« អាលម៉ា ៣១:១២–៣៨ ៖ ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣១:១២–៣៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣១:១២–៣៨
ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង
ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានបំណងនាំយើងឲ្យកាន់តែខិតទៅជិតទ្រង់ ។ ប៉ុន្តែចុះវានឹងទៅជាយ៉ាង បើយើងលែងឃើញមូលហេតុពិតនៃការថ្វាយបង្គំវិញនោះ ? ពួកសាសន៍សូរាំដែលធ្លាប់ជាសមាជិកនៃសាសនាចក្រពិតនៃព្រះ បានចាប់ផ្ដើមជឿលើការបង្រៀនខុសឆ្គង ។ ទម្រង់នៃថ្វាយបង្គំដ៏អាក្រក់របស់ពួកគេបានទាញចិត្តពួកគេឲ្យងាកចេញពីព្រះ ហើយនាំពួកគេឲ្យវិនិច្ឆ័យមិនត្រឹមត្រូវ និងធ្វើបាបអ្នកដទៃ ។ មេរៀននេះអាចជួយអ្នកឲ្យលើកកម្ពស់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកវាយតម្លៃពីរបៀបដែលសេចក្តីឆ្មើងឆ្មៃ និងភាពរាបសាមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ និងជាមួយអ្នកដទៃ ។
ការប្រៀបធៀបរកចំណុចដូចគ្នា និងចំណុចផ្ទុយគ្នា ។ នៅក្នុងព្រះគម្ពីរ គោលលទ្ធិ ឬគោលការណ៍មួយមានការបញ្ជាក់ជាញឹកញាប់ នៅពេលប្រៀបធៀបរកចំណុចដូចគ្នា ឬចំណុចផ្ទុយនឹងអ្វីមួយផ្សេងទៀត ។ ការសង្កេតមើលភាពស្រដៀងគ្នា និងភាពខុសគ្នារវាងការបង្រៀន មនុស្ស ឬព្រឹត្តិការណ៍នានាអាចធ្វើឲ្យសេចក្តីពិតនៃដំណឹងល្អទទួលបានការផ្តោតអារម្មណ៍កាន់តែច្បាស់ ។ សូមព្យាយាមសង្កត់ធ្ងន់លើឧទាហរណ៍នានា នៅពេលដែលអ្នកនិពន្ធដ៏បំផុសគំនិតរួមបញ្ចូលនូវការប្រៀបធៀបបែបនេះ ។
ការរៀបចំសិស្ស ៖ ក្នុងការរៀបចំខ្លួនដើម្បីសិក្សា អាលម៉ា ៣១ សូមអញ្ជើញសិស្សឲ្យអធិស្ឋាន ដោយផ្ដោតលើតម្រូវការរបស់អ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការវាយតម្លៃលើអត្ថន័យនៃការថ្វាយបង្គំរបស់យើង
ដើម្បីជួយឲ្យសិស្សគិតអំពីការថ្វាយបង្គំថាជារបៀបមួយដែលនឹងបង្ហាញសេចក្ដីស្រឡាញ់ និងភក្ដីភាពចំពោះព្រះ សូមពិចារណាបង្ហាញរូបភាព និងចំណុចផ្សេងទៀតខាងក្រោម ដែលអ្នកបានជ្រើសរើស ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីរបៀបដែលការថ្វាយបង្គំតាមរបៀបទាំងនេះអាចមានឥទ្ធិពលដល់ទំនាក់ទំនងពួកគេជាមួយនឹងព្រះ ។
អ្នកអាចសូមឲ្យសិស្សសញ្ជឹងគិតពីសំណួរទាំងឡាយខាងក្រោម ហើយសរសេរគំនិតនានានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេអំពីការកែលម្អ ឬលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេរៀងៗខ្លួនជាមួយនឹងព្រះតាមរយៈការថ្វាយបង្គំ ។ សូមកុំអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេឡើយ ។
-
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះតាមរយៈការថ្វាយបង្គំញឹកញាប់ប៉ុនណាដែរ ?
-
តើតាមរបៀបណាខ្លះ បើមាន ដែលអ្នកមានអារម្មណ៍ថា ការថ្វាយបង្គំរបស់អ្នកអាចមិនសូវស្មោះអស់ពីចិត្ត ឬផ្តោតលើអ្វីដែលខុស ?
ពួកសាសន៍សូរាំថ្វាយបង្គំនៅលើរ៉ាមីអុមតុម
នៅពេលអាលម៉ា និងបងប្អូនប្រុសរបស់លោកបានរកឃើញថា ពួកសាសន៍សូរាំបានកំពុងបង្វែរមាគ៌ារបស់ព្រះអម្ចាស់ នោះពួកលោកបានធ្វើដំណើរទៅកាន់អាន់ទីអូនុម ។ នៅទីនោះ ពួកលោកបានរកឃើញពួកសាសន៍សូរាំ ដែលកំពុងថ្វាយបង្គំតាមរបៀបដែលពួកគេមិនដែលបានឃើញពីមុនមក ( សូមមើល អាលម៉ា ៣១:១២ ) ។
សូមពិចារណាបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យពន្យល់ពីអ្វីដែលមនុស្សកំពុងធ្វើនៅពេលនោះ ។ សិស្សអាចអាន អាលម៉ា ៣១:២១ ដើម្បីមើលឃើញឈ្មោះកន្លែងឈរដែលពួកគេបានអធិស្ឋាននោះ ។
សូមជួយសិស្សឲ្យអភិវឌ្ឍជំនាញប្រៀបធៀប និងការប្រដូច ។ សិស្សអាចត្រូវបានបំបែកជាក្រុម និងអញ្ជើញឲ្យប្រៀបធៀបរវាងការអធិស្ឋានរបស់សាសន៍សូរាំ និងការអធិស្ឋានដែលអាលម៉ាបានពោល ។ អ្នកអាចបង្កើតតារាងនៅលើក្ដារខៀនដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេរកឃើញតាមរយៈមេរៀននេះ ។ សូមជួយឲ្យពួកគេធ្វើការប្រៀបធៀបរវាង (១) ការផ្តោតអារម្មណ៍លើការអធិស្ឋាន (២) អ្វីដែលបាននិយាយ និង (៣) មូលហេតុ ។
|
ការអធិស្ឋានរបស់ពួកសាសន៍សូរាំ |
ការអធិស្ឋានរបស់អាលម៉ា |
|---|---|
សូមអាន អាលម៉ា ៣១:១៣–២៣ ហើយបំពេញជួរឈរខាងឆ្វេងនៃតារាងជាមួយនឹងអ្វីដែលអ្នកចាប់អារម្មណ៍អំពីរបៀបដែលពួកសាសន៍សូរាំបានថ្វាយបង្គំ ។ អ្នកក៏អាចមើលវីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពីនាទីទី ០:២២ ដល់នាទីទី ៣:៥៨ បានផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកសម្គាល់ឃើញអំពីរបៀបថ្វាយបង្គំរបស់សាសន៍សូរាំអ្វីខ្លះ ? តើអ្នកគិតថា ការធ្វើដូច្នេះប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះយ៉ាងណាដែរ ?
អាលម៉ាអធិស្ឋានជំនួសឲ្យពួកសាសន៍សូរាំ
ដោយមើលឃើញអំពើពុករលួយមាននៅក្នុងចំណោមពួកសាសន៍សូរាំ អាលម៉ាក៏បានអធិស្ឋានជំនួសឲ្យពួកគេ ។
សូមអាន អាលម៉ា ៣១:២៤–៣៨ ដោយរកមើលការផ្តោតអារម្មណ៍ និងបំណងប្រាថ្នារបស់អាលម៉ានៅក្នុងការអធិស្ឋានរបស់លោក ។ សូមបំពេញជួរឈរខាងស្តាំនៃតារាងដោយផ្អែកលើអ្វីដែលអ្នករកឃើញ ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យប្រៀបធៀបការអធិស្ឋានរបស់អាលម៉ាជាមួយនឹងការអធិស្ឋានរបស់ពួកសាសន៍សូរាំបាន ។
អ្នកអាចមើលវីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពីនាទីទី ៤:០៣ ដល់នាទីទី ៥:៥៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងផ្នែកនេះនៃវីដេអូ អ្នកនឹងស្ដាប់ឮការអធិស្ឋានរបស់អាលម៉ា ខណៈពេលដែលឃើញអាលម៉ា និងការខិតខំប្រឹងប្រែងនៃដៃគូលោកក្នុងការបង្រៀនពួកសាសន៍សូរាំ ។
សូមពិចារណាអញ្ជើញសិស្សឲ្យប្រើតារាងនេះ ដើម្បីចែកចាយនូវអ្វីដែលពួកគេបានរៀនដោយការធ្វើឲ្យផ្ទុយគ្នារវាងការអធិស្ឋានរបស់អាលម៉ា និងរបស់ពួកសាសន៍សូរាំ ។
អ្នកអាចនឹងរៀបចំសិស្សឲ្យរៀនពីសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អុជដូហ្វ ដោយការសួរសំណួរនានាដូចជា « តើពួកសាសន៍សូរាំបានរងប៉ះពាល់យ៉ាងដូចម្ដេច ? » និង « តើពេលនោះអាកប្បកិរិយារបស់អាលម៉ាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច ? »
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
នៅពេលដែលដួងចិត្តយើងពោរពេញទៅដោយសេចក្តីឆ្មើងឆ្មៃ យើងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ដ្បិតយើងបំពានលើបទបញ្ញត្តិធំៗទាំងពីរ ។ ជំនួសឲ្យការថ្វាយបង្គំព្រះ និងការស្រឡាញ់អ្នកជិតខាងយើង យើងបង្ហាញច្បាស់អំពីគោលដៅនៃការថ្វាយបង្គំ និងសេចក្តីស្រឡាញ់របស់យើងពិតប្រាកដ—ពោលគឺរូបភាពដែលយើងមើលឃើញក្នុងកញ្ចក់ ។ សេចក្តីឆ្មើងឆ្មៃគឺជាអំពើបាបដ៏ធំនៃការលើកខ្លួនឯង ។ វាគឺសម្រាប់រ៉ាមីអុមតុមផ្ទាល់ខ្លួនជាច្រើនដែលជាទីជំហរដ៏បរិសុទ្ធ ដែលបង្ហាញអំពីភាពច្រណែន លោភលន់ និងភាពឥតប្រយោជន៍ ។ ( ឌៀថើរ អេស្វ អុជដូហ្វ « Pride and the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៦ )
សូមអាន អាលម៉ា ៣២:១–៥ ដោយការរកមើលពីរបៀបដែលពួកសាសន៍សូរាំប្រព្រឹត្តចំពោះមនុស្សដទៃទៀតនៅពេលនោះ ។
-
តើពួកសាសន៍សូរាំប្រព្រឹត្តចំពោះអ្នកឯទៀតៗយ៉ាងដូចម្ដេច ?
-
តើអាលម៉ាមានអារម្មណ៍យ៉ាងណាអំពីអ្នកដទៃ ហើយតើលោកប្រព្រឹត្តចំពោះអ្នកដទៃៗទៀតយ៉ាងដូចម្ដេច ? ( សូមមើល អាលម៉ា ៣១:១–២, ២៤–២៥, ៣៤–៣៥ ) ។
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនអំពីឥទ្ធិពលនៃសេចក្តីឆ្មើងឆ្មៃ ឬការមានចិត្តរាបសា ?
គោលការណ៍មួយដែលយើងអាចរៀនបាននោះគឺ សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសា របស់យើងប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយព្រះ និងអ្នកដទៃ ។
-
តើអ្នកគិតថា សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសារបស់យើងអាចមានឥទ្ធិពលលើរបៀបដែលយើងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសារបស់យើងមានឥទ្ធិពលលើរបៀបដែលយើងមានទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើអ្នករៀនអ្វីខ្លះពី អាលម៉ា អំពីភាពរាបសា ? តើមកដល់ពេលនេះ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនអ្វីខ្លះដល់អ្នកអំពីការបន្ទាបខ្លួន ?
សូមជ្រើសយករបៀបពីរ ឬបីយ៉ាងដែលយើងអាចបង្ហាញចិត្ដរាបសាតាមរបៀបដែលយើងថ្វាយបង្គំព្រះ ។ សូមសរសេរចំណុចនីមួយៗនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីចំណុចដូចខាងក្រោម ។ អ្នកអាចនឹងលើកទឹកចិត្តពួកគេឲ្យសរសេរចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬបន្ថែមកំណត់ចំណាំនៅក្នុងព្រះគម្ពីរឌីជីថលរបស់ពួកគេ ។
សូមចំណាយពេលបន្តិចដើម្បីវាយតម្លៃលើរបៀបដែលអ្នកថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផ្ទាល់ខ្លួន និងរបៀបដែលការថ្វាយបង្គំរបស់អ្នកមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ លើសពីនេះ សូមពិចារណាមើលរបៀបដែលសេចក្តីឆ្មើងឆ្មៃ និងការរាបសាមានឥទ្ធិពលលើរបៀបដែលអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ ។ សូមសម្រេចចិត្តថា តើមានការផ្លាស់ប្តូរណាមួយដែលអ្នកចង់ធ្វើដែរឬអត់ ។
សូមពិចារណាចែកចាយទីបន្ទាល់អំពីរបៀបដែលការថ្វាយបង្គំរបស់អ្នកមានឥទ្ធិពលលើរបៀបដែលអ្នកគិតអំពីព្រះ និងរបៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ។