« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—‹ ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០
« ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងដោយប្រើវគ្គបទគម្ពីរនេះ ។
សូមជួយសិស្សឲ្យរៀនប្រើប្រាស់ « គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » ។ សូមខិតខំយោងទៅគោលការណ៍នានាឲ្យចំៗឈ្មោះ ដើម្បីសិស្សដឹងនៅពេលណា និងរបៀបណាដែលកំពុងមានការប្រើគោលការណ៍នោះនៅក្នុងការពិភាក្សាក្នុងថ្នាក់ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលសេចក្ដីពិតដែលបានបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយដល់នរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេមិនអាចទទួលបានការអភ័យទោសចំពោះអំពើបាបរបស់ពួកគេបានឡើយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « អាលម៉ា ៣៤:១–១៧ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៣៤:៩–១០ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
តើអ្នកធ្លាប់សម្គាល់ឃើញថា ការយល់អ្វីមួយក្នុងចិត្តអ្នកងាយស្រួលជាងការនិយាយពន្យល់វាដែរឬទេ ? គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិគឺដើម្បីផ្ដល់ឱកាសឲ្យអ្នកពន្យល់គោលលទ្ធិដែលចេញមកពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនោះដោយពាក្យពេចន៍អ្នកផ្ទាល់ ។
នៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពី អាលម៉ា ៣៤:៩–១០ អ្នកបានរៀនថា បើគ្មានដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទទេ នោះមនុស្សលោកទាំងអស់នឹងមានការវង្វេងជារៀងរហូត ។
សូមផ្តល់ឱកាសឲ្យសិស្សពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ ជាពាក្យពេចន៍របស់ពួកគេផ្ទាល់តាមរយៈការចែកចាយសេចក្ដីណែនាំខាងក្រោម ។
សូមស្រមៃថា អ្នកបានមានឱកាសពន្យល់ពីអត្ថន័យនៃ អាលម៉ា ៣៤:៩–១០ ទៅនរណាម្នាក់ដែលដឹងតិចតួចអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលបន្តិចដើម្បីពិនិត្យមើលខគម្ពីរទាំងនេះឡើងវិញ ហើយគូសចំណាំ ឬសរសេរចូលនូវពាក្យ ឬឃ្លាដែលអ្នកចង់ឲ្យបុគ្គលនេះយល់ ។
នៅពេលសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀបចំហើយ សូមពិចារណាដាក់ពួកគេជាគូៗ ឬក្រុមតូចៗ ហើយអញ្ជើញសិស្សម្នាក់ៗឲ្យរៀនចែកចាយការពន្យល់របស់ពួកគេ ។
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ គឺ៖ « ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។
សូមជួយសិស្សឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរនេះ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមរៀបចំសិស្សក្នុងថ្នាក់ឲ្យធ្វើការពីរៗនាក់ ។ សិស្សម្នាក់អាចនឹងសូត្រឡើងវិញនូវពាក់កណ្ដាលឃ្លាដំបូង បន្ទាប់មកសិស្សម្នាក់ទៀតនៅក្នុងគូនោះអាចនឹងសូត្រឡើងវិញចាប់ពីពាក់កណ្ដាលឃ្លាចុងក្រោយ ។ បន្ទាប់មក ពួកគេទាំងពីរអាចនឹងសូត្រសេចក្ដីយោងបទគម្ពីរទាំងអស់គ្នា ។ បន្ទាប់ពីធ្វើរឿងនេះពីរបីដងរួចហើយ សិស្សអាចនឹងប្ដូរវេនគ្នា ហើយសូត្រឃ្លាពាក់កណ្ដាលទៀតឡើងវិញ ។
រៀនអនុវត្ត
មុននឹងចែកចាយសាច់រឿងប្រឌិដ្ឋខាងក្រោមនេះ សូមពិចារណាស្នើសិស្សឲ្យប្រាប់ឈ្មោះគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណចេញពីការចងចាំ ។ សូមសរសេរគោលការណ៍នីមួយៗដាក់លើក្ដារខៀន នៅពេលសិស្សនិយាយពីវា ។ សូមពន្យល់ថា ពួកគេនឹងមានឱកាសពិនិត្យមើល និងរៀនអនុវត្តតាមគោលការណ៍ទាំងនេះនៅក្នុងមេរៀននេះ ។
បន្ទាប់មក សូមបង្ហាញសាច់រឿងប្រឌិដ្ឋ ឬផ្តល់ឲ្យសិស្សនូវសំណៅចែកមួយច្បាប់ជាសេចក្ដីយោង នៅពេលដែលពួកគេបំពេញសកម្មភាពនេះ ។
សូមស្រមៃថា មានគេស្នើសុំឲ្យអ្នកបង្រៀនមេរៀនអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នៅថ្នាក់រៀននៃសាលាថ្ងៃអាទិត្យរបស់អ្នក ។ ដោយជាផ្នែកមួយនៃការរៀបចំរបស់អ្នក អ្នកត្រូវទាក់ទងទៅយុវនារីម្នាក់នៅក្នុងវួដរបស់អ្នកដែលមានឈ្មោះថា អូលីវ ហើយស្នើសុំឲ្យគាត់ចែកចាយគំនិតគាត់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់ជីវិតគាត់ ដោយសារដង្វាយធួនរបស់ទ្រង់ ។
ការឆ្លើយតបរបស់ អូលីវ ធ្វើឲ្យអ្នកភ្ញាក់ផ្អើល ។ នាងនិយាយថា « ប្រាប់អ្នកឲ្យត្រង់ចុះ ខ្ញុំគិតថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យសម្រាប់មនុស្សភាគច្រើនបំផុត ក៏ប៉ុន្តែខ្ញុំមិនប្រាកដថា វាអាចប្រើបានច្រើនកម្រិតណាចំពោះខ្ញុំតទៅទៀតទេ ដោយសារកំហុសមួយចំនួនដែលខ្ញុំបានធ្វើ និងកំពុងបន្តសាង ។ មានអំពើបាបមួយចំនួនដែលខ្ញុំមិនដឹងថា តើខ្ញុំនឹងអាចយកឈ្នះបានឬអត់នោះទេ » ។
នៅពេលដែលអ្នកបន្តរៀបចំមេរៀនអ្នក អ្នកក៏បន្តគិតដល់យោបល់របស់ អូលីវ ហើយចង់ជួយគាត់ផងដែរ ។ សូមពិចារណាពីរបៀបដែលការបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយ អូលីវ ជាមួយនឹងបញ្ហាកង្វល់របស់នាងបាន ។
សូមពិចារណារៀបចំដាក់សិស្សជាក្រុមតូចៗ ហើយចាត់ឲ្យក្រុមនីមួយៗផ្តោតសំខាន់លើគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សិស្សអាចនឹងបង្កើតបញ្ជីមួយនៅលើក្រដាស ឬនៅលើក្ដារខៀនអំពីវិធីទាំងអស់ដែលពួកគេគិតថា គោលការណ៍នេះអាចនឹងជួយ អូលីវ ឲ្យដោះស្រាយបង្ហាញនៅក្នុងស្ថានភាពរបស់គាត់បាន ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សដែលមកពីក្រុមនីមួយៗឲ្យឡើងរាយការណ៍ប្រាប់ថ្នាក់ទាំងមូលអំពីអ្វីដែលពួកគេបានពិភាក្សាគ្នា ។
តាមដែលត្រូវការ សំណួរខាងក្រោមទាំងនេះអាចចែកចាយជាមួយក្រុមដើម្បីប្រើជាផ្នែកមួយនៃការពិភាក្សារបស់ពួកគេ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានសកម្មភាពដ៏ស្មោះត្រង់ជាក់លាក់អ្វីខ្លះដែលអ្នកគិតថា អូលីវ អាចធ្វើបានដែលអាចនឹងជួយដល់គាត់ ?
-
តើអ្នកអាចបង្រៀន អូលីវ អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលអាចនឹងជួយឲ្យអូលីវ ធ្វើសកម្មភាពដោយសេចក្តីជំនឿ ? តើការបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ អាចជួយបានយ៉ាងដូចម្តេច ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវ អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបាននោះ អ្នកអាចអាន កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ។
ពិនិត្យមើលគោលគំនិត ឬសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
វិធីមួយផ្សេងទៀតនៃការបង្រៀនផ្នែកនេះគឺត្រូវអញ្ជើញសិស្សឲ្យរាយបញ្ជីលើក្ដារខៀននូវការសន្មតមិនត្រឹមត្រូវមួយចំនួនដែល អូលីវ អាចនឹងមានអំពីព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ និងតួនាទីរបស់នាងក្នុងការទទួលបានសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យជួយអូលីវ គិតឡើងវិញពីកង្វល់របស់នាង ( ឬគិតពីរឿងនេះតាមរបៀបខុសគ្នា ) ដោយចែកចាយសេចក្ដីពិតដែលពួកគេយល់អំពីព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ និងតួនាទីរបស់យើងក្នុងការទទួលបានសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹងទតមើលកង្វល់ដូចជាកង្វល់របស់អូលីវនេះយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាការចងចាំថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺ « ដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា ៣៤:១០ ) មានសារៈសំខាន់ចំពោះអូលីវ ?
-
តើការចងចាំថា មនុស្សទាំងអស់ នឹងធ្លាក់ ហើយវង្វេង បើគ្មានដង្វាយធួនរបស់ព្រះអង្គសង្គ្រោះទេនោះ អាចនឹងជួយនាងឲ្យមើលទៅកង្វល់របស់នាងខុសពីមុនបានយ៉ាងដូចម្ដេចខ្លះ ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវ អាចនឹងពិនិត្យមើលគោលគំនិត ឬសំណួរដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច នោះអ្នកអាចអាន កថាខណ្ឌទី ៨ នៃផ្នែក ៖ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដ៏ទេវភាពដែលបានតែងតាំងប្រភេទណាដែលអ្នកនឹងផ្ដល់អនុសាសន៍ឲ្យអូលីវ ដើម្បីជួយនាងទទួលបានការណែនាំ និងការដឹកនាំ ? ហេតុអ្វី ?
-
បន្ថែមពីលើ អាលម៉ា ៣៤:៩–១០ តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ណាមកពីថ្នាក់ដឹកនាំសាសនាចក្រដែលអ្នកអាចចែកចាយជាមួយអូលីវបាន ? តើវិធីនេះអាចនឹងជួយនាងបានយ៉ាងដូចម្តេច ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវអាចនឹងខិតខំស្វែងយល់បន្តទៀតតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព នោះអ្នកអាចអាន កថាខណ្ឌទី ១១–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះដែលអាចប្រទានពរដល់ជីវិតពួកគេ ឬជីវិតនៃមនុស្សដែលពួកគេស្គាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលឱកាសអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុងព្រះគម្ពីរទៅនឹងស្ថានភាពដែលពួកគេប្រឈមមុខ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
នៅក្នុងមេរៀនខាងមុខទៀត សូមជួយសិស្សឲ្យរំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ ឡើងវិញ ៖ « ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។
វិធីមួយដែលអាចធ្វើឡើងគឺត្រូវសរសេរតួអក្សរដំបូងៗនៃសេចក្តីយោង និងឃ្លាគន្លឹះនេះដាក់នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យព្យាយាមចងចាំពាក្យដែលទាក់ទងនឹងអក្សរនីមួយៗ ។ សូមអនុវត្តការធ្វើបែបនេះពីរបីដងរហូតដល់សិស្សអាចសូត្រឡើងវិញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះចេញពីការចងចាំ ។