃពីសំណាក់ពួកសាសន៍លេមិន ហើយបានធ្វើដំណើរដោយគ្មានគោលដៅតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ ។
សូមអាន មរ៉ូណៃ ៧:៤៧ ហើយគូសចំណាំឃ្លាដែលពិពណ៌នាអំពីសេចក្ដីស្រឡាញ់ដែលមរមនបានបង្រៀន ។
សូមពិចារណាសរសេរសេចក្តីពិតនេះ នៅលើក្ដារខៀន ៖ សេចក្តីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។
ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូដ៏ឥតខ្ចោះអំពីរបៀបស្រឡាញ់ដល់អ្នកដទៃ ។ សូមអាន មរ៉ូណៃ ៧:៤៥–៤៨ ដោយរកមើលឃ្លាដែល (១) ពិពណ៌នាអំពីសេចក្ដីសប្បុរសបន្ថែមទៀត ឬអំពីរបៀបស្រឡាញ់ដូចព្រះអង្គសង្គ្រោះ និង (២) បង្កើននូវបំណងប្រាថ្នារបស់អ្នកដើម្បីអភិវឌ្ឍសេចក្ដីសប្បុរសនៅក្នុងជីវិតរបស់អ្នក ។
មរ៉ូណៃ ៧:៤៥–៤៨ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមវិធីដែលងាយសម្គាល់ ដើម្បីអ្នកអាចរកឃើញវាដោយងាយស្រួល ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
ដើម្បីបន្ថែមភាពចម្រុះគ្នា និងអត្ថន័យចំពោះសកម្មភាពនេះ អ្នកអាចដាក់រូបភាពព្រះអង្គសង្គ្រោះនៅលើក្តារខៀន ។ នៅជុំវិញរូបភាពនេះ សូមសរសេរឃ្លាដែលសិស្សរកឃើញ ។ បើមានប្រយោជន៍ សូមជួយសិស្សឲ្យយល់ពីព័ត៌មានខាងក្រោម ។
និយមន័យខាងក្រោមនេះអាចនឹងមានប្រយោជន៍ផងដែរ ៖
-
« តែងតែអត់ធ្មត់ » = ស៊ូទ្រាំនឹងការសាកល្បងដោយអត់ធ្មត់
-
« ពុំចេះឈ្នានីស » = មិនច្រណែននឹងអ្នកដទៃ
-
« ពុំចេះអួតខ្លួន » = បន្ទាបខ្លួន
-
« ពុំរកប្រយោជន៍ផ្ទាល់ខ្លួន » = ដាក់ព្រះ និងតម្រូវការរបស់អ្នកដទៃជាមុន
-
« ពុំរហ័សខឹង » = មិនងាយនឹងខឹង
-
« ជឿដល់ការណ៍ទាំងអស់ » = ទទួលយកសេចក្ដីពិតទាំងអស់
សូមពិចារណាគូសចំណាំចេញពីឃ្លា « សេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ » នៅក្នុង ខទី ៤៦ តាមរយៈឃ្លា « ស្ថិតស្ថេរនៅជានិច្ច» នៅក្នុង ខទី ៤៧ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជីវិតនាំមកនូវភាពភ័យខ្លាច និងភាពបរាជ័យជាច្រើន ។ ពេលខ្លះអ្វីៗអាចមិនដំណើរការដូចការគ្រោងទុកនោះទេ ។ មនុស្សអាចនឹងធ្វើឲ្យយើងខកចិត្ត ហើយសេដ្ឋកិច្ច អាជីវកម្ម ឬរដ្ឋាភិបាលអាចនឹងធ្វើឲ្យយើងខកចិត្ត ។ ប៉ុន្តែ មានរឿងមួយដែលមិនដែលធ្វើឲ្យយើងខកចិត្តមិនថាក្នុងជីវិតនេះ ឬជីវិតក្រោយពេលស្លាប់នោះទេ—សេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនៃព្រះគ្រីស្ទ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៧ )
-
តើហេតុអ្វីបានជាអ្នកគិតថា សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទនឹងមិនធ្វើឲ្យយើងខកចិត្តនោះទេ ?
-
តើសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះអាចជួយដល់យើងតាមរបៀបណា ដែលគ្មានអ្វីផ្សេងទៀតអាចធ្វើបានដោយរបៀបណា ?
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀនអំពីសេចក្ដីសប្បុរសយ៉ាងលម្អិត ។ បើសិនជាអាច សូមមើលវីដេអូ «°Charity Never Faileth°» ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៥:០៥ ដល់នាទីទី ១៧:២២°។ ឬអានសុន្ទរកថាដែលចាប់ផ្តើមជាមួយ « ខ្ញុំចាត់ទុកសេចក្ដីសប្បុរស » ហើយបញ្ចប់ដោយ « ទប់ទល់នឹងកម្លាំងរុញច្រាន ដើម្បីចាត់ថ្នាក់អ្នកដទៃ » ( « Charity Never Faileth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៤ ) ។ សូមរកមើលឃ្លាបន្ថែមទៀតដែលប្រធាន ម៉នសុន បានប្រើប្រាស់ដើម្បីពិពណ៌នាអំពីសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានឮ ឬអាន ហើយសរសេរឃ្លាបន្ថែម ឬពាក្យគន្លឹះ នៅជុំវិញរូបភាពនៃព្រះអង្គសង្គ្រោះ ។
សំណួររបស់អ្នកអំពីសេចក្ដីសប្បុរស
តើអ្នកមានសំណួរអ្វីខ្លះអំពីអ្វីដែលជាសេចក្ដីសប្បុរស ឬរបៀបបំពេញដោយសេចក្តីស្រឡាញ់នេះ ?
សូមពិចារណាសរសេរសំណួររបស់សិស្សនៅលើក្ដារខៀន ។
ស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងថាតើសិស្សគួរធ្វើសកម្មភាពខាងក្រោមជាបុគ្គល ឬជាក្រុមតូចៗឬអត់ ។
ដើម្បីជួយឆ្លើយសំណួររបស់អ្នក សូមធ្វើដូចខាងក្រោមនេះ ៖
-
សិក្សាការបង្រៀនខាងក្រោមរបស់ព្រះអង្គសង្គ្រោះអំពីសេចក្ដីស្រឡាញ់ ឬសេចក្ដីសប្បុរស ៖ ម៉ាថាយ ៥:៤៣–៤៤; ម៉ាថាយ ២២:៣៧–៤០; យ៉ូហាន ១៥:១២ ។
-
សូមគិតអំពីដំណើររឿងព្រះគម្ពីរ នៅពេលដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្ដីសប្បុរស ។ រកទីតាំង និងអានឧទាហរណ៍ដែលអ្នកបានគិតដល់ ឬប្រើឧទាហរណ៍មួយខាងក្រោមនេះ ៖
-
ព្រះអង្គសង្គ្រោះបានបរិភោគអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើន ( សូមមើល ម៉ាថាយ ៩:១០–១៣ ) ។ ( អ្នកយកពន្ធម្នាក់គឺជាអ្នកប្រមូលពន្ធសម្រាប់ជនជាតិរ៉ូម ដែលបានយកជ័យជម្នះលើអ៊ីស្រាអែលនៅពេលនោះ ) ។
-
ព្រះអង្គសង្គ្រោះបានសង្គ្រោះ ហើយបានបង្រៀនស្ត្រីដែលត្រូវបានចាប់ខ្លួនដោយអំពើផិតក្បត់ ( សូមមើល យ៉ូហាន ៨:១–១១ ) ។
-
ព្រះអង្គសង្គ្រោះបានទទួលរងទុក្ខ បានធ្វើដង្វាយធួន និងបានសោយទិវង្គតជំនួសមនុស្សជាតិទាំងមូល ( សូមមើល លូកា ២២:៤១-៤៤ ; ២៣:៣៣–៣៤; នីហ្វៃទី១ ១៩:៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦-១៩ ) ។
-
ព្រះអង្គសង្គ្រោះបានព្យាបាល ហើយប្រទានពរដល់ប្រជាជនទ្វីបអាមេរិក ( សូមមើល នីហ្វៃទី៣ ១៧:៥–១២, ២១–២៤ ) ។
-
-
សូមគិតអំពីបទពិសោធន៍នានា នៅពេលដែលអ្នកទទួលបានអារម្មណ៍ពីសេចក្តីស្រឡាញ់ដ៏សុទ្ធសាធដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ឬនៅពេលដែលអ្នកមានចិត្តសប្បុរសចំពោះអ្នកផ្សេង ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬចងចាំ និងរបៀបដែលវាអាចជួយឆ្លើយសំណួររបស់ពួកគេ ។
របៀបដើម្បីទទួលបាន និងបង្ហាញសេចក្ដីសប្បុរស
សូមពិចារណាគូសចំណាំទៅលើការដាស់តឿនរបស់មរមនឲ្យ « អធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ » ( មរ៉ូណៃ ៧:៤៨ )។
-
តើអ្នកគិតថា ការអធិស្ឋានទៅព្រះវរបិតាសួគ៌អាចជួយបំពេញសេចក្ដីសប្បុរសមកយើងយ៉ាងដូចម្ដេច ?
វាអាចជាប្រយោជន៍ក្នុងការពន្យល់បង្ហាញដល់សិស្សថា សេចក្ដីសប្បុរស គឺជាអំណោយទានដ៏ទេវភាពដែលមកពីព្រះវរបិតាសួគ៌ ដើម្បីជួយដល់យើងឲ្យប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ យើងអាចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែនៅទីបំផុត អំណោយទាននៃសេចក្តីសប្បុរស គឺមកពីព្រះវរបិតាសួគ៌ តាមរយៈដង្វាយធួននៃព្រះរាជបុត្រារបស់ទ្រង់ ។
សូមជួយសិស្សបង្កើតសាច់រឿងជាក់ស្តែងមួយ ដែលអាចឲ្យក្មេងវ័យជំទង់ឆ្លើយសំណួរ ដែលផ្តោតទៅលើថាតើពួកគេពោរពេញដោយសប្បុរសធម៌ឬអត់ ។ បន្ទាប់មក សូមឲ្យសិស្សពិភាក្សាទៅលើសំណួរខាងក្រោម ។
-
ដោយយោងតាមអ្វីដែលអ្នកបានរៀនចេញពី មរ៉ូណៃ ៧:៤៥, ៤៧–៤៨ និងគំរូរបស់ព្រះអង្គសង្គ្រោះ តើអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទក្នុងស្ថានភាពនេះបានដោយរបៀបណា ?
-
តើការអធិស្ឋានអស់ពីចិត្តអាចជួយដល់អ្នកឆ្លើយតបដោយសេចក្ដីស្រឡាញ់ក្នុងស្ថានភាពនេះបានយ៉ាងដូចម្ដេច ?
-
តើអ្នកអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះ នៅពេលដែលអ្នកព្យាយាមអនុវត្តអ្វីដែលអ្នកបានរៀន ? តើអ្នកអាចធ្វើសកម្មដោយសេចក្ដីជំនឿបានដោយរបៀបណា ទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកទាំងនេះក្តី ?
សូមចំណាយពេលបន្តិច ដើម្បីសរសេរនូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីឲ្យយល់កាន់តែច្បាស់ និងអភិវឌ្ឍគុណលក្ខណៈនៃសេចក្តីសប្បុរស ។