« វាយតម្លៃការសិក្សារបស់អ្នក ទី៧ ៖អាលម៉ា ៥៣–នីហ្វៃទី៣ ៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការសិក្សារបស់អ្នក ទី៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការសិក្សារបស់អ្នក ទី៧
ការសញ្ជឹងគិត និងវាយតម្លៃទៅលើការរៀនសូត្ររខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យចងចាំ និងវាយតម្លៃអំពីបទពិសោធន៍របស់អ្នកជាមួយ អាលម៉ា ៥៣–នីហ្វៃទី៣ ៧ ដែលបានជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ។
សូមផ្តល់ឱកាសឲ្យសិស្សបន្តវាយតម្លៃការរៀនសូត្ររបស់ពួកគេជាប្រចាំ ។តាមរយៈការសញ្ជឹងគិតជាប្រចាំទៅលើការរៀនសូត្រ និងការរីកចម្រើនរបស់ពួកគេ សិស្សអាចវាយតម្លៃកាន់តែប្រសើរអំពីរបៀប ដែលពួកគេកំពុងអនុវត្តគោលការណ៍ដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ សូមបង្កើតឱកាសសម្រាប់សិស្សដើម្បីយល់ និងទទួលអារម្មណ៍អំពីសារៈសំខាន់នៃការផ្លាស់ប្ដូរដែលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទអាចធ្វើបាននៅក្នុងជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឮកឡើងវិញនូវអ្វីដែលពួកគេបានរៀននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយអំពីរបៀបមួយដែលពួកគេអាចនឹងបញ្ចប់សេចក្ដីថ្លែងការណ៍ខាងក្រោម ៖ « មេរៀនមួយមកពី អាលម៉ា ៥–នីហ្វៃទី៣ ៧ ដែលខ្ញុំគិតថាមានសារៈសំខាន់សម្រាប់ខ្ញុំនៅក្នុងការចងចាំ គឺ …ពីព្រោះ… »
សកម្មភាពរៀនសូត្រដែលអាចមាន
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីពន្យល់អំពីតួនាទីរបស់ព្យាការី វាយតម្លៃអាកប្បកិរិយានិងបំណងប្រាថ្នារបស់ពួកគេ ហើយសញ្ជឹងគិតអំពីផែនការដែលពួកគេបានធ្វើ ដើម្បីអនុវត្តការបង្រៀនដំណឹងល្អ ។ ការសិក្សារបស់ថ្នាក់រៀនរបស់អ្នកអំពី អាលម៉ា ៥៣–នីហ្វៃទី៣ ៧ ប្រហែលជាបានសង្កត់ធ្ងន់ទៅលើការពិតក្រៅពីសកម្មភាពខាងក្រោម ។ ប្រសិនបើដូច្នេះមែន អ្នកអាចយកសកម្មភាពទាំងនេះកែសម្រួលដើម្បីដាក់បញ្ចូលសេចក្ដីពិតទាំងនោះ ។
សារៈសំខាន់នៃការចងចាំ
ផ្នែកនៃមេរៀននេះ មានគោលបំណងជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការចងចាំមេរៀនដ៏មានតម្លៃ ដែលពួកគេបានរៀននៅខណៈពេលដែលកំពុងសិក្សា អាលម៉ា ៥៣–នីហ្វៃទី៣ ៧ ។ នេះអាចជាកន្លែងដ៏ល្អមួយ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ ចេញពីសកម្មភាពរៀបចំខ្លួនទុកជាមុននេះ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ពាក្យដ៏សំខាន់បំផុតនៅក្នុងវចនានុក្រមអាចជាពាក្យ ចងចាំ ។ ( សូមមើល « Circles of Exaltation » [address to Church Educational System religious educators ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៦៨ ] ទំព័រ ៥ ) ។
-
តើមូលហេតុអ្វីបានជាអ្នកគិតថា ប្រធាន ឃឹមបឹល បាននិយាយអ្វីដែលលោកបានធ្វើអំពីពាក្យ ចងចាំ ?
-
តើមេរៀនអ្វីខ្លះដែលអ្នកបានរៀនមកពី អាលម៉ា ៥៣–នីហ្វៃទី៣ ៧ ដែលនឹងមានសារៈសំខាន់សម្រាប់អ្នកនៅក្នុងការចងចាំ ? ហេតុអ្វី ?
អ្នកអាចនឹងចងចាំថា ហេលេមិន បានលើកទឹកចិត្តឲ្យកូនប្រុសរបស់លោក នីហ្វៃ និង លីហៃ ឲ្យចងចាំមេរៀនសំខាន់ៗនិងមនុស្សមួយចំនួន ( សូមមើល ហេលេមិន ៥:៤–១៤ ) ។ ដូចគ្នានេះដែរ មេរៀននេះមានគោលបំណងដើម្បីជួយដល់អ្នកឲ្យចងចាំអំពីសេចក្តីពិត ដែលអ្នកបានរៀននិងការប្តេជ្ញាចិត្ត ដែលអ្នកបានធ្វើនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
ពន្យល់អំពីតួនាទីរបស់ពួកព្យាការី
នៅក្នុងផ្នែកនៃមេរៀននេះ អ្នកនឹងឲ្យសិស្សពន្យល់អំពីតួនាទីរបស់ព្យាការី ដោយប្រើដំណើររឿងរបស់នីហ្វៃ ( ហេលេមិន ៧–១១ ) ឬសាំយូអែលជាសាសន៍លេមិន ( ហេលេមិន ១៣–១៦ ) ។ អ្នកអាចពិចារណារៀបចំដាក់សិស្សជាដៃគូ ហើយអនុញ្ញាតឲ្យដៃគូនីមួយៗជ្រើសរើសព្យាការីផ្សេងគ្នា ដើម្បីសម្តែងតាមសាច់រឿងខាងក្រោម ឬសាច់រឿងផ្សេងទៀតដែលអ្នកជ្រើសរើស ។
សូមស្រមៃថា អ្នកមានអារម្មណ៍បំផុសគំនិត ដើម្បីអញ្ជើញមិត្តម្នាក់ឲ្យមើលសន្និសីទទូទៅជាមួយអ្នក ។ នៅពេលអ្នករៀបចំខ្លួនប្រកបដោយការអធិស្ឋាន ដើម្បីធ្វើតាមការបំផុសគំនិតនេះ អ្នកសម្រេចចិត្តពន្យល់ដល់មិត្តរបស់អ្នកថាតើអ្វីទៅជាព្យាការី និងមូលហេតុដែលអ្នករំភើបក្នុងការស្តាប់លោក ។ អ្នកចងចាំថាអ្នកបានរៀនសូត្រអំពីព្យាការីដ៏អស្ចារ្យមួយចំនួន នៅក្នុងព្រះគម្ពីរមរមនដែលអាចជួយដល់អ្នក នៅក្នុងការពន្យល់អំពីតួនាទីរបស់ព្យាការីទៅដល់មិត្តរបស់អ្នកបាន ។
សិស្សអាចយោងទៅលើអ្វីដែលសរសេរនៅក្នុងទិនានុប្បវត្តិនៅពីក្រោម« សេចក្ដីពិតអំពីព្យាការីរបស់ព្រះអម្ចាស់ » ចេញពីមេរៀន « ហេលេមិន ៧-១០ » ។
សូមជ្រើសរើសដំណើររឿងរបស់នីហ្វៃ ( ហេលេមិន ៧–១១ ) ឬសាំយូអែលជាសាសន៍លេមិន( ហេលេមិន ១៣–១៥ ) ។ ពិនិត្យមើលដំណើររឿងរបស់ពួកគេនៅក្នុងជំពូក ដែលទាក់ទងដោយមើលខគម្ពីរទាំងនោះត្រួសៗ ហើយមើលចំណងជើងជំពូកឬកំណត់ចំណាំ ដែលអ្នកប្រហែលជាបានធ្វើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកអាចប្រើដំណើររឿងនេះ ដើម្បីពន្យល់អំពីតួនាទីរបស់ព្យាការីទៅដល់មិត្តរបស់អ្នកដោយរបៀបណា ?
-
តើខគម្ពីរមកពីព្រះគម្ពីរអ្វីខ្លះដែលអ្នកអាចបញ្ចូលធ្វើជាផ្នែកនៃការពន្យល់របស់អ្នកបាន ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការកំណត់អត្តសញ្ញាណបទគម្ពីរ អ្នកអាចណែនាំពួកគេទៅកាន់វគ្គដូចជា ហេលេមិន ៧:២៩; ៨:២២–២៣; ១០:៤–៧; ១១:២៣; ១៣:៥; និង ១៤:១១–១២ ។
-
តើសេចក្ដីពិត ឬបទពិសោធន៍ផ្ទាល់ខ្លួនបន្ថែមអ្វីខ្លះដែលអ្នកអាចចែកចាយ ដើម្បីជួយមិត្តរបស់អ្នកឲ្យយល់អំពីសារៈសំខាន់នៃពួកព្យាការី ?
នៅពេលសិស្សបានបញ្ចប់ការពិនិត្យឡើងវិញរបស់ពួកគេអំពីព្យាការី សូមពិចារណាអញ្ជើញពួកគេឲ្យដើរតួនៅក្នុងសាច់រឿងខាងលើដោយប្រើអ្វីដែលពួកគេបានរៀន ។
វាយតម្លៃអាកប្បកិរិយា និងបំណងប្រាថ្នារបស់អ្នក
សកម្មភាពនេះអាចជួយដល់សិស្សវាយតម្លៃអំពីអាកប្បកិរិយា និងបំណងប្រាថ្នារបស់ពួកគេ ដើម្បីរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដោយការបន្ទាបខ្លួន ។ សូមពិចារណាអំពីការសុំឲ្យមានអ្នកស្ម័គ្រចិត្តដើម្បីគូរវដ្តនៃការឆ្មើងឆ្មៃដាក់នៅលើក្ដារខៀនចេញពីការចងចាំ ។ អ្នកអាចលើកទឹកចិត្តមិត្តរួមថ្នាក់ឲ្យជួយប្រសិនបើចាំបាច់ ។
នៅពេលអ្នកក្រឡេកមើលដ្យាក្រាមនេះ អ្នកអាចនឹកចងចាំនូវភស្តុតាងអំពីវដ្តនៃការឆ្មើងឆ្មៃនៅទូទាំង ហេលេមិន ១–១៦ និង នីហ្វៃទី៣ ១–៧ ។ អ្នកក៏អាចស្គាល់ឧទាហរណ៍ ដែលអ្នកបានឃើញនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ឬនៅក្នុងពិភពលោកជុំវិញអ្នកផងដែរ ។
ប្រើការសម្របខ្លួនណាមួយ ដែលអ្នកធ្វើចំពោះផ្នែកវាយតម្លៃខ្លួនឯងនៃ« ហេលេមិន ១១–១២ » ដើម្បីបញ្ចប់សកម្មភាពដូចខាងក្រោម ។
នៅពេលដែលអ្នកបានសិក្សា ហេលេមិន ១១–១២ អ្នកប្រហែលជាបានវាយតម្លៃការខិតខំរបស់អ្នកក្នុងការបន្ទាបខ្លួន ។ អ្នកក៏ប្រហែលជាបានកត់ត្រាការប្តេជ្ញាចិត្ត នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីបង្កើនការបន្ទាបខ្លួននិងយកឈ្នះលើភាពអំនួត ។ ពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរ ហើយសញ្ជឹងគិតអំពីរបៀបដែលអ្នកបានធ្វើជាមួយនឹងការប្តេជ្ញាចិត្តនោះ ។ សូមសញ្ជឹងគិតអំពីសំណួរខាងក្រោម ហើយកត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
ដោយសារលក្ខណៈផ្ទាល់ខ្លួននៃសកម្មភាពនេះ សិស្សគួរតែដឹងថាពួកគេនឹងមិនចែកចាយចម្លើយរបស់ពួកគេទេ ។
-
តើអ្នកបានធ្វើអ្វីខ្លះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីចងចាំដល់ព្រះអម្ចាស់ និងអ្វីទាំងអស់ដែលទ្រង់បានធ្វើសម្រាប់អ្នក ? តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងការចងចាំ ថាព្រះអម្ចាស់បានជួយដល់អ្នកឲ្យរក្សាការបន្ទាបខ្លួន ?
-
តើមានការផ្លាស់ប្ដូរណាមួយដែលអ្នកចង់ធ្វើ ដើម្បីជួយអ្នកក្នុងការចងចាំព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ហើយបង្កើនការបន្ទាបខ្លួនដែរឬទេ ?
សូមសញ្ជឹងគិតអំពីផែនការដើម្បីស្ថាបនាមូលដ្ឋានគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ
នៅផ្នែកនៃមេរៀននេះ អាចជួយដល់សិស្សឲ្យសញ្ជឹងគិតនៅលើផែនការ ដែលពួកគេបានធ្វើ ដើម្បីស្ថាបនាមូលដ្ឋានគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងទប់ទល់ទៅនឹងការល្បួងទាំងឡាយរបស់អារក្ស ។
នៅក្នុងមេរៀនថ្មីៗនេះ អ្នកបានសិក្សាដំណើររឿងជាច្រើនអំពីបុគ្គល ដែលបានយកឈ្នះនៅលើការវាយប្រហារមកលើជីវិត សាសនា និងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅខណៈពេលដែលកំពុងសិក្សា អ្នកប្រហែលជាបានធ្វើការប្តេជ្ញាចិត្តខ្លះៗ ដើម្បីជួយអ្នកស្ថាបនាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីទប់ទល់ទៅនឹងការវាយប្រហាររបស់សាតាំង ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត និងចែកចាយដំណើររឿងដែលពួកគេបានសិក្សា ដែលបានជួយពង្រឹងមូលដ្ឋានគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងយកឈ្នះលើការវាយប្រហាររបស់សាតាំង ។ ប្រសិនបើពួកគេត្រូវការជំនួយនៅក្នុងការកំណត់ឧទាហរណ៍សូមពិចារណាបង្ហាញរូបភាពខាងក្រោមជាមួយនឹងឯកសារយោង ដែលភ្ជាប់មកជាមួយនោះ ។ អ្នកអាចបែងចែកថ្នាក់ទៅជាបីក្រុមហើយឲ្យក្រុមនីមួយៗរំឭកដំណើររឿងផ្សេងៗគ្នា ហើយចែកចាយជាមួយសិស្សនៅក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀន ។
លីហុនតៃ និង អាម៉ាលិកាយ ( អាលម៉ា ៤៧:១០–១៨ )
មេទ័ពមរ៉ូណៃសង់បន្ទាយ ( អាលម៉ា ៥០:១–៦ )
ការប្រឹក្សារបស់ហេលេមិន ចំពោះកូនប្រុសរបស់គាត់ ( ហេលេមិន ៥:១២ )
-
តើមានមេរៀនអ្វីខ្លះដែលយើងអាចរៀនមកពីដំណើររឿងទាំងនេះ ដែលអាចជួយយើងទប់ទល់ទៅនឹងការល្បួងបាន ?
សូមពន្យល់ដល់សិស្សថា ពួកគេនឹងត្រូវបានអញ្ជើញឲ្យវាយតម្លៃនិងប៉ាន់តម្លៃគោលដៅ ដែលពួកគេបានធ្វើដើម្បីស្ថាបនាគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ពួកគេនឹងពិភាក្សាអំពីបទពិសោធន៍ និងការសង្កេតមួយចំនួនរបស់ពួកគេជាថ្នាក់ទាំងមូល ។
អ្នកអាចនាំយកដុំប្លុកសម្រាប់សង់ ពែងប្លាស្ទិក ឬរបស់របរផ្សេងទៀតទៅថ្នាក់រៀន ដែលសិស្សអាចប្រើសម្រាប់ស្ថាបនាគ្រឹះ ។ សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវវត្ថុសម្រាប់សាងសង់មួយ ហើយអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមហើយប៉ាន់តម្លៃរបស់ពួកគេរបស់ពួកគេ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សម្នាក់ៗចែកចាយចម្លើយណាមួយ ដែលពួកគេមានអារម្មណ៍ចង់ចែកចាយ ។ នៅពេលដែលពួកគេចែកចាយ ពួកគេអាចបន្ថែមនូវវត្ថុរបស់ពួកគេទៅក្នុងរចនាសម្ព័ន្ធថ្នាក់ ដោយនៅទីបំផុតកសាងគ្រឹះដ៏រឹងមាំមួយ ។ ប្រសិនបើវត្ថុដែលអាចសាងសង់បានមិនមានទេ អ្នកអាចអញ្ជើញសិស្សម្នាក់ៗឲ្យគូរឥដ្ឋនៅលើក្តារខៀននៅពេលពួកគេចែកចាយ ដោយបន្ថែមទៅនឹងគំនូរគំនរឥដ្ឋរបស់សិស្សផ្សេងទៀត ដើម្បីស្ថាបនាគ្រឹះដ៏រឹងមាំមួយ ។ សូមជួយសិស្សឲ្យយល់ថា ពួកគេអាចគាំទ្រគ្នាទៅវិញទៅមក នៅពេលពួកគេខិតខំដើម្បីស្ថាបនាគ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមសញ្ជឹងគិតអំពីគោលដៅដែលអ្នកបានធ្វើថ្មីៗនេះ ដើម្បីស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។
-
តើជោគជ័យអ្វីខ្លះដែលអ្នកបានទទួលបាននៅក្នុងការខិតខំរបស់អ្នក ដើម្បីស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកបានឃើញឧបសគ្គអ្វីខ្លះនៅក្នុងការស្ថាបនាគ្រឹះដ៏រឹងមាំ ? តើអ្នកបានព្យាយាមយកឈ្នះឧបសគ្គទាំងនោះដោយរបៀបណា ?
-
តើអ្នកបានទទួលពរជ័យសម្រាប់ការខិតខំព្យាយាមស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើវាបានធ្វើឲ្យមានភាពខុសប្លែកអ្វីខ្លះសម្រាប់អ្នក ?
សូមអាន ហេលេមិន ៥: ១២ ម្តងទៀត ហើយពិចារណាប្រកបដោយការអធិស្ឋាន ថាតើមានអ្វីខ្លះដែលអ្នកគួរតែចាប់ផ្តើម បញ្ឈប់ ឬបន្តធ្វើដើម្បីស្ថាបនាគ្រឹះដ៏រឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទដែរឬទេ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកត្រូវការកែតម្រូវគោលដៅណាមួយដែលអ្នកបានធ្វើ នោះអ្នកអាចសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬកន្លែងផ្សេងទៀត ដែលអ្នកអាចសញ្ជឹងគិតជាទៀងទាត់អំពីវាបាន ។