« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥ ៖ ម៉ូសាយ ១៨–អាលម៉ា ១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
ការជួយសិស្សឲ្យទទួលយក និងគោរពគ្នាទៅវិញទៅមក ។ សូមបង្កើតបទពិសោធន៍ដែលអនុញ្ញាតឲ្យសិស្សទាញកម្លាំងពីគ្នាទៅវិញទៅមក និងពីបំណងប្រាថ្នារួមគ្នារបស់ពួកគេ ដើម្បីទទួលបាននូវការព្យាបាល ព្រះគុណ និងសេចក្តីសុខសាន្តរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលសិស្សទទួលស្គាល់នូវអ្វីដែលពួកគេមានដូចគ្នា នោះពួកគេកាន់តែទំនងជារួមចំណែកក្នុងរបៀបមួយនៃការយល់ចិត្ត ។
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យស្វែងរកបទគម្ពីរនៅក្នុង ម៉ូសាយ ១៨–អាលម៉ា ១៦ អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដែលមានន័យសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃមេរៀននេះគឺជួយឲ្យសិស្សវាយតម្លៃគោលដៅដែលពួកគេបានដាក់ សមត្ថភាពរបស់ពួកគេដើម្បីពន្យល់អំពីការបង្រៀននៅក្នុងព្រះគម្ពីរមរមន ឬរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ការសិក្សារបស់សិស្សក្នុងថ្នាក់អំពី ម៉ូសាយ ១៨ ដល់ អាលម៉ា ១៦ ប្រហែលជាបានសង្កត់ធ្ងន់លើសេចក្តីពិតក្រៅពីសកម្មភាពខាងក្រោម ។ បើដូច្នេះមែន សកម្មភាពទាំងនេះអាចត្រូវបានកែសម្រួលដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះ ។
ក្រឡេកមើលទៅក្រោយ បន្តឆ្ពោះទៅមុខ
សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៃការឡើងភ្នំ ឬជិះកង់ ការមើលឃើញវឌ្ឍនភាពរបស់អ្នក និងបន្តទៅកាន់គោលដៅរបស់អ្នក ។ ប្រសិនបើអាច សូមចែកចាយរូបភាពនៃការដើរលេងរបស់អ្នក ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យចែកចាយបទពិសោធន៍ស្រដៀងគ្នារបស់ពួកគេផងដែរ ។
សូមគិតអំពីគ្រាមួយដែលអ្នកបានទៅឡើងភ្នំ ជិះកង់ ឬការធ្វើដំណើរឆ្ងាយ ។ នៅពេលអ្នកសម្លឹងទៅមុខ ហើយចាប់ផ្តើមធ្វើដំណើរ វាអាចមានអារម្មណ៍ថា អ្នកកំពុងមានការរីកចម្រើនតិចតួចណាស់ ។ តើមានអ្វីកើតឡើង នៅពេលអ្នកចំណាយពេលមួយភ្លែត ដើម្បីក្រឡេកមើលទៅកន្លែងដែលអ្នកធ្លាប់នៅ ? អ្នកទំនងជានឹងសង្កេតឃើញថា អ្នកបានធ្វើដំណើរឆ្ងាយជាងអ្វីដែលអ្នកបានដឹងទៅទៀត ។
-
តើការដឹងថា អ្នកបានស្ថិតនៅត្រង់ណា និងកន្លែងដែលអ្នកកំពុងធ្វើដំណើរទៅមានប្រយោជន៍អ្វី ?
ជីវិតរបស់យើងអាចប្រៀបបាននឹងដំណើរមួយអញ្ចឹង ។ ការឆ្លុះបញ្ចាំងពីកន្លែងដែលអ្នកនៅ និងកន្លែងដែលអ្នកកំពុងធ្វើដំណើរ អាចដូចជាការឆ្លុះបញ្ចាំងជាប្រចាំអំពីគោលដៅដែលអ្នកមានសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់អ្នក ។
-
តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការចំណាយពេលដើម្បីវាយតម្លៃគោលដៅ និងការរីកចម្រើនរបស់អ្នក ?
មេរៀននេះនឹងជួយអ្នកវាយតម្លៃវឌ្ឍនភាពដែលអ្នកបានធ្វើក្នុងដំណើររបស់អ្នក ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសញ្ជឹងគិតអំពីការរីកចម្រើនរបស់អ្នក ។
ការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
សកម្មភាពនេះមានគោលបំណងជួយសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានសិក្សាកន្លងមកនៅក្នុងព្រះគម្ពីរមរមន ។ វាក៏ត្រូវបានបង្កើតឡើង ដើម្បីជួយសិស្សគិតអំពីគោលដៅដែលពួកគេចង់ធ្វើ ដើម្បីដឹកនាំការសិក្សា និងការរៀនសូត្ររបស់ពួកគេ នៅក្នុងផ្នែកដែលនៅសល់ក្នុងព្រះគម្ពីរមរមនផងដែរ ។ អ្នកអាចបង្ហាញ ឬគូររូបភាពសាមញ្ញដូចរូបភាពខាងក្រោមនៅលើក្ដារខៀន ហើយចែកចាយការណែនាំដែលមានមកជាមួយ ។ សូមពិចារណាកែសម្រួលសកម្មភាពតាមតម្រូវការ ដើម្បីជួយសិស្សឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យ នៅពេលពួកគេសញ្ជឹងគិតលើការសិក្សារបស់ខ្លួន ។ សូមលើកទឹកចិត្តសិស្សឲ្យរកខគម្ពីរពីព្រះគម្ពីរមរមន ដែលគាំទ្រដល់ការឆ្លើយតបរបស់ពួកគេ ។
សូមគូរផ្លូវដែលតំណាងឲ្យផ្លូវនៃសេចក្តីសញ្ញា និងដំណើររបស់អ្នកក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមបញ្ចូលនគរសេឡេស្ទាលនៅចុងបញ្ចប់នៃផ្លូវនោះ ។ សូមគូររូបខ្លួនរបស់អ្នកនៅកណ្តាលផ្លូវ ។
សូមពិនិត្យមើលអ្វីដែលអ្នកបានសិក្សានៅក្នុងព្រះគម្ពីរមរមន និងកំណត់ចំណាំក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីជួយអ្នករំឭកពីអ្វីដែលអ្នកបានរៀន ។ នៅពីខាងក្រោយគំនូររូបខ្លួនអ្នក សូមសរសេរនូវអ្វីដែលអ្នកបានរៀនក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនពាក់កណ្តាលដំបូង ដែលបានជួយអ្នកឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចរួមបញ្ចូលចំណេះដឹងដែលអ្នកបានទទួល ឥរិយាបថ ឬបំណងប្រាថ្នាដែលអ្នកកំពុងអភិវឌ្ឍ ឬសកម្មភាពដែលអ្នកបានធ្វើ ។
នៅពេលសិស្សបានបញ្ចប់ សូមអនុញ្ញាតឲ្យពួកគេចែកចាយ ។ អ្នកប្រហែលជាចង់ឲ្យសិស្សដែលស្ម័គ្រចិត្តរាយបញ្ជីចម្លើយតបខ្លះរបស់ពួកគេនៅលើក្ដារខៀន ដែលនៅពីក្រោយមនុស្សដែលនៅលើផ្លូវនោះ ។ បន្ទាប់មក អ្នកអាចចាប់ផ្តើមការពិភាក្សាទូទៅដោយឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេមានអារម្មណ៍ថា មានអត្ថន័យបំផុត ។ ឬអ្នកអាចសួរសិស្សអំពីចំណេះដឹងដែលពួកគេបានទទួល ដែលពួកគេអាចពន្យល់បានកាន់តែប្រសើរឡើងឥឡូវនេះ ឥរិយាបថ ឬបំណងប្រាថ្នាដែលពួកគេមានអារម្មណ៍ថា បានកែតម្រូវ ឬផ្លាស់ប្តូរ ដោយសារអ្វីដែលពួកគេបានរៀន ឬអាកប្បកិរិយាដែលពួកគេកំពុងអនុវត្តក្នុងជីវិតរបស់ពួកគេពីព្រះគម្ពីរមរមន ។ អ្នកក៏អាចចង្អុលទៅចម្លើយមួយដែលបានសរសេរនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចែកចាយវគ្គបទគម្ពីរជាក់លាក់ ឬដំណើររឿងដែលបំផុសគំនិតដល់ចម្លើយតបរបស់ពួកគេ ។ អ្នកក៏អាចសុំឲ្យសិស្សដែលស្ម័គ្រចិត្តក្នុងការជ្រើសរើសចម្លើយតបនៅលើក្ដារខៀន ដែលមិនមែនជារបស់ពួកគេផ្ទាល់ ហើយចែកចាយពីមូលហេតុដែលវាធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ សូមលើកទឹកចិត្តសិស្សកុំឲ្យចែកចាយអ្វីផ្ទាល់ខ្លួន ឬឯកជនពេក ។
បន្ទាប់ពីសិស្សបានចែកចាយហើយ សូមឲ្យពួកគេគិតអំពីចំណេះដឹងបន្ថែមអំពីអ្វីដែលពួកគេសង្ឃឹមថានឹងទទួលបាន នៅពេលពួកគេបន្តសិក្សាព្រះគម្ពីរមរមន ។ អ្នកអាចចែកចាយការណែនាំខាងក្រោម ហើយឲ្យសិស្សបន្ថែមទៅទំព័ររបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមមើលរូបភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅលើផ្លូវនៅពីមុខរូបដែលតំណាងឲ្យអ្នក សូមសរសេរសកម្មភាពដែលអ្នកចង់ធ្វើ ឬបន្តធ្វើ នៅពេលអ្នកខិតខំដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកសង្ឃឹមថារៀនអ្វីទៀត នៅពេលអ្នកសិក្សាព្រះគម្ពីរមរមនពាក់កណ្តាលបន្ទាប់ទៀត ?
-
តើអ្នកសង្ឃឹមថា អ្នកនឹងដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីនៅចុងឆ្នាំនេះ ជាលទ្ធផលនៃការសិក្សាព្រះគម្ពីរមរមនរបស់អ្នកនៅពាក់កណ្តាលទីពីរនេះ ?
ការដកពិសោធន៍ការផ្លាស់ប្តូរនៃដួងចិត្ត
សកម្មភាពនេះអាចជួយសិស្សឲ្យសញ្ជឹងគិតពីវិធីដែលពួកគេកំពុងដកពិសោធការផ្លាស់ប្តូរដួងចិត្ត ។
ថ្មីៗនេះ អ្នកបានអានអំពីបុគ្គលជាច្រើនដែលបានជួបប្រទះការផ្លាស់ប្តូរដួងចិត្ត ។ សម្រាប់មនុស្សមួយចំនួន ដូចជា អាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយ ការផ្លាស់ប្តូរគឺកើតឡើងភ្លាមៗ និងយ៉ាងកំហុក ។ សម្រាប់អ្នកផ្សេងទៀត ដូចជាអាមូលេក និងប្រជាជនលិមហៃ ការផ្លាស់ប្តូរដួងចិត្តរបស់ពួកគេបានកើតឡើងក្នុងពេលដ៏យូរ ។
អាលម៉ាបានសួរប្រជាជនសារ៉ាហិមឡាថា « តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្តូរដ៏ធំនេះនៅក្នុងដួងចិត្តរបស់អ្នកហើយឬនៅ ? » ( អាលម៉ា ៥:១៤ ) ។ ហើយប្រសិនបើដូច្នេះមែន « តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? » ( អាលម៉ា ៥:២៦ ) ។ សូមសញ្ជឹងគិតអំពីវឌ្ឍនភាពនៃការផ្លាស់ប្តូរដួងចិត្តរបស់អ្នក ។ តើពេលខ្លះវាពិបាកក្នុងការទទួលស្គាល់ពីរបៀបដែលព្រះអម្ចាស់អាចនឹងជួយអ្នកក្នុងការផ្លាស់ប្តូរទេ ? តើអ្នកបានឃើញខ្លួនឯងតាមរបៀបណាខ្លះក្នុងដំណើររឿងមួយចំនួនដែលអ្នកបានសិក្សា ?
សូមអាន អាលម៉ា ៥:១៤–១៩, ២៦–២៩ ហើយសញ្ជឹងគិតសំណួររបស់អាលម៉ាប្រកបដោយការអធិស្ឋាន ។
អ្នកប្រហែលជាបានកត់ត្រាការឆ្លើយតបរបស់អ្នក ចំពោះសំណួររបស់អាលម៉ានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នៅពេលអ្នកបានសិក្សាខគម្ពីរទាំងនោះជាលើកដំបូង ។ សូមប្រៀបធៀបអ្វីដែលអ្នកបានសរសេរនៅពេលនោះ ទៅនឹងរបៀបដែលអ្នកនឹងឆ្លើយសំណួរឥឡូវនេះ ។ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ? តើអ្នកគិតថា ព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នកទទួលស្គាល់ ទទួលអារម្មណ៍ ឬធ្វើអ្វីបន្ទាប់ពីការប្រៀបធៀបចម្លើយរបស់អ្នក ?
សូមពិចារណាកត់ត្រាការឆ្លើយតបថ្មីរបស់អ្នក ឬអារម្មណ៍របស់អ្នកអំពីវឌ្ឍនភាពរបស់ខ្លួន ។
សូមជួយសិស្សយល់ថា ជួនកាលវាអាចនឹងពិបាកក្នុងការយល់ឃើញពីការរីកចម្រើនផ្ទាល់ខ្លួន ។ សូមស្វែងរកឱកាសដើម្បីជួយសិស្សម្នាក់ៗមើលឃើញពីការរីកចម្រើន និងវឌ្ឍនភាពរបស់ពួកគេ ។ ប្រសិនបើអ្នកសម្គាល់ឃើញពីវិធីដែលសិស្សមួយចំនួនបានដកពិសោធពីការផ្លាស់ប្តូរដួងចិត្ត សូមចែកចាយរឿងនោះជាមួយពួកគេ ។
ការពន្យល់អំពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យអនុវត្តការពន្យល់អំពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ របៀបមួយដើម្បីជួយសិស្សឲ្យធ្វើរឿងនេះ គឺត្រូវឲ្យពួកគេធ្វើការជាគូ ។ សិស្សម្នាក់ៗអាចសរសេរស្ថានភាព ឬសំណួរដែលការយល់ដឹងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចជួយបាន ។ បន្ទាប់ពីសរសេរស្ថានភាព ឬសំណួរហើយ សិស្សអាចផ្លាស់ប្តូរក្រដាស រួចសរសេរចម្លើយ ។ នៅពេលពួកគេសរសេរចប់ សិស្សអាចចែកចាយចម្លើយរបស់ពួកគេជាមួយគ្នា ។
សូមសរសេរស្ថានភាពប្រឌិដ្ឋ ឬស្ថានភាពដែលការដឹងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនឹងជួយនរណាម្នាក់ ។ ឧទាហរណ៍ ៖ យុវនារីម្នាក់ឆ្ងល់ថា តើនាងអាចត្រូវបានលើកលែងទោសបានដែរឬទេ ឬក៏យុវជនម្នាក់មានអារម្មណ៍ឯកោក្នុងការសាកល្បងរបស់គាត់ ។ ឬជំនួសឲ្យស្ថានភាពមួយ អ្នកអាចសរសេរសំណួរដែលអ្នក ឬនរណាម្នាក់ផ្សេងទៀតអាចមានអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមគិតអំពីអ្វីដែលអ្នកបានរៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរមរមន ។ សូមក្រឡេកមើលខគម្ពីរដែលអ្នកបានគូសចំណាំ ឬកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ អ្នកប្រហែលជាបានគូសចំណាំខគម្ពីរមួយចំនួន ឬធ្វើកំណត់ចំណាំពីការសិក្សារបស់អ្នកអំពី ម៉ូសាយ ២៦ ឬ អាលម៉ា ៧ ( សូមមើលផងដែរ នីហ្វៃទី២ ៩; ម៉ូសាយ ១៤–១៦ ) ។
សូមសរសេរអ្វីដែលអ្នកចង់និយាយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ឬសំណួរនោះ ។ សូមពន្យល់ពីរបៀបដែលការយល់ដឹងអំពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយក្នុងស្ថានភាព ឬឆ្លើយសំណួរនោះ ។ សូមព្យាយាមប្រើវគ្គបទគម្ពីរមួយ ឬច្រើនពីព្រះគម្ពីរមរមន ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នក ហើយអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។