« អាលម៉ា ១:១–១៨ ៖ អំពើអាក្រក់នៃឧបាយកលផ្នែកសង្ឃ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១:១–១៨ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១:១–១៨
អំពើអាក្រក់នៃឧបាយកលផ្នែកសង្ឃ
យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សផ្សព្វផ្សាយពីខ្លួនឯង និងគំនិតរបស់ពួកគេដើម្បីទទួលបានការសរសើរ និងប្រយោជន៍ផ្ទាល់ខ្លួន ។ ការជឿលើការប្រព្រឹត្តខុសឆ្គងទាំងនេះធ្វើឲ្យមនុស្សជាច្រើនប្រព្រឹត្តអំពើបាប ហើយបដិសេធព្រះអង្គសង្គ្រោះរបស់ពួកគេគឺព្រះយេស៊ូវគ្រីស្ទ ។ ពួកសាសន៍នីហ្វៃក៏ជួបបញ្ហានេះផងដែរ ។ បុរសម្នាក់ដែលមានឈ្មោះថា នីហូរបានបង្រៀនគោលលទ្ធិក្លែងក្លាយដែលបណ្ដាលឲ្យមនុស្សនៅជំនាន់របស់គាត់ និងអ្នកដទៃទៀតនៅប៉ុន្មានឆ្នាំក្រោយមក បដិសេធព្រះអង្គសង្គ្រោះរបស់ពួកគេ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ និងបដិសេធការបង្រៀនខុសឆ្គងដែលអាចបង្វែរអ្នកចេញពីព្រះយេស៊ូវគ្រីស្ទផងដែរ ។
ផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ។សូមតម្រង់ផ្លូវសិស្សទៅរកព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ហើយកុំទាញចំណាប់អារម្មណ៍មកលើខ្លួនអ្នកឡើយ ។ អែលឌើរ ផល វី ចនសុន ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានសង្កេតឃើញថា ៖ « បើគ្រូបង្រៀនរបស់យើងគ្មានឧបាយកលផ្នែកសង្ឃ នោះសិស្សនឹងស្រឡាញ់ពួកគេប៉ុន្តែសិស្សនឹងមិនពឹងផ្អែកលើពួកគេទេ ។ ពួកគេនឹងស្រឡាញ់អ្នក ហើយពួកគេនឹងមានអំណរគុណចំពោះអ្វីដែលអ្នកបានបង្រៀនពួកគេ ប៉ុន្តែពួកគេនឹងបែរទៅរកព្រះអម្ចាស់ » ( ផល វី ចនសុន « The Dangers of Priestcraft » អ្នកអប់រំខាងសាសនា ទំព័រ ៩ លេខ ៣ [ ឆ្នាំ ២០០៨ ] ៖ ១១ ) ។
ការរៀបចំសិស្ស ៖ សិស្សអាចសិក្សាគម្រោងមេរៀននេះ « ព្រះបន្ទូលរបស់ព្រះអាចជួយខ្ញុំឲ្យស្គាល់ និងបដិសេធគោលលទ្ធិខុសឆ្គងបាន » នៅក្នុងគម្រោងមេរៀន « ថ្ងៃទី ៣–៩ ខែ មិថុនា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ› » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមនឆ្នាំ ២០២៤ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបង្រៀនខុសឆ្គង
សូមឲ្យសិស្សបំពេញសកម្មភាពស្វ័យវាយតម្លៃខាងក្រោមរៀងៗខ្លួន ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ ឬអានវាឲ្យឮៗ ហើយសុំឲ្យសិស្សគិតអំពីចម្លើយរបស់ពួកគេ ។
-
នៅរង្វាស់ពី ១ ទៅ ៥ ( ដែល ១ មិនយល់ស្របទាំងស្រុង និង ៥ យល់ស្របទាំងស្រុង ) តើអ្នកយល់ស្រប ឬមិនយល់ស្របនឹងសេចក្ដីថ្លែងការណ៍ខាងក្រោមនេះកម្រិតណា ? ហេតុអ្វី ?
ព័ត៌មានភាគច្រើនដែលបង្ហាញមកខ្ញុំជារៀងរាល់ថ្ងៃគឺជាសេចក្តីពិត ។ ( ឧទាហរណ៍ ៖ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការផ្សាយពាណិជ្ជកម្មពីអ្នកដឹកនាំ និងអ្នកមានឥទ្ធិពលនៅក្នុងសង្គម ) ។
ព័ត៌មានដែលខ្ញុំទទួលបានជះឥទ្ធិពលលើសេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ។
ព្រះបានប្រទានជំនួយដល់ខ្ញុំក្នុងការស្គាល់សេចក្តីពិត និងភាពខុសឆ្គង ។
យើងរស់នៅក្នុងពិភពលោកមួយដែលមានសារខុសឆ្គងជាច្រើន ដែលអាចធ្វើឲ្យជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទចុះខ្សោយ ។ នៅពេលអ្នកសិក្សា អាលម៉ា ១ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីជួយអ្នកឲ្យស្គាល់ការបង្រៀនខុសឆ្គង នៅក្នុងពិភពលោកជុំវិញអ្នកដែលអាចបង្វែរអ្នកចេញពីព្រះយេស៊ូវគ្រីស្ទ ។
មុនពេលទ្រង់សោយទិវង្គត ស្ដេចម៉ូសាយបានបង្កើតទម្រង់រដ្ឋាភិបាលថ្មីមួយ ។ ជំនួសឲ្យការមានស្ដេចប្រជាជនបានជ្រើសរើសចៅក្រមដើម្បីអនុវត្តច្បាប់ ។ អាលម៉ាជាកូនត្រូវបានជ្រើសរើសជាមេចៅក្រម ឬអភិបាលដំបូងគេ ( សូមមើល អាលម៉ា ២:១៦ ) ។ លោកក៏ជាសង្ឃជាន់ខ្ពស់ និងជាអ្នកដឹកនាំសាសនាចក្រផងដែរ ( សូមមើល ម៉ូសាយ ២៩ ) ។ ប្រជាជនចាប់ផ្តើមតាមដានពីពេលដែលរដ្ឋាភិបាលរបស់ពួកគេបានផ្លាស់ប្តូរ ។
នៅឆ្នាំទីមួយនៃរជ្ជកាលនៃពួកចៅក្រម បុរសទុច្ចរិតម្នាក់ឈ្មោះនីហូរបានចាប់ផ្ដើមមានឥទ្ធិពលលើពួកសាសន៍នីហ្វៃ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីមូលហេតុដែលរឿងរបស់នីហូរ ត្រូវបានបញ្ចូលទៅក្នុងព្រះគម្ពីរមរមន ។
ព្រះគម្ពីរមរមនមានដំណើររឿងរបស់បុរសម្នាក់ឈ្មោះនីហូរ ។ វាងាយស្រួលយល់ថា ហេតុអ្វីបានជាមរមនបានគិតថា វាសំខាន់ក្នុងការបញ្ចូលអ្វីមួយអំពីបុរសនេះ និងឥទ្ធិពលយូរអង្វេងនៃគោលលទ្ធិរបស់គាត់ នៅក្នុងសេចក្តីសង្ខេបកំណត់ត្រាមួយពាន់ឆ្នាំនៃសាសន៍នីហ្វៃ ។ មរមនបានព្យាយាមព្រមានយើងដោយដឹងថា ទស្សនវិជ្ជានេះនឹងលេចឡើងម្តងទៀតនៅសម័យរបស់យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨ )
សូមអាន អាលម៉ា ១:២–៦ ដោយរកមើលអ្វីដែលនីហូរបានបង្រៀនប្រជាជន ។ សូមធ្វើបញ្ជីពីការបង្រៀនរបស់នីហូរ ។ សូមសរសេរវាថា « ពិត » « មិនពិត » ឬ « លាយគ្នា » ។
ដើម្បីជួយសិស្សឲ្យចូលរួម អ្នកអាចឲ្យពួកគេរាយបញ្ជី ហើយសរសេរពីការបង្រៀនរបស់នីហូរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សជាច្រើនឲ្យចែកចាយគំនិតរបស់ពួកគេ ។
អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា នីហូរបានលាយបញ្ចូលការបង្រៀនខុសឆ្គងរបស់គាត់ជាមួយនឹងសេចក្ដីថ្លែងការណ៍ពិត ។ ការណ៍នេះបង្ហាញពីកលល្បិចដែលសាតាំងប្រើផងដែរ ។ ពេលយើងប្រៀបធៀបនីហូរទៅនឹងសាតាំង យើងដឹងថា សាតាំងប្រើពាក្យកុហកលាយឡំនឹងសេចក្តីពិតដើម្បីបញ្ឆោតមនុស្ស ហើយបង្វែរពួកគេចេញពីព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកឃើញភស្តុតាងអ្វីខ្លះនៅសម័យនេះ ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្ហាញពីរបៀបដែលគំនិតខុសឆ្គងរបស់នីហូរមានឥទ្ធិពលលើមនុស្សមួយចំនួននៅសព្វថ្ងៃនេះ ៖
[ ការបង្រៀនខុសឆ្គងដែលរារាំងយើងពីការប្រែចិត្ត ] គឺជាការគិតថា អំពើបាបរបស់យើងមិនសំខាន់ទេ ដោយសារព្រះស្រឡាញ់យើងទោះជាយើងធ្វើអ្វីក៏ដោយ ។ វាជាការល្បួងឲ្យជឿនូវអ្វីដែលនីហូរពោរពេញដោយការបោកបញ្ឆោតបានបង្រៀនប្រជាជនសារ៉ាហិមឡាថា « មនុស្សលោកទាំងអស់ត្រូវតែបានសង្គ្រោះ នៅថ្ងៃចុងក្រោយបង្អស់ ហើយថា ពួកគេមិនចាំបាច់ខ្លាច ឬញាប់ញ័រទេ … ហើយនៅទីបញ្ចប់ មនុស្សទាំងអស់នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។ [ អាលម៉ា ១:៤ ] ប៉ុន្តែគំនិតលួងលោមនេះគឺខុសឆ្គងហើយ ។ ព្រះទ្រង់ពិតជាស្រឡាញ់យើង ។ ប៉ុន្តែអ្វីដែលយើងធ្វើគឺចាំបាច់ចំពោះទ្រង់ និងចំពោះយើង ។ ទ្រង់បានប្រទានការណែនាំច្បាស់លាស់អំពីរបៀបដែលយើងគប្បីប្រព្រឹត្ត ។ យើងហៅវាថាព្រះបញ្ញត្តិ ។ ការអនុមតិរបស់ទ្រង់ និងជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើងអាស្រ័យលើឥរិយាបថ រួមទាំងឆន្ទៈរបស់យើងដើម្បីស្វែងរកការប្រែចិត្តពិតប្រាកដដោយរាបសា ។ ( ឌែល ជី រិនឡិន « Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២៣ )
ការស្គាល់ការបង្រៀនខុសឆ្គង
ការស្គាល់ការបង្រៀនខុសឆ្គងដូចជាការបង្រៀនរបស់នីហូរជួនកាលអាចជាការពិបាក ។ សំណាងល្អ អ្នកអាចស្គាល់ការបង្រៀនខុសឆ្គងទាំងនោះបាន ។ មរមនបានបង្រៀនថា បើសារលិខិត ឬការបង្រៀនបញ្ចុះបញ្ចូលយើងឲ្យ « ធ្វើអាក្រក់ ហើយមិនឲ្យជឿដល់ព្រះគ្រីស្ទ ហើយបដិសេធទ្រង់ ហើយមិនបម្រើព្រះទេ » នោះយើងអាចដឹងថា វាខុសឆ្គង និងមកពីអារក្ស ( មរ៉ូណៃ ៧:១៧ ) ។
-
តើការបង្រៀនរបស់នីហូរមួយណាដែលអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាពួកគេមិនត្រូវការព្រះអង្គសង្គ្រោះ ?
សំណួរខាងក្រោមនេះអាចជួយសិស្សឲ្យស្គាល់ការបង្រៀនខុសឆ្គងបាន ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។
-
តើការបង្រៀនខុសឆ្គងអ្វីទៀតនៅសព្វថ្ងៃនេះដែលបង្វែរមនុស្សចេញពីព្រះយេស៊ូវគ្រីស្ទ ?
សំណួរខាងក្រោមនេះមានបំណងសម្រាប់ការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមិនមែនសម្រាប់ការពិភាក្សាក្នុងថ្នាក់ឡើយ ។
សូមគិតអំពីសារលិខិតដែលអ្នកស្តាប់ឮ ឬអានជាប្រចាំ ។ តើវាមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ? តើមានចំណុចអវិជ្ជមានណាមួយជះឥទ្ធិពលលើជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
បើអ្នកកំពុងប្រើប្រាស់សារនៃប្រព័ន្ធផ្សព្វផ្សាយខុសឆ្គងដែលជះឥទ្ធិពលអវិជ្ជមានដល់ជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ សូមបិទ ឬលុបចោលប្រភពនៃសារទាំងនោះចេញពីជីវិតរបស់អ្នក ។ សូមជំនួសសារទាំងនោះដោយសារដែលនឹងស្ថាបនាសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទវិញ ។ ឧទាហរណ៍ ៖ ទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន និង លីអាហូណា មាននៅ ChurchofJesusChrist.orgមានមាតិកាស្ថាបនាសេចក្តីជំនឿ ។
វាប្រហែលជាមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ការបង្រៀនរបស់នីហូរមានឥទ្ធិពលយ៉ាងខ្លាំងឲ្យធ្វើអាក្រក់ ។ នៅក្នុងគម្ពីរអាលម៉ាទាំងមូល មនុស្សជាច្រើនក្រុមបានបដិសេធព្រះអង្គសង្គ្រោះដោយសារតែការបង្រៀនរបស់នីហូរ ។ បើអ្នកមានអារម្មណ៍ថា សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការរៀនបន្ថែមទៀតអំពីដំណើររឿងនេះ សូមមើល « ឥទ្ធិពលនៃការបង្រៀនរបស់នីហូរ » នៅក្នុងផ្នែកសកម្មភាពរៀនសូត្របន្ថែម ។
ឧបាយកលផ្នែកសង្ឃ
សូមពិចារណាពិភាក្សាអំពីភាពស្មោះត្រង់របស់គេឌានក្នុងការការពារព្រះគ្រីស្ទ ។ អ្នកអាចគូសចំណាំ អាលម៉ា ១:៧ ។ អ្នកក៏អាចលើកឡើងនូវ អាលម៉ា ១:៨ ហើយរំឭកដល់សិស្សអំពីសកម្មភាពដ៏ស្មោះត្រង់របស់គេឌាននៅក្នុង ម៉ូសាយ ២២:៣–៩ ។
ថ្ងៃមួយ នីហូរបានជួបមេដឹកនាំសាសនាចក្រចាស់ទុំម្នាក់ដែលមានឈ្មោះថាគេឌាន ។ ពេល នីហូរ ព្យាយាមនាំសមាជិកសាសនាចក្រឲ្យវង្វេង នោះគេឌាន « តទល់នឹង [ នីហូរ ] ដោយព្រមានដាស់តឿនគាត់ដោយព្រះបន្ទូលទាំងឡាយនៃព្រះ » ( អាលម៉ា ១:៧ ) ។ នីហូរខឹងនឹងគេឌាន ហើយសម្លាប់គាត់ ។ ពេលនោះ នីហូរ ត្រូវបានគេចាប់នាំទៅចំពោះមុខអាលម៉ា ហើយត្រូវបានគេសម្លាប់ទៅតាមច្បាប់ ( សូមមើល អាលម៉ា ១:៩–១៥ ) ។
សូមអាន អាលម៉ា ១:១២ ដោយរកមើលពីរបៀបដែលអាលម៉ាបានពិពណ៌នាអំពីការបង្រៀនរបស់នីហូរ ។
អ្នកប្រហែលជាចង់ជួយសិស្សឲ្យអនុវត្តការប្រើលេខយោង ។ សិស្សអាចចែកចាយរបៀបជាច្រើនដើម្បីរៀនពីអ្វីដែលជាឧបាយកលផ្នែកសង្ឃ ។ បើគ្មានអ្នកណានិយាយទេ សូមណែនាំសិស្សឲ្យមើល លេខយោង ១២ក ។
សូមអាន អាលម៉ា ១:១៦ និង នីហ្វៃទី២ ២៦:២៩ ដោយរកមើលការពិពណ៌នាពីឧបាយកលផ្នែកសង្ឃ ។
-
តើអ្នកមើលឃើញការអធិប្បាយរបស់នីហូរជាឧទាហរណ៍នៃឧបាយកលផ្នែកសង្ឃដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថាគំនិតខុសឆ្គងមួយចំនួនមានប្រជាប្រិយភាព ?
-
ហេតុអ្វីអ្នកគិតថាឧបាយកលផ្នែកសង្ឃមានគ្រោះថ្នាក់ម្ល៉េះ ?
ការបដិសេធការបង្រៀនខុសឆ្គង
ដូចគេឌានដែរ យើងអាចប្រើព្រះបន្ទូលរបស់ព្រះដើម្បីជួយយើងបដិសេធការបង្រៀនខុសឆ្គង ( សូមមើល អាលម៉ា ១:៧, ៩ ) ។ សូមជ្រើសរើសការបង្រៀនខុសឆ្គងមួយ ឬច្រើនរបស់នីហូរ ឬខ្លះទៀតដែលអ្នកបានស្តាប់ឮពីជំនាន់របស់យើង ។ បន្ទាប់មកស្វែងរកបទគម្ពីរដែលកែតម្រូវភាពខុសឆ្គងនោះ ។ ឧទាហរណ៍ ៖ អ្នកអាចជួបនឹងការបង្រៀនរបស់នីហូរនៅក្នុង អាលម៉ា ១:៣ ជាមួយនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ២៣:១១ ។
ឧទាហរណ៍មួយចំនួនពីបទគម្ពីរដែលសិស្សអាចប្រើប្រាស់បាន រួមមាន ម៉ាថាយ ៧:១៥–២៣; នីហ្វៃទី២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦; ហេលេមិន ១២:២៥–២៦ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣១–៣២ ។
-
សូមចែកចាយការបង្រៀនខុសឆ្គង ( នានា ) ដែលអ្នកបានជ្រើសរើស និងខគម្ពីរ ( នានា ) ដែលអ្នកចង់កែវា ។
-
សូមចែកចាយអ្វីដែលអ្នកបានរៀនពី អាលម៉ា ១ អំពីរបៀបស្គាល់ និងបដិសេធការបង្រៀនខុសឆ្គង ។