« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បានសរសេរឡើងសម្រាប់ជំនាន់របស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧
បានសរសេរឡើងសម្រាប់ជំនាន់របស់យើង
សូមស្រមៃថាបានរស់នៅរាប់រយឆ្នាំមុន ប៉ុន្តែដឹងថាសម័យរបស់យើងរស់នៅមានលក្ខណៈបែបណា ។ មរ៉ូណៃបានមានបទពិសោធន៍នេះ ដោយព្រះអម្ចាស់បានបង្ហាញដល់លោកនូវសម័យកាលរបស់យើង ។ មរ៉ូណៃបានពិពណ៌នាពីអំពើបាប និងអាកប្បកិរិយាដែលនឹងមានជាទូទៅនៅថ្ងៃចុងក្រោយ ។ លោកបានអញ្ជើញយើងឲ្យ « បែរមករកព្រះអម្ចាស់ចុះ » ( មរមន ៩:៦ ) ហើយបានផ្តល់ដំបូន្មានផ្សេងទៀត ដើម្បីជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ព្រះគម្ពីរមរមនបាននិពន្ធឡើងដើម្បីជួយដល់យើងនៅសម័យចុងក្រោយនេះឲ្យបែរមករកព្រះអម្ចាស់វិញ ។
សូមចូលមកស្គាល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ ។ការសិក្សាបទគម្ពីរជួយពួកយើងឲ្យចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ។ សូមជួយដល់សិស្សឲ្យអនុវត្តស្វែងយល់អំពីព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបន្តសិក្សា ។ នៅពេលដែលពួកគេធ្វើបែបនេះ ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ និងរីករាយនឹងពរជ័យនៃដំណឹងល្អ ។
ការរៀបចំសិស្ស ៖ សូមពិចារណាឲ្យសិស្សមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយបទគម្ពីរមួយមកពីព្រះគម្ពីរមរមន ដែលអាចជួយយើងឲ្យបែរមករកព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មរ៉ូណៃបានសរសេរមកកាន់យើង
សូមយកប្រអប់មួយដែលតំណាងឲ្យកន្សោមពេលវេលា
សូមស្រមៃថា អ្នកបានរស់នៅជាយូរលង់ណាស់មកហើយ ហើយត្រូវបានសុំឲ្យសរសេរសារលិខិតមួយ ដើម្បីដាក់ចូលទៅក្នុងកន្សោមពេលវេលា ដែលនឹងត្រូវយកមកបើកនៅសម័យកាលរបស់យើងនេះ ។
សូមចែកក្រដាសតូចមួយសន្លឹកទៅឲ្យសិស្សសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។ សូមប្រាប់ឲ្យសិស្សយកក្រដាសរបស់ពួកគេទៅដាក់ចូលក្នុងកន្សោមពេលវេលា រួចហើយអានពីរបីចម្លើយទៅកាន់សិស្សក្នុងថ្នាក់ ។
-
តើអ្នកនឹងផ្តល់ការព្រមាន ដំបូន្មាន ឬការលើកទឹកចិត្តអ្វីខ្លះដើម្បីជួយនរណាម្នាក់ក្នុងដោះស្រាយបញ្ហាប្រឈមមុខសព្វថ្ងៃនេះ ?
មុនពេលដែលមរមនស្លាប់ លោកបានប្រគល់ផ្ទាំងមាសឲ្យកូនប្រុសលោកគឺ មរ៉ូណៃ ( សូមមើល មរមន ៨:១ ) ។ មរ៉ូណៃបានពិពណ៌នាអំពីរបៀបមួយ ដែលព្រះអម្ចាស់បានជួយលោកឲ្យដឹងអំពីអ្វី ដើម្បីសរសេរទៅកាន់ប្រជាជននៅជំនាន់របស់យើងនេះ ។ សូមអាន មរមន ៨:៣៤–៣៥; ៩:៣០ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់មរ៉ូណៃ ក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់លោក ។
-
តើព្រះអម្ចាស់បានបង្ហាញអ្វីខ្លះដល់មរ៉ូណៃ ?
-
តើយើងអាចរៀនសូត្រសេចក្ដីពិតអ្វីខ្លះចេញពីរឿងនេះ ?
សេចក្តីពិតមួយដែលយើងរៀន គឺថាព្រះយេស៊ូវគ្រីស្ទបានបំផុសគំនិតដល់ព្យាការី ដែលសរសេរព្រះគម្ពីរមរមនឲ្យសរសេរដោយគិតអំពីជំនាន់របស់យើង ។
-
តើការដឹងថាពួកព្យាការីនៃព្រះគម្ពីរមរមនបានឃើញសម័យរបស់យើងធ្វើឲ្យមានឥទ្ធិពលដល់របៀបដែលយើងអានព្រះគម្ពីរមរមនដោយរបៀបណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) អំពីពួកព្យាការីដែលសរសេរព្រះគម្ពីរមរមន ៖
ប្រសិនបើពួកលោកបានមើលឃើញជំនាន់របស់យើង ហើយជ្រើសរើសអ្វីៗទាំងនោះ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកយើង តើនោះមិនមែនជារបៀប ដែលពួកយើងគួរសិក្សាព្រះគម្ពីរមរមនទេឬអី ? យើងគួរសួរខ្លួនយើងជានិច្ចថា « ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតដល់មរមន ( ឬមរ៉ូណៃ ឬអាលម៉ា ) ឲ្យបញ្ចូលការណ៍នោះទៅក្នុងបញ្ជីរបស់លោក ? តើមានមេរៀនអ្វីខ្លះដែលខ្ញុំអាចរៀនមកពីការសិក្សាព្រះគម្ពីរមរមន ដើម្បីជួយខ្ញុំឲ្យរស់នៅក្នុងយុគសម័យកាលនេះ ? » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ )
ការសួរសំណួរដូចដែលប្រធាន ប៊ែនសឹន បានស្នើឡើង គឺជាជំនាញសិក្សាព្រះគម្ពីរដ៏មានប្រសិទ្ធភាពបំផុត ដែលអាចជួយដល់សិស្សឲ្យស្វែងរកអត្ថន័យ និងភាពទាក់ទងគ្នាបន្ថែមទៀតនៅក្នុងការសិក្សាព្រះគម្ពីរមរមនរបស់ពួកគេ ។ សិស្សអាចកត់ចំណាំនូវសំណួរទាំងនេះ ដើម្បីយោងនៅក្នុងការសិក្សារបស់ពួកគេនៅថ្ងៃនេះ និងក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេនាពេលអនាគត ។
-
តើអ្នកគិតថាការសួរសំណួរទាំងនេះអាចកែលម្អការសិក្សាព្រះគម្ពីររបស់អ្នកដោយរបៀបណា ?
សូមពិចារណាបែងចែកសិស្សនៅក្នុងថ្នាក់ជាពីរក្រុម ឬចាប់ជាដៃគូដោយក្រុមនីមួយៗត្រូវបានដាក់ឲ្យអានវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យសរសេរអ្វី ដែលពួកគេរកឃើញនៅលើក្ដារខៀន នៅក្រោមចំណងជើងដូចជា បញ្ហាខាងព្រលឹងវិញ្ញាណក្នុងជំនាន់របស់យើង ។ តាមតម្រូវការ សូមជួយសិស្សឲ្យយល់អំពីអត្ថន័យនៃពាក្យនៅក្នុងការពិពណ៌នារបស់ មរ៉ូណៃ ។
សេចក្តីថ្លែងការណ៍ដោយ ស៊ីស្ទើរ អូស្ការសុន ក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » អាចជួយដល់សិស្សឲ្យយល់អំពីខគម្ពីរទាំងនេះបាន ។
សូមអាន មរមន ៨:២៧–៣៣ ឬ មរមន ៨:៣៦–៤១ ដោយរកមើលអំពីរបៀបដែល មរ៉ូណៃ បានពិពណ៌នាអំពីស្ថានភាពខាងវិញ្ញាណរបស់មនុស្សនៅក្នុងជំនាន់របស់យើង ។
-
តើអ្នកមើលឃើញលក្ខខណ្ឌមួយណា ដែលបានពិពណ៌នាដោយមរ៉ូណៃនៅក្នុងសង្គមយើង ?
-
តើឥរិយាបទ និងអាកប្បកិរិយាទាំងនេះជះឥទ្ធិពលដល់ជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ដំណោះស្រាយខាងវិញ្ញាណនៅជំនាន់របស់យើង
សូមអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេរកឃើញនៅក្នុងខគម្ពីរខាងក្រោម នៅលើក្ដារខៀន នៅក្រោមចំណងជើងដូចជា ដំណោះស្រាយខាងវិញ្ញាណនៅក្នុងជំនាន់របស់យើង ។ សូមជួយឲ្យសិស្សពិភាក្សាអំពីរបៀបដំណោះស្រាយជាក់លាក់ណាមួយដែលអាចជួយដល់យើងយកឈ្នះលើបញ្ហាខាងវិញ្ញាណមួយចំនួន ។ សូមប្រាកដថា សិស្សពិភាក្សាអំពីរបៀបដែល មរ៉ូណៃ ចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទ ។
មរមន ៩:៧–២៦ នឹងត្រូវសិក្សានៅក្នុងមេរៀនបន្ទាប់នេះ ។
សូមអាន មរមន ៩:៦, ២៧–៣១ ដោយរកមើលអំពីចំណុចអ្វីខ្លះដែលព្រះអម្ចាស់បានបំផុសគំនិតដល់ មរ៉ូណៃឲ្យសរសេរ ដើម្បីជួយដល់យើងឲ្យយកឈ្នះលើលក្ខខណ្ឌដែលអវិជ្ជមានខាងវិញ្ញាណ ។
-
តើ មរ៉ូណៃ បានបង្រៀនអ្វីខ្លះ ដែលអាចជួយដល់យើងឲ្យយកឈ្នះលើអំពើបាប និងឥរិយាបទដែលមានក្នុងជំនាន់របស់យើងបាន ?
-
តើមានការបង្រៀនមួយណាក្នុងចំណោមការបង្រៀនទាំងអស់នេះ ដែលអាចជួយបានច្រើនបំផុតទៅដល់យុវវ័យនៅជំនាន់នេះឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ?
-
សំណួរបន្ទាប់ គឺមានបំណងសម្រាប់ការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន មិនមែនការពិភាក្សាក្នុងថ្នាក់នោះទេ ។
តើការបង្រៀនមួយណាដែលអ្នកគិតថា អាចជួយដល់អ្នកបានច្រើនជាងគេនៅពេលនេះ ? ហេតុអ្វី ?
ការបង្រៀនអំពីព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនត្រូវបានសរសេរ ដើម្បីជួយដល់យើងឲ្យជឿ ហើយបែរមករកព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ១ ៦:៤; មរមន ៧:៥; មរ៉ូណៃ ១០:៣០, ៣២ ) ។
សូមអញ្ជើញសិស្សជាច្រើននាក់ឲ្យស្វែងរក និងចែកចាយវគ្គបទគម្ពីរបស់ព្រះគម្ពីរមរមន ដែលអាចជួយដល់យើងឲ្យបែរមករកព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចប្រើប្រាស់ការរៀបចំខ្លួនរបស់ពួកគេសម្រាប់សិក្សានៅក្នុងថ្នាក់ ។ សិស្សអាចចែកចាយតាមវិធីផ្សេងៗគ្នា—ឧទាហរណ៍ ការសរសេរសេចក្ដីយោងបទគម្ពីរនៅលើក្ដារខៀន ឬនៅលើក្រដាសដែលត្រូវបានហុចឲ្យដល់សិស្សដែលនៅក្នុងថ្នាក់រៀន ។
សូមអញ្ជើញសិស្សឲ្យចែកចាយអំពីមូលហេតុ ដែលវគ្គបទគម្ពីរនេះមានអត្ថន័យចំពោះពួកគេ ។ អ្នកក៏អាចពិភាក្សាអំពីរបៀបដែលវគ្គបទគម្ពីរនេះអាចជួយយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបែរមករកទ្រង់ផងដែរ ( សូមមើល មរមន ៩:៦ ) ។
អ្នកក៏អាចអញ្ជើញសិស្សឲ្យដាក់សារខ្លីនៅក្នុងកន្សោមពេលវេលាដែលបទគម្ពីរ និងសារលិខិតអំពីព្រះអង្គសង្គ្រោះ ។ អ្នកអាចអានសារលិខិតទាំងនេះនៅក្នុងម៉ោងរៀននៅក្នុងថ្នាក់រៀននាពេលអនាគត ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យសួរសំណួរដែលប្រធាន ប៊ែនសឹន បានលើកទឹកចិត្តផងដែរ ។