« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ ៖ មរមន ៧–អេធើរ ១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩
ការជញ្ជឹងគិត និងការវាយតម្លៃទៅលើការរៀនសូត្រខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យចងចាំ និងវាយតម្លៃអំពីបទពិសោធន៍របស់អ្នកជាមួយ មរមន ៧–អេធើរ ១៥ ដែលបានជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ។
សូមជួយសិស្សឲ្យប្រើប្រាស់ការវាយតម្លៃខ្លួនឯង ដើម្បីចូលមករកព្រះគ្រីស្ទ ។ការវាយតម្លៃជាទៀងទាត់ និងជាប់លាប់អាចជួយឲ្យសិស្សមើលឃើញពីរបៀបដែលពួកគេកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាដោយការអធិស្ឋាននូវអ្វីដែលពួកគេដឹង និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យវាយតម្លៃដោយស្មោះត្រង់ពីការរីកចម្រើនរបស់ពួកគេ ហើយពិចារណាលើការផ្លាស់ប្ដូរដែលពួកគេអាចធ្វើទៅបាន នៅពេលដែលពួកគេខិតខំព្យាយាមរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវអ្វីដែលពួកគេបានរៀនសូត្រ ដោយការបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ « មេរៀនមួយមកពី មរមន ៧–អេធើរ ១៥ ដែលខ្ញុំចង់ចែកចាយជាមួយមិត្តភក្តិ គឺ … »
សកម្មភាពរៀនសូត្រដែលអាចមាន
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ និងដើម្បីពិចារណាពីការខិតខំរបស់ពួកគេដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាក្នុងថ្នាក់របស់អ្នកអំពីគម្ពីរ មរមន ៧–អេធើរ ១៥ ប្រហែលជាបានសង្កត់ធ្ងន់លើសេចក្ដីពិតផ្សេងទៀតក្រៅពីសកម្មភាពដូចខាងក្រោមនេះ ។ ប្រសិនបើដូច្នេះមែន អ្នកអាចកែសម្រួលសកម្មភាពទាំងនេះដើម្បីដាក់បញ្ចូលសេចក្ដីពិតទាំងនោះបាន ។
ក្រយៅដើមឈើ
ផ្នែកនៃមេរៀននេះមានគោលបំណងរៀបចំសិស្សឲ្យពន្យល់ពីអ្វីដែលពួកគេបានរៀនខ្លះៗហើយ និងដើម្បីវាយតម្លៃគោលដៅ ដែលពួកគេអាចនឹងបានកំណត់អំឡុងពេលសិក្សា មរមន ៧–អេធើរ ១៥ ។ នេះអាចជាពេលវេលាដ៏ល្អមួយ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចេញពីសកម្មភាពរៀបចំខ្លួន ។
សូមបង្ហាញរូបភាពក្រយៅដើមឈើ ហើយសុំឲ្យសិស្សចែកចាយនូវអ្វីដែលយើងអាចដឹងបានអំពីដើមឈើ ដោយការពិនិត្យមើលក្រយៅរបស់វា ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
វាអស្ចារ្យណាស់ដែលយើងអាចរៀនសូត្របានច្រើនអំពីជីវិតដោយការសិក្សាពីធម្មជាតិ ។ ឧទាហរណ៍ អ្នកវិទ្យាសាស្ត្រអាចមើលក្រយៅដើមឈើ និងធ្វើការទស្សន៍ទាយផ្នែកអប់រំអំពីអាកាសធាតុ និងលក្ខខណ្ឌលូតលាស់រាប់រយ និងរាប់ពាន់ឆ្នាំមុន ។ រឿងមួយដែលយើងរៀនសូត្របានពីការសិក្សាអំពីការលូតលាស់របស់ដើមឈើ គឺថា ក្នុងរដូវកាលដែលលក្ខខណ្ឌអំណោយផល ដើមឈើលូតលាស់ក្នុងកម្រិតធម្មតា ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរដូវនៅពេលដែលលក្ខខណ្ឌលូតលាស់មិនអំណោយផល ដើមឈើបន្ថយការលូតលាស់របស់វា ហើយប្រើថាមពលរបស់ពួកគេសម្រាប់អ្វីៗជាមូលដ្ឋាន ដែលពួកគេត្រូវការដើម្បីរស់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៩ )
ដូចដើមឈើដែរ យើងមានពេលលូតលាស់ និងពេលវេលាដែលយើងអាចមានអារម្មណ៍ថា យើងកំពុងព្យាយាមដើម្បីគ្រាន់តែបានមួយរស់ប៉ុណ្ណោះ ។ ពួកយើងម្នាក់ៗជួបប្រទះនឹងការរីកចម្រើនតាមវិធីផ្សេងៗគ្នា និងក្នុងកម្រិតផ្សេងៗគ្នា ។ សូមគិតអំពីពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកអាចមានបទពិសោធន៍រីកចម្រើនខាងវិញ្ញាណ ។
-
តើលក្ខខណ្ឌអ្វីខ្លះ ដែលជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ? តើអ្នកបានជួបប្រទះការរីកចម្រើនបែបណាខ្លះ ?
-
តើមានវិធីណាខ្លះ ដែលយើងអាចវាយតម្លៃពីការរីកចម្រើនខាងវិញ្ញាណរបស់យើងជាទៀងទាត់ ?
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសពន្យល់ពីអ្វីដែលអ្នកបានរៀនសូត្រ ហើយវាយតម្លៃគោលដៅដែលអ្នកអាចនឹងបានកំណត់ ពេលដែលកំពុងសិក្សា មរមន ៧–អេធើរ ១៥ ។
ពន្យល់ពីសារៈសំខាន់នៃព្រះគម្ពីរមរមន
នៅក្នុងផ្នែកនេះនៃមេរៀននេះ សិស្សនឹងត្រូវអញ្ជើញឲ្យពន្យល់ពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ ។ ពួកគេអាចពឹងផ្អែកលើអ្វីដែលពួកគេបានសិក្សានៅក្នុង មរមន ៨ ។ ប្រសិនបើចង់ អ្នកអាចពង្រីកសកម្មភាពនេះឲ្យរួមមានតួនាទីនៃព្រះគម្ពីរមរមនក្នុងការជួយប្រមូលផ្ដុំអ៊ីស្រាអែល ដោយប្រើប្រាស់គម្ពីរ នីហ្វៃទី៣ ២១ ។
អ្នកប្រហែលជាចង់ដាក់សិស្សឲ្យធ្វើការជាដៃគូ ដូចជាអ្នកផ្សព្វផ្សាយសាសនាដែរ ។ វិធីមួយដើម្បីធ្វើកិច្ចការនេះ គឺត្រូវសរសេរកន្លែង ឬប្រទេសផ្សេងៗសម្រាប់ការចាត់តាំងបេសកកម្មដាក់នៅលើក្រដាសមួយសន្លឹក ។ សូមសរសេរការចាត់តាំងបេសកកម្មនីមួយៗដាក់នៅលើក្រដាសពីរសន្លឹកដាច់ដោយឡែកពីគ្នា ។ បន្ទាប់មក សូមចែកក្រដាសនោះដល់សិស្សក្នុងថ្នាក់ ។ សិស្សអាចរកដៃគូរបស់ពួកគេបាន ដោយស្វែងរកមនុស្សដែលមានការចាត់តាំងបេសកកម្មដូចគ្នា ។
សូមស្រមៃថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាដែលកំពុងពន្យល់ពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ ។ អ្នករៀបនឹងហុចព្រះគម្ពីរមរមនមួយក្បាលឲ្យនរណាម្នាក់ដើម្បីអាន ។
សូមរៀបចំអ្វីដែលអ្នកនឹងនិយាយដោយប្រើប្រាស់វគ្គបទគម្ពីរមួយ ឬច្រើននៅក្នុង មរមន ៨ ។ អ្នកក៏អាចប្រើប្រាស់ ទំព័រចំណងជើងនៃព្រះគម្ពីរមរមន បានផងដែរ ។ សូមរកមើលឱកាសពន្យល់ពីរបៀបដែលព្រះគម្ពីរមរមនជួយយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមដើរមើលសិស្សនៅជុំវិញថ្នាក់រៀន ហើយជួយដៃគូទាំងឡាយតាមដែលចាំបាច់ ។ ប្រសិនបើសិស្សត្រូវការជំនួយក្នុងការរកមើលវគ្គបទគម្ពីរ អ្នកអាចដឹកនាំពួកគេទៅកាន់ មរមន ៨:១៤–១៦, ២៥–២៦, ៣៤–៣៥ ។ ប្រសិនបើចាំបាច់ សូមរំឭកពួកគេថា ខទី ១៦ និងខទី ២៥ សំដៅលើយ៉ូសែប ស្ម៊ីធ ។
បន្ទាប់ពីផ្តល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញដៃគូឲ្យឡើងដើរតួសម្ដែងអំពីស្ថានភាពនេះជាមួយដៃគូផ្សេងទៀត ។ ប្រសិនបើពេលវេលាអនុញ្ញាត ដៃគូអាចរៀនអនុវត្តការពន្យល់ម្តងទៀតទៅកាន់សិស្សមួយគូទៀត ។
ជញ្ជឹងគិតអំពីផែនការដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ផ្នែកនៃមេរៀននេះអាចជួយសិស្សឲ្យជញ្ជឹងគិតអំពីការខិតខំរបស់ពួកគេ ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចប្រៀបធៀបការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទទៅនឹងការដុតនំប៉័ងបាន ។
បើសិនអាចធ្វើបាន សូមយកចានគោមលាយម្សៅ និងគ្រឿងផ្សំសម្រាប់ធ្វើនំប៉័ងមួយដុំមកថ្នាក់រៀន ។ អ្នកអាចនឹងយកនំប៉័ងមួយដុំមកចែកឲ្យសិស្សផងដែរ ។ សូមអញ្ជើញសិស្សឲ្យពន្យល់ដោយសង្ខេបអំពីដំណើរការធ្វើនំប៉័ងដោយសួរសំណួរដូចខាងក្រោម ៖
-
តើមានគ្រឿងផ្សំអ្វីខ្លះក្នុងនំប៉័ង ?
-
ក្រៅពីផ្សំគ្រឿងផ្សំ តើអ្នកត្រូវធ្វើអ្វីទៀត ដើម្បីធ្វើនំប៉័ង ?
គ្រឿងផ្សំនៅក្នុងនំប៉័ងមួយដុំអាចមានម្សៅ ដំបែ អំបិល និងទឹក ។ អ្នកក៏ប្រហែលជាត្រូវការពេលវេលាដើម្បីឲ្យនំប៉័ងឡើង ហើយអ្នកត្រូវដុតវាផងដែរ ។
ការដុតនំប៉័ងអាចប្រៀបធៀបនឹងការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទបាន ។ លទ្ធផល សាក្សី ឬអព្ភូតហេតុដែលអ្នកស្វែងរក គឺដូចជានំប៉័ងដែលបានដុតរួចអ៊ីចឹង ។ ការខិតខំរបស់អ្នកដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចប្រៀបធៀបទៅនឹងគ្រឿងផ្សំ ពេលវេលាដែលម្សៅឡើង និងការដុតនំប៉័ងដែរ ។ នៅក្នុងមេរៀនថ្មីៗនេះ អ្នកបានសិក្សាដំណើររឿងអំពីបុគ្គលដែលបានអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេធើរ ៣:១–១៦; ១២:៦–២២ ) ។ អ្នកក៏បានសិក្សាពាក្យសម្ដីរបស់ព្យាការី ដែលអញ្ជើញអ្នកឲ្យអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ និងស្វែងរកអព្ភូតហេតុផងដែរ ( សូមមើល មរមន ៩:១៥–២៧; អេធើរ ១២:៦–៩ ) ។
អ្នកអាចប្រៀបធៀបការអនុវត្តសេចក្ដីជំនឿទៅនឹងការធ្វើនំប៉័ងបាន ដោយពិភាក្សាអំពីចំណុចមួយចំនួនដូចតទៅនេះ ៖ ការរង់ចាំព្រះអម្ចាស់គឺដូចនឹងពេលវេលាដែលម្សៅឡើងដែរ ( សូមមើល អេសាយ ៤០:៣១ ) ការរក្សាសេចក្ដីសញ្ញារបស់យើងគឺដូចជាអំបិល ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៣៩ ) ហើយព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះគឺដូចនឹងទឹក ( សូមមើល យ៉ូហាន ៤: ១៤ ) ។
សូមអាន មរមន ៩:១៩–២១; អេធើរ ៣:៩; ១២:៦–៩ ដើម្បីជួយអ្នកឲ្យចងចាំអ្វីដែលអ្នកបានសិក្សាអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងផែនការដែលអ្នកប្រហែលជាបានធ្វើរួចហើយ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីលទ្ធផល សាក្សី ឬអព្ភូតហេតុ ដែលពួកគេស្វែងរក នៅពេលដែលពួកគេឆ្លើយសំណួរខាងក្រោមនេះ ។ អ្នកអាចនឹងចង់បង្ហាញសំណួរទាំងនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
ប្រសិនបើការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺដូចជាការដុតនំប៉័ង តើអ្នកកំពុងស្ថិតនៅដំណាក់កាលណានៃដំណើរការនោះនាពេលបច្ចុប្បន្ន ? តើអ្នកកំពុងប្រមូល ឬលាយគ្រឿងផ្សំនៅឡើយឬ ? តើអ្នករង់ចាំឲ្យមេឡើងឬ ? តើកំពុងដុតនំប៉័ងឬ ? ឬតើអ្នកបានញ៉ាំនំបុ័ងរួចហើយ ? សូមពន្យល់ពីមូលហេតុ ។
-
តើមានបញ្ហាប្រឈមអ្វីខ្លះដែលអ្នកធ្លាប់មាន ឬនៅតែត្រូវយកឈ្នះនៅឡើយ ? តើមានចំណុចអ្វីខ្លះដែលបានជួយ ឬអាចជួយអ្នកឲ្យយកឈ្នះលើវាបាន ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែរ កាលអ្នកមានអារម្មណ៍ថាបានទទួលពរជ័យសម្រាប់ការខិតខំ ដែលអ្នកបានធ្វើដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងឥទ្ធិពល ដែលវាមានលើជីវិតរបស់ពួកគេ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលអ្នកទទួលបានពរជ័យដោយសារការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។