« អាលម៉ា ២៦ ៖ ‹ យើងអួតក្នុងព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២៦
« យើងអួតក្នុងព្រះអម្ចាស់ »
តើអ្នកធ្លាប់មានបទពិសោធន៍ដែលអ្នកមិនអាចទ្រាំបានដើម្បីប្រាប់នរណាម្នាក់ដែរឬទេ ? តើអ្នកចង់ឲ្យមនុស្សដឹងអ្វីខ្លះ ? ស្រដៀងគ្នានេះដែរ អាំម៉ូន និងបងប្អូនរបស់ទ្រង់រីករាយចំពោះបេសកកម្មរយៈពេល ១៤ ឆ្នាំរបស់ពួកទ្រង់ក្នុងចំណោមសាសន៍លេមិន ហើយពួកទ្រង់មានព្រះទ័យចែកចាយបទពិសោធន៍របស់ពួកទ្រង់ ។ ពួកទ្រង់បានឃើញព្រះចេស្ដា និងសេចក្ដីស្រឡាញ់របស់ព្រះ នៅពេលដែលសាសន៍លេមិនរាប់ពាន់នាក់ត្រូវបាននាំទៅរកចំណេះដឹងអំពីសេចក្ដីពិត ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណ និងសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះអម្ចាស់ និងចំពោះពរជ័យដែលទ្រង់ប្រទានក្នុងជីវិតរបស់អ្នក ។
ការរៀបចំខ្លួនជាឧបករណ៍សម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលអ្នកខិតខំធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការគោរពប្រតិបត្តិ ហើយរស់នៅតាមដំណឹងល្អដោយអស់ពីចិត្ត នោះព្រះវិញ្ញាណនឹងគង់នៅជាមួយអ្នក ។ អ្នកមិនចាំបាច់ធ្វើជាមនុស្សល្អឥតខ្ចោះទេ—គ្រាន់តែព្យាយាមដោយឧស្សាហ៍ទៅបានហើយ ។ សូមស្វែងរកការអភ័យទោសតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នៅពេលណាដែលអ្នកជំពប់ដួល ។
ការរៀបចំសិស្ស ៖ សិស្សអាចអាន អាលម៉ា ២៦:១១–១៦ ហើយសញ្ជឹងគិតពីអ្វីដែលពួកគេគិតថា ជាអត្ថន័យនៃពាក្យ « អួតក្នុងព្រះអម្ចាស់ » ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកងប់ងល់នឹងអ្វី ?
សិស្សអាចពិភាក្សារឿងខាងក្រោមជាគូ ឬជាក្រុមតូចៗ ។ ជាជម្រើសមួយផ្សេងទៀត អ្នកអាចអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយដោយសង្ខេបជាមួយថ្នាក់ ។
សូមពិចារណាមួយភ្លែតអំពីអ្វីមួយដែលអ្នកពេញចិត្ត ឬចូលចិត្តយ៉ាងខ្លាំង—ជាអ្វីមួយដែលនៅពេលអ្នកចាប់ផ្តើមនិយាយ វាពិបាកក្នុងការបញ្ឈប់ !
-
ហេតុអ្វីអ្នកមានអារម្មណ៍ខ្លាំងចំពោះរឿងនេះ ?
-
តើអ្នកសង្ឃឹមថា អ្នកដទៃនឹងមានអារម្មណ៍យ៉ាងណាពេលអ្នកនិយាយអំពីវា ? ហេតុអ្វី ?
បន្ទាប់ពីពួកបុត្រារបស់ម៉ូសាយបានត្រឡប់ពីបេសកកម្មរយៈពេល ១៤ ឆ្នាំរបស់ពួកទ្រង់ទៅកាន់សាសន៍លេមិន នោះអាំម៉ូនបានមានបន្ទូលជាមួយបងប្អូនរបស់ទ្រង់អំពីបទពិសោធន៍របស់ពួកគេ ។ សូមអាន អាលម៉ា ២៦:៨, ១៦ ដោយរកមើលអ្វីដែលអាំម៉ូនមានព្រះទ័យរំភើប និងចូលចិត្តយ៉ាងខ្លាំង ។
នៅក្នុង អាលម៉ា ២៦:១៦ អាំម៉ូនបានប្រើពាក្យ អួត, រីករាយ និង សរសើរតម្កើង ពេលកំពុងមានបន្ទូលអំពីព្រះអម្ចាស់ ។ ដើម្បី អួត មានន័យថា រីករាយ ឬធ្វើ « ការថ្វាយបង្គប្រកបដោយការសរសើរតម្កើង កិត្តិយស និងការដឹងគុណ » ( Merriam-Webster.com « Glory » សូមមើលផងដែរសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សិរីល្អ » scriptures.ChurchofJesusChrist.org ) ។ អ្នកប្រហែលជាចង់គូសចំណាំពាក្យទាំងនេះនៅក្នុង ខទី ១៦ និងក្នុងខគម្ពីរផ្សេងទៀតដែលអ្នកសិក្សាថ្ងៃនេះ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនិយមន័យនៃពាក្យ អួត នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬធ្វើកំណត់ចំណាំនៅជិត អាលម៉ា ២៦:១៦ ។ សិស្សអាចមាននិយមន័យ ឬគំនិតបន្ថែមដើម្បីចែកចាយដោយផ្អែកលើការរៀបចំថ្នាក់របស់ពួកគេ ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីចំណុចខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ ? ហេតុអ្វី ?
-
តើអ្នកនិយាយទៅកាន់អ្នកដទៃអំពីទ្រង់ដោយក្តីរំភើប និងរីករាយទេ ? ហេតុអ្វីរំភើប និងរីករាយ ឬហេតុអ្វីមិនរំភើប និងមិនរីករាយ ?
នៅពេលអ្នកសិក្សា អាលម៉ា ២៦ ថ្ងៃនេះ សូមសញ្ជឹងគិតពីរបៀបដែលគំរូរបស់អាំម៉ូនក្នុងការចែកចាយពីព្រះទ័យរបស់ទ្រង់អំពីព្រះអាចបង្កើនសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« ពរជ័យដ៏មហិមាបែបនេះ »
សូមកំណត់ថា តើសិស្សនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតដោយការអានបណ្តុំខគម្ពីរខាងក្រោម ( និងបណ្តុំផ្សេងទៀតនៅពេលក្រោយក្នុងមេរៀន ) ជាថ្នាក់ ជាក្រុមតូចៗ ឬជាគូ ។ សូមប្រើសំណួរដែលបានផ្ដល់ឲ្យ ឬសំណួរផ្សេងទៀតដែលអ្នកប្រហែលជាគិតថា ដើម្បីជួយសិស្សឲ្យយល់ និងវិភាគមាតិកា និងបរិបទ ។
សូមអាន អាលម៉ា ២៦:១–៤, ៨–១៦ ដោយរកមើលពីរបៀបដែលអាំម៉ូនបានថ្លែងអំពីព្រះ និងអ្វីដែលព្រះបានធ្វើសម្រាប់បងប្អូនរបស់អាំម៉ូន និងពួកសាសន៍លេមិន ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីរបៀបដែលអាំម៉ូនបានថ្លែងអំពីព្រះ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរកឃើញដែលអាចបំផុសគំនិតនរណាម្នាក់ឲ្យអួតក្នុងព្រះអម្ចាស់ ?
សូមពិចារណាឲ្យសិស្សសរសេរសេចក្ដីពិតដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ ឬសិស្សអាចសរសេរសេចក្ដីពិតទាំងនេះនៅលើក្រដាសកត់ត្រាស្អិតៗ ហើយអានវាឲ្យឮៗ មុននឹងបិតវានៅលើក្ដារខៀន ។ ឧទាហរណ៍ ៖ ព្រះប្រទានព្រះពរទាំងឡាយដ៏មហិមា ( ខទី ១–៣ ); ព្រះអាចធ្វើការតាមរយៈយើងដើម្បីសម្រេចកិច្ចការដ៏មហិមារបស់ទ្រង់ ហើយប្រទានពរដល់អ្នកដទៃ ( ខទី ៣ ); ដោយកម្លាំងរបស់ព្រះអម្ចាស់ យើងអាចធ្វើគ្រប់ការណ៍ទាំងអស់ ( ខទី ១២ ) និង ព្រះអម្ចាស់មានព្រះចេស្តាដ៏មហិមា សេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់ចំពោះកូនចៅរបស់ទ្រង់ ( ខទី ១៦ ) ។
ពេលនោះ អ្នកប្រហែលជាចង់បង្ហាញរូបភាពខាងក្រោមនេះ ដើម្បីរំឭកសិស្សអំពីបទពិសោធន៍របស់អាំម៉ូនក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាដែលបាននាំទ្រង់ឲ្យសរសើរព្រះ ។ អ្នកអាចអញ្ជើញសិស្សឲ្យនិយាយឡើងវិញដោយសង្ខេបអំពីព្រឹត្តិការណ៍មួយចំនួនដែលបានកត់ត្រានៅក្នុង អាលម៉ា ១៧–២១ ។
ទោះបីជាបទពិសោធន៍របស់យើងខុសពីអាំម៉ូនក៏ដោយ យើងប្រហែលជាមានហេតុផលស្រដៀងគ្នាដើម្បីសរសើរព្រះ ។
ដើម្បីជួយសិស្សគិតអំពីហេតុផលដែលពួកគេអាចមានសម្រាប់ការសរសើរតម្កើងព្រះ អ្នកប្រហែលជាចង់បង្ហាញសំណួរខាងក្រោម ។ សូមផ្តល់ពេលដល់សិស្សដើម្បីឆ្លើយសំណួរមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ បន្ទាប់មកអញ្ជើញសិស្សដែលមានឆន្ទៈឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
សូមគិតអំពីរបៀបដែលអ្នកធ្លាប់ជា ឬអាចជា « [ ឧបករណ៍ ] ក្នុងព្រះហស្តរបស់ព្រះ » ( អាលម៉ា ២៦:៣ ) ដើម្បីផ្តល់ពរដល់អ្នកដទៃ ។ តើបទពិសោធន៍ទាំងនេះអាចនាំអ្នកឲ្យសរសើរព្រះដោយរបៀបណា ?
-
តើមានហេតុផលអ្វីខ្លះទៀតដែលអ្នកមានសម្រាប់ការសរសើរព្រះ ?
-
តើវាអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងជីវិតរបស់បុគ្គលម្នាក់ ដើម្បីលើកតម្កើងនូវអ្វីដែលព្រះបានធ្វើសម្រាប់គាត់ ?
« ហេតុផលដ៏មហិមាដើម្បីរីករាយ »
នៅពេលអាំម៉ូនបានចងចាំពេលវេលារបស់ទ្រង់ជាអ្នកផ្សព្វផ្សាយសាសនា និងទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះ ទ្រង់បានលើកតម្កើង និងអរសប្បាយនៅក្នុងព្រះ និងអ្វីដែលព្រះបានធ្វើឲ្យកើតមានឡើងក្នុងជីវិតរបស់អាំម៉ូន ។
សូមពិចារណាផ្តល់ក្រដាសសម្រាប់សិស្សដើម្បីបំពេញសកម្មភាពសិក្សាខាងក្រោម ។ សម្រាប់ភាពចម្រុះ ផ្នែកដំបូងនៃសកម្មភាពអាចត្រូវបានធ្វើជាថ្នាក់ ។ សិស្សអាចសិក្សាពីក្រុមផ្សេងៗ ហើយកត់ត្រាអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀន ។ សូមពិចារណាប្រើសំណួរដែលមានចំណុចដិត ឬសំណួរផ្សេងទៀតដែលអ្នកគិតឃើញ ដើម្បីជួយសិស្សឲ្យអួតក្នុងព្រះអម្ចាស់ ។
សូមបត់ក្រដាសមួយសន្លឹកទៅជាបីផ្នត់ ឬគូសជួរឈរបីនៅលើទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមដាក់ស្លាកផ្នែកខាងលើនៃជួរឈរនីមួយៗនូវក្រុមមនុស្សដូចខាងក្រោម ៖
-
អាំម៉ូន និងបងប្អូនរបស់ទ្រង់ ( អាលម៉ា ២៦:១៧–២២ )
-
ពួកសាសន៍លេមិន ( អាលម៉ា ២៦:២៣–២៤, ៣១–៣៤ )
-
បុត្រាបុត្រីរបស់ព្រះទាំងអស់ ( អាលម៉ា ២៦:៣៥–៣៧ )
សូមអានវគ្គបទគម្ពីរសម្រាប់ក្រុមនីមួយៗ ហើយកត់ត្រានៅក្នុងជួរឈរនូវអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីអ្វីដែលព្រះបានធ្វើសម្រាប់ក្រុមមនុស្សទាំងនេះ ? ហេតុអ្វីការណ៍នេះនាំឲ្យប្រជាជនអួតក្នុងទ្រង់ ?
សូមផ្តល់ពេលឲ្យសិស្សគ្រប់គ្រាន់ដើម្បីបំពេញផ្នែកផ្ទាល់ខ្លួនខាងក្រោមនៃសកម្មភាពនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យចេះគិតគូរ និងប្រកបដោយការអធិស្ឋាននៅពេលពួកគេធ្វើកិច្ចការនោះ ។
សូមលាតសន្លឹកក្រដាសដែលបត់ ឬបង្កើតជួរឈរថ្មីចំនួនបីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមដាក់ចំណងជើងខាងក្រោមឲ្យជួរឈរនីមួយៗ ៖
-
របៀបដែលព្រះបានប្រទានពរដល់ខ្ញុំ
-
របៀបដែលព្រះបានប្រទានពរដល់អ្នកដែលខ្ញុំស្រឡាញ់
-
អ្វីដែលខ្ញុំដឹង និងទទួលអារម្មណ៍អំពីព្រះ
អ្នកប្រហែលជាចង់អធិស្ឋានទៅព្រះវរបិតាសួគ៌ ដោយសូមទ្រង់ឲ្យនាំគំនិត និងការចងចាំមកក្នុងគំនិតរបស់អ្នក ។ នៅពេលអ្នកចងចាំពីរបៀបដែលព្រះបានប្រទានពរដល់អ្នក និងអ្នកដទៃ ហើយសញ្ជឹងគិតពីអារម្មណ៍របស់អ្នកចំពោះទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះចំពោះអ្នក ។
សូមកត់ត្រាចម្លើយរបស់អ្នកនៅក្នុងជួរឈរនីមួយៗ ហើយពន្យល់ពីមូលហេតុដែលវានាំឲ្យអ្នកអួតក្នុងព្រះ ។
សូមពិចារណាប្រើសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យយល់ពីសេចក្តីពិត និងសារៈសំខាន់នៃអារម្មណ៍ដែលពួកគេបានដកពិសោធ ។ សូមលើកទឹកចិត្តសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេទទួលអារម្មណ៍ នៅពេលពួកគេសញ្ជឹងគិតអំពីហេតុផលរបស់ខ្លួនដើម្បីអួតក្នុងព្រះអម្ចាស់ ។
-
តើសកម្មភាពនេះបានជួយអ្នកឲ្យមានអារម្មណ៍រីករាយកាន់តែខ្លាំងឡើងចំពោះព្រះ ឬបង្កើនសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះទ្រង់យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអម្ចាស់នឹងផ្លាស់ប្តូរយ៉ាងដូចម្ដេច ប្រសិនបើអ្នកចំណាយពេលដើម្បីចងចាំ និងអួតក្នុងទ្រង់កាន់តែញឹកញាប់ជាងនេះ ?
សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមការអញ្ជើញខាងក្រោម ។
នៅពេលអ្នកសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ អ្នកប្រហែលជាចង់បង្កើតគោលដៅមួយ ដើម្បីចំណាយពេលចងចាំ និងអួតក្នុងព្រះ ។ អ្នកក៏អាចនឹងទទួលអារម្មណ៍ជំរុញឲ្យចែកចាយគំនិតរបស់អ្នកជាមួយអ្នកផ្សេងដូចអាំម៉ូនដែរ ។ សូមរកមើលឱកាសមួយដើម្បីចែកចាយ ហើយពិចារណាពីរបៀបដែលអ្នកអាចជួយមនុស្សម្នាក់ទៀតឲ្យមានអារម្មណ៍ថា អ្នកទទួលអារម្មណ៍អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។