« នីហ្វៃទី ៣ ២៣ ៖ ‹ ការស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាម › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៣
ការស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាម
តើអ្នកកំពុងធ្វើការសិក្សាបទគម្ពីរផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្ដេច ? តើការសិក្សានេះធ្វើឲ្យជីវិតរស់នៅរបស់អ្នកមានភាពខុសគ្នាអ្វីខ្លះ ? នៅក្នុង នីហ្វៃទី ៣ ២៣ ព្រះយេស៊ូវបានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាទុក និងការសិក្សាបទគម្ពីរ និងពាក្យពេចន៍របស់ព្យាការី ។ មេរៀននេះមានគោលបំណងជួយដល់អ្នកឲ្យសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់កាន់តែឧស្សាហ៍ព្យាយាមជាងមុន ។
ការជួយសិស្សអភិវឌ្ឍជំនាញសិក្សា ។ ដើម្បីជួយសិស្សឲ្យទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងការសិក្សាបទគម្ពីររបស់ពួកគេ សូមជួយដល់ពួកគេនៅក្នុងការអភិវឌ្ឍជំនាញសិក្សាបទគម្ពីរផ្សេងៗ ។ ជំនាញទាំងនេះគួរតែមានគោលបំណងជួយដល់សិស្សឲ្យយាងអញ្ជើញព្រះវិញ្ញាណមកគង់នៅក្នុងការសិក្សារបស់ពួកគេ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីបទគម្ពីរ ហើយស្វែងយល់ និងអនុវត្តគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចំណាយពេលសិក្សាបទគម្ពីរមុនពេលចាប់ផ្តើមរៀនមេរៀននេះ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើអ្វី ដែលពួកគេធ្វើ ដែលធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែមានអត្ថន័យ ។ សូមលើកទឹកចិត្តពួកគេឲ្យវាយតម្លៃទៅលើគុណតម្លៃ និងគុណភាពនៃការសិក្សារបស់ពួកគេ និងផលប៉ះពាល់ដែលវាមាន ឬមិនមាននៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក
មុនពេលចូលរៀន សូមពិចារណាលាក់វត្ថុផ្សេងៗនៅគ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ សូមសរសេរពាក្យ « ស្វែងរក » នៅលើក្ដារខៀន ។ សូមប្រាប់ដល់សិស្សពីអ្វីដែលពួកគេកំពុងស្វែងរក ហើយអញ្ជើញពួកគេឲ្យស្វែងរកវត្ថុទាំងនោះឲ្យបានច្រើនតាម ដែលអាចធ្វើទៅបាន ។
-
តើការស្វែងរកមានន័យយ៉ាងដូចម្ដេច ?
-
តើការស្វែងរកដែលគួរឲ្យចំណាប់អារម្មណ៍ ឬរំភើបមានអ្វីខ្លះ ?
-
តើការស្វែងរកអាចមានការលំបាក ឬបាក់ទឹកចិត្តអ្វីខ្លះ ?
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
សូមអាន នីហ្វៃទី ៣ ២៣:១–៥ ដោយស្វែងរកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានបញ្ជាឲ្យយើងស្វែងរក និងមូលហេតុ ។
សូមអញ្ជើញឲ្យសិស្សឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរកឃើញ ។
នៅក្នុងជំពូកមុនៗ ព្រះអង្គសង្គ្រោះបានដកស្រង់ចេញពីអេសាយជាច្រើនដើម្បីជាជំនួយ និងប្រទានពរដល់ពួកសាសន៍នីហ្វៃ ។ ( សូមមើល នីហ្វៃទី ៣ ១៦:១៨-២០; ២០:៣២, ៣៤–៤៥; ២១:៨; ២២:១–១៧ ) ។
-
តើព្រះអម្ចាស់បានប្រទានហេតុផលអ្វីខ្លះសម្រាប់យើង ដើម្បីស្វែងរកពាក្យរបស់អេសាយ ? ( សូមមើល នីហ្វៃទី ៣ ២៣:១–៣ ) ។
អ្នកប្រហែលជាចង់ចំណាយពេលខ្លះនៅក្នុងថ្នាក់រៀនពិភាក្សាអំពីតម្លៃនៃការបង្រៀនរបស់អេសាយ ។ ឧទាហរណ៍ អ្នកអាចសុំសិស្សឲ្យចែកចាយអំពីអារម្មណ៍របស់ពួកគេចំពោះពាក្យរបស់អេសាយ ។ ពួកគេអាចអាន និងសញ្ជឹងគិតទៅលើខគម្ពីរមកពីអេសាយ ហើយសញ្ជឹងគិតពិចារណាអំពីមូលហេតុ ដែលខគម្ពីរទាំងនោះមានតម្លៃដើម្បីសិក្សា ។ ឧទាហរណ៍អាចរួមបញ្ចូល អេសាយ ៧:១៤; ៩:៦–៧; ៤១:១០; ៤៩:១៣–១៦; ៥៣:១–៥; ៥៥:១–៣; ៦១:១–៣ ។
-
យោងទៅតាម នីហ្វៃទី ៣ ២៣:៥ ហេតុអ្វីបានជាយើងគួរតែស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ និងពាក្យរបស់ព្យាការី ?
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ហើយពិចារណាសរសេរវានៅលើក្ដារខៀន ។
គោលការណ៍សំខាន់មួយ ដែលយើងរៀនសូត្រនៅក្នុងមេរៀននេះ គឺថា ព្រះអង្គសង្គ្រោះបង្គាប់បញ្ជាយើងឲ្យស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងរកពាក្យរបស់ព្យាការីដោយឧស្សាហ៍ព្យាយាម ។
-
តើអ្នកគិតថា ការស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាមមានន័យដូចម្តេច ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីបទគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ ការណ៍នេះអាចមានបញ្ចូលទាំងការសិក្សាផ្ទាល់ខ្លួន និងគ្រួសារ ក៏ដូចជាការសិក្សានៅក្នុងព្រះវិហារ និងសិក្ខាសាលាផងដែរ ។ តើអ្នកមានអារម្មណ៍ថា អ្នកស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាមដែរឬទេ ? ហេតុអ្វីមានអារម្មណ៍ដូច្នោះ ឬហេតុអ្វីមិនមានអាម្មណ៍ដូច្នោះ ?
-
តើមានមូលហេតុអ្វីខ្លះ ដែលវាអាចនឹងពិបាកនៅក្នុងការស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាម ?
នៅពេលសិស្សចែកចាយ សូមពិចារណាសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀនម្ខាងទៀត ។ ប្រសិនបើអាច អ្នកអាចយោងទៅលើសកម្មភាពស្វែងរកនៅដើមមេរៀននេះបាន ។ ដើម្បីគិតអំពីការលំបាកដែលអាចមាន សិស្សអាចប្រៀបធៀបការស្វែងរកបទគម្ពីរទៅនឹងការស្វែងរកវត្ថុនានានៅក្នុងសកម្មភាពនេះ ។
ចម្លើយមួយអាចថា វាអាចនឹងលំបាកនៅក្នុងការចំណាយពេលស្វែងរកបទគម្ពីរ នៅពេលដែលយើងមានមិនមានអារម្មណ៍ថា យើងមិនអាចរកឃើញអ្វីមួយដែលសំខាន់នោះ ។ ឬវាប្រហែលជាពិបាកយល់ ឬធុញទ្រាន់ ។ មានវិធីដ៏ល្អបំផុតមួយដើម្បីជម្នះលើការលំបាកជាច្រើនទាំងនេះ នោះគឺត្រូវដឹងអំពីរបៀបស្វែងរកចំណេះដឹង ឬសេចក្តីពិតដែលអាចជួយយើងនៅក្នុងជីវិតរស់នៅរបស់យើង ។
-
ទោះបីជាមានការលំបាកទាំងនេះក៏ដោយ តើមានចំណុចអ្វីខ្លះដែលអ្នកបានធ្វើរួចហើយ ឬអាចនឹងធ្វើដើម្បីទទួលបាននូវបទពិសោធន៍សិក្សាបទគម្ពីរដ៏មានអត្ថន័យ ?
នៅពេលដែលសិស្សកំពុងឆ្លើយ សូមធ្វើបញ្ជីមួយនៅលើក្តារខៀនម្ខាងទៀត ។ ប្រសិនបើគិតថាមានប្រយោជន៍ សូមបន្ថែមឧទាហរណ៍ខាងក្រោមទាងនេះ ។
ទាំងនេះគឺជាឧទាហរណ៍មួយចំនួន ៖
-
សូមអធិស្ឋានមុនពេលអ្នកសិក្សា ។
-
សូមគូសចំណាំពាក្យ និងឃ្លាសំខាន់ៗ ជាពិសេសពាក្យទាំងឡាយ ដែលជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែប្រសើរឡើង ។
-
ស្វែងរកមើលពាក្យ ឬឃ្លាដែលពិបាកយល់ ។
-
ផ្អាក ហើយសង្ខេបអ្វីដែលអ្នកបានអាន ។
-
ប្រើប្រាស់សេចក្ដីយោងខគម្ពីរដើម្បីយល់អំពីប្រធានបទមួយ ឬគោលលទ្ធិឲ្យប្រសើរជាងមុន ។
ដើម្បីអនុវត្តនូវជំនាញពីរនៅក្នុងចំណោមជំនាញទាំងនេះ សូមអាន នីហ្វៃទី ៣ ២៣:៦–១៤ ហើយធ្វើដូចខាងក្រោម ៖
-
សូមសង្ខេបដោយប្រើពាក្យខ្លួនឯងចំពោះអ្វីដែលអ្នកបានអាន°។
-
សូមគូសចំណាំពាក្យ ឬឃ្លាណាដែលជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញឲ្យសិស្សឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរកឃើញ ។ ដើម្បីធ្វើបែបនេះបាន ពួកគេអាចធ្វើការដោយចាប់ជាដៃគូ ដោយឲ្យសិស្សម្នាក់សង្ខេបបទគម្ពីរ ហើយសិស្សម្នាក់ទៀតពន្យល់អំពីពាក្យ ឬឃ្លាដែលជួយពួកគេយល់អំពីព្រះអង្គសង្គ្រោះ ។
ប្រសិនបើសិស្សមានការលំបាក់នៅក្នុងការសង្ខេបអ្វី ដែលពួកគេអាន អ្នកអាចពន្យល់ថា ព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យមើលកំណត់ត្រារបស់ពួកសាសន៍នីហ្វៃ ។ ទ្រង់បានពន្យល់ថា ការព្យាករណ៍របស់សាំយូអែលអំពីពួកបរិសុទ្ធ ដែលបានរស់ឡើងវិញបានលេចឡើងមកដល់មនុស្សជាច្រើន ( សូមមើល ហេលេមិន ១៤:២៥ ) ត្រូវបានសម្រេច ប៉ុន្តែការសម្រេចនេះមិនមាននៅក្នុងកំណត់ត្រានេះទេ ។ ព្រះអង្គសង្គ្រោះបានបញ្ជាដល់ពួកសាសន៍នីហ្វៃឲ្យកត់ត្រាដំណើររឿងនេះ ។
-
តើមានពាក្យអ្វីខ្លះដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គសង្គ្រោះយកព្រះទ័យទុកដាក់ចំពោះអ្វីដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ?
-
តើការដឹងនូវរឿងនេះអំពីព្រះអង្គសង្គ្រោះអាចប៉ះពាល់ដល់របៀបដែលអ្នកសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេចដែរ ?
អនុវត្តការសិក្សាបទគម្ពីរប្រកបដោយប្រសិទ្ធភាព
សូមចំណាយពេលពីរបីនាទី ដើម្បីអនុវត្តអំពីការស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាម ។ អ្នកអាចជ្រើសរើសសិក្សាមួយជំពូក ឬស្វែងរកខគម្ពីរអំពីប្រធានបទដែលអ្នកចង់ដឹងអំពីបន្ថែមទៀត ។ សូមប្រើប្រាស់យ៉ាងហោចណាស់ជំនាញបទគម្ពីរមួយដែលអ្នកបានគិត ឬបានរកឃើញនៅក្នុងបញ្ជីខាងលើ ។
សូមទុកពេលគ្រប់គ្រាន់សម្រាប់សិស្សអាន និងសញ្ជឹងគិត ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសិក្សា ដែលមានអត្ថន័យសម្រាប់ពួកគេ និងជំនាញអ្វីខ្លះដែលពួកគេបានប្រើប្រាស់ ។ សំណួរខាងក្រោមនេះមានគោលបំណងដើម្បីជួយនៅក្នុងការពិភាក្សា ។
-
តើវិធីសាស្រ្តសិក្សាអ្វីខ្លះដែលអ្នកបានប្រើ ? ហេតុអ្វីបានជាវាអាចជួយដល់អ្នកឲ្យកាន់តែឧស្សាហ៍ព្យាយាមសិក្សាបន្ថែមទៀត ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះដែលអ្នកមិនបានយល់ពីមុនមក ?
-
តើមានជំនាញមួយណានៅក្នុងចំណោមជំនាញទាំងនេះ ដែលអ្នកអាចអនុវត្តទៅក្នុងការសិក្សាបទគម្ពីររបស់អ្នកនាពេលអនាគតបាន ? តើអ្នកនឹងប្រើប្រាស់ជំនាញទាំងនេះដោយរបៀបណា ?
នៅអំឡុងប៉ុន្មានសប្តាហ៍ខាងមុខ សូមគិតអំពីអ្វីដែលអ្នកបានរៀនសូត្រនៅថ្ងៃនេះ ។ សូមជ្រើសរើសវិធីមួយដែលអ្នកអាចខិតខំស្វែងរកបទគម្ពីរដោយឧស្សាហ៍ព្យាយាមបន្ថែមទៀត ។ សូមពិចារណាអំពីរបៀបដែលវិធីនេះអាចជួយដល់អ្នកនៅក្នុងជីវិតរស់នៅរបស់អ្នក ។