« មរ៉ូណៃ ៦ ៖ ការចូលរួម និងការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៦
ការចូលរួម និងការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់
ក្នុងនាមជាសមាជិកដែលបានទទួលបុណ្យជ្រមុជទឹករួចហើយនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ យើងមានឱកាសចូលរួម និងបម្រើតាមវិធីផ្សេងៗគ្នាជាច្រើន ។ នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃបានបន្តការបង្រៀនរបស់លោក ដើម្បីជួយពង្រឹង និងស្ថាបនាសាសនាចក្រ ។ មេរៀននេះអាចជួយអ្នកឲ្យខិតខំបម្រើដល់អ្នកដទៃ ហើយធ្វើតាមព្រះអង្គសង្គ្រោះក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សូមព្យាយាមធ្វើជាគំរូក្នុងការស្រឡាញ់អ្នកដទៃ ។ ព្រះអង្គសង្គ្រោះបានបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះស្ម័គ្ររបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួនសម្រាប់មនុស្សម្នាក់ៗ ។ នៅពេលដែលអ្នកបណ្ដុះស្មារតីនៃសេចក្ដីស្រឡាញ់ និងការគោរពចំពោះសិស្សរបស់អ្នក នោះគំរូដូចជាព្រះគ្រីស្ទរបស់អ្នកអាចជំរុញពួកគេឲ្យចេះដឹងគុណគ្នាទៅវិញទៅមក ។ សូមលើកទឹកចិត្តសិស្សឲ្យស្ថាបនាគ្នាទៅវិញទៅមក ហើយស្វែងរកអ្វីដែលល្អដែលមាននៅក្នុងមនុស្សគ្រប់គ្នា ។
ការរៀបចំសិស្ស ៖ សិស្សអាចមករៀនដោយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយរបៀបដែលសមាជិកសាសនាចក្រទាំងអស់អាចពង្រឹងគ្នាទៅវិញទៅមកបាន ទោះបីជាមិនមានការហៅជាផ្លូវការនៅក្នុងវួដ ឬសាខាក៏ដោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ
សូមពិចារណាបង្ហាញរូបភាពនៃក្រុមជំនុំសាសនាចក្រ ហើយពិភាក្សាអំពីហេតុផលផ្សេងៗ ដែលមនុស្សជ្រើសរើសក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
សម្រាប់សកម្មភាពខាងក្រោម សូមពិចារណាគូរគ្រោងមនុស្សនៅលើក្ដារខៀន ដូច្នេះសិស្សទាំងអស់អាចធ្វើបញ្ចប់សកម្មភាពនេះនៅក្នុងថ្នាក់រួមគ្នា ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសចែកឲ្យផ្សេងៗគ្នាមួយសន្លឹក សូមគូសបន្ទាត់មួយដើម្បីពុះទំព័រនេះជាពីរ ។ នៅទំព័រមួយចំហៀងនៃក្រដាសពាក់កណ្តាលនោះ សូមគូរគ្រោងមនុស្សម្នាក់ ដែលតំណាងឲ្យសមាជិកនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សូមគូរគ្រោងនោះឲ្យធំល្មម ដើម្បីអ្នកអាចសរសេរនៅខាងក្នុងគ្រោងនោះបាន ។ នៅក្នុងរូបភាពដែលអ្នកគូរ សូមសរសេររឿងពីរ ឬបីដែលអ្នកបានធ្វើ ឬរំពឹងថានឹងធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់ពិធីជ្រមុជទឹកក្នុងសាសនាចក្រ ។ អ្នកប្រហែលជាចង់បន្តបន្ថែមទៅក្នុងបញ្ជីគំនូររបស់អ្នកពេញមេរៀនទាំងមូល ។
នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃបានបន្តការបង្រៀនរបស់លោកអំពីការស្ថាបនាសាសនាចក្រ និងការពង្រឹងសមាជិកសាសនាចក្រ ។ នៅក្នុងជំពូកនេះ យើងរៀនពីតួនាទី និងឱកាសមួយចំនួនរបស់យើងក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
សូមអាន មរ៉ូណៃ ៦:១–៣ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីរបៀបដែលមនុស្សម្នាក់អាចបង្ហាញថា ពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់ពិធីជ្រមុជទឹកក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ ។ សូមបន្ថែមអ្វីដែលអ្នករកឃើញទៅក្នុងបញ្ជីនៅក្នុងរូបភាពរបស់អ្នក ។
-
តើអ្នកគិតថា ទង្វើ និងអាកប្បកិរិយាទាំងនេះរៀបចំមនុស្សម្នាក់សម្រាប់ពិធីជ្រមុជទឹកដោយរបៀបណា ?
មរ៉ូណៃបានបង្រៀនថា នៅពេលដែលយើងទទួលពិធីជ្រមុជទឹក យើងត្រូវ « បានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។ យើងក្លាយជាអ្នកចូលរួមក្នុងអង្គការសាសនាចក្រមួយ ដែលមានបំណងពង្រឹង និងស្ថាបនាយើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកបន្តសិក្សា មរ៉ូណៃ ៦ សូមគិតអំពីរបៀបដែលអ្នកអាចបម្រើ និងពង្រឹងអ្នកដទៃក្នុងនាមជាសមាជិកដែលបានទទួលពិធីជ្រមុជទឹករួចហើយក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ឱកាស និងការទទួលខុសត្រូវ
នៅជុំវិញរូបភាពដែលអ្នកបានគូរពីមុន សូមសរសេរតម្រូវការ សេចក្តីសង្ឃឹម ឬសេចក្តីប្រាថ្នាមួយចំនួនរបស់សមាជិកសាសនាចក្រ ។
សូមជួយសិស្សឲ្យយល់ថា ការទទួលស្គាល់តម្រូវការទាំងនេះនៅក្នុងខ្លួនពួកគេ និងអ្នកដទៃអាចជួយពួកគេឲ្យរៀនពីការបង្រៀនបន្ទាប់ទៀតរបស់មរ៉ូណៃ ។ សូមប្រយ័ត្ន និងធានាដល់សិស្សថា ពួកគេមិនតម្រូវឲ្យចែកចាយអ្វីដែលពួកគេបានសរសេរនោះទេ ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគេសរសេរគំនិតជាច្រើននៅលើគំនូរបស់ពួកគេ ។
សូមសរសេរឃ្លាសេចក្ដីពិត ដែលមិនពេញលេញខាងក្រោមដាក់នៅលើក្ដារខៀន ដោយទុកចន្លោះឲ្យសិស្សបំពេញសេចក្ដីថ្លែងការណ៍នេះតាមវិធីជាច្រើន ។
នៅលើក្រដាសមួយចំហៀងទៀត ឬទំព័រសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរឃ្លានៃសេចក្តីពិតដែលមិនពេញលេញដូចតទៅនេះ ៖ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ យើងអាចជួយ និងពង្រឹងគ្នាទៅវិញទៅមកបាន នៅពេលដែលយើង …
សូមសិក្សា មរ៉ូណៃ ៦:៤–៩ ដោយស្វែងរកវិធីជាច្រើន ដែលអ្នកអាចបំពេញឃ្លានៃសេចក្តីថ្លែងការណ៍នេះ ។ សូមសរសេរសេចក្តីថ្លែងការណ៍ផ្សេងៗរបស់អ្នកនៅលើក្រដាសរបស់អ្នក ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ចិញ្ចឹមបីបាច់ មានន័យថាគាំទ្រ ឬជំរុញឲ្យមានការលូតលាស់ ។
សិស្សអាចបំពេញសេចក្តីថ្លែងការណ៍នេះតាមវិធីជាច្រើន រួមមានដូចខាងក្រោម ៖
-
ចងចាំសមាជិកសាសនាចក្រផ្សេងទៀត ( ខទី ៤ ) ។
-
ចិញ្ចឹមបីបាច់គ្នាទៅវិញទៅមកខាងវិញ្ញាណ ដោយព្រះបន្ទូលដ៏ល្អរបស់ព្រះ ( ខទី ៤ ) ។
-
មើលថែគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ( ខទី ៤) ។
-
ជួយគ្នាទៅវិញទៅមកឲ្យពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ( ខទី ៤ ) ។
-
ជួបជុំគ្នាជាញឹកញាប់ដើម្បីតមអាហារ ហើយអធិស្ឋានជាមួយគ្នា ( ខទី ៥ ) ។
-
ពង្រឹងគ្នាទៅវិញទៅមកខាងវិញ្ញាណ ( ខទី ៥ ) ។
-
ទទួលទានសាក្រាម៉ង់ដើម្បីនឹកចាំដល់ព្រះយេស៊ូវគ្រីស្ទ ( ខទី ៦ ) ។
-
អត់ទោសឲ្យអ្នកដទៃ នៅពេលដែលពួកគេប្រែចិត្ត ( ខទី ៧–៨ ) ។
-
បង្រៀន ហើយអធិស្ឋានស្របតាមព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( ខទី ៩ ) ។
សូមពិចារណាប្រើសំណួរមួយចំនួនខាងក្រោម ដើម្បីជួយសិស្សឲ្យយល់អំពីការទទួលខុសត្រូវនីមួយៗ ហើយគិតអំពីរបៀបបំពេញតាមការទទួលខុសត្រូវនោះ ។ នេះក៏អាចជាពេលវេលាដ៏ល្អ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយគំនិតបន្ថែមទៀតមកពីការរៀបចំសិស្សរបស់ពួកគេផងដែរ ។
-
តើសកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំងនេះដែលមើលទៅហាក់ដូចជាកាន់តែងាយស្រួល ? តើមានអ្វីខ្លះដែលអាចជាបញ្ហាប្រឈម ? ហេតុអ្វី ?
-
តើសកម្មភាពទាំងនេះមើលទៅមានលក្ខណៈដូចម្តេចនៅក្នុងថ្នាក់រៀន ឬកូរ៉ុមរបស់អ្នក ?
-
តើការប្រព្រឹត្តតាមសេចក្ដីពិតទាំងនេះអាចជួយអ្នកឲ្យបំពេញតាមតម្រូវការរបស់អ្នកយ៉ាងដូចម្ដេច ?
ការផ្ដល់ឲ្យ និងការទទួល
វាអាចមានប្រយោជន៍ក្នុងការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដើម្បីឲ្យសិស្សម្នាក់អានឮៗ ។
ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅបានសង្កេតឃើញ ៖
យើងពុំគ្រាន់តែជាអ្នកទទួល និងអ្នកយកនូវអ្វីដែលបានផ្ដល់ឲ្យនៅព្រះវិហារប៉ុណ្ណោះនោះទេ យើងចាំបាច់ត្រូវធ្វើជាអ្នកផ្ដល់ឲ្យ និងជាអ្នកផ្គត់ផ្គង់ផងដែរ ។ យុវនារី និងយុវជន ពេលអ្នកនៅ [ សកម្មភាពយុវវ័យ ] ជំនួសឲ្យការលើកទូរសព្ទអ្នកមកមើលថា មិត្តភក្ដិអ្នកកំពុងធ្វើអ្វី ចូរឈប់ ហើយមើលជុំវិញខ្លួន រួចសួរខ្លួនឯងថា « តើនរណាត្រូវការខ្ញុំនៅថ្ងៃនេះ ? » អ្នកអាចជាមនុស្សសំខាន់ដើម្បីឈោងទៅជួយ ហើយមានឥទ្ធិពលលើជីវិតរបស់មិត្តម្នាក់ ឬផ្ដល់ការលើកទឹកចិត្តដល់មិត្តម្នាក់ដែលកំពុងមានបញ្ហាស្ងាត់ៗនោះ ។
ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នកឲ្យបង្ហាញអ្នកអំពីអស់អ្នកដែលត្រូវការជំនួយរបស់អ្នក ហើយបំផុសគំនិតអ្នកអំពីរបៀបល្អបំផុតដើម្បីបម្រើពួកគេ ។ សូមចងចាំថា ព្រះអង្គសង្គ្រោះជាញឹកញាប់ បម្រើមនុស្សម្ដងម្នាក់ៗ ។ ( បូនី អិល អូស្ការសុន « សេចក្ដីត្រូវការនៅចំពោះយើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )
-
តើអ្នកគិតថា អ្វីទៅដែលសំខាន់ក្នុងការចងចាំពីការប្រឹក្សារបស់ស៊ីស្ទើរ អូស្ការសុន ហើយមូលហេតុអ្វីបានជាសំខាន់ ?
-
តើពេលណាដែលអ្នកបានឃើញសេចក្ដីពិតដែលមរ៉ូណៃបានបង្រៀននេះ កំពុងត្រូវបានអនុវត្ត ? តើការប្រព្រឹត្តតាមសេចក្ដីពិតទាំងនេះបានផ្តល់ផលវិជ្ជមានអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកដទៃ ?
-
តើការធ្វើតាមដំបូន្មានរបស់មរ៉ូណៃអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សម្រាប់គំរូអំពីយុវនារីម្នាក់ ដែលបានអនុវត្តតាមដំបូន្មានរបស់មរ៉ូណៃ សូមមើលវីដេអូ « Eyes to See » ចាប់ពីនាទីទី ៤:៥៥ ដល់នាទីទី ៦:៥៥ នៅលើគេហទំព័រ ChurchofJesusChrist.org ។
បើសិនអ្នកបង្ហាញវីដេអូនេះ សូមពិចារណាពិភាក្សាអំពីរបៀបដែលយុវនារីនេះបានអនុវត្តតាមដំបូន្មានរបស់មរ៉ូណៃ ហើយបានធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
ជំហានបន្ទាប់របស់ខ្ញុំ
សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សជញ្ជឹងគិត និងសរសេរពីចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បើសិនមានពេលគ្រប់គ្រាន់ សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សូមជញ្ជឹងគិតបន្តិចអំពីអ្វីដែលអ្នកបានរៀនសូត្រ និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ បន្ទាប់មក សូមស្រមៃថាបានដើរចូលក្នុងការប្រជុំ ឬសកម្មភាពក្នុងសាសនាចក្រលើកក្រោយរបស់អ្នក ។ តើអ្នកគិតថា ព្រះអង្គសង្គ្រោះនឹងឲ្យអ្នកធ្វើអ្វីខ្លះ ? សូមពិចារណាសរសេរកំណត់សម្គាល់ចូលនៅក្នុងសៀវភៅសិក្សារបស់អ្នក ដើម្បីជួយអ្នកឲ្យចងចាំពីការណែនាំ ដែលអ្នកបានទទួល ។
អ្នកក៏អាចអធិស្ឋានសូមជំនួយពីព្រះវរបិតាសួគ៌ដើម្បីដឹងថា តើនរណាដែលត្រូវការការយកចិត្តទុកដាក់ និងជំនួយរបស់អ្នកផងដែរ ។ សូមយាងទ្រង់ឲ្យជួយអ្នកដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីថែទាំសមាជិកសាសនាចក្រផ្សេងទៀត ដូចដែលព្រះអង្គសង្គ្រោះនឹងធ្វើ ។