« មរមន ៧ ៖ ‹ នៅក្នុងស្ថានភាពមួយដ៏សប្បាយរីករាយ ហើយគ្មានទីបំផុត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៧
« នៅក្នុងស្ថានភាពមួយដ៏សប្បាយរីករាយ ហើយគ្មានទីបំផុត »
សូមស្រមៃពីអ្វីដែលប្រហែលជាមរមនបានគិត នៅពេលដែលលោកបានឃើញទុក្ខព្រួយ និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការប្រយុទ្ធចុងក្រោយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ មុនពេលការប្រយុទ្ធទាំងនេះបានផ្តាច់ជីវិតរបស់លោកផ្ទាល់ មរមនបានបញ្ចប់សំណេររបស់លោកតាមរយៈការបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងសុភមង្គលដ៏នៅអស់កល្បជានិច្ចដែលកំពុងរង់ចាំអស់អ្នកដែលធ្វើតាមទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនរស់នៅជាមួយព្រះដោយសុភមង្គលដ៏នៅអស់កល្បជានិច្ច ។
សូមលើកទឹកចិត្តឲ្យមានទម្លាប់នៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ការបង្កើតទម្លាប់សិក្សាព្រះគម្ពីរប្រចាំថ្ងៃដែលមានសក្តានុពល ដើម្បីប្រទានពរដល់សិស្សពេញមួយជីវិត ។ សូមរកមើលរបៀបដើម្បីបង្រៀនសិស្សអំពីពរជ័យនៃការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអ្វីដែលធ្វើឲ្យពួកគេសប្បាយចិត្ត ។ សិស្សក៏អាចនិយាយជាមួយសមាជិកគ្រួសារអំពីអ្វីដែលធ្វើឲ្យសមាជិកគ្រួសារនោះសប្បាយចិត្តផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដើម្បីជួយដល់សិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេបានចេះអំពីមរមន អ្នកអាចប្រើប្រាស់សំណួរខាងក្រោម ។ សិស្សអាចឆ្លើយតបតាមអេឡិចត្រូនិក ឬលើកដៃនៅពេលដែលឮការអានចម្លើយដែលត្រឹមត្រូវ ។ ជំនួសឲ្យការដាក់ជាកម្រងសំណួរមួយ អ្នកអាចបង្ហាញរូបភាពអំពីមរមន ហើយសុំឲ្យសិស្សចែកចាយអ្វីដែលពួកគេដឹងអំពីលោក ។ ដោយសារសំណេររបស់មរមន ( ពាក្យសម្តីផ្ទាល់របស់លោក និងសេចក្ដីសង្ខេបអំពីប្រវត្តិរបស់ពួកសាសន៍នីហ្វៃ ) រួមមានអ្វីៗទាំងអស់មកពី ពាក្យសម្តីនៃមរមន ទៅដល់ មរមន ៧ អ្នកអាចអញ្ជើញសិស្សដែលមានក្រដាសដែលបានសរសេរបទគម្ពីរឲ្យបើកមើលជំពូកទាំងនេះ ដើម្បីនឹកគិតមើលថាព្រះគម្ពីរមរមន ដែលគាត់បានសង្ខេប និងសរសេរនោះមានប៉ុន្មានទំព័រ ។
ចម្លើយសំណួរ ៖ ១) គ; ២) ក; ៣) ខ ( ពាក្យសម្ដីនៃមរមន–មរមន ៧ និង មរ៉ូណៃ ៧–៩ )
ជីវិតរបស់មរមន
សូមធ្វើសំណួរខាងក្រោមដើម្បីឲ្យដឹងថាអ្នកចងចាំអ្វីខ្លះអំពីព្យាការីមរមន ។
-
តើមរមនបានពិពណ៌នាវ័យជំទង់របស់លោកដោយរបៀបណា ? ( សូមមើល មរមន ១:២ ) ។
-
លោកគឺជាអ្នកស្ពាយអាវុធនៅក្នុងកងទ័ពពួកសាសន៍នីហ្វៃ
-
លោកមានការភ័យខ្លាច
-
លោកសង្កេតមើលដោយឆាប់រហ័ស ។
-
-
តើមរមនបានដកពិសោធអ្វីខ្លះនៅវ័យ ១៥ ឆ្នាំ ? ( សូមមើល មរមន ១:១៥ ) ។
-
ព្រះអម្ចាស់បានយាងមកជួបលោក
-
ការអធិប្បាយរបស់លោកបានផ្លាស់ប្រែចិត្តមនុស្សរាប់រយនាក់
-
លោកបានមានរបួសនៅក្នុងការប្រយុទ្ធ
-
-
តើព្រះគម្ពីរមរមនបានសរសេរ ឬសង្ខេបដោយមរមនមានប្រហែលប៉ុន្មាន ?
-
១/២
-
២/៣
-
៣/៤
-
មរមន មានទំនួលខុសត្រូវក្នុងការសង្ខេប សរសេរ និងរក្សាទុកព្រះគម្ពីរដ៏ពិសិដ្ឋ ដែលយើងស្គាល់នៅពេលបច្ចុប្បន្ននេះថា ជាព្រះគម្ពីរ មរមន ។ រហូតដល់ទីបញ្ចប់នៃជីវិតរបស់លោក មរមន បានធ្វើជាសាក្សី និងបានចូលរួមប្រយុទ្ធនៅក្នុងសង្រ្គាម ដ៏ធំមួយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ នៅទីបំផុត សង្គ្រាមនេះបានផ្តាច់យកជីវិតរបស់មរមន ( សូមមើល មរមន ៨:៣ ) ។ មុនពេលប្រគល់កំណត់ត្រាដ៏ពិសិដ្ឋនេះទៅដល់កូនប្រុសរបស់លោកគឺមរ៉ូណៃ មរមនបានសរសេរសារលិខិតចុងក្រោយរបស់លោកទៅកាន់អ្នកអានព្រះគម្ពីរមរមននាពេលអនាគត ។
សូមអញ្ជើញសិស្សឲ្យពិចារណា និងពិភាក្សាអំពីសំណួរខាងក្រោមនេះជាក្រុមតូចៗ ។ ការធ្វើបែបនេះនឹងអាចឲ្យសិស្សចែកចាយគំនិតរបស់ពួកគេបាន ។
-
នៅពេលដែលពិចារណាអំពីជីវិត បទពិសោធន៍ និងទីបន្ទាល់របស់មរមន តើអ្នកគិតថា លោកអាចនឹងសរសេរនៅក្នុងសារលិខិតចុងក្រោយរបស់លោក ទៅកាន់ អ្នកអានព្រះគម្ពីរមរមននាពេលអនាគតអ្វីខ្លះ ? ហេតុអ្វី ?
នៅពេលអ្នកសិក្សាគម្ពីរ មរមន ៧ សូមមើលអំពីរបៀបដែលសារលិខិតរបស់មរមន មិនត្រឹមតែមានអត្ថន័យចំពោះមនុស្សនៅក្នុងជំនាន់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យចំពោះមនុស្សក្នុងគ្រប់កាលៈទេសៈទាំងអស់ក្នុងជីវិតមនុស្សផងដែរ ។
អ្វីដែលមរមនចង់ឲ្យយើងដឹង
នៅពេលសិស្សសិក្សាគម្ពីរ មរមន ៧ ពួកគេអាចប្រៀបធៀបការបង្រៀនរបស់មរមនទៅនឹងសេចក្ដីពិត ដែលពួកគេបានរំពឹងទុកអំពីអ្វីដែលលោកនឹងបង្រៀន ។
សូមអាន មរមន ៧:២–៧ ។ សូមគូសចំណាំនៅក្នុងបទគម្ពីររបស់អ្នក ឬបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអ្វីដែលមរមនចង់ឲ្យអ្នកអានដឹង ។ សូមផ្តោតយកចិត្តទុកដាក់ ជាពិសេសទៅលើអ្វីដែលមរមនបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ៥–៧ ។
-
ហេតុអ្វីបានជាអ្នកគិតថា មរមនយល់ឃើញថាការណ៍ទាំងនេះជាសេចក្ដីពិតដ៏សំខាន់សម្រាប់ពួកយើងត្រូវការដឹង ?
-
តើសេចក្តីពិតមួយណាក្នុងចំណោមសេចក្តីពិតទាំងនេះមានអត្ថន័យបំផុតសម្រាប់អ្នកផ្ទាល់ ? ហេតុអ្វី ?
-
ហេតុអ្វីបានជាវាមានភាពចាំបាច់ត្រូវការដឹង « ថាអ្នករាល់គ្នាជាវង្សអ៊ីស្រាអែល » ( មរមន ៧:២ ) ?
ប្រសិនបើអ្នកមានអារម្មណ៍ថា សិស្សអាចទទួលបានអត្ថប្រយោជន៍មកពីការសិក្សាកាន់តែស៊ីជម្រៅនៃ ខទី ២–៧ សូមពិចារណាអញ្ជើញពួកគេឲ្យប្រើប្រាស់ធនធានសិក្សាដូចជា បណ្ណាល័យដំណឹងល្អ លេខយោង ឬអានសុន្ទរកថាសន្និសីទទូទៅ ។ ធនធានបែបនេះអាចជួយដល់ពួកគេឲ្យយល់កាន់តែច្បាស់អំពី សារៈសំខាន់នៃអ្វីដែលមរមនបានអញ្ជើញពួកយើងឲ្យដឹង ។ ឧទាហរណ៍ អ្នកខ្លះអាចសិក្សាអំពីសារៈសំខាន់នៃការដឹងថា « អ្នករាល់គ្នាជាវង្សអ៊ីស្រាអែល » ( ខទី ២ ) ។ អ្នកផ្សេងទៀតអាចស្វែងយល់អំពីភាពទាក់ទងនៃ « [ ការដាក់ ] គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមចុះ » ( ខទី ៤ ) ។
អ្នកប្រហែលជាបានសង្កេតឃើញហើយថា នៅពេលដែលអំពើទុច្ចរិត និងសង្រ្គាមហ៊ុំព័ទ្ធមរមន នោះលោកបានសម្លឹងឆ្ពោះទៅការមានព្រះជន្មរស់ឡើងវិញ និងការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនថា ដោយសារព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានការអត់ទោសពីអំពើបាបរបស់យើង ដូច្នេះហើយត្រូវរៀបចំដើម្បីរស់នៅជាមួយព្រះក្នុងស្ថានភាពនៃសុភមង្គល ( សូមមើល មរមន ៧:៧ ) ។
-
តើមានបញ្ហាប្រឈមមុខ ឬឥទ្ធិពលអវិជ្ជមានអ្វីខ្លះដែលមាននៅជុំវិញបងប្អូន ?
-
តើចំណេះដឹងអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងការអាចមានសុភមង្គលដ៏នៅអស់កល្បជានិច្ចផ្តល់ជាប្រភពនៃសេចក្តីសង្ឃឹម និងកម្លាំងនៅក្នុងជីវិតរបស់អ្នកឥឡូវនេះដោយរបៀបណា ?
ការប្រែក្លាយចំណេះដឹងឲ្យទៅជាសកម្មភាព
ការដឹងថា យើងអាចរស់នៅជាមួយព្រះក្នុងសុភមង្គលដ៏នៅអស់កល្បជានិច្ចអាចផ្តល់នូវសេចក្តីសង្ឃឹមដ៏អស្ចារ្យដល់ពួកយើង ។ ដើម្បីជួយឲ្យយើងសម្រេចបាននូវសុភមង្គលនេះ មរមនបានលើកទឹកចិត្តយើងឲ្យបង្វែរចំណេះដឹងឲ្យទៅជាសកម្មភាព ។ ការណ៍នេះបានចង្អុលបង្ហាញអំពីការប្រើប្រាស់ពាក្យ « ហេតុដូច្នេះហើយ » របស់លោកនៅក្នុង ខទី ៨ ។
សូមពិចារណាសរសេរគោលការណ៍មិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សិស្សអាចសរសេរដោយរបៀបផ្សេងៗគ្នា ដែលពួកគេអាចប្រើប្រាស់ពាក្យរបស់មរមននៅក្នុង ខទី ៨–១០ ដើម្បីបញ្ចប់ឃ្លានេះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនេះ ៖ « ខ្ញុំអាចរស់នៅជាមួយព្រះក្នុងស្ថានភាពសុភមង្គល នៅពេលខ្ញុំ … »
សូមអាន មរមន ៧:៨–១០ ហើយបំពេញឃ្លាដោយសរសេរយ៉ាងហោចណាស់សកម្មភាពចំនួនបី ដែលមរមនអញ្ជើញយើងឲ្យធ្វើ ។ សូមចំណាំថា នៅក្នុង ខទី ៩ « នេះ » សំដៅទៅលើព្រះគម្ពីរមរមន ហើយ « នោះ » សំដៅទៅលើព្រះគម្ពីរប៊ីប ។
ប្រសិនបើចាំបាច់ សូមជួយសិស្សកំណត់សកម្មភាពដូចជា ៖
-
« … ប្រែចិត្ត ហើយ [ ខ្ញុំ ] ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមព្រះយេស៊ូវចុះ » ( មរមន ៧:៨ ) ។
-
« … កាន់ខ្ជាប់នូវដំណឹងល្អនៃព្រះគ្រីស្ទ [ នៅក្នុងបទគម្ពីរ ] » ( មរមន ៧:៨ ) ។
-
« … [ ធ្វើតាម ] គំរូនៃព្រះអង្គសង្គ្រោះរបស់យើង » ( មរមន ៧:១០ ) ។
អាចបែងចែកសិស្សជាក្រុមតូចៗ ហើយចាត់តាំងឲ្យសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងបីឲ្យសិស្សអនុវត្ត ។ ជាក្រុមជុំគ្នា ពួកគេអាចពិភាក្សាសំណួរខាងក្រោមនេះ ។
-
តើមានរបៀបអ្វីខ្លះ ដែលយើងអាចអនុវត្តសកម្មភាពទាំងនេះបាន ?
-
តើសកម្មភាពទាំងនេះអាចជួយរៀបចំខ្លួនយើងឲ្យទទួលបានសុភមង្គលតាមការសន្យា ដែលមានតាមរយៈព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
បើអាច សូមផ្តល់រង្វាស់ខាងក្រោមដល់សិស្ស ។ ឬអានជម្រើសនេះឲ្យឮៗ ដើម្បីឲ្យសិស្សអាចសញ្ជឹងគិតអំពីចម្លើយរបស់ពួកគេបាន ។
សូមពិចារណាអំពីរបៀបដែលអ្នកកំពុងធ្វើតាមដំបូន្មានរបស់មរមន ។ សូមមើលរង្វាស់ខាងក្រោម ហើយវាយតម្លៃអំពីខ្លួនអ្នកនៅក្នុងប្រភេទនីមួយៗ ( ១ = មិនធ្លាប់សោះ ៥ = តែងតែធ្វើជានិច្ច ) ។
អ្នកអាចចែកចាយរឿងផ្ទាល់ខ្លួន ឬទីបន្ទាល់ដើម្បីពន្យល់បង្ហាញអំពីសេចក្តីសុខសាន្តដែលអាចកើតចេញពីការប្រែចិត្ត ការសិក្សាបទគម្ពីរ ការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយការទន្ទឹងរង់ចាំសុភមង្គលដ៏នៅអស់កល្បនិច្ចជាមួយព្រះ ។ សិស្សអាចបំពេញកិច្ចការដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេបាន ។
ជ្រើសរើសការអញ្ជើញរបស់មរមនមួយដែលអ្នកគិតក្នុងចិត្តថា អាចជួយដល់អ្នកឲ្យស្វែងរកសុភមង្គលដែលមានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សម្រេចចិត្តថាអ្នកអាចធ្វើអ្វីបាន ដើម្បីធ្វើតាមការអញ្ជើញនោះ និងរបៀបដែលវាអាចជួយអ្នកឲ្យផ្តោតទៅលើព្រះអង្គសង្គ្រោះ ។