« អាលម៉ា ៣៤:១–១៧ ៖ ដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៤:១–១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៣:១–១៧
ដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ច
តើអ្នកធ្លាប់គិតថា ជីវិតអ្នកនឹងទៅជាយ៉ាងណាដែរឬទេ បើគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេនោះ ? អាមូលេក បានបង្រៀនពួកសាសន៍សូរាំថា មនុស្សទាំងអស់មានចិត្តរឹងរូស ធ្លាក់ និងរង្វេង បើគ្មានពលិកម្មមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ចនៃព្រះរាជបុត្រាព្រះទេនោះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានពរអ្នកបានតាមរយៈពលិកម្មមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ចរបស់ទ្រង់ ។
ដាក់ការរំពឹងទុកខ្ពស់ ។ នៅពេលសិស្សដឹងថា អ្នកមានការរំពឹងទុកខ្ពស់លើពួកគេ ក្នុងនាមជាអ្នកសិក្សា ជាទូទៅពួកគេនឹងខិតខំបំពេញតាមការរំពឹងទុកទាំងនោះ ។ ម្តងម្កាល សិស្សខ្លះអាចនឹងមានការរំខានដោយមិត្តភក្ដិរួមថ្នាក់ ឬឧបករណ៍អេឡិចត្រូនិច ។ ជានិច្ចកាលត្រូវផ្តល់នូវការកែតម្រូវដែលទន់ភ្លន់ និងពេញដោយក្ដីស្រឡាញ់ នៅពេលដែលអាកប្បកិរិយារំខានទាំងនេះ ឬផ្សេងៗទៀតកើតឡើង ។ ការធ្វើដូច្នេះអាចជួយឲ្យសិស្សក្នុងថ្នាក់ទាំងមូលឲ្យយល់អំពីការរំពឹងទុករបស់អ្នក និងផ្តល់ឱកាសកាន់តែច្រើនឲ្យសិស្សទទួលបានបទពិសោធន៍ដ៏មានអត្ថន័យ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើល និងសិក្សាបទគម្ពីរដែលជួយឲ្យពួកគេយល់កាន់តែច្បាស់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ Topical Guide និងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយអាចជាប្រភពដ៏មានអត្ថប្រយោជន៍ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើជីវិតនឹងខុសគ្នាយ៉ាងដូចម្ដេច ?
សូមពិចារណាបង្ហាញសំណួរមិនពេញលេញដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍នៃរបៀបដែលជីវិតពួកគេអាចនឹងខុសគ្នាបើគ្មានមនុស្ស ឬវត្ថុមួយចំនួនដែលពួកគេពឹងផ្អែកលើច្រើនបំផុតនោះទេ ។ ដើម្បីជួយសិស្សឲ្យគិតពីឧទាហរណ៍នានាបាន សូមយកវត្ថុ ឬរូបភាពមួយចំនួននៃរបស់របរដែលអ្នកឲ្យតម្លៃ ។
តើជីវិតនឹងខុសគ្នាយ៉ាងដូចម្ដេចបើគ្មាន …?
សូមគិតពីរបៀបពីរបីដែលអ្នកអាចនឹងឆ្លើយសំណួរនេះដោយមានមនុស្ស ឬវត្ថុដែលអ្នកពឹងផ្អែកលើ ។ ឧទាហរណ៍ អ្នកអាចនឹងគិតពីរបៀបដែលជីវិតអ្នកនឹងខុសគ្នាបើគ្មានមនុស្ស បច្ចេកវិទ្យា ឬឧបករណ៍មួយចំនួនដែលអ្នកតែងតែប្រើ ឬសកម្មភាពដែលធ្វើជាញឹកញាប់ដែលអ្នកចូលចិត្ត ។
បន្ទាប់ពីសិស្សបានឆ្លើយប្រាប់ចម្លើយខ្លះៗរបស់ពួកគេហើយ សូមពិចារណាបង្ហាញរូបភាពខាងក្រោម ហើយកែសម្រួលសេចក្តីថ្លែងការណ៍ពីមុនៗដើម្បីនិយាយ ៖ តើជីវិតនឹងខុសគ្នាយ៉ាងដូចម្ដេច បើគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេនោះ ?
សូមអញ្ជើញសិស្សឲ្យគិតពិចារណាពីរបៀបដែលពួកគេត្រូវឆ្លើយសំណួរនេះ ហើយត្រូវធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីរបៀបដែលជីវិតពួកគេនឹងខុសគ្នាយ៉ាងណា បើគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេ ។ ពួកគេនឹងមានឱកាសប្រាប់នូវចម្លើយរបស់ពួកគេចំពោះសំណួរនេះនៅក្នុងមេរៀននេះពេលក្រោយ ។
អាមូលេក ថ្លែងទីបន្ទាល់ដល់ពួកសាសន៍សូរាំអំពីព្រះយេស៊ូវគ្រីស្ទ
អ្នកអាចនឹកចាំថា អាលម៉ា និង អាមូលេក បានផ្សព្វផ្សាយក្នុងចំណោមពួកសាសន៍សូរាំ ដែលជាអ្នកជឿថានឹង « ពុំមានព្រះគ្រីស្ទទេ » ( អាលម៉ា ៣១:១៦ ) ។ បន្ទាប់ពីអាលម៉ាបានបញ្ចប់សារលិខិតរបស់លោកដែលបានកត់ត្រានៅក្នុង អាលម៉ា ៣២–៣៣ ហើយ អាមូលេក បានចែកចាយទីបន្ទាល់របស់លោកផ្ទាល់អំពីព្រះអង្គសង្រ្គោះ ។
សូមអាន អាលម៉ា ៣៤:១–១០ ដោយការរកមើលអ្វីដែលអាមូលេក បានចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
អាលម៉ា ៣៤:៩–១០ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរសចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
-
តើពាក្យ ឬឃ្លាដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់មួយណា ដែលអ្នកបានរកឃើញថាមានអត្ថន័យជាពិសេស ? ហេតុអ្វី ?
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ អំពីមូលហេតុដែលយើងត្រូវការព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យធួនសម្រាប់យើង?
-
តើអ្នកនឹងសង្ខេបការបង្រៀនរបស់អាមូលេកនៅក្នុង អាលម៉ា ៣៤:៨–១០ ជាសេចក្តីថ្លែងការណ៍នៃសេចក្ដីពិតយ៉ាងដូចម្ដេច ?
អ្នកអាចរកឃើញសេចក្តីពិតមួយដែលស្រដៀងទៅនឹងសេចក្តីពិតដូចតទៅនេះ ៖ បើគ្មានដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ចនៃព្រះយេស៊ូវគ្រីស្ទទេ នោះមនុស្សលោកទាំងអស់នឹងវង្វេងជារៀងរហូត ។
-
ហេតុអ្វីបានជាមនុស្សទាំងអស់នឹង « ពុំអាចចៀសផុតពីសេចក្ដីវិនាសបានឡើយ » ឬត្រូវវង្វេងជារៀងរហូតបើគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេ ?
សូមពិចារណាស្នើសុំឲ្យសិស្សគិតអំពីវិធីមួយចំនួនដែលពួកគេផ្ទាល់នឹងមានការវង្វេងជារៀងរហូត បើគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេ ។ វិធីមួយដែលត្រូវធ្វើបែបនេះបានគឺត្រូវអញ្ជើញពួកគេឲ្យសិក្សា នីហ្វៃទី២ ៩:៦–១២ ដោយរកមើលការបង្រៀនដែលពិពណ៌នាពីមូលហេតុដែលពួកយើងត្រូវការព្រះអង្គសង្គ្រោះ ។
ដ៏និរន្តរ៍ និងអស់កល្បជានិច្ច
សូមពិចារណាគូសចំណាំពាក្យ « ដ៏និរន្តរ៍ និងអស់កល្បជានិច្ច » នៅចុងបញ្ចប់នៃ ខទី ១០ ហើយចម្លងដ្យាក្រាមខាងក្រោមដាក់ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមពិចារណាគូរដ្យាក្រាមនេះនៅលើក្ដារខៀនឲ្យសិស្សចម្លងតាម ។
-
តើអ្នកគិតថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺដ៏និរន្តរ៍ និងអស់កល្បជានិច្ច មានន័យដូចម្តេច ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងដូចខាងក្រោម ៖
ដង្វាយធួនរបស់ទ្រង់គឺដ៏និរន្តរ៍—គ្មានទីបញ្ចប់នោះទេ ។ វាក៏ជានិរន្ដរ៍ដែលមនុស្សលោកទាំងអស់នឹងត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់ដែលមិនចេះចប់ដែរ ។ វាជានិរន្ដរ៍ក្នុងន័យការរងទុក្ខដ៏ខ្លាំងមហិមារបស់ទ្រង់ ។ … វាជាវិសាលភាពដ៏និរន្តរ៍—វាត្រូវធ្វើតែម្ដងសម្រាប់មនុស្សទាំងអស់ ។ ហើយសេចក្ដីមេត្តាករុណានៃដង្វាយធួនមិនត្រឹមតែផ្តល់ឲ្យដល់មនុស្សជាច្រើនមហិមានោះទេ ប៉ុន្ដែវាថែមទាំងដល់ចំនួនដ៏និរន្តរ៍នៃពិភពលោកដែលបានបង្កើតឡើងដោយទ្រង់ផងដែរ ។ វាជានិរន្តរ៍លើសពីទំហំនៃរង្វាស់ ឬការយល់ដឹងខាងសាច់ឈាមណាមួយរបស់មនុស្សទៅទៀត ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )
-
តើសេចក្តីថ្លែងការណ៍នេះបានជួយអ្នកឲ្យស្វែងយល់ ឬមានអារម្មណ៍យ៉ាងណាដែរអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ?
តើវាទាក់ទងទៅនឹងរូបអ្នកយ៉ាងដូចម្តេច ?
ដោយជាផ្នែកមួយនៃការពន្យល់ខាងក្រោម វាអាចមានប្រយោជន៍ក្នុងការចែកចាយសេចក្តីថ្លែងការណ៍ដោយអែលឌើរ ម៉ៃឃល ចន យូ ថេ នៃពួកចិតសិបនាក់ ដែលមាននៅក្នុង « វិចារណកថា និងព័ត៌មានសាច់រឿង » ។
ខណៈពេលដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់មនុស្សគ្មានកំណត់ចំនួនតាមរយៈដង្វាយធួនរបស់ទ្រង់ នោះទ្រង់ក៏អាចប្រទានពរដល់អ្នកដោយផ្ទាល់បានផងដែរ ។ សូមពិចារណាធ្វើបច្ចុប្បន្នភាពដ្យាក្រាមក្នុងកំណត់ហេតុការសិក្សារបស់អ្នកដើម្បីឲ្យមានលក្ខណៈដូចខាងក្រោម ៖
សកម្មភាពខាងក្រោមអាចជួយឲ្យសិស្សយល់បានកាន់តែច្បាស់អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់ពួកគេបានដោយផ្ទាល់ ដោយសារដង្វាយធួនរបស់ទ្រង់ ។ សូមបង្ហាញ ឬបោះពុម្ពធនធានឯកសារដូចខាងក្រោម និងទុកពេលឲ្យសិស្សសិក្សាម្នាក់ឯង ឬជាក្រុមៗ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកពាក្យ ឬឃ្លាដែលចេញពីធនធានឯកសារទាំងនេះដែលពិពណ៌នាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានពរដល់ពួកគេដោយផ្ទាល់តាមរយៈដង្វាយធួនរបស់ទ្រង់ ។
ជាការបន្ថែមពីលើបទគម្ពីរ និងសេចក្តីថ្លែងការណ៍នៅក្នុងបញ្ជីនេះ សិស្សអាចនឹងរកមើលបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងៗទៀតដែលបានថ្លែងដោយថ្នាក់ដឹកនាំសាសនាចក្រ ។
ប្រធាន ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅបានបង្រៀន ៖
មានគ្រាមួយ ខ្ញុំបានជួបនឹងពួកបរិសុទ្ធល្អៗដែលពិបាកនឹងអភ័យទោសដល់ខ្លួនឯង ដែលជាមនុស្សដែលបានដាក់ដែនកំណត់ពុំត្រឹមត្រូវទៅលើព្រះចេស្ដាប្រោសលោះរបស់ព្រះអង្គសង្គ្រោះដោយអចេតនា ។ ដោយពុំដឹងខ្លួន ពួកគេបានបំលែងដង្វាយធួនដ៏និរន្ដរ៍មួយទៅជាដង្វាយធួនដែលកំណត់ ដែលពុំអាចបំពេញបន្ថែមដល់អំពើបាប ឬភាពទន់ខ្សោយជាក់លាក់របស់ពួកគេ ។ ប៉ុន្តែវាគឺជាដង្វាយធួនជានិរន្តរ៍មួយ ដោយសារវាមានរាប់បញ្ចូលនូវរាល់អំពើបាប និងភាពទន់ខ្សោយ ក៏ដូចជារាល់ការបំពាន ឬការឈឺចាប់ដែលបង្កឡើងដោយមនុស្សដទៃផងដែរ ។ ( ថាត អរខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៦ )
សូមពិភាក្សាជាមួយសិស្សអំពីអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ពីការសិក្សារបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពាក្យ ឬឃ្លាជាក់លាក់ដែលពួកគេបានរកឃើញដែលពិពណ៌នាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានពរដល់ពួកគេដោយផ្ទាល់តាមរយៈដង្វាយធួនរបស់ទ្រង់ ។ ឧទាហរណ៍ សិស្សអាចលើកឡើងឃ្លាដូចជា « នឹងនាំមកនូវសេចក្ដីសង្គ្រោះ ដល់អស់អ្នកណាដែលនឹងជឿដល់ព្រះនាមទ្រង់ » ( អាលម៉ា ៣៤:១៥ ) « ព្រះ … រៀបចំផ្លូវសម្រាប់ឲ្យយើងរំដោះខ្លួនចេញពី … សេចក្ដីស្លាប់ និងស្ថាននរក » ( នីហ្វៃទី២ ៩:១០ ) ឬ « យើងជាព្រះអម្ចាស់មិន [ ចាំពីអំពើបាបទាំងនោះ ] ទៀតទេ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៤២ ) ។
បន្ទាប់ពីការពិភាក្សាគ្នាហើយ សូមឲ្យសិស្សមើលបញ្ជីដែលពួកគេបានបង្កើតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាពួកគេអំពីសភាពនៃជីវិតពួកគេនៅពេលគ្មានព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ទេ ។ សិស្សអាចនឹងធ្វើបច្ចុប្បន្នភាពបញ្ជីពួកគេដោយអាស្រ័យលើអ្វីដែលពួកគេបានរៀនរហូតមក ។ សូមអញ្ជើញសិស្សឲ្យចែកចាយបញ្ជីរបស់ពួកគេជាមួយដៃគូ ឬជាមួយថ្នាក់ទាំងមូល ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីអ្វីមួយដែលពួកគេបានបន្ថែមចូលបញ្ជីរបស់ពួកគេដោយសារតែអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ ពួកគេក៏អាចនឹងចែកចាយអ្វីមួយដែលពួកគេបានបញ្ចូលក្នុងបញ្ជីរបស់ពួកគេរួចហើយ ដែលមានន័យយ៉ាងខ្លាំងចំពោះពួកគេ ដោយសារតែអ្វីដែលពួកគេបានរៀនសូត្រ រួចហើយពន្យល់ពីមូលហេតុ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សារួចមកហើយ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមការបំផុសគំនិតមួយចំនួនដែលពួកគេបានទទួលនៅអំឡុងពេលរៀនមេរៀន ។