« មរ៉ូណៃ ១ ៖ ខ្ញុំនឹងពុំបដិសេធព្រះគ្រីស្ទទេ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ១
ខ្ញុំនឹងពុំបដិសេធព្រះគ្រីស្ទទេ
ការធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទមិនជាការណ៍ងាយស្រួលទេ ។ នៅជិតចុងបញ្ចប់នៃព្រះគម្ពីរមរមន ព្យាការីមរ៉ូណៃបានលាតត្រដាងថា អ្នកដើរតាមព្រះគ្រីស្ទត្រូវគេសម្លាប់ លុះត្រាតែពួកគេព្រមបដិសេធព្រះអង្គសង្គ្រោះ ( សូមមើល មរ៉ូណៃ ១:២ ) ។ ដោយសារមរ៉ូណៃមិនព្រមបដិសេធព្រះយេស៊ូវគ្រីស្ទ លោកត្រូវបង្ខំចិត្តរត់គេចដោយគ្មានទិសដៅទៅគ្រប់ទីកន្លែងដែលលោកអាចស្វែងរកកន្លែងសុវត្ថិភាព ដើម្បីលាក់ខ្លួនពីពួកសាសន៍លេមិន ។ ប្រហែលជាអ្នកមានអារម្មណ៍ឯកោ នៅពេលដែលព្យាយាមរស់នៅតាមសេចក្តីជំនឿរបស់អ្នក ហើយនៅស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។ មេរៀននេះអាចជួយជំរុញអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទជានិច្ច ហើយមិនបដិសេធទ្រង់ឡើយ ។
សូមសួរសំណួរដែលនាំឲ្យមានវិចារណញាណ ។ សំណួរដែលអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីបទគម្ពីរ ស្ថានភាពបច្ចុប្បន្នរបស់ពួកគេ អារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ឬការអនុវត្តគោលការណ៍ដែលអាចយាងព្រះវិញ្ញាណឲ្យមកបង្រៀនពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍មួយ នៅពេលដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានដើរតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាពួកគេមានអារម្មណ៍ឯកោ ឬត្រូវគេបៀតបៀនក៏ដោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រឈមមុខនឹងការប្រឆាំង
សូមចំណាយពេលបន្តិចដើម្បីគិតអំពីរបៀបដែលអ្នកទំនងជានឹងប្រព្រឹត្ត នៅពេលដែលអ្នកនៅជាមួយអ្នកដែលមិនមានបទដ្ឋាន ឬជំនឿអំពីព្រះដូចនឹងអ្នក ។
សូមពិចារណាបង្ហាញដ្យាក្រាមនេះនៅលើក្តារខៀន ។ ជម្រើសមួយទៀត គឺត្រូវមានក្រដាសពណ៌រាងការ៉េបួនជ្រុងផ្សេងគ្នាសម្រាប់ចែកឲ្យសិស្សប្រើនៅពេលធ្វើសកម្មភាពនេះ ។ ការធ្វើដូច្នេះប្រហែលជាអាចជួយឲ្យសិស្សចូលរួមក្នុងសកម្មភាពមេរៀន ។
ពណ៌នៅក្នុងដ្យាក្រាមនេះអាចជួយអ្នកឲ្យស្រមៃពីកម្រិតផ្សេងគ្នានៃការប្រឆាំង ដែលសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអាចនឹងប្រឈមមុខ ។ ពណ៌បៃតងអាចតំណាងឲ្យគ្មានការប្រឆាំង ។ ពណ៌លឿង និងពណ៌ទឹកក្រូច អាចបង្ហាញពីកម្រិតប្រឆាំងកាន់តែខ្លាំង ចំណែកឯដែលពណ៌ក្រហមអាចតំណងឲ្យការប្រឆាំងដ៏ខ្លាំងជាងគេបំផុត ។
បន្ទាប់ពីការណែនាំអំពីអត្ថន័យដែលពណ៌នៅក្នុងដ្យាក្រាមតំណាងហើយ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬបទពិសោធន៍ ដែលបានចែកចាយនៅក្នុងសន្និសីទទូទៅ ដែលនរណាម្នាក់ប្រឈមមុខនឹងការប្រឆាំងក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសពណ៌ ដែលពួកគេមានអារម្មណ៍ថា នឹងពិពណ៌នាបានល្អបំផុតអំពីកម្រិតនៃស្ថានភាពនីមួយៗ ។ ការណ៍នេះអាចជួយចាប់ផ្តើមការសន្ទនាអំពីភាពស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបម្រើក្នុងយោធាកាលនៅយុវជន ហើយបានឃើញទង្វើនៃភាពក្លាហានជាច្រើនផងដែរ ។ លោកបានចែកចាយឧទាហរណ៍ខាងក្រោម ។
សូមគិតអំពីពណ៌ដែលអ្នកនឹងជ្រើសរើស ដើម្បីធ្វើជាតំណាងឲ្យកម្រិតនៃការប្រឆាំងដែលយុវជនរូបនេះបានជួប ។ តើអ្នកគិតថា ក្នុងស្ថានភាពស្រដៀងគ្នានេះអ្នកនឹងធ្វើបែបណា ?
ឧទាហរណ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺភាពក្លាហានបែបស្ងាត់ស្ងៀមរបស់នាវិកដែលមានអាយុ ១៨ ឆ្នាំម្នាក់—ដែលមិនមែនជាសមាជិកយើងទេ—បានអធិស្ឋានដោយគ្មានភាពខ្មាស់អៀន ។ នៅក្នុងចំណោមមនុស្សប្រុសៗចំនួន ២៥០ នាក់ គាត់ជាមនុស្សតែម្នាក់គត់ ដែលលុតជង្គង់អធិស្ឋាននៅក្បែរគ្រែរបស់គាត់រាល់យប់ ពេលខ្លះមានពួកអ្នកមិនជឿជេរប្រមាថ និងសើចចំអកដាក់គាត់ទៀតផង ។ គាត់បានឱនក្បាលអធិស្ឋានដល់ព្រះ ។ គាត់ពុំដែលរេរាឡើយ ។ គាត់មិនដែលរអាក់រអួលទេ ។ គាត់មានភាពក្លាហាន ។ ( ថូម៉ាស អេស ម៉នសុន « ចូររឹងមាំ ហើយក្លាហាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៧ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីឧទាហរណ៍នេះ ?
-
តើអ្នកគិតថា មានចំណុចអ្វីខ្លះដែលពិបាកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទជានិច្ច ? តើមានចំណុចអ្វីខ្លះដែលជួយអ្នកបាន ?
សូមរាយបញ្ជីស្ថានភាពមួយចំនួនផ្សេងទៀតដែលអាចនឹងលំបាកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ សូមព្យាយាមគិតពីព័ត៌មានលម្អិតជាក់លាក់ ហើយពិចារណាមើល តើពណ៌មួយណានៅលើដ្យក្រាមសាកសមបំផុតទៅនឹងស្ថានភាពនីមួយៗ ។
ជាការពិតណាស់ ការនិយាយពីការតាំងចិត្តរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទងាយស្រួលជាងការធ្វើតាម នៅពេលដែលយើងជួបនឹងឧបសគ្គ ។ នៅពេលដែលអ្នកសិក្សា សូមស្វែងរកការលើកទឹកចិត្ត ដែលអ្នកត្រូវការដើម្បីបន្ដនៅពិតចំពោះជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងតាមបទដ្ឋាននៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
មរ៉ូណៃត្រូវបានពួកសាសន៍លេមិនតាមប្រមាញ់
នៅពេលដែលមរ៉ូណៃទទួលបានភារកិច្ចឲ្យទទួលខុសត្រូវលើការរក្សាទុកកំណត់ត្រារបស់ប្រជាជនសាសន៍នីហ្វៃ លោកក៏ប្រឈមមុខនឹងការប្រឆាំងផងដែរ ។
សូមអាន មរ៉ូណៃ ១:១–៤ ដោយពិចារណាពីរបៀបដែលអ្នកអាចវាយតម្លៃលើការប្រឆាំង ដែលលោកបានប្រឈមមុខ ។
ដើម្បីជួយអ្នកឲ្យដឹងថា ជីវិតរបស់មរ៉ូណៃអាចទៅជាយ៉ាងណា អ្នកអាចមើលវីដេអូ « Moroni Invites All to Come unto Christ » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:៥៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកវាយតម្លៃលើការប្រឆាំងរបស់មរ៉ូណៃថាមានខ្លាំងកម្រិតប៉ុណ្ណាដែរ ?
-
តើយើងអាចរៀនសូត្របានអ្វីខ្លះពីគំរូរបស់មរ៉ូណៃ ?
សេចក្តីពិតមួយ ដែលយើងអាចរៀន គឺថា យើងអាចស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយមិនបដិសេធទ្រង់ឡើយ ។
សូមពិចារណាសរសេរសេចក្តីពិតនេះដាក់នៅលើក្តារខៀន ។ តាមរបៀបនេះ សិស្សអាចឃើញសេចក្តីពិត នៅពេលដែលពួកគេអានឧទាហរណ៍ផ្សេងៗអំពីមនុស្សដែលរស់នៅតាមសេចក្តីពិតនេះ ។
-
ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវពិតត្រង ឬស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថា មរ៉ូណៃមានបទពិសោធន៍អ្វីខ្លះដែលបានជួយលោកឲ្យមានភាពស្មោះត្រង់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជំរុញឲ្យអ្នកមិនឲ្យបដិសេធទ្រង់ ?
សូមពិចារណាគូសចំណាំពាក្យរបស់មរ៉ូណៃនៅក្នុង ខទី ៣ ។ អ្នកក៏អាចសរសេរឈ្មោះរបស់អ្នកនៅជាប់នឹងមរ៉ូណៃ ដើម្បីជួយជំរុញអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទជាប់ជានិច្ចផងដែរ ។
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីបុគ្គលម្នាក់ៗនៅក្នុងព្រះគម្ពីរ ដែលពិតចំពោះព្រះយេស៊ូវគ្រីស្ទពេលស្ថិតនៅក្នុងស្ថានភាពលំបាក ។ សូមពិចារណាប្រើប្រាស់ឧទាហរណ៍មួយចំនួនខាងក្រោម ។ សូមផ្តល់បរិបទតាមដែលចាំបាច់ ។ សូមជួយសិស្សឲ្យទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទតែងតែស្មោះត្រង់ និងពិតត្រង់ជានិច្ច ។ ទ្រង់ស្ម័គ្រព្រះទ័យសុគតសម្រាប់យើងម្នាក់ៗ ។
-
មហាក្សត្រីអេសធើរ ( សូមមើល នាងអេសធើរ ៤:១៦ )
-
សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ( សូមមើល ដានីយ៉ែល ៣:១៧–១៨ )
-
អ័ប៊ីណាដៃ ( សូមមើល ម៉ូសាយ ១៧:២០ )
-
យ៉ូសែប ស៊្មីធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៤–៥ )
-
កូនស្រីរបស់អូណៃតា ( សូមមើល អាប្រាហាំ ១:១១ )
ការបង្ហាញការប្តេជ្ញាចិត្តរបស់យើង
នេះប្រហែលជាពេលវេលាដ៏ល្អសម្រាប់សិស្សរាយការណ៍អំពីការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ ។ អ្នកអាចជួយសិស្សឲ្យធ្វើការណ៍នេះតាមរយៈការសួរសំណួរដូចខាងក្រោម ។
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះព្រះគ្រីស្ទក្នុងកាលៈទេសៈដ៏លំបាក ?
សូមពិចារណាឲ្យសិស្សឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើមានស្ថានភាពណាមួយ ដែលអ្នកកំពុងប្រឈមមុខនឹងការបៀតបៀនដោយសារការដើរតាមព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្ដនៅពិតចំពោះព្រះយេស៊ូវគ្រីស្ទ នៅពេលដែលស្ថិតក្នុងស្ថានភាពទាំងនោះ ?
ដើម្បីជួយសិស្សឲ្យពិចារណាពីអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងមេរៀននេះ សូមពិចារណាអញ្ជើញពួកគេឲ្យបង្កើតប័ណ្ណប្រកាស ឬការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចជំរុញទឹកចិត្តពួកគេ និងអ្នកដទៃឲ្យបន្ដនៅពិតចំពោះព្រះគ្រីស្ទ ទោះក្នុងស្ថានភាពណាក៏ដោយ ។ ពួកគេអាចដាក់បិតប័ណ្ណប្រកាសនេះនៅកន្លែងណាមួយសម្រាប់ការលើកទឹកចិត្ត ឬចែកចាយវាជាមួយអ្នកដទៃ ។ សូមផ្តល់សម្ភារដែលសិស្សត្រូវការ និងការណែនាំសម្រាប់ធ្វើសកម្មភាពនេះ ។ ប្រសិនបើអាច សូមបង្ហាញឧទាហរណ៍ថ្មីៗពីទស្សនាវដ្ដី ដើម្បីកម្លាំងយុវជន ។ ខាងក្រោមនេះជាឧទាហរណ៍មួយ ។
សិស្សអាចចាប់ផ្តើមស្វែងរករូបភាព ដើម្បីប្រើនៅក្នុងផ្នែក « បណ្តុំរូបភាព » នៅលើគេហទំព័រ folky.shop/media ។ បន្ទាប់មក សូមជួយសិស្សឲ្យស្វែងរកបទគម្ពីរអំពីការបន្ដនៅពិតចំពោះព្រះយេស៊ូវគ្រីស្ទ ដើម្បីបញ្ចូលទៅក្នុងសារលិខិតរបស់ពួកគេ ។ ពួកគេអាចប្រើខគម្ពីរមួយពី មរ៉ូណៃ ១ ជាបទគម្ពីរមួយដែលអ្នកបានរកឃើញដោយខ្លួនឯង ឬយកពីបញ្ជីខាងក្រោម ។
-
យ៉ូស្វេ ១:៩
-
រ៉ូម ១:១៦
-
« Commitment » នៅក្នុង Topical Guide
សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សបង្កើតសារចុះផ្សាយ ឬប័ណ្ណប្រកាសរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេចែកចាយអ្វីដែលពួកគេបានបង្កើតជាមួយមិត្តរួមថ្នាក់របស់ពួកគេ ។ សូមកុំភ្លេចស្វែងរកវិធីក្នុងការបង្កើតបរិយាកាសមួយដែលមានសុវត្ថិភាព ដែលសិស្សដឹងថា អ្វីដែលពួកគេបានបង្កើតមានតម្លៃ និងមានអត្ថន័យ ។