« អាលម៉ា ៣០:៣០–៦០ ៖ ‹ មានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣០:៣០–៦០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣០:៣០–៦០
« មានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ »
អាលម៉ាបានថ្លែងទីបន្ទាល់ថា « គ្រប់ការណ៍ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន » ( អាលម៉ា ៣០:៤៤ ) ។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សគ្រប់គ្នាមិនដឹង ឬសារភាពថាមានភស្ដុតាងបញ្ជាក់ថាមានព្រះពិតមែន ? កូរីហូរ បានបដិសេធថាមានព្រះ រហូតដល់គាត់បានធ្លាក់ខ្លួនគដោយព្រះចេស្តារបស់ព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ភស្តុតាងបញ្ជាក់ថាពិតជាមានព្រះមែន និងឲ្យជ្រើសរើសដើម្បីជឿលើទ្រង់ ។
ពិនិត្យមើលវិចារណញាណ និងធ្វើការវាយតម្លៃ ។ សូមសួរសំណួរបំផុសគំនិត ដើម្បីឲ្យសិស្សអាចដឹងនូវអ្វីដែលពួកគេដឹង និងជឿរួចហើយ ។ សូមលើកទឹកចិត្តសិស្សឲ្យយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យមកជួយពួកគេស្វែងរកអ្វីដែលពួកគេត្រូវដឹង ហើយថ្លែងជាសាក្សីអំពីសេចក្ដីពិតដែលពួកគេស្វែងរក ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣០:៤០–៤១ ឬ ម៉ូសេ ៦:៦៣ ។ សូមឲ្យពួកគេរកមើលភស្តុតាងដែលបញ្ជាក់ថាមានព្រះនៅជុំវិញខ្លួនពួកគេ ហើយប្រហែលជាត្រូវថតរូបដើម្បីបង្ហាញក្នុងថ្នាក់ទាំងមូល ។
សកម្មភាពរៀនសូត្រដែលអាចមាន
វត្តមានរបស់ព្រះ
សូមពិចារណាបង្ហាញរូបភាពជាច្រើនដែលអ្នកមានអារម្មណ៍ថា វាបង្ហាញភស្តុតាងបញ្ជាក់អំពីវត្តមានរបស់ព្រះ ។ សិស្សក៏អាចរាយការណ៍អំពីការរៀបចំខ្លួនរបស់ពួកគេសម្រាប់ថ្នាក់ផងដែរ ។ សូមពិភាក្សាសំណួរខ្លះៗ ឬសំណួរទាំងអស់នៅខាងក្រោមនេះ ។
-
នៅសាលារៀន ឬសហគមន៍របស់អ្នក តើវាជារឿងធម្មតាទេដែលមនុស្សឃើញភស្តុតាងបញ្ជាក់អំពីវត្តមានរបស់ព្រះនៅក្នុងពិភពលោកជុំវិញពួកគេ ( ឧទាហរណ៍ ខណៈកំពុងមើលថ្ងៃលិច ឬផ្កាយ ) នោះ ?
-
ហេតុអ្វីបានជាអ្នកគិតថា មនុស្សអាចមើលឃើញអ្វីដូចគ្នា ប៉ុន្ដែទាញការសន្និដ្ឋានខុសគ្នាអំពីព្រះទៅវិញ ?
-
តើមានអ្វីខ្លះដែលអាចមានឥទ្ធិពលលើសមត្ថភាពមនុស្សម្នាក់ក្នុងការស្គាល់ការរួមចំណែករបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ?
សូមគិតពិចារណាអំពីរបៀបដែលអ្នកនឹងទទួលបានពរ បើអ្នកអាចមើលឃើញព្រះ និងការរួមចំណែករបស់ទ្រង់កាន់តែច្បាស់នៅក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វះស្វែងបង្កើនសមត្ថភាពអ្នក ដើម្បីមើលឃើញភស្តុតាងបញ្ជាក់ថាមានព្រះនៅក្នុងអ្វីដែលអ្នកបានមើលឃើញ និងជួបប្រទះ ។
កូរីហូរ ចោទប្រកាន់ពួកអ្នកដឹកនាំសាសនាចក្រ
កូរីហូរ ជាអ្នកទទឹងនឹងព្រះគ្រីស្ទ បានទទួលជោគជ័យជាច្រើនដោយការផ្សព្វផ្សាយសារភូតកុហករបស់គាត់នៅដែនដីសារ៉ាហិមឡា ( សូមមើល អាលម៉ា ៣០:១២, ១៧–១៨ ) ។ គាត់ក៏ព្យាយាមបង្រៀនប្រជាជននៅក្រុង យើសុន និងគេឌានផងដែរ ។ នៅទីនោះ ពួកអ្នកជឿលើព្រះបានប្រឆាំងនឹងកូរីហូរ ហើយបាននាំគាត់ទៅជួបមេចៅក្រម និងអាលម៉ាដែលជាសង្ឃជាន់ខ្ពស់ ។
សូមអាន អាលម៉ា ៣០:៣០–៣៦ ដោយការរកមើលពីរបៀបដែលអាលម៉ា បានឆ្លើយតបចំពោះការវាយប្រហាររបស់កូរីហូរ ទៅលើព្រះ និងសាសនាចក្រ ។ អ្នកក៏អាចមើលវីដេអូនេះផងដែរ « All Things Denote There Is a God » ចាប់ពីនាទីទី ៣:២២ ដល់នាទីទី ៥:១៦ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យកត់ត្រានិយមន័យនៃពាក្យខាងក្រោមនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីជួយឲ្យពួកគេយល់ និងចងចាំបាននូវអ្វីដែលពួកគេរៀន ។
វាអាចមានប្រយោជន៍ដើម្បីដឹងថា ការប្រមាថ នៅក្នុង ខទី ៣០ មានន័យថា ការចំអកដល់ព្រះ ឬនិយាយ « ដោយមិនគោរព ឬមិនកោតខ្លាចដល់ព្រះ ឬដល់របស់នានាដែលពិសិដ្ឋ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រមាថព្រះ, ការប្រមាថព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ពាក្យថា ការបំប៉នខ្លួន មានន័យបញ្ឆិតបញ្ឆៀងថា ការមានទ្រព្យសម្បត្តិ ។
-
តើកូរីហូរ បានចោទប្រកាន់អ្នកដឹកនាំសាសនាចក្រថាបានធ្វើអ្វីខ្លះ ? ( សូមមើល អាលម៉ា ៣០:៣១ ) ។
ទីបន្ទាល់អំពីព្រះរបស់អាលម៉ា
នៅពេលអាលម៉ា បានសួរកូរីហូរ ថាតើគាត់ជឿលើព្រះដែរឬទេ នោះ កូរីហូរ បាននិយាយថា គាត់មិនបានជឿទេ ( សូមមើល អាលម៉ា ៣០:៣៧–៣៨ ) ។
សូមអាន អាលម៉ា ៣០:៣៩–៤៤ ដោយការរកមើលពីរបៀបដែល អាលម៉ា បានឆ្លើយតបទៅកូរីហូរ ។ អ្នកក៏អាចមើលវីដេអូនេះផងដែរ « All Things Denote There Is a God » ចាប់ពីនាទីទី ៥:២៣ ដល់នាទីទី ៧:១៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើការឆ្លើយតបរបស់អាលម៉ា មានអ្វីដែលអ្នកចាប់អារម្មណ៍ ?
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះដែលអ្នកអាចរកឃើញនៅក្នុង អាលម៉ា ៣០:៤១, ៤៤ ?
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសេចក្ដីយោងដល់ខគម្ពីរទាំងនេះជាមួយ ម៉ូសេ ៦:៦៣ ។ សូមអនុញ្ញាតឲ្យសិស្សចែកចាយពីសេចក្តីពិតណាមួយដែលពួកគេមានអារម្មណ៍ថាបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។ ពួកគេអាចកំណត់បាននូវសេចក្ដីពិតដូចជាឧទាហរណ៍ខាងក្រោមនេះ ។
សេចក្ដីពិតមួយដែលយើងអាចនឹងស្វែងយល់នោះគឺថា គ្រប់ការណ៍ទាំងអស់ធ្វើទីបន្ទាល់អំពីព្រះ ។
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យស្គាល់ភស្តុតាងបញ្ជាក់អំពីព្រះនៅក្នុងជីវិតពួកគេបាន ។ សូមរកមើលរបៀបឲ្យសិស្សគ្រប់ៗគ្នាបានចូលរួមចំណែកនៅក្នុងថ្នាក់ ។ សូមពិចារណាបង្កើតបញ្ជីចម្លើយរបស់សិស្សសម្រាប់ជំហានទី ១ និងទី ២ នៅលើក្ដារខៀន ។ សិស្សក៏អាចសរសេរអ្វីមួយសម្រាប់ជំហានទី ៣ និងទី ៤ ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាពួកគេ ហើយបន្ទាប់មកស្ម័គ្រចិត្តឡើងចែកចាយផងដែរ ។ សិស្សខ្លះប្រហែលជាមិនអាចដឹងពីបទពិសោធន៍ដែលពួកគេមានកន្លងមកទេ បើពួកគេមិនស្ដាប់ឭអ្នកផ្សេងចែកចាយទេនោះ ។
-
សូមធ្វើបញ្ជីនៃអ្វីដែលអាលម៉ា បាននិយាយ ដែលផ្តល់នូវភស្តុតាងបញ្ជាក់អំពីការមានព្រះពិតមែន ។
-
សូមបន្ថែមភស្តុតាងបញ្ជាក់ណាមួយដែលអ្នកអាចគិតឃើញ ។
-
សូមរកមើលចំណុចនៅក្នុងបញ្ជីអ្នកដែលបានជួយអ្នកឲ្យឃើញភស្តុតាងបញ្ជាក់អំពីព្រះដោយផ្ទាល់ ។ អ្នកប្រហែលជាអាចសរសេរសេចក្ដីលម្អិតមួយចំនួនអំពីបទពិសោធន៍អ្នក ។
-
អ្នកក៏អាចជ្រើសរើសចំណុចមួយ ឬច្រើននៅលើបញ្ជីរបស់អ្នក ហើយចែកចាយពីរបៀបដែលការណ៍ទាំងនេះអាចជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីមើលឃើញភស្តុតាងអំពីព្រះផងដែរ ។
សេចក្តីថ្លែងការណ៍ខាងក្រោមអាចជួយសិស្សដែលប្រហែលជាពិបាកនឹងស្គាល់បទពិសោធន៍ជាមួយព្រះបាន ។ សូមពិចារណាចែកចាយវា ហើយអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេបានរៀន ។ សូមជួយសិស្សកុំឲ្យមានអារម្មណ៍បាក់ទឹកចិត្ត ហើយអញ្ជើញពួកគេឲ្យធ្វើតាមការអញ្ជើញរបស់ប្រធាន ណិលសុន ។
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ដំបូន្មានដូចខាងក្រោមអំពីការដឹងថា មានព្រះពិតមែន ។
សូមយល់ថា កាលណាអវត្តមានពីបទពិសោធន៍ទាំងឡាយជាមួយព្រះ នោះមនុស្សអាចនឹងសង្ស័យអំពីវត្តមានរបស់ព្រះ ។ ដូច្នេះ សូមដាក់ខ្លួនអ្នកទៅក្នុងកន្លែងមួយដើម្បីចាប់ផ្ដើមមានបទពិសោធន៍ទាំងឡាយជាមួយទ្រង់ ។ បន្ទាបខ្លួន ។ អធិស្ឋានដោយកែវភ្នែកចង់មើលឃើញព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ហើយនឹងពិភពលោកជុំវិញបងប្អូន ។ ទូលសូមទ្រង់ឲ្យប្រាប់បងប្អូន បើទ្រង់ពិតជាគង់នៅ—បើទ្រង់ពិតជាស្គាល់បងប្អូន ។ ទូលសួរទ្រង់ថាទ្រង់មានព្រះទ័យយ៉ាងណាចំពោះបងប្អូន ។ បន្ទាប់មក ស្តាប់ » ។ ( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ )
ជំនួសឲ្យការអនុវត្តសេចក្តីជំនឿដើម្បីមានបទពិសោធន៍ជាមួយព្រះ កូរីហូរ បានចង់ឲ្យអាលម៉ា បញ្ចុះបញ្ចូលគាត់ពីព្រះចេស្ដារបស់ព្រះ ហើយបានជំទាស់ម្តងហើយម្តងទៀតដើម្បីឲ្យអាលម៉ា បង្ហាញទីសម្គាល់មួយដល់គាត់ ( សូមមើល អាលម៉ា ៣០:៤៣, ៤៥, ៤៨ ) ។
-
តើអ្នកគិតថា វានឹងខុសគ្នាយ៉ាងណាចំពោះនរណាម្នាក់ដែលធ្វើតាមការអញ្ជើញរបស់ប្រធាន ណិលសុន និងនរណាម្នាក់ដែលទាមទារឲ្យមានទីសម្គាល់មួយ ?
សូមអាន អាលម៉ា ៣០:៤៨–៥៣, ៥៩–៦០ ដោយការរកមើលពីរបៀបដែល កូរីហូរ បានជឿជាក់លើព្រះចេស្ដានៃព្រះ ។ អ្នកក៏អាចមើលវីដេអូនេះទាំងស្រុងដល់ចប់ផងដែរ « All Things Denote There Is a God » ចាប់ពីនាទីទី ៧:១៣ ដល់នាទីទី ១១:១៦ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់ កូរីហូរ ?
សូមកត់ចំណាំនូវមេរៀនទាំងឡាយណាដែលព្រះគម្ពីរមរមនបានចង្អុលបង្ហាញជាមួយនឹងឃ្លាថា « ម្ល៉ោះហើយ យើងឃើញ » នៅក្នុង ខទី ៦០ ។ សូមគិតដល់របៀបដែលអារក្សនៅតែបញ្ឆោតមនុស្សសព្វថ្ងៃនេះ ហើយព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យជឿ ហើយបដិសេធអ្វីដែលពួកគេដឹងថាជាការពិត ។
សូមថ្លែងទីបន្ទាល់អំពីការមានព្រះពិតមែន ហើយអញ្ជើញសិស្សឲ្យព្យាយាមមើលឃើញព្រះនៅក្នុងពិភពលោកជុំវិញខ្លួនពួកគេ ។