« ម៉ូសាយ ២១–២៤ ផ្នែកទី ១ ៖ ការស្វែងរកព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់ការសាកល្បង និងសេចក្តីវេទនារបស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២១–២៤ ផ្នែកទី ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២១–២៤ ផ្នែកទី ១
ការស្វែងរកព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់ការសាកល្បង និងសេចក្តីវេទនារបស់យើង
តើអ្នកនឹងពន្យល់ដល់បុគ្គលម្នាក់ អំពីមូលហេតុដែលព្រះអម្ចាស់អនុញ្ញាតឲ្យយើងជួបប្រទះនឹងការសាកល្បង និងសេចក្តីវេទនាដោយរបៀបណា ? ម៉ូសាយ ២១–២៤ ពិពណ៌នាអំពីបទពិសោធន៍របស់ប្រជាជនលិមហៃ និងប្រជាជនអាលម៉ា ដែលប្រជាជនទាំងពីរក្រុមនេះបានជួបនឹងឧបសគ្គលំបាក ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យមានអារម្មណ៍ទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង នៅពេលអ្នកជួបនឹងការសាកល្បង និងសេចក្តីវេទនានៅក្នុងជីវិតរបស់អ្នក ។
សូមសួរសំណួរដែលលើកទឹកចិត្តឲ្យមានការពិភាក្សា ។ការពិភាក្សាក្នុងថ្នាក់ដែលមានអត្ថន័យកើតឡើង នៅពេលគ្រូបង្រៀនមានទំនាក់ទំនងជាមួយសិស្ស ហើយសិស្សមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។ សូមសួរសំណួរដែលពាក់ព័ន្ធ និងផ្តល់ឱកាសសម្រាប់សិស្សច្រើននាក់ក្នុងការឆ្លើយតប ។ អ្នកក៏អាចលើកទឹកចិត្តឲ្យមានការពិភាក្សាផងដែរដោយសូមសិស្សឲ្យឆ្លើយតបនឹងមតិដែលមិត្តរួមថ្នាក់របស់ពួកគេបានធ្វើឡើង ។
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យគិតអំពីការសាកល្បង ឬបញ្ហាប្រឈមកន្លងមក ដែលបានជួយពួកគេទទួលបានបទពិសោធន៍នៃការរីកចម្រើន ឬខិតកាន់តែជិតព្រះអម្ចាស់ ។ សូមលើកទឹកចិត្តសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ឬពីរបៀបដែលការសាកល្បងនេះអាចមានឥទ្ធិពលវិជ្ជមានដល់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នេះជាមេរៀនទីមួយក្នុងចំណោមមេរៀនពីរដែលនិយាយអំពី ម៉ូសាយ ២១–២៤ ។ ផ្នែកទី ១ នឹងផ្ដោតលើមូលហេតុដែលព្រះអម្ចាស់អាចអនុញ្ញាតឲ្យយើងជួបនឹងការសាកល្បង និង ផ្នែកទី ២ នឹងផ្ដោតលើរបៀបដែលយើងអាចពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងឆ្លងកាត់ការសាកល្បងទាំងនេះ ។ ប្រសិនបើម៉ោងសិក្សាមានកំណត់ ហើយមានមេរៀនតែមួយប៉ុណ្ណោះអំពី ម៉ូសាយ ២១–២៤ អាចត្រូវបានបង្រៀន សូមពិចារណាពីរបៀបដែលមេរៀនទាំងពីរអាចត្រូវបានបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាព ។
ការរែកបន្ទុក
សូមស្រមៃថាការសាកល្បង បន្ទុក និងសេចក្តីវេទនារបស់អ្នកត្រូវបានតំណាងដោយថ្មដែលអ្នកត្រូវយកតាមខ្លួនក្នុងកាបូប ឬកាបូបស្ពាយ ។
អ្នកអាចពិចារណាយកកាបូបស្ពាយ និងរបស់របរធ្ងន់ៗដែលតំណាងឲ្យបន្ទុកទៅកាន់ថ្នាក់រៀន ។ សូមអញ្ជើញសិស្សដែលមានឆន្ទៈស្ពាយកាបូប ខណៈដែលសិស្សក្នុងថ្នាក់ដាក់ឈ្មោះការសាកល្បងផ្សេងៗ ហើយដាក់របស់របរក្នុងកាបូប ។ សូមប្រាកដថា កាបូបស្ពាយមិនធ្ងន់ពេករហូតដល់សិស្សដែលកំពុងស្ពាយនោះអាចមានគ្រោះថ្នាក់នោះទេ ។ ប្រសិនបើអាចធ្វើបាន សិស្សអាចបន្តស្ពាយកាបូបនោះ ខណៈដែលសិស្សក្នុងថ្នាក់ពិភាក្សាអំពីសំណួរខាងក្រោម ។
សូមពិចារណាធ្វើបញ្ជីចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោមនៅលើក្ដារខៀន ។
-
តើការសាកល្បង ឬបន្ទុកអ្វីខ្លះដែលយុវវ័យអាចជួបប្រទះ ដែលអាចមានអារម្មណ៍ថាដូចជាដុំថ្មធ្ងន់នៅក្នុងកាបូបស្ពាយ ?
-
តើមនុស្សអាចមានសំណួរអ្វីខ្លះអំពីបន្ទុកដែលពួកគេស្ពាយនោះ ?
សូមពិចារណាផ្តល់ពេលឲ្យសិស្សធ្វើបញ្ចីអំពីការសាកល្បងផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ហើយកត់ត្រាគំនិត សំណួរ និងអារម្មណ៍របស់ពួកគេអំពីការសាកល្បងទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ខ្លួន ។ ការណ៍នេះអាចជួយរៀបចំពួកគេឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួនកាន់តែល្អ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកយល់កាន់តែច្បាស់ ពីមូលហេតុដែលព្រះអម្ចាស់អាចនឹងអនុញ្ញាតឲ្យអ្នកជួបការសាកល្បងទាំងនេះ ។
ប្រជាជនលិមហៃ និងប្រជាជនអាលម៉ា
ដើម្បីជួយសិស្សឲ្យចងចាំបរិបទដែលទាក់ទងនឹងប្រជាជនលិមហៃ និងប្រជាជនអាលម៉ា សូមពិចារណាបង្ហាញ ឬគូររូបភាពខាងក្រោម ហើយចង្អុលប្រាប់ពីទីតាំងនៃក្រុមមនុស្សនីមួយៗ នៅពេលអ្នកបានលើកឡើងពីពួកគេ ។
នៅក្នុង ម៉ូសាយ ២១–២៤ យើងរៀនអំពីមនុស្សពីរក្រុមដែលបានដកពិសោធការសាកល្បង និងសេចក្តីវេទនាដ៏ធំ។ ក្រុមទីមួយបានរស់នៅដែនដីនីហ្វៃ ហើយត្រូវបានដឹកនាំដោយបុត្រារបស់ស្ដេចណូអេ ព្រះនាមលិមហៃ ។ ក្រុមទីពីរបានរស់នៅក្នុងដែនដីហេឡាម ហើយត្រូវបានដឹកនាំដោយអាលម៉ា ។
សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីកាលៈទេសៈដែលនាំទៅដល់ការជាប់ឃុំឃាំងនៃប្រជាជនលិមហៃ និងប្រជាជនអាលម៉ា ។ ប្រសិនបើចាំបាច់ សូមប្រើការសង្ខេបខាងក្រោម ។
ប្រជាជនលិមហៃ
បន្ទាប់ពីបដិសេធការបង្រៀន និងការព្រមានរបស់អ័ប៊ីណាដៃ នោះពួកសាសន៍នីហ្វៃដែលឥឡូវត្រូវបានដឹកនាំដោយស្ដេចលិមហៃ ត្រូវបានពួកលេមិន ចាប់យកទៅធ្វើជាឈ្លើយនៅក្នុងដែនដីនីហ្វៃ ហើយត្រូវបានតម្រូវឲ្យបង់ពន្ធយ៉ាងច្រើន ( សូមមើល ម៉ូសាយ ១៩:១៥ ) ។ ដូចដែលបានព្យាករដោយព្យាការីអ័ប៊ីណាដៃ ( សូមមើល ម៉ូសាយ ១២:៥ ) ពួកលេមិនបានបង្ខំប្រជាជនរបស់លិមហៃឲ្យបម្រើពួកគេ ហើយឲ្យមានបន្ទុកធ្ងន់ៗ ( សូមមើល ម៉ូសាយ ២១:៣ ) ។
ប្រជាជនអាលម៉ា
បន្ទាប់ពីការស្លាប់របស់អ័ប៊ីណាដៃ អាលម៉ា និងអ្នកដើរតាមលោកបានភៀសខ្លួនទៅកាន់ទឹកមរមន ជាកន្លែងដែលពួកគេបានទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៧:១–៤; ១៨:១–១៤ ) ។ ក្រោយមក ពួកគេបានភៀសខ្លួនដើម្បីសុវត្ថិភាពរបស់ពួកគេ ហើយបានសាងសង់ទីតាំងដ៏សុចរិតមួយនៅក្នុងដែនដីហេឡាម ( សូមមើល ម៉ូសាយ ១៨:៣២–៣៤; ២៣:១–៤, ១៩–២០ ) ។ នៅទីបំផុត ពួកសាសន៍លេមិនបានរកឃើញ និងចាប់ប្រជាជនរបស់អាលម៉ាយកធ្វើជាឈ្លើយ ( សូមមើល ម៉ូសាយ ២៣:២៥–២៩, ៣៦–៣៧ ) ។ អាមូឡុនដែលធ្លាប់ជាសង្ឃទុច្ចរិតម្នាក់របស់ណូអេ ត្រូវបានផ្តល់អំណាចលើពួកគេ ហើយចាប់ផ្ដើមបៀតបៀនអាលម៉ា និងប្រជាជនរបស់លោក ( សូមមើល ម៉ូសាយ ២៤:៨–៩ ) ។
មូលហេតុដែលព្រះអម្ចាស់អនុញ្ញាតឲ្យមានការសាកល្បង
សូមពិចារណាបែងចែកថ្នាក់ជាក្រុមតូចៗ ហើយឲ្យសិស្សពាក់កណ្ដាលនៃក្រុមសិក្សាអំពីប្រជាជនលិមហៃ ហើយពាក់កណ្ដាលទៀតសិក្សាអំពីប្រជាជនអាលម៉ា ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យយល់អំពីមូលហេតុដែលព្រះអម្ចាស់អនុញ្ញាតឲ្យយើងជួបការសាកល្បង និងសេចក្តីវេទនា ។ អ្នកអាចចង់គូសចំណាំពាក្យ និងឃ្លាដែលអ្នកចាប់អារម្មណ៍ ។
-
ប្រជាជនរបស់លិមហៃ ៖ ម៉ូសាយ ២១:៥–១៦
-
ប្រជាជនរបស់អាលម៉ា ៖ ម៉ូសាយ ២៣:២១–២៤; ២៤:៨–១៤
ប្រសិនបើសិស្សបានសិក្សាខគម្ពីរទាំងនេះជាក្រុមតូចៗ សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីក្រុមនីមួយៗសង្ខេបនូវអ្វីដែលពួកគេបានរៀនពីខគម្ពីរដែលពួកគេបានសិក្សា ។ សំណួរខាងក្រោមអាចជួយសិស្សពិភាក្សាអំពីអ្វីដែលពួកគេបានរៀនពីខគម្ពីរទាំងនេះ ។
-
តើភាពស្រដៀងគ្នា និងភាពខុសគ្នាអ្វីខ្លះដែលអ្នកបានឃើញរវាងប្រជាជនទាំងពីរក្រុម និងអ្វីដែលពួកគេបានជួបប្រទះ ?
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញនៅក្នុងដំណើររឿងទាំងនេះអំពីសេចក្ដីស្រឡាញ់ និងការព្រួយព្រះទ័យរបស់ព្រះអម្ចាស់ចំពោះប្រជាជន ?
ជាការឆ្លើយតបទៅនឹងសំណួរមុន នោះសិស្សអាចចង្អុលបង្ហាញឃ្លាដូចជា « ព្រះអម្ចាស់ឮសម្រែករបស់ពួកគេ » ( ម៉ូសាយ ២១:១៥ ), « ពួកគេបានចាប់ផ្ដើមចម្រើនឡើងបន្តិចម្តងៗ » ( ម៉ូសាយ ២១:១៦ ), « យើងនឹងសម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នក » ឬ « យើងជាព្រះអម្ចាស់ដ៏ជាព្រះ មករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្តីវេទនា » ( ម៉ូសាយ ២៤:១៤ ) ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលព្រះអម្ចាស់អនុញ្ញាតឲ្យមនុស្សរងការសាកល្បង និងសេចក្តីវេទនា ?
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមុននៅលើក្ដារខៀន ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃសេចក្ដីពិតដែលសិស្សអាចរកឃើញ ។
-
ព្រះអម្ចាស់ទុកឲ្យយើងជួបប្រទះនឹងការសាកល្បង ដើម្បីជួយយើងឲ្យក្លាយជាមនុស្សរាបសា ហើយពឹងផ្អែកលើទ្រង់កាន់តែខ្លាំង ( សូមមើល ម៉ូសាយ ២១:៥–១៤ ) ។
-
ការសាកល្បង និងសេចក្តីវេទនាខ្លះកើតឡើងដោយសារការមិនស្តាប់បង្គាប់ ( សូមមើល ម៉ូសាយ ២១:១៥) ។
-
ការសាកល្បងរបស់យើងអាចផ្ដល់ឲ្យយើងនូវឱកាសដើម្បីស្វែងរក និងទទួលអារម្មណ៍ដឹងពីព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ( សូមមើល ម៉ូសាយ ២១:១៥–១៦; ២៤:១៤ ) ។
-
ព្រះអម្ចាស់ប្រដៅរាស្ត្ររបស់ទ្រង់ ហើយសាកល្បងការអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកគេ ( សូមមើល ម៉ូសាយ ២៣:២១ ) ។
មនុស្សជាច្រើនគិតថា ការត្រូវបានគេប្រដៅ ( សូមមើល ម៉ូសាយ ២៣:២១ ) មានអត្ថន័យដូចគ្នានឹងការដាក់ទណ្ឌកម្ម ។ អែលឌើរ លីន ជី រ៉ូប៊ីន ក្នុងពួកចិតសិបនាក់បានពន្យល់ថា « ពាក្យ ប្រដៅ មកពីពាក្យឡាតាំងថា castus មានន័យថា ‹ បរិសុទ្ធ ឬបន្សុទ្ធ › និង chasten មានន័យថា « ដើម្បីបន្សុទ្ធ » [ សូមមើល វចនានុក្រម Merriam-Webster’s Collegiate ការបោះពុម្ពទី ១១ ( ឆ្នាំ ២០០៣ ) « chasten » ] » ( « The Righteous Judge » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៧ ) ។ សូមសញ្ជឹងគិតមួយភ្លែតពីរបៀបដែលព្រះអម្ចាស់អាចនឹងបន្សុទ្ធអ្នកតាមរយៈការសាកល្បង និងសេចក្តីវេទនារបស់អ្នក ។
សំណួរខាងក្រោម ( ឬសំណួរផ្សេងទៀតដែលអ្នកគិត ) អាចត្រូវបានប្រើដើម្បីជួយបង្កើតភាពពាក់ព័ន្ធសម្រាប់សិស្ស ។ អ្នកអាចពិចារណាផ្តល់ពេលវេលាដល់សិស្ស ដើម្បីកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងកំណត់ហេតុរបស់ខ្លួន មុនពេលពិភាក្សាសំណួរជាថ្នាក់ទាំងមូល ។ សូមប្រាកដថា ត្រូវអរគុណសិស្សសម្រាប់ការចែកចាយគំនិតរបស់ពួកគេ ។
-
តើការយល់ដឹងអំពីសេចក្តីពិតទាំងនេះអាចជះឥទ្ធិពលលើរបៀបដែលអ្នកប្រតិកម្មចំពោះការសាកល្បងរបស់អ្នកដោយរបៀបណា ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យឃើញពីព្រះរាជបំណងរបស់ព្រះអម្ចាស់ដែលអនុញ្ញាតឲ្យអ្នកជួបប្រទះការសាកល្បង ?
ដើម្បីបង្ហាញឧទាហរណ៍មួយដែលបង្ហាញពីសំណួរមុន សូមពិចារណាបង្ហាញវីដេអូ « The Will of God » ( ៣:០២ ) មាននៅ ChurchofJesusChrist.org ។,
3:2 -
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីការសាកល្បងនានាដែលអ្នកជួបប្រទះ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។