« នីហ្វៃទី ៣ ២៥ ៖ កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៥
កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ
តើអ្នកធ្លាប់បានពន្យល់ដល់នរណាម្នាក់អំពីមូលហេតុ ដែលយើងត្រូវតែមានព្រះវិហារបរិសុទ្ធ ឬធ្វើកិច្ចការពង្សប្រវត្តិដែរឬទេ ? តើកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធមានសារៈសំខាន់កម្រិតណាចំពោះអ្នក ? ខណៈពេលដែលកំពុងបង្រៀនដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានដកស្រង់សារលិខិតមួយ ដែលទ្រង់បានចែកចាយដំបូងជាមួយ ម៉ាឡាគី ដែលបានបញ្ចូលអំពីការវិលត្រឡប់មកវិញរបស់ អេលីយ៉ា និងតួនាទីដ៏សំខាន់របស់លោកនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិផងដែរ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។
ការជួយសិស្សឲ្យធ្វើសកម្មភាពសុចរិតប្រកបដោយប្រសិទ្ធភាព ។ ការស្ថាបនាសេចក្តីជំនឿ និងការប្រែក្លាយដូចព្រះគ្រីស្ទមិនមែនកើតឡើងនៅក្នុងថ្នាក់រៀនរយៈពេលដ៏ខ្លីនោះទេ ។ នៅពេលអ្នកអញ្ជើញអស់អ្នកដែលអ្នកបង្រៀន ឲ្យធ្វើតាមគោលលទ្ធិពិត នោះអ្នកជួយពួកគេពង្រីកបទពិសោធន៍ការរៀនសូត្រទៅក្នុងគេហដ្ឋាន និងជីវិតរបស់ពួកគេជាប្រចាំថ្ងៃ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:៨–១០ ) ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចែកចាយអំពីបុគ្គលម្នាក់ដែលនៅរស់ ឬទទួលមរណភាពដែលពួកគេបានរៀនសូត្រអំពីពង្សប្រវត្តិរបស់ពួកគេ ។ វាអាចមានប្រយោជន៍សម្រាប់សិស្សនៅក្នុងការនិយាយជាមួយនឹងឪពុកម្តាយ ឬជីដូនជីតា ឬប្រើប្រាស់កម្មវិធី កម្មវិធីនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បុព្វការីជនរបស់អ្នក
សូមពិចារណាចែកច្បាប់ចម្លងនៃតារាងខាងក្រោមទៅដល់សិស្សម្នាក់ៗ ហើយអញ្ជើញពួកគេឲ្យបំពេញព័ត៌មានឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ។
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកដឹង និងមានអារម្មណ៍អំពីជីវិតរបស់មនុស្សជាទីស្រលាញ់របស់អ្នក អ្វីដែលអ្នកចង់ដឹង និងរបៀប ដែលវាមានឥទ្ធិពលទៅលើជីវិតរបស់អ្នក ។
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ ដែលយើងត្រូវខំប្រឹងស្វែងយល់បន្ថែមទៀតអំពីជីដូនជីតារបស់យើង ?
សូមធ្វើការកំណត់ថា តើវាផ្តល់ផលល្អបំផុតសម្រាប់សិស្សនៅក្នុងការចែកចាយចម្លើយរបស់ពួកគេចំពោះចំណុចខាងក្រោម ដោយធ្វើការស្ទង់មតិជាអនាមិក ឬដោយគ្រាន់តែធ្វើការវាយតម្លៃដោយស្ងៀមស្ងាត់សម្រាប់ខ្លួនឯង ។
-
ធ្វើការវាយតម្លៃទៅលើកម្រិតរង្វាស់ ១–១០ ( ១ = មិនចាប់អារម្មណ៍ ១០ = ចាប់អារម្មណ៍ខ្លាំង ) តើអ្នកមានចំណាប់អារម្មណ៍កម្រិតចំពោះការចង់ដឹងអំពីបុព្វការីជនរបស់អ្នក ? នៅក្នុងការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ? ហេតុអ្វី ?
នៅពេលដែលអ្នកកំពុងសិក្សា សូមរកមើលចំណេះដឹងដែលអាចជួយជំរុញអ្នកឲ្យចូលរួមនៅក្នុងកិច្ចការនេះកាន់តែច្រើនថែមទៀត ។
« មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ »
ដោយប្រើប្រាស់រូបភាពដ៏សម្បូរបែប និងពាក្យជានិមិត្តរូបដែលបានកត់ត្រាដោយព្យាការី ម៉ាឡាគី នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវបានបង្រៀនដល់ប្រជាជននៅទ្វីបអាមេរិកអំពីការយាងមកផែនដីជាលើកទីពីររបស់ទ្រង់ ហើយបានព្យាករណ៍អំពីកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
សូមអាន នីហ្វៃទី ៣ ២៥:១–២ ដោយរកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានបង្រៀនដែលនឹងកើតឡើង នៅពេល ទ្រង់យាងត្រឡប់មកផែនដីវិញ ។ និយមន័យ និងការបកស្រាយខាងក្រោមអំពីនិមិត្តសញ្ញាអាចមានប្រយោជន៍ ។
សូមពិចារណាបង្ហាញដូចខាងក្រោមនេះ ៖
-
ជញ្ជ្រាំង ៖ គល់រុក្ខជាតិដែលនៅសល់នៅក្នុងស្រែបន្ទាប់ពីប្រមូលផល ដែលកសិករអាចនឹងដុតចោល
-
ឫស ៖ បុព្វការីជន
-
មែក ៖ កូនចៅជំនាន់ក្រោយ
-
ប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ ៖ ព្រះចេស្តានៃការព្យាបាល និងការការពាររបស់ព្រះអម្ចាស់ និងដង្វាយធួនរបស់ទ្រង់ ។
-
កូនគោនៅក្នុងក្រោល ៖ សាសន៍អ៊ីស្រាអែលនឹងត្រូវបានមើលថែយ៉ាងល្អ និងផ្កត់ផ្គង់ឲ្យដូចជាសត្វនៅក្នុងក្រោល
-
តើអ្នកនឹងពន្យល់ដោយរបៀបណា អំពីអ្វីដែលនឹងកើតឡើងនៅការយាងមកជាលើកទីពីររបស់ទ្រង់ យោងតាមខគម្ពីរទាំងនេះ ? តើនឹងមានអ្វីកើតឡើងចំពោះមនុស្សអាក្រក់ ?
ប្រសិនបើចាំបាច់ សូមពន្យល់ថា នៅពេលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញ ហើយនឹងត្រូវកាត់ចេញពីបុព្វការីជន និងកូនចៅជំនាន់ក្រោយ ( សូមមើល នីហ្វៃទី ៣ ២៥:១ ) ។
-
តើអ្នករៀនអ្វីខ្លះចេញពីទីសម្គាល់ទាំងនេះអំពីព្រះអង្គសង្គ្រោះ និងពរជ័យរបស់ទ្រង់ចំពោះអ្នក ដែលដើរតាមទ្រង ?
សូមអាន នីហ្វៃទី ៣ ២៥:៥–៦ ហើយពិចារណាដោយគូសចំណាំអ្វី ដែលព្រះអង្គសង្គ្រោះនឹងធ្វើ ដើម្បីជួយដល់ក្រុមគ្រួសារនៅលើពិភពលោកនេះ មុនពេលដែលការយាងមកជាលើកទីពីររបស់ទ្រង់ ។ អត្ថន័យមួយនៃពាក្យ « បង្វែរ » គឺចង ឬបោះត្រា ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២ ) ។ លេខយោងនៅក្នុងបទគម្ពីររបស់អ្នកក៏អាចជួយឲ្យអ្នកយល់អំពីខគម្ពីរទាំងនេះបានកាន់តែច្បាស់ផងដែរ ។
អ្នកប្រហែលជាចង់ពន្យល់បង្ហាញថា ការព្យាករនេះត្រូវបានធ្វើឡើងវិញនៅក្នុងគម្ពីរនីមួយៗនៅក្នុងព្រះគម្ពីរបរមាណី ។ អ្នកអាចអញ្ជើញសិស្សឲ្យមើលដើម្បីឲ្យដឹងថា តើពួកគេអាចរកបានឱកាសនីមួយៗនៅក្នុងចំណោមឱកាសទាំងបួននេះ ឬក៏ចែកចាយខគម្ពីរខាងក្រោមនេះជាមួយពួកគេ ៖ ម៉ាឡាគី ៤:៥–៦; លូកា ១:១៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៥–១៦; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ។
សូមពិចារណាដោយសួរទៅសិស្សអំពីអ្វី ដែលពួកគេដឹងអំពី អេលីយ៉ា និងកូនសោដែលលោកកាន់ ។ ដោយផ្អែកទៅលើចម្លើយរបស់សិស្ស សូមចែកចាយកថាខណ្ឌខាងក្រោម ( ឬផ្នែកដែលត្រូវការ ) ។
អេលីយ៉ា ជាព្យាការីពីសម័យបុរាណ បានកាន់កូនសោអំណាចនៃការផ្សាភ្ជាប់ ។ អំណាចនៃការផ្សារភ្ជាប់ធ្វើឲ្យមានប្រសិទ្ធភាពនៅស្ថានសួគ៌ដោយសារពិធីបរិសុទ្ធដែលបានអនុវត្តដោយសិទ្ធិអំណាចរបស់បព្វជិតភាពនៅលើផែនដី ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ភ្ជាប់, ការភ្ជាប់ » scriptures.ChurchofJesusChrist.org ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៣–១៦ ដើម្បីដឹងអំពីអ្វី ដែលបានកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ នៅក្នុងឆ្នាំ ១៨៣៦ ដែលទាក់ទងទៅនឹង អេលីយ៉ា យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។
ដោយសារអំណាចនៃការផ្សារភ្ជាប់ដែលបានស្ដារឡើងវិញ យើងអាចធ្វើកិច្ចការព្រះវិហារបរិសុទ្ធទាំងសម្រាប់ខ្លួនរបស់យើង និងបុព្វការីជន ដែលបានស្លាប់ទៅហើយផងដែរ ។
-
តើអ្នកបានរៀនអ្វីខ្លះមកពី នីហ្វៃទី ៣ ២៥ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ?
សេចក្តីពិតមួយចំនួន ដែលសិស្សអាចកំណត់បាន រួមមានដូចខាងក្រោមនេះ ៖ តាមរយៈព្យាការី អេលីយ៉ា ព្រះយេស៊ូវគ្រីស្ទបានស្ដារកូនសោនៃការផ្សាភ្ជាប់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ នៅពេលដែលយើងចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ យើងរៀបចំខ្លួនរបស់យើង និងក្រុមគ្រួសាររបស់យើងសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
តើមានវិធីជាក់លាក់អ្វីខ្លះ ដែលយុវវ័យអាចចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិបាន ?
-
តើការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចជួយដល់នរណាម្នាក់ឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះបានយ៉ាងដូចម្ដេច ?
វាមានភាពចាំបាច់ណាស់នៅក្នុងការដឹងថា ព្រះអង្គសង្គ្រោះមិនត្រឹមតែស្ដារកូនសោនៃការផ្សារភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែវាមានតែតាមរយៈដង្វាយធួនរបស់ទ្រង់ប៉ុណ្ណោះ ដែលយើង និងអស់អ្នកដែលនៅក្នុងគ្រួសាររបស់យើងអាចទទួលបានការប្រោសលោះ ការបន្សុទ្ធ និងការទទួលពិធីបរិសុទ្ធ និងព្រះពរដ៏នៅអស់កល្បជានិច្ច រួមមានពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ផងដែរ ។
សូមសញ្ជឹងគិតពិចារណាអំពីមូលហេតុ ដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិមានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នក ។ នៅពេលដែលអ្នកសញ្ជឹងគិតពិចារណា អ្នកប្រហែលជាចង់មើលវីដេអូ « The Promised Blessings of Family History 2 » ( ៤:០៤ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាជាគូ ឬជាក្រុមតូចៗមុននឹងចែកចាយចម្លើយនៅក្នុងថ្នាក់ ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយនឹងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
ជាលទ្ធផល មានពរជ័យអ្វីខ្លះដែលអ្នកបានកត់សម្គាល់នៅក្នុងជីវិតរបស់អ្នក ?
ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
ដើម្បីជួយអ្នកចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ សូមធ្វើកិច្ចការមួយ ឬពីរខាងក្រោមនេះ ។ អ្នកក៏ប្រហែលជាពិចារណាធ្វើអ្វីផ្សេងទៀតដែលទាក់ទងទៅនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបានដឹកនាំឲ្យអ្នកធ្វើ ។
ខាងក្រោមនេះ មានគោលបំណងដើម្បីបង្កើតឱកាសសម្រាប់សិស្ស ឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងថ្នាក់រៀន ។ អ្នកអាចផ្តោតការយកចិត្តទុកដាក់នៅលើសកម្មភាពមួយសិស្សក្នុងថ្នាក់ទាំងមូល ឬឲ្យសិស្សជ្រើសរើសសកម្មភាព និងធ្វើការជាលក្ខណៈបុគ្គល ( ម្នាក់ឯង ) ។ ប្រសិនបើមានប្រយោជន៍ និងដោយមានការអនុម័តមកពីថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នក សូមពិចារណាអញ្ជើញអ្នកផ្ដល់ប្រឹក្សាខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ឬស្តេករបស់អ្នកមកជួយថ្នាក់របស់អ្នក ។
-
ដោយប្រើប្រាស់គណនី ChurchofJesusChrist.org របស់អ្នក សូម ចូល ទៅកាន់គេហទំព័រ FamilySearch.org ។ ស្វែងរកធនធាន ដើម្បីស្វែងយល់អំពីបុព្វការីជនណាម្នាក់របស់អ្នក ។ សូមពិចារណាចាប់ផ្តើមជាមួយនឹងសំណួរ « តើអ្នកចង់ចាប់ផ្តើមដោយរបៀបណា ? »
-
ផ្ញើសារហៅទូរសព្ទ ឬរៀបចំពេលវេលា ដើម្បីនិយាយជាមួយឪពុកម្តាយ ជីដូនជីតា ឬសាច់ញាតិផ្សេងទៀត ដើម្បីស្វែងយល់បន្ថែមអំពីជីវិត ប្រវត្តិ ឬការប្រែចិត្តជឿរបស់ពួកគាត់ទៅជឿលើដំណឹងល្អនេះ ។ សូមពិចារណាធ្វើកំណត់ត្រាមួយអំពីអ្វី ដែលអ្នករៀន ។
-
ការចូលរួមនៅក្នុងការធ្វើលិបិក្រម ។ សម្រាប់ជាជំនួយនៅក្នុងការស្វែងយល់ថា តើនេះគឺជាអ្វី និងរបៀបចាប់ផ្តើម សូមពិចារណាមើលវីដេអូជាមុនសិន « ការធ្វើលិបិក្រមនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ—របៀបដែលវាដំណើរការ » ( ១:៤៨ ) ដែលមាននៅលើគេហទំព័រ FamilySearch.org ។
1:49 -
សូមស្វែងរកឈ្មោះបុព្វការីជន ដែលបានទទួលមរណភាព ដែលត្រូវការពិធីបរិសុទ្ធដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនៅលើកម្មវិធី ស្រាវជ្រាវក្រុមគ្រួសារ ឬនៅលើគេហទំព័រ FamilySearch.org ។ សូមពិចារណាចាប់ផ្តើមជាមួយនឹងសំណួរ « តើអ្នកចង់ចាប់ផ្តើមដោយរបៀបណា ? »
បន្ទាប់ពីសិស្សមានពេលខ្លះនៅក្នុងការស្វែងយល់ពីបទពិសោធន៍នៅក្នុងថ្នាក់រៀនជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយអំពីបទពិសោធន៍របស់ពួកគេ ។ សំណួរខាងក្រោមនេះអាចជួយដល់អ្នកនៅក្នុងការបញ្ចប់មេរៀននេះ ។
-
តើមានចំណុចអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើ ដើម្បីបន្តចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? តើការធ្វើបែបនេះនឹងធ្វើឲ្យជីវិតរបស់អ្នកមានភាពខុសប្លែកអ្វីខ្លះ ?
នៅពេលដែលអ្នកស្វែងរកការបន្តចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ សូមចងចាំសេចក្ដីថ្លែងការណ៍នេះមកពីប្រធាន រ័សុល អិម ណិលសុន ៖
រាល់ពេល ដែលអ្នកធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—ទាំងសងខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះអ្នកកំពុងជួយប្រមូលសាសន៍អ៊ីស្រាអែលហើយ ។ ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្តីសង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
ថ្លែងទីបន្ទាល់ ឬអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។