អាលម៉ា ៣០:១–២៩ ៖ ការបង្រៀនរបស់កូរីហូរនាំមនុស្សជាច្រើនឲ្យងាកចេញឆ្ងាយពីព្រះអង្គសង្គ្រោះ ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣០:១–២៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣១:១–២៩
ការបង្រៀនរបស់កូរីហូរនាំមនុស្សជាច្រើនឲ្យងាកចេញឆ្ងាយពីព្រះអង្គសង្គ្រោះ
បុរសទុច្ចរិតម្នាក់ដែលមានឈ្មោះ កូរីហូរ បានមកក្នុងចំណោមពួកសាសន៍នីហ្វៃ ។ គាត់បានផ្សព្វផ្សាយប្រឆាំងនឹងការព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ហើយបាននាំចិត្តមនុស្សជាច្រើនឲ្យងាកចេញឆ្ងាយពីព្រះ ។ នៅជំនាន់យើង មានសំឡេងជាច្រើនដែលខំព្យាយាមនាំយើងឲ្យងាកចេញឆ្ងាយពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ និងបដិសេធការបង្រៀនដែលអាចនាំអ្នកឲ្យងាកចេញឆ្ងាយពីព្រះយេស៊ូវគ្រីស្ទបាន ។
ការរៀបចំខ្លួនអ្នកឲ្យជាក្លាយជាឧបករណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀន និងជាប្រភពនៃការប្រែចិត្តជឿសម្រាប់អ្នក និងសិស្សរបស់អ្នកពិតប្រាកដ ។ សូមយាងអញ្ជើញព្រះវិញ្ញាណឲ្យបង្រៀន និងប្រែចិត្តជឿដោយរស់នៅតាមរបៀបដែលរក្សាភាពជាដៃគូរបស់ទ្រង់ក្នុងជីវិតអ្នក ។ នៅពេលអ្នកធ្វើដូច្នោះ អ្នកអាចទទួលបានសេចក្ដីណែនាំរបស់ទ្រង់ និងជួយសិស្សអ្នកយាងអញ្ជើញទ្រង់ឲ្យមកគង់ក្នុងបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សិស្សអាចនិយាយជាមួយសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីរបៀបដើម្បីស្គាល់ការបង្រៀនដែលខុសឆ្គង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបោកបញ្ឆោតរបស់សាតាំង
សូមចាប់ផ្តើមមេរៀនដោយការពិភាក្សាអំពី maka-feke ឬអន្ទាក់ប្រភេទផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីបញ្ឆោត និងដាក់អន្ទាក់ ។ អ្នកអាចចង់បង្ហាញវីដេអូ « True to the Faith » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ២:៣០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
maka-feke គឺជានុយមឹកមួយប្រភេទ ។ នុយមឹកត្រូវបង្កើតឡើងឲ្យមើលទៅស្រដៀងនឹងចំណីពិតប្រាកដបំផុតដែលបញ្ឆោតសត្វមឹក បើបានស៊ីហើយនឹងជក់ចិត្ត ។ នៅពេលមឹកស៊ីនុយនេះហើយ អ្នកនេសាទអាចចាប់មឹកនោះចូលទូករបស់គាត់បាន ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានប្រើឧទាហរណ៍ពី maka-feke ដើម្បីបង្រៀនពីរបៀបដែលសាតាំងធ្វើការវា ។
សព្វថ្ងៃនេះ maka-fekes នៅហ៊ុមព័ទ្ធយើង ដែលជាអំពើអាក្រក់សំយុងយោលនៅចំពោះមុខយើង ហើយវាព្យាយាមទាក់ទាញយើង និងបន្ទាប់មក ចាប់យើងតែម្ដង ។ នៅពេលជាប់អន្ទាក់ maka-fekes បែបនេះហើយ គឺពិបាកខ្លាំងណាស់—ហើយនៅពេលខ្លះស្ទើរតែមិនអាចទៅរួច—ក្នុងការបោះបង់ចោល ។ ដើម្បីមានសុវត្ថិភាពយើងត្រូវតែស្គាល់វា ហើយបន្ទាប់មកត្រូវប្តេជ្ញាចិត្តមោះមុតដើម្បីចៀសវាងពីវា ។ ( ថូម៉ាស អេស ម៉នសុន « True to the Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១៨ )
-
តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងកម្រិតណាដែរ ក្នុងការស្គាល់ការបង្រៀនខុសឆ្គងរបស់សាតាំងដែលអាច « ល្បួង » និង « ដាក់អន្ទាក់ » អ្នក ?
ការចៀសវាងអ្វីៗដែលទាក់ទាញយើងឲ្យងាកចេញពីព្រះអង្គសង្គ្រោះ
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន សេចក្តីសុខសាន្តបានកើតមានលើដែនដីនោះ ។ ប្រហែលពីរឆ្នាំក្រោយមក បុរសម្នាក់ឈ្មោះកូរីហូរ បានចាប់ផ្ដើមផ្សព្វផ្សាយក្នុងចំណោមប្រជាជននៅដែនដីសារ៉ាហិមឡា ។ សាតាំងបានប្រាប់កូរីហូរអំពីអ្វីដែលត្រូវនិយាយ ( សូមមើល អាលម៉ា ៣០:៥៣ ) ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមកត់ចំណាំពីរបៀបដែលកូរីហូរបានប្រើពាក្យសម្ដី និងការបង្រៀនខុសឆ្គងរបស់គាត់ជា maka-feke ដើម្បីចាប់ប្រជាជន ឬមនុស្សទាំងនោះ ។
សូមអាន ម៉ូសាយ ៣០:៦, ១២ ដោយការរកមើលពាក្យ និងឃ្លាដែលបរិយាយអំពីសារលិខិត និងបេសកកម្មរបស់កូរីហូរ ។
-
តើអ្នកគិតថា « អ្នកទទឹងនឹងព្រះគ្រីស្ទ » មានអត្ថន័យយ៉ាងណា ? ( អាលម៉ា ៣០:៦ ) ។
ពាក្យថា អ្នកទទឹងនឹងព្រះគ្រីស្ទ សំដៅទៅលើ « អ្នកណា ឬក៏អ្វីមួយដែលក្លែងក្លាយផែនការនៃសេចក្ដីសង្គ្រោះនៃដំណឹងល្អដ៏ពិត ហើយដែលប្រឆាំងនឹងព្រះគ្រីស្ទដោយបើកមុខ ឬដោយសម្ងាត់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកទទឹងនឹងព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សេចក្តីពិតមួយយើងអាចរៀនមកពីដំណើររឿងរបស់កូរីហូរ គឺថា សាតាំងប្រើការបង្រៀនខុសឆ្គងដើម្បីនាំយើងឃ្លាតឆ្ងាយពីព្រះយេស៊ូវគ្រីស្ទ ។
ការបង្រៀនរបស់ កូរីហូរ អំពីការទទឹងនឹងព្រះគ្រីស្ទ
សូមអាន អាលម៉ា ៣០:១២–១៨ ដោយការរកមើលរបៀបនៃការបង្រៀនខុសឆ្គងរបស់កូរីហូរ ។ សូមពិចារណាគូសចំណាំការបង្រៀនរបស់កូរីហូរ តាមរបៀបមួយដែលកំណត់វាឲ្យដាច់ពីគេ ( ឧទាហរណ៍ ដោយប្រើពណ៌ ឬនិមិត្តសញ្ញាពិសេស ) ឬសរសេរវាចូលសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើការបង្រៀនខុសឆ្គងរបស់កូរីហូរមួយចំនួនមានអ្វីខ្លះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរការបង្រៀនខុសឆ្គងរបស់កូរីហូរ នៅលើក្តារខៀន ។ សូមទទួលស្គាល់ការងាររបស់ពួកគេក្នុងការស្វែងរកចម្លើយ ។ បើចាំបាច់ អ្នកអាចនឹងទាញចំណាប់អារម្មណ៍ដូចខាងក្រោមបាន ៖
-
« គ្មានមនុស្សណាអាចដឹងនូវអ្វីដែលនឹងកើតឡើងនោះទេ » ( ខទី ១៣ )
-
« ពាក្យព្យាករណ៍ គឺជាសណ្ដាប់ដ៏ឆ្កួតលីលាទាំងឡាយរបស់ពួកអយ្យកោអ្នកទេ » ( ខទី ១៤ )
-
« អ្នករាល់គ្នាមិនអាចដឹងនូវអ្វីៗដែលអ្នករាល់គ្នាមើលមិនឃើញនោះទេ » ( ខទី ១៥ )
-
« អ្នករាល់គ្នាមិនអាចដឹងថា នឹងមានព្រះគ្រីស្ទមួយអង្គនោះឡើយ » ( ខទី ១៥ )
-
« វិកលភាពនៃគំនិតរបស់អ្នកគឺកើតឡើង » ( ខទី ១៦ )
-
« ពុំអាចមានដង្វាយធួនដែលធ្វើឡើង ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សទេ » ( ខទី ១៧ )
-
« មនុស្សគ្រប់រូបរស់នៅក្នុងជីវិតនេះ ស្របតាមការរៀបចំនៃខ្លួន » ( ខទី ១៧ )
-
« អ្វីៗក៏ដោយ ដែលមនុស្សបានប្រព្រឹត្ត គឺគ្មានទោសសោះ » ( ខទី ១៧ )
-
« កាលណាមនុស្សស្លាប់ទៅ នោះគឺជាចុងបំផុតហើយ » ( ខទី ១៨ )
ដោយយោងលើរបៀបបង្រៀនរបស់កូរីហូរ ដែលបានរាយបញ្ជីនៅលើក្ដារខៀន សិស្សអាចនឹងឆ្លើយសំណួរខាងក្រោមនេះពីរៗនាក់ ឬជាក្រុមតូចៗបាន ។ អ្នកអាចចាត់ឲ្យសិស្សក្រុមផ្សេងៗគ្នាសិក្សាការបង្រៀនខុសឆ្គងខុសៗគ្នាដើម្បីដកពិសោធន៍ ហើយបន្ទាប់មក ពួកគេអាចចែកចាយចម្លើយរបស់ពួកគេជាមួយគ្នា ។
-
តើអ្នកអាចរំឭកការបង្រៀនរបស់កូរីហូរ ឡើងវិញ ដោយប្រើភាសាដែលមានលក្ខណៈទូទៅជាងនៅសម័យយើងយ៉ាងដូចម្តេច ?
-
ដោយប្រើរង្វាស់ពី ១ ដល់ ១០ ( ដែល ១០ ខ្លាំងបំផុត ) តើអ្នកមើលឃើញការបង្រៀនរបស់កូរីហូរបានផ្សព្វផ្សាយនៅសម័យនេះខ្លាំងប៉ុនណា ?
-
តើវាមានអ្វីខ្លះអំពីរបៀបបង្រៀនទាំងនេះ ដែលនឹងនាំមនុស្សឲ្យងាកចេញឆ្ងាយពីព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាគំនិតទាំងនេះមានគ្រោះថ្នាក់ខ្លាំង ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ហើយពិចារណាពីឥទ្ធិពលនៃរបៀបបង្រៀនរបស់កូរីហូរ នៅក្នុងជីវិតផ្ទាល់ខ្លួនអ្នក ។ សូមពិចារណាអំពីរបៀបបង្រៀនខុសឆ្គងណាមួយក្នុងចំណោមទាំងនេះដែលអាចមានឥទ្ធិពលលើអ្នកផ្ទាល់បាន ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីកូរីហូរ និងការបង្រៀនរបស់គាត់ ។ អ្នកអាចចង់មើលវីដេអូ « The Divine Gift of Repentance » ចាប់ពីនាទីទី ២:០៨ ដល់នាទីទី ២:៤០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
[ មនុស្សបែបដូចជា ] កូរីហូរ … បដិសេធថាមានព្រះគ្រីស្ទពិតមែន ហើយគ្មានអំពើបាបទេ ។ គោលលទ្ធិរបស់ពួកគេគឺថាគុណតម្លៃ បទដ្ឋាន និងសូម្បីតែសេចក្ដីពិតគឺសុទ្ធតែមិនទៀងទាំងអស់ ។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សម្នាក់យល់ថាត្រឹមត្រូវសម្រាប់ខ្លួនគេ មិនអាចត្រូវវិនិច្ឆ័យដោយអ្នកដទៃថាខុស ឬជាបាបបានឡើយ ។
នៅលើផែនដីនេះ ទស្សនវិជ្ជាបែបនេះហាក់ដូចជាទាក់ទាញខ្លាំងណាស់ ព្រោះវាបណ្ដោយឲ្យយើងធ្វើអ្វីមួយតាមបំណងរបស់ខ្លួនដោយមិនខ្វល់ខ្វាយពីផលវិបាកអ្វីឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨ )
-
តើអ្នកគិតថា ការបង្រៀនទាំងនេះអាចនឹងនាំមនុស្សឲ្យប្រព្រឹត្តអំពើបាបបានយ៉ាងដូចម្ដេច ? ( សូមមើល ខទី ១៨ ) ។
សូមអាន អាលម៉ា ៣០:១៩–២១ ដោយរកមើលពីរបៀបដែលប្រជាជននៅដែនដីយើសុន និងគេឌាន បានឆ្លើយតបនឹងការបង្រៀនរបស់កូរីហូរ ។
តើហេតុអ្វីបានជាអ្នកគិតថា ការឆ្លើយតបរបស់ពួកគេនៅពេលនោះមានលក្ខណៈ « ឆ្លាតវៃជាង » ( អាលម៉ា ៣០:២០ ) ការឆ្លើយតបរបស់ប្រជាជននៅទីក្រុងសារ៉ាហិមឡា ? ( សូមមើល អាលម៉ា ៣០:១៨ ) ។
សូមលើកទឹកចិត្តសិស្សច្រើននាក់ឲ្យឡើងឆ្លើយសំណួរដូចខាងក្រោមនេះ ។ សិស្សអាចសរសេរចម្លើយពួកគេនៅលើក្ដារខៀន ឬនៅលើក្រដាសដែលបានចែកឲ្យនៅក្នុងថ្នាក់រៀន ។ ការពិភាក្សាអាចនឹងរួមមានរបៀបដែលសកម្មភាពសុចរិតជាក់លាក់ និងការលុបបំបាត់ឥទ្ធិពលអាក្រក់ដែលអាចនឹងជួយពួកគេឲ្យ « ឆ្លាតវៃជាង » ។ ឧទាហរណ៍ សិស្សអាចនឹងមើលបណ្តាញសង្គម តន្ត្រី និងវីដេអូដែលពួកគេប្រើប្រាស់ជាប្រចាំ ហើយដកចេញនូវអ្វីដែលអាចធ្វើឲ្យសេចក្ដីជំនឿពួកគេលើព្រះយេស៊ូវគ្រីស្ទចុះខ្សោយ និងប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ។
-
តើយើងអាច « ឆ្លាតវៃជាង » និងបដិសេធការទទឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើចំណេះដឹង និងទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលបែបណាលើការបង្រៀនការទទឹងព្រះគ្រីស្ទទាំងនេះមកលើរូបអ្នក ?
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់ ឬសេចក្ដីពិតដ៏អស់កល្បអំពីព្រះយេស៊ូវគ្រីស្ទបាន ។ លើសពីនេះ អ្នកអាចនឹងសុំពួកគេឲ្យឡើងនិយាយអំពីបទគម្ពីរ ឬការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលប្រឆាំងនឹងគំនិតខុសឆ្គងរបស់កូរីហូរបានដែរ ។ ឧទាហរណ៍នានាមានដូចជា យ៉ាកុប ៧:១១–១២; អាលម៉ា ៣២:២១; មរមន ៧:៣, ៥–៧ ។
សូមគិតពិចារណាពីអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍មកពីការសិក្សារបស់អ្នក ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយឲ្យអ្នកស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។