អាលម៉ា ១៣ ៖ ‹ ដើម្បីឲ្យអ្នកអាចចូលទៅក្នុងសេចក្តីសម្រាកនោះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៣
« ដើម្បីឲ្យអ្នកអាចចូលទៅក្នុងសេចក្តីសម្រាកនោះ »
ក្នុងជីវិតនេះ យើងមានការខ្វល់ខ្វាយ និងបញ្ហាជាច្រើន ។ ព្រះអម្ចាស់គង់នៅទីនោះ ដើម្បីជួយយើង និងមានព្រះទ័យចង់ឲ្យយើងចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់ ។ អាលម៉ាបានពន្យល់ថា ព្រះអម្ចាស់បានតែងតាំងសង្ឃជាន់ខ្ពស់ឲ្យបង្រៀនបទបញ្ញត្តិ និងធ្វើពិធីបរិសុទ្ធ ដើម្បីឲ្យប្រជាជនអាចចូលទៅក្នុងសេចក្តីសម្រាកនៃព្រះអម្ចាស់បាន ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីអត្ថន័យនៃការចូលក្នុងសេចក្តីសម្រាកនៃព្រះអម្ចាស់ និងរបៀបដែលអ្នកអាចធ្វើដូច្នេះបាន ។
ការជួយសិស្សឲ្យយល់អំពីនិមិត្តសញ្ញាដែលចង្អុលទៅព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរពោរពេញដោយនិមិត្តសញ្ញាដែលចង្អុលទៅព្រះយេស៊ូវគ្រីស្ទ ។ សូមសួរសំណួរដើម្បីជួយសិស្សឲ្យស្គាល់និមិត្តសញ្ញាទាំងនេះ ហើយមើលការអត្ថាធិប្បាយរបស់ព្យាការី នៅពេលដែលមាន ។ សូមពិភាក្សាអំពីអ្វីដែលនិមិត្តសញ្ញានោះបង្រៀនអំពីព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេត្រូវបានប្រទានពរ តាមរយៈអ្នកដឹកនាំសាសនាចក្រ ឬតាមការចូលរួមក្នុងពិធីបរិសុទ្ធនៃដំណឹងល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីសម្រាកនៃព្រះអម្ចាស់
គោលបំណងនៃសកម្មភាពខាងក្រោមគឺដើម្បីរៀបចំសិស្សឲ្យយល់អំពីសេចក្តីសម្រាកនៃព្រះអម្ចាស់ ។ អ្នក និងសិស្សអាចចែកចាយបទពិសោធន៍នៃការទទួលបានអត្ថប្រយោជន៍ពីការសម្រាក ។
-
តើនៅពេលណាដែលអ្នកទទួលបានអត្ថប្រយោជន៍ពីការសម្រាក ?
ជារឿយៗ ព្រះគម្ពីរថ្លែងអំពីសេចក្តីសម្រាករបស់ព្រះអម្ចាស់ ។ សេចក្តីសម្រាករបស់ព្រះអម្ចាស់សំដៅលើ « ភាពពេញលេញនៃសិរីល្អរបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៤ ) ។ សេចក្តីសម្រាករបស់ព្រះអម្ចាស់ក៏សំដៅទៅលើ « សេចក្តីអរសប្បាយរីករាយចំពោះសេចក្តីសុខសាន្ត និងសេរីភាព ផុតពីការព្រួយបារម្ភ និងជ្រួលច្របល់ ។ ព្រះអម្ចាស់ទ្រង់បានសន្យាថា នឹងប្រទាននូវសេចក្តីសម្រាកបែបនេះដល់ពួកអ្នកដែលដើរតាមទ្រង់ដោយស្មោះត្រង់នៅក្នុងជីវិតនេះ ។ ទ្រង់ក៏បានរៀបចំទីកន្លែងសម្រាកមួយទុកសម្រាប់ជាទីសម្រាកដល់ពួកគេនៅជីវិតខាងមុខ » ផងដែរ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « សម្រាក » scriptures.ChurchofJesusChrist.org).
ការមានសេចក្តីសុខសាន្ត និងសេរីភាព ផុតពីការព្រួយបារម្ភ និងជ្រួលច្របល់ មិនមែនមានន័យថា ជីវិតនឹងរួចផុតពីការសាកល្បងនោះទេ ។ សូមអាន ម៉ាថាយ ១១:២៨–៣០ ដោយរកមើលអ្វីដែលព្រះអម្ចាស់បង្រៀនអំពីសេចក្តីសម្រាករបស់ទ្រង់អំឡុងពេលមានការលំបាកក្នុងជីវិត ។
សូមផ្តល់ពេលខ្លះដល់សិស្សដើម្បីសញ្ជឹងគិតអំពីរបៀបដែលពួកគេអាចទទួលបានប្រយោជន៍ពីសេចក្តីសម្រាករបស់ព្រះអម្ចាស់ នាពេលឥឡូវនេះក្នុងជីវិតរបស់ពួកគេ ។ ពួកគេថែមទាំងអាចកត់ត្រាគំនិតខ្លះៗរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេទៀតផង ។
សូមគិតអំពីកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ។
-
តើអ្នកអាចទទួលបានប្រយោជន៍ពីបទពិសោធន៍នៃសេចក្តីសម្រាករបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
អាលម៉ាបានអញ្ជើញប្រជាជនអាំម៉ូណៃហាឲ្យប្រែចិត្ត ហើយមិនធ្វើចិត្តរបស់ពួកគេរឹងរូស ដើម្បីពួកគេអាចត្រូវបានលើកលែងទោស ហើយចូលទៅក្នុងសេចក្តីសម្រាកនៃព្រះអម្ចាស់ ( សូមមើល អាលម៉ា ១២:៣៣–៣៧ ) ។ នៅពេលអ្នកសិក្សា អាលម៉ា ១៣ សូមរកមើលអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យ ដើម្បីជួយអ្នកឲ្យចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់នៅក្នុងជីវិតនេះ និងក្នុងជីវិតបន្ទាប់ ។
សូមពិចារណាបែងចែកសិស្សជាពាក់កណ្តាល ដោយចាត់ឲ្យសិស្សពាក់កណ្តាលសិក្សា អាលម៉ា ១៣:១–២, ៦ អំពីអ្នកដឹកនាំបព្វជិតភាព និងសិស្សពាក់កណ្តាលថ្នាក់ទៀតសិក្សា អាលម៉ា ១៣:១៦ អំពីពិធីបរិសុទ្ធនៃបព្វជិតភាព ។ ការណ៍នេះអាចជួយសិស្សឲ្យស្គាល់គោលការណ៍ទាំងពីរយ៉ាងរហ័ស ហើយរាយបញ្ជីវានៅលើក្ដារខៀន មុនពេលអ្នកពិភាក្សាអំពីគោលការណ៍ទាំងនោះជាថ្នាក់ ។ វិធីសាស្រ្តមួយទៀតគឺរៀបចំមាតិកាពីគោលការណ៍នីមួយៗសម្រាប់សិស្សសិក្សាជាគូ ឬជាក្រុម មុនពេលរាយការណ៍ពីការរៀនរបស់ពួកគេទៅសិស្សផ្សេងទៀត ។ កិច្ចការនេះអាចទុកពេលពិភាក្សា អាលម៉ា ១៣:២៧–៣០ នៅពេលក្រោយ ក្នុងមេរៀន ។
អ្នកដឹកនាំបព្វជិតភាពជួយយើងឲ្យចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់
ប្រជាជនអាំម៉ូណៃហាបានចាត់ទុកខ្លួនពួកគេថាជា « អ្នកដើរតាមរបៀប និងសេចក្ដីជំនឿរបស់នីហូរ » ( អាលម៉ា ១៤:១៦ ) ។ ដោយសារតែរឿងនេះ ពួកគេបានជឿថា ពួកគេអាចត្រូវបានសង្គ្រោះដោយគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ហើយពួកគេបានជំនួសបព្វជិតភាពដោយការបង្គាប់មិនពិត ដែលអាលម៉ាហៅថា « ឧបាយកលផ្នែកសង្ឃ » ( សូមមើល អាលម៉ា ១:៣–៤, ១២, ១៦ ) ។ ដើម្បីកែតម្រូវជំនឿមិនពិតរបស់ពួកគេ អាលម៉ាបានបង្រៀនពួកគេពីរបៀបដែល « ព្រះអម្ចាស់ជាព្រះទ្រង់បានតែងតាំងពួកសង្ឃទាំងឡាយឡើង តាមរបៀបដ៏បរិសុទ្ធរបស់ទ្រង់ » ( អាលម៉ា ១៣:១ ) ។
សូមអាន អាលម៉ា ១៣:១–២, ៦ ដោយរកមើលមូលហេតុដែលព្រះអម្ចាស់តែងតាំងអ្នកដឹកនាំបព្វជិតភាព ។
-
តើមានមូលហេតុអ្វីខ្លះដែលព្រះអម្ចាស់ហៅអ្នកដឹកនាំបព្វជិតភាព ?
ចេញពីខគម្ពីរទាំងនេះ យើងរៀនថា ព្រះអង្គសង្គ្រោះហៅអ្នកដឹកនាំបព្វជិតភាពឲ្យជួយយើងសម្លឹងទៅរកទ្រង់ សម្រាប់ការប្រោសលោះ ហើយបង្រៀនបទបញ្ញត្តិរបស់ទ្រង់ ដើម្បីយើងអាចចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់បាន ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ដោយសារការពលិកម្មដ៏ធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទមានអំណាច និងសិទ្ធិអំណាចដើម្បីប្រោសលោះមនុស្សទាំងអស់ ។ ដើម្បីអាចទទួលបានអំណាចដង្វាយធួនរបស់ទ្រង់ ទ្រង់បានប្រគល់ចំណែកនៃអំណាច និងសិទ្ធិអំណាចរបស់ទ្រង់ដល់មនុស្សនៅលើផែនដី ។ អំណាច និងសិទ្ធិអំណាចដែលត្រូវបានផ្ទេរនេះត្រូវបានគេហៅថា បព្វជិតភាព ។ ( ឌែល ជី រិនឡាន់ « The Priesthood and the Savior’s Atoning Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤ )
-
តើសម្រង់សម្តីនេះជួយអ្នកឲ្យយល់យ៉ាងណាអំពីមូលហេតុដែលព្រះបន្តហៅមនុស្សឲ្យកាន់បព្វជិតភាពនៅជំនាន់របស់យើង ?
ពួកសង្ឃជាន់ខ្ពស់ដែលអាលម៉ាបាននិយាយ ត្រូវបាន « ហៅ ហើយរៀបចំទុកចាប់តាំងពីកំណើតលោកិយមក … ដោយសារសេចក្ដីជំនឿដ៏លើសលប់ និងកិច្ចការដ៏ល្អទាំងឡាយរបស់គេ » ( អាលម៉ា ១៣:៣ ) ។ នៅពេលជាមួយគ្នានោះ អ្នកផ្សេងទៀត « បដិសេធព្រះវិញ្ញាណនៃព្រះ ដោយមកពីភាពរឹងរូសនៃចិត្តរបស់គេ » ( អាលម៉ា ១៣:៤ ) ។
ថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្រ ដូចជាថ្នាក់ដឹកនាំសមាគមសង្គ្រោះ យុវនារី និងសាលាថ្ងៃអាទិត្យ បម្រើដោយសិទ្ធិអំណាចបព្វជិតភាពដែលបានផ្ទេរឲ្យ ។ ការបម្រើជាមួយអ្នកដឹកនាំបព្វជិតភាព នោះពួកគេជួយណែនាំបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យមករកព្រះគ្រីស្ទ ។
ដើម្បីឆ្លើយសំណួរខាងក្រោម សិស្សអាចបង្កើតបញ្ជីមួយជាថ្នាក់ ឬឆ្លើយជាក្រុមតូចៗ ។ អ្នកក៏អាចពិចារណាផងដែរអំពីការអញ្ជើញអ្នកដឹកនាំសាសនាចក្រក្នុងមូលដ្ឋានឲ្យមកចូលរួមនៅក្នុងថ្នាក់រៀន ហើយចែកចាយអ្វីដែលគាត់ធ្វើ ដើម្បីជួយអ្នកដទៃមើលទៅព្រះយេស៊ូវគ្រីស្ទ ។
-
តើថ្នាក់ដឹកនាំសាសនាចក្រជួយយើងមើលទៅព្រះយេស៊ូវគ្រីស្ទ ហើយចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់តាមរបៀបណាខ្លះ ?
ពិធីបរិសុទ្ធបព្វជិតភាពជួយយើងឲ្យចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់
អាលម៉ាបានលើកឡើងពីគំរូដ៏សុចរិតនៃពួកសង្ឃជាន់ខ្ពស់ និងរបៀបដែលពួកគេ « បានញែកជាបរិសុទ្ធ » ( អាលម៉ា ១៣:១១ ) ហើយ « បានធ្វើឲ្យបរិសុទ្ធ ហើយចូលទៅក្នុងសេចក្តីសម្រាកនៃព្រះអម្ចាស់ ជាព្រះរបស់ពួកគេ » ( អាលម៉ា ១៣:១២ ) ។ ពេលនោះ អាលម៉ាបានសំដៅជាពិសេសទៅលើ ម៉ិលគីស្សាដែក ថា ជាគំរូនៃអ្នកដឹកនាំបព្វជិតភាពដ៏សុចរិតម្នាក់ ។ សូមកត់សម្គាល់ថា ប្រជាជនរបស់ ម៉ិលគីស្សាដែក ពីដំបូងគឺអាក្រក់ដូចប្រជាជនអាំម៉ូណៃហាដែរ ( សូមមើល អាលម៉ា ៨:៩; ១៣:១៧ ) ។
សូមអាន អាលម៉ា ១៣:១៤–១៩ ដោយរកមើលរបៀបដែល ម៉ិលគីស្សាដែក បានបម្រើប្រជាជនរបស់លោក ។
-
តើអ្នកសម្គាល់ឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាង ម៉ិលគីស្សាដែក និងព្រះយេស៊ូវគ្រីស្ទ ?
-
យោងតាម ខទី ១៦ តើអ្វីជាគោលបំណងមួយនៃពិធីបរិសុទ្ធបព្វជិតភាព ?
ចេញពី ខទី ១៦ យើងរៀនថា ពិធីបរិសុទ្ធនៃបព្វជិតភាពជួយយើងមើលទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានការផ្ដាច់បាប ដើម្បីយើងអាចចូលទៅក្នុងសេចក្តីសម្រាករបស់ទ្រង់បាន ។
វាប្រហែលមានប្រយោជន៍ក្នុងការបង្ហាញរូបភាពនៃពិធីបរិសុទ្ធបព្វជិតភាពផ្សេងៗត្រូវបានធ្វើ ហើយពិភាក្សាអំពីរបៀបដែលពិធីបរិសុទ្ធទាំងនោះជួយយើង « ទន្ទឹងចាំព្រះរាជបុត្រានៃព្រះ » ( អាលម៉ា ១៣:១៦ ) ។ សូមជួយសិស្សសញ្ជឹងគិតអំពីការចូលរួមរបស់ពួកគេក្នុងពិធីបរិសុទ្ធ និងរបៀបដែលពួកគេបានទទួលអារម្មណ៍ពីសេចក្តីសម្រាករបស់ព្រះអង្គសង្គ្រោះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលពិធីបរិសុទ្ធនៃបព្វជិតភាពមួយចំនួនជួយយើងមើលទៅព្រះយេស៊ូវគ្រីស្ទ ។ សូមមើលវីដេអូ « The Atonement » ចាប់ពីនាទីទី ១៣:២២ ដល់នាទីទី ១៣:៥១ ដែលមាននៅ ChurchofJesusChrist.org ឬអានអត្ថបទខាងក្រោម ។
ពិធីបរិសុទ្ធចាំបាច់ៗក្នុងដំណឹងល្អជានិមិត្តរូបនៃដង្វាយធួន ។ ពិធីបុណ្យជ្រមុជទឹកដោយការពន្លិច គឺជានិមិត្តរូបនៃការសុគត ការបញ្ចុះ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះប្រោសលោះ ។ ការទទួលទានសាក្រាម៉ង់រំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក ហើយក៏រំឭកការចងចាំរបស់យើងអំពីព្រះកាយដែលខ្ទេចខ្ទាំរបស់ព្រះអង្គសង្គ្រោះ និងព្រះលោហិតដែលទ្រង់បានបង្ហូរសម្រាប់យើងផងដែរ ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធតំណាងឲ្យការផ្សះផ្សារបស់យើងជាមួយនឹងព្រះអម្ចាស់ ហើយផ្សារភ្ជាប់គ្រួសារជារៀងរហូត ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )
-
តើអ្នកបានរៀនអ្វីខ្លះពីប្រធាន ណិលសុន អំពីពិធីបរិសុទ្ធបព្វជិតភាព ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះអង្គសង្គ្រោះ ដោយការចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាព ?
ដើម្បីឲ្យអ្នកអាចចូលទៅក្នុងសេចក្តីសម្រាកនោះ
ដូចពួកសង្ឃបានរៀបរាប់នៅក្នុង អាលម៉ា ១៣:១–១៩ អាលម៉ាបានខិតខំដោយឧស្សាហ៍ព្យាយាមដើម្បីជួយប្រជាជនរៀបចំខ្លួនចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់ ។ លោកបានរំឭកពួកគេថា ព្រះអម្ចាស់នឹងយាងមកក្នុងពេលឆាប់ៗនេះ ( សូមមើល អាលម៉ា ១៣:២១–២៦ ) ។ អាលម៉ាបានប្រាថ្នាដោយ « ក្តីបារម្ភដ៏ធំ គឺដល់ការឈឺចាប់ សូមឲ្យអ្នករាល់គ្នាស្តាប់តាមពាក្យសម្តីរបស់ [ លោក ] » ( អាលម៉ា ១៣:២៧ ) ។
សូមអាន អាលម៉ា ១៣:២៧–៣០ ដោយរកមើលអ្វីដែលអាលម៉ាបានអញ្ជើញប្រជាជនឲ្យធ្វើ ។
-
តើការអញ្ជើញណាមួយរបស់អាលម៉ា ( សូមជ្រើសរើសការអញ្ជើញជាក់លាក់មួយ ) ដែលអ្នកគិតថា អាចជួយយើងចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់ ?
អ្នកក៏អាចអញ្ជើញសិស្សឲ្យសួរសំណួរណាមួយ ដែលពួកគេអាចមានអំពីការបង្រៀនរបស់អាលម៉ា ហើយធ្វើការជាមួយគ្នាជាថ្នាក់ដើម្បីឆ្លើយសំណួរទាំងនោះ ។
សំណួរខាងក្រោមគឺមានបំណងសម្រាប់ការគិតពិចារណាផ្ទាល់ខ្លួន ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមការអញ្ជើញដែលពួកគេទទួលអារម្មណ៍ថា អាចជួយពួកគេបានច្រើនបំផុត ហើយរកមើលរបៀបដែលការធ្វើដូច្នេះនឹងជួយពួកគេឲ្យទទួលបានសេចក្តីសម្រាករបស់ព្រះអម្ចាស់ ។
-
តើអ្នកបានរៀនអ្វីខ្លះពី អាលម៉ា ១៣ ដែលអាចជួយអ្នកក្នុងជីវិតរបស់អ្នកឥឡូវនេះ ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តនូវអ្វីដែលអ្នកបានរៀន ដើម្បីចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់ ។
សូមស្រមៃថា អ្នកកំពុងនិយាយជាមួយមិត្តម្នាក់ដែលព្រួយបារម្ភអំពីបញ្ហាមួយដែលគាត់កំពុងជួបប្រទះ ។ តើអ្នកនឹងចែកចាយអ្វីជាមួយមិត្តរបស់អ្នកពីការសិក្សារបស់អ្នកនៅក្នុង អាលម៉ា ១៣ ដើម្បីជួយពួកគេចូលទៅក្នុងសេចក្តីសម្រាករបស់ព្រះអម្ចាស់ ? សូមរួមបញ្ចូលយ៉ាងហោចណាស់ខគម្ពីរមួយមកពី អាលម៉ា ១៣ នៅក្នុងចម្លើយរបស់អ្នក ។