« ហេលេមិន ៨ ៖ ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៨
ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
នៅលើពិភពលោកមួយដែលមានសំឡេងយ៉ាងច្រើនទាញយើងទៅតាមផ្លូវជាច្រើន ព្រះបានប្រទានពួកព្យាការីដល់យើង ដើម្បីជំរុញយើងឲ្យទៅកាន់ទ្រង់ ។ នៅពេលនីហ្វៃត្រូវបានពួកសាសន៍នីហ្វៃទុច្ចរិតចោទសួរអំពីមូលហេតុដែលលោកបាននិយាយយ៉ាងខ្លាំងអំពីពួកគេ លោកបានថ្លែងទីបន្ទាល់ដោយក្លាហានអំពីព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយទីបន្ទាល់នេះអាចជួយអ្នកឲ្យមានដឹងអំពីសេចក្តីពិតនៃទីបន្ទាល់របស់ពួកលោក ។
សូមផ្ដោតទៅលើរបៀបដែលពួកព្យាការីថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ ការទទួលខុសត្រូវចម្បងរបស់ពួកព្យាការីគឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ព្យាការី°» ) នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°។ សូមចង្អុលបង្ហាញវគ្គបទគម្ពីរ និងការបង្រៀនរបស់ព្យាការីផ្សេងៗទៀតដែលថ្លែងទីបន្ទាល់អំពីគុណលក្ខណៈ ជីវិត និងបេសកកម្មដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីរបៀបដែលទីបន្ទាល់របស់ពួកព្យាការីមានឥទ្ធិពលលើការយល់ដឹង និងការដឹងគុណរបស់ពួកលោកចំពោះព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលឧទាហរណ៍មួយ ឬច្រើនអំពីព្យាការី និងសាវកដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសន្និសីទទូទៅកាលពីពេលថ្មីៗនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់របស់សាក្សីម្នាក់
សូមពិចារណាយកគ្រាប់ធញ្ញជាតិដែលមានសំបក ដូចជា សណ្ដែកដី វ៉លណាត់ ឬគ្រាប់ធញ្ញជាតិផ្សេងៗទៀត ។ សូមលាក់វានៅក្នុងដៃរបស់អ្នក ឬនៅក្នុងថង់មួយ ។ សូមប្រាប់សិស្សថា អ្នកមានអ្វីដែលមិនធ្លាប់បានឃើញដោយភ្នែកមនុស្ស ឬបានប៉ះពាល់ដោយដៃមនុស្សទាល់តែសោះ ( គ្រាប់នៅក្នុងសំបក ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមក ហើយមើល ។ បន្ទាប់មក សូមឲ្យសិស្សនោះប្រាប់ដល់សិស្សមិត្តរួមថ្នាក់ទាំងអស់ថាតើអ្នកកំពុងនិយាយការពិតដែរឬទេ ។ សូមសួរសិស្សថាតើពួកគេជឿអ្នក ឬអត់ និងមូលហេតុដែលពួកគេជឿ ឬមិនជឿ ។ បន្ទាប់ពីអ្នកបានពិភាក្សាគ្នាក្នុងថ្នាក់រៀនថាតើសិស្សជឿលើអ្នក ឬយ៉ាងណានោះ សូមបង្ហាញគ្រាប់ធញ្ញជាតិនោះដល់ពួកគេ ។
មនុស្សភាគច្រើនមិនដែលបានឃើញព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែមនុស្សជាច្រើននៅតែជឿលើទ្រង់ ។
-
តើមានមូលហេតុអ្វីខ្លះដែលមនុស្សជឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើពួកព្យាការីដើរតួនាទីអ្វីខ្លះនៅក្នុងការជួយអ្នកឲ្យជឿលើព្រះអង្គសង្គ្រោះ ?
ទីបន្ទាល់របស់ពួកព្យាការីពីបុរាណ
ការងារបម្រើរបស់ព្យាការីនីហ្វៃត្រូវបានពិភាក្សានៅក្នុងមេរៀននៅក្នុង ហេលេមិន ៧–១០ ។ មេរៀននេះនឹងជួយសិស្សឲ្យផ្តោតទៅលើការបង្រៀនរបស់នីហ្វៃនៅក្នុង ហេលេមិន ៨ អំពីការទទួលខុសត្រូវរបស់ពួកព្យាការីនៅក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយសិស្សឲ្យពិនិត្យមើលបរិបទសម្រាប់ការបង្រៀនរបស់នីហ្វៃនៅក្នុង ហេលេមិន ៨ សូមពិចារណាធ្វើការសង្ខេបព័ត៌មានដូចខាងក្រោម ។
អ្នកអាចចាំថា ព្យាការីនីហ្វៃ បានព្យាករណ៍អំពីពួកសាសន៍នីហ្វៃទុច្ចរិតថាពួកគេនឹងត្រូវបំផ្លាញចោល បើពួកគេមិនប្រែចិត្តទេ ( សូមមើល ហេលេមិន ៧:២២–២៩ ) ។ ពួកសាសន៍នីហ្វៃជាច្រើនបានខឹងនឹងនីហ្វៃដោយសារតែការនិយាយប្រឆាំងនឹងអំពើទុច្ចរិតរបស់ពួកគេ ( សូមមើល ហេលេមិន ៨:១–៧ ) ។ នីហ្វៃបានបន្ទោសប្រជាជនទាំងនេះ ហើយប្រាប់ពួកគេថា ពួកគេកំពុងបដិសេធមិនត្រឹមតែព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ តែថែមទាំងពាក្យពេចន៍របស់ពួកព្យាការីពីមុនទៀតដែលរួមមានទាំងលោកម៉ូសេដែលបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ( សូមមើល ហេលេមិន ៨:១០–១៣ ) ។
សូមអាន ហេលេមិន៨:១៣–២៣ ដោយការរកមើលអ្វីដែលនីហ្វៃបានចែកចាយអំពី ម៉ូសេ និងពួកព្យាការីពីមុនៗផ្សេងៗទៀត ។ អ្នកអាចនឹងគូសចំណាំឈ្មោះរបស់ពួកព្យាការីដែលនីហ្វៃបានរកឃើញ ។
-
តើពួកព្យាការីទាំងអស់នេះ មានចំណុចដូចគ្នាអ្វីខ្លះ ?
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះបានគឺថា ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ៖
តួនាទីដ៏សំខាន់បំផុតរបស់ព្យាការីនៃព្រះអម្ចាស់គឺបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ និងដឹកនាំពួកយើងទៅកាន់ទ្រង់ ។ …
ព្យាការីពុំឈរនៅចន្លោះរវាងអ្នក និងព្រះអង្គសង្គ្រោះទេ ។ ផ្ទុយទៅវិញ លោកឈរនៅក្បែរអ្នក ហើយចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ។ ការទទួលខុសត្រូវដ៏ធំមហិមា និងអំណោយទានដ៏មានតម្លៃបំផុតរបស់ព្យាការីចំពោះយើងគឺ សាក្សីដ៏រឹងមាំរបស់លោក ចំណេះដឹងពិតប្រាកដរបស់លោក ដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៥, ២៧ )
-
ហេតុអ្វីបានជាអ្នកគិតថា អំណោយដ៏ធំបំផុតរបស់ព្យាការីចំពោះយើងគឺសាក្សីរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ?
ឧទាហរណ៍នៃពួកព្យាការីដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមឆ្លៀតពេលសិក្សាអំពីទីបន្ទាល់មួយចំនួនរបស់ពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកសិក្សាទីបន្ទាល់របស់ពួកលោក នោះព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់អំពីសេចក្ដីពិតចេញពីប្រសាសន៍របស់ពួកលោកទៅក្នុងដួងចិត្ត និងគំនិតរបស់អ្នក ។
សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាពមួយ ឬទាំងពីរខាងក្រោមនេះ ឬអ្នកអាចអនុញ្ញាតឲ្យសិស្សជ្រើសរើសសកម្មភាពមួយណាដែលពួកគេចង់បំពេញ ។ ម្យ៉ាងវិញទៀត អ្នកអាចដាក់សិស្សជាក្រុមៗ ហើយចាត់ឲ្យក្រុមនីមួយៗបំពេញជម្រើសមួយ ។ បន្ទាប់មក សមាជិកមកពីក្រុមនីមួយៗអាចចែកចាយពីអ្វីដែលពួកគេ ចាប់អារម្មណ៍នៅក្នុងទីបន្ទាល់ដែលពួកគេបានសិក្សា ។
ជម្រើស ក ៖ ពួកព្យាការីពីបុរាណបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាដាក់បង្ហាញឈ្មោះរបស់ពួកព្យាការីម្នាក់ៗដូចខាងក្រោមដែលបានរៀបរាប់នៅក្នុង ហេលេមិន ៨:១៣–២៣ ខគម្ពីរខាងក្រោមដែលភ្ជាប់មកជាមួយ និងរូបភាពរបស់ពួកព្យាការីម្នាក់ៗនៅជុំវិញបន្ទប់ ( បើអាចធ្វើទៅបាន ) ។ នៅពេលសិស្សបានសិក្សាទីបន្ទាល់ជាច្រើនរួចហើយ ពួកគេអាចកត់ត្រានូវអារម្មណ៍ ឬចំណាប់អារម្មណ៍ណាមួយដែលពួកគេមាននៅពេលពួកគេសិក្សា ហើយចែកចាយអំពីអារម្មណ៍ ឬចំណាប់អារម្មណ៍ទាំងនោះទៅមិត្តរួមថ្នាក់ ។
សូមអានទីបន្ទាល់យ៉ាងហោចណាស់ឲ្យបានបីនៅក្នុងចំណោមទីបន្ទាល់ខាងក្រោមនេះមកពីពួកព្យាការីដែលនីហ្វៃ បានលើកឡើង ។ សូមធ្វើបញ្ជីនៃអ្វីដែលទីបន្ទាល់ទាំងនេះបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ម៉ូសេ ៖ និក្ខមនំ ១៥:២; ចោទិយកថា ១៨:១៥ ( សូមមើលផងដែរ នីហ្វៃទី ៣ ២០:២៣–២៤ )
-
អ័ប្រាហាំ ៖ អ័ប្រាហាំ ៣:២២–២៤; ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៥:១២ ( នៅក្នុងBible appendix )
-
អេសាយ ៖ អេសាយ ៧:១៤; ៩:៦; ៥៣:៣–៥
-
យេរេមា ៖ យេរេមា ៣៣:១៤–១៦; ៥០:៣៤
-
លីហៃ ៖ នីហ្វៃទី ១ ១:១៤–១៥; នីហ្វៃទី ២ ២:៦–៨
-
នីហ្វៃ កូនប្រុសរបស់ លីហៃ ៖ នីហ្វៃទី ១ ១៩:៩–១១; នីហ្វៃទី ២ ២៥:១៩, ២៣–២៦
ពិនិត្យមើលបញ្ជីដែលអ្នកបានសរសេរឡើងវិញ ។ សូមពិចារណាកត់ត្រាការយល់ដឹង អារម្មណ៍ ឬចំណាប់អារម្មណ៍ណាមួយដែលអ្នកមានអំពីព្រះអង្គសង្រ្គោះនៅពេលដែលអ្នកសិក្សា ។ សូមសរសេរប្រយោគពីរបីឃ្លាដែលពន្យល់អំពីរបៀបដែលជីវិតអ្នកអាចមានភាពខុសគ្នា ប្រសិនបើពួកព្យាការីមិនបានបង្រៀនយើងពីរឿងទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទទេនោះ ។
ជម្រើស ខ ៖ ពួកព្យាការីថ្ងៃចុងក្រោយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយសិស្សឲ្យបំពេញជម្រើសនេះបាន សូមពិចារណាផ្តល់ធនធានដូចជាច្បាប់ចម្លងជាច្រើននៃការបោះពុម្ពផ្សាយអំពីសន្និសីទទូទៅរបស់ទស្សនាវដ្ដី លីអាហូណា ។
សូមពិចារណាចែកចាយទីបន្ទាល់មួយចំនួនរបស់ពួកព្យាការីដែលបានលើកឡើងនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » បើចាំបាច់ ។
សូមស្វែងរកឧទាហរណ៍ពីរ ឬច្រើនអំពីពួកព្យាការី ឬពួកសាវកថ្ងៃចុងក្រោយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ធនធានទាំងនេះអាចបានមកពីសន្និសីទទូទៅថ្មីៗ ឬមកពីប្រវត្តិសាស្រ្តសាសនាចក្រ ។ សូមពិចារណាប្រើ ChurchofJesusChrist.org ឬកម្មវិធី បណ្ណាល័យដំណឹងល្អនៅក្នុងមុខងារការស្វែងរករបស់អ្នក°។ អ្នកក៏អាចអាន ឬស្តាប់ «°ព្រះគ្រីស្ទដ៏មានព្រះជន្មរស់°៖ ទីបន្ទាល់នៃពួកសាវក°» នៅលើគេហទំព័រ ChurchofJesusChrist.org បានផងដែរ°។
នៅពេលសិស្សបំពេញបញ្ចប់សកម្មភាពរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអំពីឧទាហរណ៍ដែលពួកគេបានរកឃើញអំពីពួកព្យាការីដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមប្រាកដថាបានឲ្យសិស្សជាច្រើនមានឱកាសបានឡើងចែកចាយ ។ វាអាចមានអត្ថប្រយោជន៍ក្នុងការសួរសំណួរដូចជា « តើទីបន្ទាល់របស់ពួកព្យាការីណាខ្លះដែលបានធ្វើឲ្យអ្នកចាប់អារម្មណ៍ ? » ឬ « ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលព្យាការីជាច្រើនបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ? »
ប្រសិនបើពេលវេលាអនុញ្ញាត ការចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ក៏អាចនឹងមានប្រយោជន៍ដល់សិស្សផងដែរ ។