« ហេលេមិន ១០ ៖ ព្រះអម្ចាស់ប្រទានពរជ័យដល់នីហ្វៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១០
ព្រះអម្ចាស់ប្រទានពរជ័យដល់នីហ្វៃ
បន្ទាប់ពីការព្យាករណ៍របស់លោកទាក់ទងទៅនឹងអំពើឃាតកម្មលើមេចៅក្រម នីហ្វៃបានសញ្ជឹងគិតអំពីអ្វីទាំងអស់ដែលព្រះអម្ចាស់បានបង្ហាញដល់លោក ប៉ុន្តែលោកក៏បានបាក់ទឹកចិត្ត ដោយសារតែអំពើទុច្ចរិតរបស់ប្រជាជននេះផងដែរ ។ នៅពេលលោកធ្វើដំណើរត្រឡប់ទៅផ្ទះវិញ លោកបានមានបទពិសោធន៍ដ៏អស្ចារ្យមួយដែល ព្រះអម្ចាស់បានប្រទានពរជ័យដល់លោកចំពោះភាពស្មោះត្រង់របស់លោកនៅក្នុងការធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីសេចក្ដីពិតនៃបទពិសោធន៍របស់នីហ្វៃដែលអាចយាងអញ្ជើញការដឹកនាំ និងព្រះចេស្ដារបស់ព្រះអម្ចាស់ឲ្យចូលគង់នៅក្នុងជីវិតអ្នកបាន ។
សូមអញ្ជើញសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេ ។ ទោះបីជាតួនាទីរបស់គ្រូបង្រៀនមានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏សិស្សមានការទទួលខុសត្រូវចំពោះការអប់រំរបស់ពួកគេផងដែរ ។ សិស្សទទួលបានការបំភ្លឺនៅពេលពួកគេស្វែងរកព្រះបន្ទូលរបស់ព្រះ ដើម្បីស្វែងយល់សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់សម្រាប់ខ្លួនរបស់ពួកគេ ។ សូមជួយសិស្សរបស់អ្នកឲ្យមើលឃើញអំពីតម្លៃនៃគិតពិចារណាផ្ទាល់ខ្លួន ការសញ្ជឹងគិត និងអន្តរកម្មនៅក្នុងថ្នាក់រៀន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ហេលេមិន ១០ ហើយរកមើលអ្វីដែលពួកគេអាចរៀនមកពីគំរូរបស់នីហ្វៃដែលអាចប្រទានពរជ័យដល់ជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
សូមពិចារណាចាប់ផ្តើមថ្នាក់រៀនដោយការអញ្ជើញសិស្សម្នាក់ដែលចេះជំនាញជាក់លាក់ ដូចជាចងក្រវ៉ាត់-ក ដើម្បីពន្យល់ដល់សិស្សម្នាក់ទៀតពីរបៀបចងក្រវ៉ាត់-ក ។ បន្ទាប់ពីការព្យាយាមបន្តិច សិស្សដែលមានចំណេះដឹងអាចបង្ហាញសិស្សម្នាក់ទៀតពីរបៀបអនុវត្តជំនាញនោះ ។ ប្រសិនបើអ្នកជ្រើសរើសធ្វើដូចនេះ សូមរំលងសំណួរទីពីរខាងក្រោម ។
-
តើអ្នកអាចគិតពីគ្រាមួយដែលអ្នកបានរៀនអ្វីមួយមកពីគំរូរបស់អ្នកដទៃដែរឬទេ ? តើការរៀននោះជាអ្វី ?
-
តើហេតុអ្វីបានជាការរៀនមកពីឧគំរូអាចមានប្រសិទ្ធភាពជាពិសេសបាន ?
នៅថ្ងៃនេះ អ្នកនឹងមានឱកាសរៀនសេចក្ដីពិតមកពីគំរូរបស់ព្យាការីនីហ្វៃ ។ អ្នកប្រហែលជាចាំថា នីហ្វៃត្រូវបានគេចោទប្រកាន់ដោយមិនពិត ថាមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មលើមេចៅក្រមនៃពួកសាសន៍នីហ្វៃ ( សូមមើល ហេលេមិន ៩:១៦–២០ ) ។ តាមរយៈការបំផុសគំនិត នីហ្វៃបានរកឃើញឃាតករ ហើយត្រូវបានដោះលែងវិញ ( សូមមើល ហេលេមិន ៩:២០–៣៨ ) ។ នៅពេលនីហ្វៃបានត្រឡប់មកផ្ទះវិញ លោកបានមានបទពិសោធន៍ដ៏សំខាន់មួយជាមួយនឹងព្រះអម្ចាស់ដែលបាននកត់ត្រានៅក្នុង ហេលេមិន ១០ ។ សកម្មភាពទាំងបីខាងក្រោមនឹងជួយណែនាំដល់ការសិក្សារបស់អ្នកអំពីជំពូកនេះ ។
សូមពិចារណាចែកចាយសំណៅចែកឲ្យសិស្សដូចខាងក្រោម ហើយអញ្ជើញពួកគេឲ្យបំពេញសកម្មភាពទាំងនេះ ។
អ្នកអាចបំបែកសិស្សជាក្រុមតូចៗ ដើម្បីបំពេញសកម្មភាពសិក្សាមួយនៅក្នុងចំណោមសកម្មភាពសិក្សាទាំងនោះ ។ សូមប្រាកដថាបានចាត់តាំងឲ្យមានអ្នកដឹកនាំការពិភាក្សាសម្រាប់ក្រុមនីមួយៗ ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពសិក្សាដំបូងហើយ សូមបង្កើតក្រុមថ្មី និងឲ្យពួកគេបំពេញសកម្មភាពសិក្សាមួយផ្សេងទៀត ។ ដំណើរការនេះអាចមានការធ្វើម្តងហើយម្ដងទៀតរហូតដល់សិស្សបានធ្វើសកម្មភាពសិក្សាទាំងបីអស់ទាំងស្រុង ។
គំនិតមួយទៀតអាចផ្តល់ពេលដល់សិស្សនៅក្នុងការសិក្សាឯកសារដែលបានមកពីសំណៅចែករៀងៗខ្លួន ហើយត្រូវរៀបចំមេរៀនខ្លីៗអំពីអ្វីដែលពួកគេបានរៀន ។ បន្ទាប់មក សិស្សអាចមានឱកាសបង្រៀនមេរៀនរបស់ពួកគេទៅកាន់ក្រុមតូចមួយ ឬអ្នកស្ម័គ្រចិត្តពីរបីនាក់ អាចនឹងបង្រៀនមេរៀនរបស់ពួកគេទៅកាន់សិស្សនៅក្នុងថ្នាក់រៀនទាំងមូល ។
សកម្មភាពសិក្សា ទី ១ ៖ ការសញ្ជឹងគិត និងវិវរណៈផ្ទាល់ខ្លួន
តើអ្នកបានរៀនអ្វីខ្លះអំពីការទទួលវិវរណៈនៅក្នុងជីវិតអ្នក ? នៅក្នុងផ្នែកដំបូងនៃ ហេលេមិន ១០ យើងរៀនអំពីបទពិសោធន៍មួយដែលនីហ្វៃបានទទួលវិវរណៈ និងព្រះចេស្ដាមកពីព្រះ ។ ឧទាហរណ៍របស់នីហ្វៃបង្រៀនយើងពីរបៀបដែលយើងអាចបង្កើនសមត្ថភាពរបស់យើងនៅក្នុងការទទួល និងស្គាល់វិវរណៈមកពីព្រះអម្ចាស់ ។
សូមអាន ហេលេមិន ១០:១–៣ ដោយការរកមើលនូវអ្វីដែលនាំឲ្យនីហ្វៃទទួលបានវិវរណៈមកពីព្រះអម្ចាស់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមកត់ចំណាំពាក្យ សញ្ជឹងគិត នៅក្នុង ខទី ២ និងទី ៣ ។ អ្នកអាចគូសចំណាំពាក្យនោះនៅក្នុងបទគម្ពីររបស់អ្នក ។
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះបាន គឺថា ការសញ្ជឹងគិតលើអ្វីដែលព្រះអម្ចាស់បានរៀបចំឲ្យយើងដើម្បីទទួលបានវិវរណៈ ។
-
តើអ្នកអាចពិពណ៌នាអំពីការសញ្ជឹងគិតដល់នរណាម្នាក់ដែលមិនប្រាកដថាវាជាអ្វីនោះយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាការសញ្ជឹងគិតអាចនឹងជួយយើងឲ្យទទួលបានវិវរណៈ ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការនៅស្ងៀម និងការស្តាប់ និងការធ្វើតាមព្រះវិញ្ញាណ មានសារៈសំខាន់ណាស់ ។ តាមធម្មតាយើងមានការំខានជាច្រើនដែលទាក់ទាញចំណាប់ អារម្មណ៍របស់យើង លើសពីពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ។
មនុស្សគ្រប់រូបត្រូវការពេលវេលា ដើម្បីសមាធិ និងពិចារណា ។ សូម្បីតែព្រះអង្គសង្គ្រោះនៃពិភពលោកនេះ នៅអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ក៏បានរកពេលដើម្បីធ្វើដូច្នេះផងដែរ ។ ( អិម. រ័សុល បាឡឺត « Be Still, and Know That I Am God » [ ការប្រជុំធម្មនិដ្ឋានរបស់ប្រព័ន្ធអប់រំរបស់សាសនាចក្រ សម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
តើមានការរំខានអ្វីខ្លះដែលអាចធ្វើឲ្យពិបាកនៅក្នុងការសញ្ជឹងគិតអំពីរឿងខាងវិញ្ញាណ ?
-
តើមានអ្វីខ្លះនៃ « ការណ៍ទាំងឡាយនៃព្រះអម្ចាស់ » ដែលអ្នកអាចនឹងឆ្លៀតពេលដើម្បីសញ្ជឹងគិត ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាន ឬដែលអ្នកដឹងអំពីអ្វីដែលការសញ្ជឹងគិតនាំឲ្យទទួលបានវិវរណៈ ?
សូមគិតអំពីគោលដៅមួយដែលអ្នកអាចធ្វើដើម្បីអនុវត្តតាមសេចក្ដីពិតនេះនៅក្នុងជីវិតរបស់អ្នក ។ សូមពិចារណាកត់ត្រាគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សកម្មភាពសិក្សាទី ២ ៖ ការស្វះស្វែងបំពេញបំណងរបស់ព្រះអម្ចាស់ដោយគ្មាននឿយហត់
សូមពិចារណាអំពីពេលមួយដែលអ្នកត្រូវបានគេស្នើឲ្យធ្វើអ្វីមួយដែលហាក់ដូចជាពិបាកខ្លាំង ។ ព្រះអម្ចាស់បានប្រទានបទបញ្ញត្តិដ៏លំបាកដល់ព្យាការីនីហ្វៃ នៅពេលដែលទ្រង់បានបង្គាប់ឲ្យលោកអំពាវនាវឲ្យពួកទុច្ចរិតសាសន៍នីហ្វៃប្រែចិត្ត ។ ទោះបីជាវាពិបាកក៏ដោយ ក៏នីហ្វៃបានខិតខំយ៉ាងមុតមាំដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ។
សូមអាន ហេលេមិន ១០:៤–៥ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់នីហ្វៃ ដែលជាលទ្ធផលនៃសេចក្ដីស្មោះត្រង់របស់លោក ។
-
តើពាក្យពេចន៍ ឬឃ្លាណាខ្លះដែលអ្នកចាប់ អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ? ហេតុអ្វី ?
សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះបាន គឺថា នៅពេលយើងស្វះស្វែងបំពេញបំណងរបស់ព្រះអម្ចាស់ ហើយបម្រើទ្រង់ដោយឥតនឿយហត់នោះ ព្រះអម្ចាស់នឹងប្រទានពរជ័យដល់យើងតាមរបៀបជាច្រើន ។
-
តើអ្វីដែលអាចធ្វើឲ្យពិបាកនៅក្នុងការចង់ធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ ?
-
តើអ្នកអាចចងចាំអ្វីខ្លះអំពីព្រះអម្ចាស់ដែលនឹងធ្វើឲ្យការធ្វើតាមព្រះហឫទ័យរបស់ទ្រង់កាន់តែងាយស្រួលជាងការធ្វើតាមចិត្តរបស់អ្នកផ្ទាល់ ?
តើពាក្យថា ឥតនឿយហត់ ដែលបានប្រើនៅក្នុងខគម្ពីរទាំងនេះមានន័យសំដៅដល់ភាពមិនចេះហត់ ឬការឧស្សាហ៍ព្យាយាម ។
វាអាចមានអត្ថប្រយោជន៍នៅក្នុងការអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤: ៣៣ និងការបង្រៀនដែលទាក់ទងគ្នាមួយដែលព្រះអម្ចាស់បានចែកចាយអំពីភាពឥតហត់នឿយ ។ សិស្សអាចសរសេរសេចក្ដីយោងនេះនៅក្បែរ ហេលេមិន ១០:៤–៥ នៅក្នុងព្រះគម្ពីរពួកគេ ។
-
តើមានវិធីណាខ្លះដែលព្រះយេស៊ូវគ្រីស្ទបានបម្រើព្រះវរបិតាសួគ៌ដោយឥតនឿយហត់ ?
-
តើអ្នកអាចបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយភាពឥតនឿយហត់នៅក្នុងសម័យរបស់យើងយ៉ាងដូចម្ដេច ?
សូមគិតអំពីគោលដៅមួយដែលអ្នកអាចធ្វើដើម្បីស្វែងរកព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ហើយបម្រើទ្រង់ដោយឥតនឿយហត់ ។ សូមពិចារណាកត់ត្រាគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សកម្មភាពសិក្សាទី ៣ ៖ អំណាចនៃការផ្សារភ្ជាប់
សូមស្រមៃថា ព្រះអម្ចាស់ប្រទានអំណាចដល់អ្នកឲ្យធ្វើអ្វីដែលអ្នកបានទូលសុំពីទ្រង់ ។ ចំពោះព្យាការីនីហ្វៃ ព្រះមានព្រះបន្ទូលថា ទ្រង់នឹងប្រទាននូវអ្វីដែលនីហ្វៃចង់បាន ពីព្រោះលោកនឹង « ពុំប្រាថ្នាអ្វី ដែលផ្ទុយពីបំណង [ របស់ ព្រះ ] ឡើយ » ( ហេលេមិន ១០:៥ ) ។
សូម អាន ហេលេមិន ១០:៧ ដោយការរកមើលអ្វីមួយដែលព្រះអម្ចាស់បានប្រទានអំណាចដល់នីហ្វៃ ។
អំណាចដែលបានពិពណ៌នានៅក្នុង ខទី ៧ ត្រូវបានហៅថាជាអំណាចនៃការផ្សារភ្ជាប់ ។ ដោយផ្ដើមចេញមកពីខគម្ពីរនេះ យើងដឹងថា អំណាចនៃការផ្សារភ្ជាប់ចង និងស្រាយនៅលើផែនដី និងនៅលើស្ថានសួគ៌ ។ វាអាចផ្ដល់ជាអត្ថប្រយោជន៍ក្នុងការដឹងថាការចងមានន័យថា ការភ្ជាប់ ឬតំណភ្ជាប់ និងការស្រាយ មានន័យថាការផ្ដាច់ ឬរំលាយ ។
សូមពិចារណាសរសេរខគម្ពីរទាំងនេះដែលបានរាយនៅក្នុងកថាខណ្ឌខាងក្រោមដាក់នៅលើក្ដារខៀន ហើយអញ្ជើញ ឲ្យសិស្សសរសេរវាជាបទគម្ពីរយោងនៅជាប់នឹង ហេលេមិន ១០:៧ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
អំណាចនៃការផ្សារភ្ជាប់ដែលបានរៀបរាប់នៅក្នុង ខទី ៧ គឺជាអំណាចនៃការផ្សារភ្ជាប់ដូចគ្នាដែលកាន់ដោយអេលីយ៉ា ( សូមមើល ពង្សាវតារក្សត្រទី ១ ១៧:១ ) ពេត្រុស និងពួកសាវក ( សូមមើល ម៉ាថាយ ១៦: ១៥-១៩; ១៨:១៨ ) និងយ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៤៦ ) ។ ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអស់អ្នកដែលទ្រង់អាចនឹងប្រគល់ឲ្យពួកគេមានកាន់កូនសោនៃ អំណាចដូចគ្នានេះ ។ ដោយមានអំណាចនេះ ក្រុមគ្រួសារទាំងឡាយអាចមានការផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូតតាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
តើហេតុអ្វីអ្នកគិតថាព្រះវរបិតាសួគ៌ចង់ឲ្យយើងចុះសេចក្តីសញ្ញាដែលអនុវត្តទៅនឹងជីវិតនេះ និងជីវិតបន្ទាប់ ?
-
តើអ្នកបានទទួលពរជ័យដោយសារដឹងថា ក្រុមគ្រួសារអាចមានការផ្សារភ្ជាប់ជារៀងរហូតតាមរបៀបណា ?
-
តើចំណេះដឹងដែលថា ក្រុមគ្រួសារអាចរួបរួមគ្នាដ៏អស់ក្បលជានិច្ចមានឥទ្ធិពលលើគំនិត ឬជម្រើសរបស់អ្នកយ៉ាងដូចម្ដេចនៅពេលនេះ ?
បន្ទាប់ពីសិស្សបានបំពេញសកម្មភាពសិក្សានេះហើយ សូមពិចារណាអញ្ជើញសិស្សជាច្រើននាក់ឲ្យចែកចាយអំពីអ្វីដែលពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ ឬមានអត្ថន័យជាពិសេសចេញពីការសិក្សារបស់ពួកគេ ។ ប្រសិនបើពេលវេលាអំណោយផល វាក៏អាចនឹងមានប្រយោជន៍ផងដែរក្នុងការអាន ហេលេមិន ១០:១១–១៩ ដើម្បីមើលអ្វីដែលនីហ្វៃបានធ្វើបន្ទាប់ពីបទពិសោធន៍ដ៏បរិសុទ្ធនេះជាមួយព្រះអម្ចាស់ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្តីពិតដែលបានសិក្សានៅថ្ងៃនេះ ហើយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ខាងវិញ្ញាណណាមួយដែលពួកគេមាន ។