« អេធើរ ១៣–១៥ ៖ ការយកឈ្នះលើកំហឹង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១៣–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១៣–១៥
ការយកឈ្នះលើកំហឹង
នៅក្នុងសេចក្តីស្រឡាញ់ដ៏មហិមារបស់ទ្រង់ ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងមានអារម្មណ៍ខុសគ្នាជាច្រើននៅក្នុងជីវិតរមែងស្លាប់មួយនេះ អារម្មណ៍ទាំងនោះមានដូចជាសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ភាពសោកសៅ និងការខកចិត្ត ។ ការដកពិសោធន៍អារម្មណ៍ទាំងនេះអនុញ្ញាតឲ្យយើងរៀនសូត្រ ។ នៅពេលដែលពួកសាសន៍យ៉ារេឌបានបន្តបះបោរប្រឆាំងនឹងព្រះអម្ចាស់ នោះពួកគេបានអនុញ្ញាតឲ្យអារម្មណ៍របស់ពួកគេដឹកនាំពួកគេនៅក្នុងការសម្រេចចិត្ត ហើយការណ៍នេះបណ្តាលឲ្យមានការបំផ្លិចបំផ្លាញអរិយធម៌របស់ពួកគេ ។ មេរៀននេះអាចជួយយើងឲ្យយកឈ្នះលើការល្បួង ដែលនាំឲ្យយើងធ្វើសកម្មភាពដោយកំហឹងនៅក្នុងជីវិតរបស់យើង ។
សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពតាមអ្វីដែលពួកគេរៀន ។សូមទុកពេលឲ្យសិស្សធ្វើផែនការមួយដើម្បីអនុវត្តសកម្មភាពតាមអ្វីដែលពួកគេបានរៀនសូត្រ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមផែនការរបស់ពួកគេ ។ សូមជួយពួកគេឲ្យមើលឃើញពីពរជ័យដែលបានមកពីការប្រព្រឹត្តដូចព្រះគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអត្ថន័យដែលថា ព្រះយេស៊ូវគ្រីស្ទគឺជា « ម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ហើយតើវាមានអត្ថន័យសម្រាប់ពួកយើងយ៉ាងដូចម្តេចដើម្បីធ្វើជាអ្នកដើរតាមទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
លទ្ធផលនៃកំហឹង
សូមអាន ឬមើលពីដំណើររឿងខាងក្រោម ដែលប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានចែកចាយអំពីបងប្អូនពីរនាក់ដែលរស់នៅជាមួយគ្នាពេញមួយជីវិតរបស់ពួកគេ ។
ជាយូរឆ្នាំមកហើយ ខ្ញុំបានអានសារព័ត៌មាននៅក្នុងកាសែត Associated Press មួយ ៖ មានបុរសវ័យចំណាស់ម្នាក់បានប្រាប់រឿងរ៉ាវរបស់គាត់នៅឯពិធីបុណ្យសពបងប្រុសរបស់គាត់ ។ ពួកគាត់បានរស់នៅជាមួយគ្នាតាំងពីតូចៗមក នៅក្នុងបន្ទប់ដ៏តូចមួយនៅជិតភូមិកានីស្តេអូ ទីក្រុងញូវយ៉ក ។ ពួកគាត់មានការឈ្លោះគ្នា រហូតដល់មានការបែងចែកបន្ទប់ជាពាក់កណ្តាលដោយគូសបន្ទាត់ដីសខណ្ឌគ្នា ។ ពួកគាត់មិនដែលឆ្លងកាត់គំនូសបន្ទាត់នោះ ឬនិយាយរកគ្នាទេ សូម្បីតែពាក្យមួយម៉ាត់ចាប់តាំងពីថ្ងៃនោះមក—គឺ ៦២ ឆ្នាំមុន ។ សូមគ្រាន់តែគិតពីលទ្ធផលនៃកំហឹងនោះ ។ ( ថូម៉ាស អេស ម៉នសុន « School Thy Feelings, O My Brother » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៦៨–៦៩ )
-
តើអ្នករៀនបានអ្វីខ្លះពីដំណើររឿងរបស់ប្រធាន ម៉នសុន អំពីបងប្អូនទាំងពីរនាក់នេះ ? ហេតុអ្វីបានជាអ្នកគិតថា សារលិខិតនេះមានសារៈសំខាន់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
សូមគិតអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ហើយថាតើអ្នកមានកំហឹងញឹកញាប់ប៉ុណ្ណាដែរ ។ សូមពិចារណាអំពីស្ថានភាពមួយណាដែលអាចបណ្តាលឲ្យអ្នកមានកំហឹង ហើយកំហឹងនោះអាចមានឥទ្ធិពលលើការគិត សកម្មភាព និងទំនាក់ទំនងរបស់អ្នកយ៉ាងដូចម្តេចដែរ ។
ស្ថានភាពផុយស្រួយដែលត្រូវបានបំផ្លាញដោយសារកំហឹង
នៅជំនាន់ព្យាការីអេធើរ ប្រជាជនបានប្រព្រឹត្តអំពើអាក្រក់ដ៏បំផុត ។ អេធើរត្រូវបានបង្ខំឲ្យរត់ទៅរស់នៅក្នុងរូងភ្នំ ដើម្បីលាក់ខ្លួនពីអ្នកដែលប៉ងចង់សម្លាប់លោក ។ មានពួកកងទ័ពប្រយុទ្ធគ្នាឥតឈប់ឈរ ហើយពួកគេតែងតែធ្វើសង្រ្គាមជាមួយគ្នា ។ កងទ័ពមួយដែលបានដឹកនាំដោយស្ដេចមួយអង្គឈ្មោះ កូរីអានទុមើរ ហើយកងទ័ពមួយទៀតដែលបានដឹកនាំដោយក្រុមមនុស្សផ្សេងទៀតដែលជាអ្នកប្រឆាំងនឹងស្តេច ដែលមានបុរសម្នាក់ឈ្មោះ សារេឌ ។ អេធើរបានព្រមានដល់ស្តេចកូរីអានទុមើរឲ្យប្រែចិត្ត បើមិនដូច្នោះទេ ប្រជាជននឹងត្រូវបំផ្លាញបង់ ។
សូមអាន អេធើរ ១៣:២២–៣១ ដោយរកមើលពីរបៀបដែលកំហឹងមានឥទ្ធិពលលើសកម្មភាពរបស់មនុស្ស ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ការបំផ្លិចបំផ្លាញរបស់ពួកសាសន៍យ៉ារេឌ បង្ហាញពីគ្រោះថ្នាក់នៃការបន្តមានកំហឹង ។ ស្តេចកូរីអានទុមើរ និងកងទ័ពរបស់ទ្រង់បានទទួលជោគជ័យដោយយកឈ្នះលើ សារេឌ ។ ប៉ុន្តែក៏មានអ្នកផ្សេងទៀតក្រោកឡើងដើម្បីដឹកនាំអ្នកប្រឆាំងផ្សេងៗទៀត រួមទាំង ស៊ិស ផងដែរ ។ ក្រោយពេលដែលប្រជាជនរាប់លាននាក់របស់ទ្រង់ត្រូវបានគេសម្លាប់រួច ស្តេចកូរីអានទុមើរបានព្យាយាមបញ្ឈប់ការបង្ហូរឈាមដោយសរសេរសំបុត្រជាច្រើនទៅកាន់ ស៊ិស ដើម្បីស្វែងរកសន្តិភាព ។
សូមអាន អេធើរ ១៥:៥–៦, ១៥–៣០ ដោយរកមើលឥទ្ធិពលនៃកំហឹងរបស់ពួកសាសន៍យ៉ារេឌមាន ទាំងជាលក្ខណៈបុគ្គលម្នាក់ៗ និងជាក្រុម ។
-
តើកំហឹងបានជះឥទ្ធិពលដល់បុគ្គលដូចជា កូរីអានទុមើរ ស៊ិស និងអ្នកដទៃទៀតតាមវិធីណាខ្លះ ? តើកំហឹងរបស់ពួកគេប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួនដោយរបៀបណា ?
សេចក្តីពិតមួយដែលដំណើររឿងនេះបង្រៀនគឺថា កំហឹងអាចបណ្តាលឲ្យយើងធ្វើការសម្រេចចិត្តដែលធ្វើឲ្យមានភាពឈឺចាប់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ ។
ដោយសារសំណួរខាងក្រោមមានលក្ខណៈរសើប វាអាចល្អជាងដើម្បីឲ្យសិស្សជញ្ជឹងគិតដោយស្ងៀមស្ងាត់ ហើយសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
-
តើអ្នកធ្លាប់បានឃើញថា តើកំហឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងមិត្តភក្តិ មិត្តរួមក្រុម សមាជិកវួដ ឬសមាជិកគ្រួសារយ៉ាងដូចម្តេច ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីមូលហេតុដែលយើងគួរខិតខំយកឈ្នះលើអារម្មណ៍ពេលមានកំហឹង និងការឈ្មោះប្រកែកគ្នា ៖
ព្រះយេស៊ូវបានសុំឲ្យយើង « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤៥ ] ដោយ « ពុំត្រូវមានការប្រកែកគ្នា នៅក្នុងចំណោមអ្នករាល់គ្នាឡើយ » [ នីហ្វៃទី៣ ១១:២២ ] ។ ទ្រង់បានព្រមានដល់ពួកសាសន៍នីហ្វៃថា « អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ » [ នីហ្វៃទី៣ ១១:២៩ ] ។ ប្រាកដណាស់ នៅក្នុងកម្រិតមួយដ៏ធំសម្បើម នោះទំនាក់ទំនងរបស់យើងចំពោះព្រះគ្រីស្ទនឹងត្រូវបានកំណត់—ឬយ៉ាងហោចណាស់រងឥទ្ធិពល—ដោយសារទំនាក់ទំនងរវាងគ្នានឹងគ្នារបស់យើង ។ ( ជែហ្វ្រី អ័រ ហូឡិន « ការងារបម្រើនៃការផ្សះផ្សា » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៨ )
សូមជួយសិស្សឲ្យគិតអំពីរបៀបដែលកំហឹងអាចមានឥទ្ធិពលលើជីវិតរបស់ពួកគេ ហើយតើពួកគេគួរតែធ្វើអ្វីខ្លះដើម្បីយកឈ្នះលើកំហឹងនោះ ។ សំណួរមួយចំនួននៅខាងក្រោមនេះអាចជួយអ្នកបាន ។
-
ហេតុអ្វីបានជាអ្នកគិតថា ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ?
-
តើស្ថានភាពអ្វីខ្លះដែលធ្វើឲ្យយើងមានកំហឹង ?
-
តើព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យយកឈ្នះលើកំហឹងបានយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យស្វែងរកវិធីដែលពួកគេអាចស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីយកឈ្នះលើកំហឹង អ្នកអាចឲ្យពួកគេបំពេញសកម្មភាពមួយ ឬទាំងពីរនៅខាងក្រោមនេះ ។ ពួកគេអាចបំពេញជម្រើសមួយនៅក្នុងថ្នាក់រៀនរួមគ្នា និងជម្រើសមួយទៀតជាលក្ខណៈបុគ្គល ។ សូមណែនាំពីវិធីដែលសិស្សត្រូវធ្វើតាម ។
ជម្រើស ក ។ គំរូរបស់ព្រះអង្គសង្គ្រោះអំពីសេចក្តីសប្បុរស
សូមសិក្សាយ៉ាងហោចណាស់គំរូមួយនៅក្នុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ នៅពេលដែលទ្រង់អាចនឹងមានព្រះហឫទ័យក្រោធ ប៉ុន្តែទ្រង់បានជ្រើសរើសឆ្លើយតបដោយសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសវិញ ។ អ្នកអាចសិក្សាពីការឆ្កាងរបស់ទ្រង់ ( សូមមើល លូកា ២៣:៣៣–៤៣ ) ឬនៅពេលដែលគេនាំយកស្ត្រីដែលផិតក្បត់មកឯទ្រង់ ( សូមមើល យ៉ូហាន ៨:១–១១ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ។ ពួកគេអាចគិតអំពីបទពិសោធន៍នាពេលកន្លងមក នៅពេលដែលពួកគេធ្វើទង្វើដោយកំហឹង ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរបៀបដែលលទ្ធផលអាចនឹងខុសគ្នា ប្រសិនបើពួកគេបានប្រព្រឹត្តដូចជាព្រះអង្គសង្គ្រោះឲ្យបានច្រើនជាងនេះ ។
ជម្រើស ខ ។ ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីសេចក្តីសប្បុរស
សម្រាប់សកម្មភាពខាងក្រោម សូមកុំភ្លេចជួយរំឭកសិស្សឲ្យបង្កើតសាច់រឿងដែលឲ្យសមស្រប ។
សូមបង្កើតរឿងប្រឌិតមួយ ប៉ុន្តែមានភាពជាក់ស្តែង ដែលអាចកើតឡើងចំពោះនរណាម្នាក់ដែលខឹងនឹងអ្នកផ្សេងទៀត ។ សូមបន្ថែមព័ត៌មានលម្អិតមួយចំនួន រួមមានឈ្មោះ និងមូលហេតុដែលនាំឲ្យមានកំហឹង ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរសាច់រឿងរបស់ពួកគេដាក់នៅលើក្រដាសមួយសន្លឹក ហើយប្រគល់ទៅឲ្យអ្នក ។ អ្នកអាចពិនិត្យមើលសាច់រឿងដោយសង្ខេប ហើយបន្ទាប់មកអានសាច់រឿងខ្លះៗ ដោយអញ្ជើញសិស្សឲ្យផ្ដល់យោបល់អំពីវិធីឆ្លើយតបដូចជាព្រះគ្រីស្ទ ។
ជម្រើសមួយទៀត សិស្សអាចធ្វើការជាមួយមិត្តរួមថ្នាក់ និងដើរតួសម្តែងអំពីការឆ្លើយតបទៅនឹងសាច់រឿងរបស់ពួកគេ ។
ការអញ្ជើញឲ្យចៀសវាងកំហឹង
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « គ្មានពួកយើងណាម្នាក់អាចគ្រប់គ្រងលើជាតិសាសន៍ ឬសកម្មភាពរបស់អ្នកដទៃបានទេ សូម្បីតែសមាជិកក្រុមគ្រួសារយើងផ្ទាល់ ។ ប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនឯងបាន » ( « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។
សូមរៀបចំផែនការធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីគ្រប់គ្រងខ្លួនឯង និងយកឈ្នះលើកំហឹង ។ ផែនការរបស់អ្នកអាចទាក់ទងទៅនឹងរបៀបដែលអ្នកប្រព្រឹត្ត ឬការឆ្លើយតបចំពោះមនុស្សណាម្នាក់ ។ ផែនការអាចមានវិធីដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សូមប្រាកដថាបានបញ្ចូលវិធីដែលអ្នកអាចឈោងទៅរកព្រះវរបិតាសួគ៌សូមជំនួយដ៏ទេវភាពមុន ឬក្នុងអំឡុងពេលជួបស្ថានភាពលំបាកនានា ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះអង្គសង្គ្រោះនឹងជួយដល់សិស្ស នៅពេលដែលពួកគេស្វែងរកជំនួយរបស់ទ្រង់ក្នុងការចៀសវាង និងការយកឈ្នះលើកំហឹង ។