« នីហ្វៃទី៣ ៦–៧ ៖ ការឆ្មើងឆ្មៃនាំទៅរកការបែកបាក់ និងការបំផ្លិចបំផ្លាញ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ៦–៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ៦–៧
ការឆ្មើងឆ្មៃនាំទៅរកការបែកបាក់ និងការបំផ្លិចបំផ្លាញ
តើអ្នកធ្លាប់សង្កេតឃើញថា ទោះបីជាបន្ទាប់ពីមានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងព្រះក៏ដោយ ក៏មនុស្សខ្លះបែរចេញពីទ្រង់ផងដែរ ? បន្ទាប់ពីព្រះបានការពារពួកសាសន៍នីហ្វៃពីពួកចោរកាឌីអានតុន ពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេហើយចាប់ផ្តើមស្ថាបនាជីវិតរបស់ពួកគេឡើងវិញ ។ តាមរយៈភាពអំនួត និងការបែងចែក នោះសាតាំងបានដឹកនាំប្រជាជនឲ្យបះបោរចេញមុខប្រឆាំងនឹងព្រះ ។ លទ្ធផលគឺមានសភាពធ្ងន់ធ្ងរខ្លាំងរហូតដល់ដួលរលំរដ្ឋាភិបាល ហើយប្រជាជនបែកចេញជាពូជអំបូរជាច្រើន ។ មេរៀននេះអាចជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីផលប៉ះពាល់នៃការឆ្មើងឆ្មៃ និងរបៀបយកឈ្នះលើការឆ្មើងឆ្មៃដោយការធ្វើតាមព្រះអង្គសង្គ្រោះ ។
ការជួយអ្នកសិក្សាឲ្យយល់អំពីបរិបទនិងខ្លឹមសារ ។ការយល់ដឹងអំពីបរិបទនិងខ្លឹមសារនៃបទគម្ពីរ រៀបចំសិស្សឲ្យស្គាល់សារលិខិតដ៏បំផុសគំនិតរបស់អ្នកនិពន្ធ ។ បរិបទនិងខ្លឹមសារបញ្ជាក់ និងបង្ហាញអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលបានកត់ត្រានៅក្នុងបទពិសោធន៍ទាំងនេះ ។ សូមស្វែងយល់ដោយឆ្លាតវៃថា តើត្រូវសង្កត់ធ្ងន់លើបរិបទនិងខ្លឹមសារប៉ុន្មាន ដើម្បីជួយដល់សិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីពិតដែលបទគម្ពីរបង្រៀន ។
ការរៀបចំសិស្ស°៖ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន ហើយទូលសួរព្រះវរបិតាសួគ៌ឲ្យជួយពួកគេស្គាល់អំពីការបំផុសគំនិតខាងវិញ្ញាណ នៅពេលដែលពួកគេសិក្សាបទគម្ពីររបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
វិធីមួយដើម្បីចាប់ផ្តើមថ្នាក់រៀន គឺត្រូវយកគ្រាប់ពោត ពោតលីងខ្លះៗ ( ដែលមិនមានជាតិប៊ឺ ពីព្រោះជាតិប៊ឺនាំឲ្យមានរបាំងការពារទឹក ) និងទឹកមួយចាន ។ សូមអញ្ជើញសិស្សឲ្យទាយថានឹងមានអ្វីកើតឡើង នៅពេលអ្នកដាក់គ្រាប់ពោត និងពោតលីងចូលទៅក្នុងទឹក ។ ទម្លាក់គ្រាប់ពោតនិងពោតលីងនៅក្នុងទឹក ( គ្រាប់ពោតនឹងនៅតែមិនផ្លាស់ប្តូរ ខណៈពេលដែលពោតលីងនឹងចាប់ផ្តើមរលាយ ) ។ សូមប្រាប់សិស្សថា ទឹកតំណាងឲ្យអំពើអាក្រក់ ហើយគ្រាប់ពោត ឬពោតលីងអាចតំណាងឲ្យយើងម្នាក់ៗ ។ នៅពេលដែលពួកគេសិក្សា ពួកគេអាចស្វែងរកមេរៀន ដែលទាក់ទងទៅនឹងមេរៀនដែលមានប្រើវត្ថុ និងទាក់ទងទៅនឹងខ្លួនរបស់ពួកគេ ។ សូមពិចារណាឲ្យគ្រាប់ពោតទៅដល់សិស្សម្នាក់ៗដើម្បីមើល នៅខណៈពេលដែលពួកគេសិក្សា ។
សូមអញ្ជើញសិស្សឲ្យពន្យល់ចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖
-
តើវាអាចទៅរួចទេដែលមាននរណាម្នាក់ដែល ៖
-
មានទ្រព្យ ហើយបន្ទាបខ្លួន ?
-
ក្រីក្រ ហើយឆ្មើងឆ្មៃ ?
-
មានការអប់រំ និងការបន្ទាបខ្លួន ?
-
គ្មានការអប់រំ និងឆ្មើងឆ្មៃ ?
សូមគិតអំពីអ្វីដែលនាំឲ្យមនុស្សមួយចំនួនមានការឆ្មើងឆ្មៃនៅក្នុងសម័យរបស់យើង ។ តើការឆ្មើងឆ្មៃមានឥទ្ធិពលទៅលើរូបអ្នក អ្នកដទៃ និងសង្គមដោយរបៀបណា ? នៅពេលអ្នកសិក្សា សូមពិចារណាអំពីរបៀប ដែលមេរៀននេះអាចអនុវត្តចំពោះជីវិត និងកាលៈទេសៈរបស់អ្នក ។
ការល្បួងឥតឈប់ឈររបស់សាតាំង
បន្ទាប់ពីកម្ចាត់ពួកចោរគីឌឌីអានហៃ និងកាឌីអានតុន ដោយមានជំនួយមកពីព្រះអម្ចាស់ នោះពួកសាសន៍នីហ្វៃ « បានបញ្ចប់នូវការផ្សំគំនិតទាំងនោះ ដែលទុច្ចរិត និងសម្ងាត់ និងគួរខ្ពើមឆ្អើម » ( នីហ្វៃទី៣ ៥:៦ ) ។ ពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយបានចាប់ផ្ដើមកសាងជីវិតរបស់ពួកគេឡើងវិញ ។ ប៉ុន្តែសាតាំងបន្តធ្វើការដើម្បីបញ្ឆោតដល់មនុស្សឲ្យដើរតាមវា ។ នៅក្នុងរយៈពេលដ៏ខ្លី ពួកសាសន៍នីហ្វៃបានផ្លាស់ប្តូរ ។ នៅក្នុង នីហ្វៃទី៣ ៦–៧ មរមនបានជួយយើងឲ្យយល់អំពីអ្វីដែលប្រជាជនបានធ្វើ ដែលនៅទីបំផុតបានបណ្តាលឲ្យពួកគេជាច្រើនស្លាប់នៅក្នុងការបំផ្លិចបំផ្លាញ ដែលកើតឡើងមុនការយាងមកដល់របស់ព្រះអង្គសង្គ្រោះនៅទ្វីបអាមេរិក ( សូមមើល នីហ្វៃទី៣ ៨ ) ។ ការបង្រៀនទាំងនេះក៏ពន្យល់អំពីមូលហេតុ ដែលអ្នកផ្សេងទៀតបានប្រុងខ្លួនសម្រាប់ការយាងមករបស់ព្រះគ្រីស្ទនៅព្រះវិហារបរិសុទ្ធក្នុងដែនដីបរិបូរណ៍ផងដែរ ( សូមមើល នីហ្វៃទី៣ ១១ ) ។
តារាងខាងក្រោមអាចជួយសិស្សមើលឃើញអំពីការផ្លាស់ប្តូរនៅក្នុងពួកសាសន៍នីហ្វៃនៅក្នុងរយៈពេលដ៏ខ្លីបែបនេះ ។ របៀបផ្សេងទៀតដើម្បីបំពេញតារាងនេះគឺសិស្សត្រូវគូររូបភាពសាមញ្ញមួយ ដែលបង្ហាញអំពីស្ថានភាពរបស់មនុស្សនៅក្នុងបណ្ដុំបទគម្ពីរនីមួយៗ ។
បង្កើតតារាងមួយដូចខាងក្រោម ។ សូមអានបទគម្ពីរ ហើយបំពេញអំពីអ្វីខ្លះដែលអ្នករៀនអំពីស្ថានភាពរបស់មនុស្ស ។
|
ឆ្នាំទី ២៦ ( នីហ្វៃទី៣ ៦:៤–៩ ) |
ឆ្នាំទី ២៩ ( នីហ្វៃទី៣ ៦:១០–១៨ ) |
|---|---|
ឆ្នាំទី ២៦ ( នីហ្វៃទី៣ ៦:៤–៩ ) | ឆ្នាំទី ២៩ ( នីហ្វៃទី៣ ៦:១០–១៨ ) |
-
តើមានអ្វីខ្លះដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនៅក្នុងរយៈពេលដ៏ខ្លីបែបនេះ ?
-
តើសេចក្តីពិតអ្វីខ្លះដែលយើងអាចរៀនចេញពីគំរូទាំងនេះ ?
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញ គឺ នៅពេល ដែលយើងមានការឆ្មើងឆ្មៃ នោះយើងផ្តល់អំណាចឲ្យសាតាំងល្បួងយើងកាន់តែខ្លាំង ហើយនាំយើងទៅរកអំពើទុច្ចរិត ។
សូមគិតអំពីអត្ថន័យនៃការឆ្មើងឆ្មៃ ។ ស្វែងរកការយល់ឃើញនៅក្នុងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ។
មុខងារចម្បងនៃការឆ្មើងឆ្មៃគឺភាពអមិត្ត—ភាពអមិត្តចំពោះព្រះ និងភាពអមិត្តចំពោះមនុស្សជាតិរបស់យើង ។ ភាពអមិត្ត មានន័យថា « ការស្អប់ ភាពជាសត្រូវ ឬស្ថានភាពប្រឆាំង » ។ វាគឺជាអំណាចដែលសាតាំងចង់បាន ដើម្បីគ្រប់គ្រងលើពួកយើង ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤ )
-
តើមូលហេតុអ្វីអ្នកគិតថា ការមានការឆ្មើងឆ្មៃអាចឲ្យសាតាំងមានឥទ្ធិពលកាន់តែខ្លាំងមកលើយើង ?
-
តើវាខុសគ្នាអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទលើកទឹកចិត្តយើងដោយរបៀបណា ?
ឥទ្ធិពលនៃការឆ្មើងឆ្មៃនៅពេលនោះ និងពេលឥឡូវនេះ
ដោយសារតែការឆ្មើងឆ្មៃរបស់ប្រជាជននៅគ្រប់ផ្នែកទាំងអស់នៃសង្គមចាប់ផ្តើមទទួលរងឥទ្ធិពល ។ សូមអាននៅក្នុង នីហ្វៃទី៣ ៦:២០–៣០ ឬ ៧:១–១៤ ដោយរកមើលឧទាហរណ៍អំពីរបៀប ដែលការឆ្មើងឆ្មៃប៉ះពាល់ដល់បុគ្គលម្នាក់ៗ និងសង្គម ។
សូមពិចារណាឲ្យសិស្សពាក់កណ្តាលថ្នាក់អាន នីហ្វៃទី៣ ៦:២០–៣០ ហើយពាក់កណ្តាលទៀតអាន នីហ្វៃទី៣ ៧:១–១៤ ជាក្រុមតូចៗ ។ ឬអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរមួយនៅក្នុងចំណោមវគ្គបទគម្ពីរទាំងឡាយរួចអានវា ហើយរៀបចំរាយការណ៍អំពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សឲ្យរាយបញ្ជីចម្លើយនៅលើក្ដារខៀនទៅកាន់សំណួរបន្ទាប់ ។ សិស្សអាចនឹងរកឃើញរឿងមួយចំនួនដូចជាការបែកបាក់ កិច្ចការសម្ងាត់ដែលទុច្ចរិត ការធ្វើផែនការប្រឆាំងនឹងមនុស្សសុចរិត និងការខឹងទៅនឹងអំពើល្អ ។
-
តើមានគំរូអ្វីខ្លះនៃឥទ្ធិពលនៃការឆ្មើងឆ្មៃ ដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ?
-
តើសាតាំងប្រើប្រាស់ការឆ្មើងឆ្មៃ ដើម្បីដឹកនាំមនុស្សទៅរកអំពើទុច្ចរិតនៅសម័យយើងនេះដោយរបៀបណាខ្លះ ?
ការយកឈ្នះនៅលើការឆ្មើងឆ្មៃ
គិតអំពីរបៀបដែលការឆ្មើងឆ្មៃរបស់អ្នក ឬការឆ្មើងឆ្មៃរបស់អ្នកដទៃមានឥទ្ធិពលមកលើអ្នក និងរបៀបដែលអ្នកអាចយកឈ្នះនៅលើការឆ្មើងឆ្មៃ និងឥទ្ធិពលរបស់វា ។
ទោះជាការឆ្មើងឆ្មៃបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្ដីក៏អ្នកខ្លះបានស្ដាប់តាមប្រសាសន៍របស់ព្យាការី ហើយបន្តធ្វើតាមព្រះអង្គសង្គ្រោះដែរ ។
សូមអាន នីហ្វៃទី៣ ៧:១៥–២៦ ដោយរកមើលអ្វីដែលនីហ្វៃបានបង្រៀនប្រជាជន និងអំពីរបៀបដែលវាមានឥទ្ធិពលទៅលើពួកគេ ។ វាអាចមានប្រយោជន៍ដើម្បីគូសចំណាំនូវរាល់ពេល ដែលបានលើកឡើងអំពីព្រះអង្គសង្រ្គោះ ។
សិស្សអាចសរសេរចម្លើយអំពីសំណួរខាងក្រោមនៅលើក្ដារខៀន ។ នៅពេលពួកគេសរសេរចម្លើយរបស់ពួកគេ នោះពួកគេអាចគូសឆូតនៅលើក្តារខៀនអំពីឥទ្ធិពលនៃការឆ្មើងឆ្មៃដែលអាចយកឈ្នះបានដោយចម្លើយ ដែលពួកគេរាយបញ្ជីនេះ ។
សិស្សក៏អាចរកឃើញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលបង្ហាញអំពីរបៀបយកឈ្នះនៅលើការឆ្មើងឆ្មៃបន្ថែមទៀតបានផងដែរ ។
-
តើមានគំរូអ្វីខ្លះដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះអំពីរបៀបដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់បានជួយដល់មនុស្សមួយចំនួនឲ្យយកឈ្នះនៅលើការឆ្មើងឆ្មៃ និងអំពើទុច្ចរិត ?
សាច់រឿងនិងសំណួរខាងក្រោមមានគោលបំណងផ្តល់ឱកាសមួយសម្រាប់សិស្ស ដើម្បីបង្ហាញថា ពួកគេដឹងអំពីរបៀបផ្សេងៗ ដែលការឆ្មើងឆ្មៃអាចជះឥទ្ធិពលទៅលើពួកគេ ប៉ុន្តែអំពីរបៀប ដែលការធ្វើតាមព្រះយេស៊ូវគ្រីស្ទក៏អាចជួយពួកគេយកឈ្នះនៅលើការឆ្មើងឆ្មៃបានផងដែរ ។ អ្នកអាចជ្រើសរើសបត់បែនសាច់រឿងទៅតាមរបៀបដែលអាចធ្វើឲ្យវាកាន់តែមានន័យសម្រាប់សិស្ស ។
គាត់មានឈ្មោះថា ជីម ។ គាត់មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគាត់មានបញ្ហាជាមួយនឹងការឆ្មើងឆ្មៃ ។
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកអាចរំពឹង ថានឹងឃើញនៅក្នុងជីវិតរបស់ជីម ដែលថាគាត់មានបញ្ហាជាមួយនឹងការឆ្មើងឆ្មៃ ?
សិស្សអាចនឹងគិតឃើញអ្វីមួយដែលទាក់ទងទៅនឹង នីហ្វៃទី៣ ៦–៧ ។ ឧទាហរណ៍ គាត់បែងចែកមនុស្សជាក្រុមក្នុងគំនិតរបស់គាត់—មានក្រុមល្អ និងក្រុមអាក្រក់ ។ គាត់ក៏ធ្វើរឿងខ្លះដែលគាត់ដឹងថាខុស ហើយលាក់ទុកវាជាការសម្ងាត់ផងដែរ ។ គាត់មានប្រតិកម្មទៅកាន់មនុស្ស ដែលលើកទឹកចិត្តគាត់ឲ្យផ្លាស់ប្តូរ ។ គាត់តែងតែរិះគន់ឪពុកម្តាយរបស់គាត់ និងប៊ីស្សពរបស់គាត់ចំពោះរឿង ដែលពួកគេសុំឲ្យគាត់ធ្វើ ។
បន្ទាប់ពីដឹងអំពីបញ្ហារបស់គាត់ និងទទួលស្គាល់ថាការខកចិត្តដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់គាត់ គឺជាលទ្ធផលមកពីការឆ្មើងឆ្មៃរបស់គាត់ គាត់ចង់បានចម្លើយអំពីរបៀបកម្ចាត់ការឆ្មើងឆ្មៃនេះ ។
-
តើមានដំណោះស្រាយអ្វីខ្លះដែលអ្នកនឹងស្នើដើម្បីជួយជីម យកឈ្នះនៅលើការឆ្មើងឆ្មៃនេះបាន ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យទាក់ទងទៅនរណាម្នាក់ ដែលពួកគេស្គាល់ដើម្បីសុំយោបល់របស់ពួកគេអំពីរបៀបយកឈ្នះនៅលើការឆ្មើងឆ្មៃ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយយើងយកឈ្នះនៅលើការឆ្មើងឆ្មៃ និងអំពើទុច្ចរិត ។