« អេធើរ ១២:២៣–២៧ ៖ « ‹ លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញចំពោះពួកគេវិញ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១២:២៣–២៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១២:២៣–២៧
« លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញចំពោះពួកគេវិញ »
នៅពេលដែលមរ៉ូណៃបានបន្តធ្វើការសង្ខេបគម្ពីរអេធើរ លោកមានការបារម្ភថា ពួកសាសន៍ដទៃនឹងមើលងាយដល់កិច្ចការរបស់លោក ដោយសារលោកមិនពូកែខាងការសរសេរ ។ ព្រះអម្ចាស់បានឆ្លើយតបថា នៅពេលដែលយើងចូលមករកទ្រង់ដោយការបន្ទាបខ្លួន និងមានសេចក្តីជំនឿ នោះទ្រង់អាចធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាភាពខ្លាំងពូកែចំពោះយើងវិញ ( សូមមើល អេធើរ ១២:២៧ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យចូលមករកព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះលើភាពទន់ខ្សោយតាមរយៈព្រះគុណរបស់ទ្រង់ ។
សូមរៀបចំផែនការសកម្មភាពសិក្សា ដែលអាចឲ្យមានការពិចារណាអំពីខ្លួនឯង ។ ការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទាមទារឲ្យមានការរៀនសូត្រឲ្យបានជាប់លាប់ និងការតាំងចិត្តដើម្បីប្រព្រឹត្តដោយសេចក្តីជំនឿ ។ សូមរៀបចំផែនការសកម្មភាពសិក្សាដែលអនុញ្ញាតឲ្យសិស្សវាយតម្លៃខ្លួនឯង និងយល់ដឹងពីរបៀបអនុវត្តគោលការណ៍នៃដំណឹងល្អ ដែលអាចផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យខិតខំធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ នៅពេលដែលពួកគេសិក្សា ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:២៧ ហើយគិតអំពីភាពទន់ខ្សោយក្នុងជីវិតពួកគេ ដែលពួកគេចង់យកឈ្នះដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពទន់ខ្សោយ និងភាពខ្លាំង
សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមកខាងមុខបន្ទប់ ហើយបំពេញកិច្ចការដែលតម្រូវឲ្យមានកម្លាំងខាងរាងកាយខ្លាំងជាងពេលដែលគាត់កំពុងមាននាពេលថ្មីៗនេះ ។ សូមពិភាក្សាអំពីរបៀបអភិវឌ្ឍកម្លាំង ដែលតម្រូវឲ្យមានដើម្បីទទួលបានជោគជ័យនៅក្នុងកិច្ចការនេះ ។
នៅក្នុងជីវិតរមែងស្លាប់នេះ យើងទាំងអស់គ្នាប្រឈមមុខនឹងភាពទន់ខ្សោយ ។ ពេលខ្លះ ការណ៍នេះអាចនាំឲ្យមានការបាក់ទឹកចិត្ត ។ នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីគំរូមួយ ដែលព្រះអម្ចាស់បានបង្រៀនដល់មរ៉ូណៃ ដែលអាចប្រែក្លាយភាពទន់ខ្សោយឲ្យទៅជាភាពខ្លាំងវិញបាន ។
ការព្រួយបារម្ភរបស់មរ៉ូណៃ
មរ៉ូណៃទទួលបានភារកិច្ចក្នុងការសង្ខេបដំណើររឿងរបស់ពួកសាសន៍យ៉ារេឌ ហើយលោកបានដឹងថា ដំណើររឿងនេះនឹងមានមនុស្សជាច្រើនអាននាពេលអនាគត ។ នៅពេលដែលលោកបានបញ្ចប់កិច្ចការសង្ខេបរបស់លោករួចហើយ លោកបានកត់ត្រាគំនិតចុងក្រោយរបស់លោកមួយចំនួន ហើយបានដាក់បញ្ចូលនូវបញ្ហាព្រួយបារម្ភ និងក្តីកង្វល់ផ្ទាល់ខ្លួនរបស់លោកអំពីអ្វីដែលព្រះបានសុំឲ្យលោកធ្វើ ។
សូមអាន អេធើរ ១២:២៣–២៥ ដោយរកមើលអ្វីដែលមរ៉ូណៃមានការបញ្ហាព្រួយបារម្ភ ។
-
តើមរ៉ូណៃមានបញ្ហាព្រួយបារម្ភជាពិសេសអំពីអ្វីខ្លះ ?
សូមពិចារណាពិភាក្សាជាមួយសិស្សក្នុងថ្នាក់រៀន ហើយរាយពីចំណុចខ្សោយជាទូទៅមួយចំនួនដែលក្មេងជំទង់មាននាពេលសព្វថ្ងៃនេះ ។ សិស្សអាចពិចារណាដោយភាពស្ងៀមស្ងាត់ ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីភាពទន់ខ្សោយរបស់ពួកគេខ្លះ ដែលពួកគេចង់យកឈ្នះ ។ សូមពន្យល់ប្រាប់សិស្សកុំឲ្យចែកចាយគំនិតផ្ទាល់ខ្លួនទាំងនេះជាមួយសិស្សនៅក្នុងថ្នាក់រៀនឡើយ ។
ការឆ្លើយតបរបស់ព្រះអម្ចាស់ទៅកាន់មរ៉ូណៃ
សូមអាន អេធើរ ១២:២៦–២៧ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបចំពោះបញ្ហាព្រួយបារម្ភរបស់មរ៉ូណៃ ។
អេធើរ ១២:២៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមវិធីដែលងាយសម្គាល់ ដើម្បីអ្នកអាចរកឃើញវាដោយងាយស្រួល ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ទៅនឹងសំណួរ ឬស្ថានភាពមួយ ។
សូមជួយសិស្សឲ្យវិភាគថ្លឹងថ្លែងលើសេចក្តីថ្លែងការណ៍នៅក្នុង ខទី ២៧ ដែលមានសរសេរនៅខាងក្រោមនេះ ។ អ្នកប្រហែលជាដាក់ឲ្យពួកគេសរសេរឃ្លានីមួយៗនៅលើក្ដារខៀននៅក្នុងប្រអប់បួនជ្រុងផ្សេងគ្នា ។ អ្នកអាចណែនាំការពិភាក្សានៅក្នុងថ្នាក់រៀនដោយប្រើប្រាស់ខ្លឹមសារខាងក្រោម ។
ជាជម្រើស អ្នកអាចបែងចែកសិស្សជាក្រុមតូចៗ ហើយចែកក្រដាសមួយសន្លឹកទៅដល់ក្រុមនីមួយៗ ។ ហើយប្រាប់ឲ្យក្រុមទាំងនោះហែកក្រដាសរបស់ពួកគេជាបួនជ្រុងស្មើគ្នា ។ នៅក្នុងក្រដាសនីមួយៗ សិស្សអាចសរសេរឃ្លាមួយចេញពី ខទី ២៧ ។ បន្ទាប់មកនៅក្នុងក្រុម សិស្សអាចបង្កើតជាសំណួរដែលអាចជួយពួកគេឲ្យស្វែងយល់ឃ្លានីមួយៗ ។ បន្ទាប់ពីសរសេរសំណួររបស់ពួកគេរួចហើយ ពួកគេអាចបែងចែកឃ្លាទាំងនោះ ហើយឲ្យសមាជិកក្រុមម្នាក់ៗស្វែងរកចម្លើយចំពោះសំណួរដែលពួកគេបានសរសេរ ។
« ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ »
-
តើអ្នកគិតថា ការមកឯព្រះគ្រីស្ទមានន័យដូចម្ដេច ?
ចម្លើយមួយចំនួនដែលសិស្សអាចផ្តល់អាចជាការធ្វើសេចក្តីសន្យា និងរក្សាឲ្យបានខ្ជាប់ខ្ជួននូវសេចក្តីសញ្ញាជាមួយព្រះគ្រីស្ទ ហើយជ្រើសរើសធ្វើតាមការបង្រៀន និងគំរូរបស់ទ្រង់ ។ សម្រាប់ជំនួយបន្ថែមក្នុងការឆ្លើយសំណួរនេះ អ្នកអាចណែនាំសិស្សឲ្យអានអត្ថបទ « How to Come unto Christ » ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមកត់ចំណាំថា ព្រះអម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងបង្ហាញភាពទន់ខ្សោយរបស់យើងមកដល់ពួកយើង ប្រសិនបើយើងចូលមករកទ្រង់ ។
-
ហេតុអ្វីបានជាការធ្វើបែបនេះ គឺជាពរជ័យសម្រាប់ពួកយើង ?
ពាក្យ ភាពទន់ខ្សោយ នៅក្នុងឃ្លានេះសំដៅទៅលើស្ថានភាពធ្លាក់ចុះរបស់យើង ដែលរួមមាន « អ្វីដែលទន់ខ្សោយ » ផ្ទាល់ខ្លួន និងភាពអសមត្ថភាពរបស់យើង ក្នុងការធ្វើឲ្យបានល្អឥតខ្ចោះផងដែរ ។
-
តើអ្នករៀនបានអ្វីខ្លះពី អេធើរ ១២:២៧ អំពីមូលហេតុដែលព្រះអង្គសង្គ្រោះចង់ឲ្យអ្នកទទួលស្គាល់ភាពទន់ខ្សោយរបស់អ្នក ?
សូមជួយពន្យល់សិស្សឲ្យយល់ថា ការបន្ទាបខ្លួនទទួលស្គាល់ពីការខ្វះសមត្ថភាព និងភាពខ្វះចន្លោះរបស់យើង អាចធ្វើឲ្យពួកយើងអំពាវនាវដល់ព្រះវរបិតាសួគ៌របស់យើងដើម្បីទូលសូមជំនួយដ៏ទេវភាព ។ វាគឺតាមរយៈព្រះគុណរបស់ទ្រង់ដែលព្រះអម្ចាស់អាចប្រែក្លាយពីភាពទន់ខ្សោយទៅជាភាពខ្លាំងវិញបាន ។ ( សូមមើល កូរិនថូស ទី២ ១២:៦–១០; អេធើរ ១២:៣៧ ) ។
អ្នកក៏អាចចង់ចែកចាយ សេចក្តីថ្លែងការណ៍របស់បងប្រុស ដាកឡាស ឌី ហូមស៍ ក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ផងដែរ ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីចម្លើយរបស់ពួកគេដោយស្ងាត់ស្ងៀម ថាតើនាពេលថ្មីៗនេះ ព្រះមានបានបង្ហាញភាពទន់ខ្សោយរបស់ពួកគេដល់ពួកគេដែរឬអត់ ។ សូមបញ្ជាក់ដល់ពួកគេឲ្យបានច្បាស់ថា នេះគឺជាសូចនាករដ៏ល្អមួយ ដែលពួកគេកំពុងចូលមករកទ្រង់ ។
« យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា »
សូមអានឧទាហរណ៍មួយចំនួនអំពីបុគ្គលនៅក្នុងព្រះគម្ពីរ ដែលបានទទួលស្គាល់ពីភាពទន់ខ្សោយរបស់ពួកគេ ៖
-
អេធើរ ៣:២ ៖ បងប្រុសរបស់យ៉ារេឌ
-
ម៉ូសាយ ៤:២ ៖ ប្រជាជនរបស់ស្ដេចបេនយ៉ាមីន
-
តើការទទួលស្គាល់ភាពទន់ខ្សោយរបស់ពួកគេបានជួយបុគ្គលទាំងនេះនៅក្នុងដំណើររឿងទាំងនេះដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់ចង់ឲ្យយើងមានចិត្តរាបទាប ?
« ហើយគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលបន្ទាបខ្លួននៅចំពោះយើង »
-
តើអ្នកគិតថា វាមានន័យដូចម្តេចដែលថា ព្រះគុណរបស់ព្រះអង្គសង្គ្រោះមានគ្រប់គ្រាន់សម្រាប់អស់អ្នកដែលបន្ទាបខ្លួននៅចំពោះទ្រង់ ?
ប្រសិនបើសិស្សមានការពិបាកក្នុងការឆ្លើយសំណួរពីមុន សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ខេវីន អេស ហាមីលថុន ។
អែលឌើរ ខេវីន អេស ហាមីលថុន ក្នុងពួកចិតសិបនាក់បានពន្យល់ ៖
ព្រះគុណដែលពង្រឹង និងផ្តល់អំណាច [ របស់ព្រះយេស៊ូវគ្រីស្ទ ] ប្រទានអំណាចដល់យើងឲ្យយកឈ្នះលើឧបសគ្គ ទាំងអស់ ការលំបាក ទាំងអស់ និងភាពទន់ខ្សោយ ទាំងអស់ នៅពេលយើងព្យាយាមផ្លាស់ប្តូរ ។
ព្រះអង្គសង្គ្រោះបានរៀបចំដង្វាយធួនដ៏និរន្តរ និងអស់កល្បជានិច្ចរបស់ទ្រង់ ដើម្បីឲ្យយើងពិតជាអាចផ្លាស់ប្តូរ ប្រែចិត្ត និងប្រែកាន់តែប្រសើរឡើង ។ យើងពិតជាអាចកើតជាថ្មីម្តងទៀតបាន ។ យើងអាចយកឈ្នះលើទម្លាប់ ការញៀន និងសូម្បីតែ « បំណងប្រព្រឹត្តអំពើទុច្ចរិត » [ ម៉ូសាយ ៥:២ ] បាន ។ ( ខេវីន អេស ហាមីលថុន « លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១–៥២ )
សូមកត់សម្គាល់ពីរបៀបដែលប្រជាជនស្តេចបេនយ៉ាមីនបានទទួលបទពិសោធន៍ជាមួយព្រះគុណរបស់ព្រះអម្ចាស់នៅក្នុង ម៉ូសាយ ៤:៣ ។
-
តើមានអ្នកណាផ្សេងទៀតនៅក្នុងព្រះគម្ពីរបានបង្ហាញថា ព្រះគុណរបស់ព្រះអង្គសង្គ្រោះមានគ្រប់គ្រាន់ដើម្បីជួយយើងឲ្យយកឈ្នះលើភាពទន់ខ្សោយរបស់យើង ?
ឧទាហរណ៍មួយចំនួនដែលសិស្សអាចនឹងចែកចាយបានគឺអាលម៉ា ( សូមមើល ម៉ូសាយ ២៧:២៤–២៩ ) និងពួកបុត្រារបស់ម៉ូសាយ ( សូមមើល ម៉ូសាយ ២៨:៤ ) ។
« ដ្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញចំពោះពួកគេវិញ »
អែលឌើរ ហាមីលតុន បានចង្អុលបង្ហាញថា « ភាពទន់ខ្សោយ » នៅក្នុងខគម្ពីរនេះអាចសំដៅទៅលើអាកប្បកិរិយារបស់យើងដែលមានភាពទន់ខ្សោយ ។
នៅពេលយើងផ្លាស់ប្តូរស្ថានភាពធ្លាក់ និងភាពទន់ខ្សោយរបស់យើងជាមុនសិន នោះយើងនឹងអាចផ្លាស់ប្តូរអាកប្បកិរិយារបស់យើង និងភាពទន់ខ្សោយរបស់យើងបានផងដែរ ។ ( ខេវីន អេស ហាមីលថុន « លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៥១ )
ដើម្បីជួយសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀនសូត្រនៅថ្ងៃនេះ សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពមួយ ឬទាំងពីរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
សូមសរសេរកត់ត្រាអ្វីដែលអ្នកបានរៀនសូត្រ និងចង់ចងចាំពីមេរៀននេះជាកថាខណ្ឌមួយដែលមានយ៉ាងហោចណាស់បីប្រយោគ ។
-
សូមពិពណ៌នាអំពីរបៀបដែលអ្នកនឹងអនុវត្តអ្វីដែលអ្នកបានរៀនសូត្រនៅថ្ងៃនេះទៅជាកថាខណ្ឌមួយដែលមានយ៉ាងហោចណាស់បីប្រយោគ ។